អានតួអត្ថបទ
បារាំង

Christine Lagarde ជា​ស្រ្តី​ទីមួយ​កាន់​តំណែង​អគ្គនាយក​មូលនិធិ​រូបិយវត្ថុ IMF

ដោយ​គ្មាន​ការភ្ញាក់ផ្អើល​ លោកស្រី Christine Lagarde ជនជាតិ​បារាំង ត្រូវ​បាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF​បោះឆ្នោត ជ្រើសរើស​ជា​ប្រធាន​ស្ថាប័ន​សេដ្ឋកិច្ច​អន្តរជាតិ ក្នុង​អាណត្តិ ៥​ឆ្នាំ។ អាណត្តិនេះ​នឹង​​គិត​ចាប់តាំង​ពី​ថ្ងៃ​ចូលកាន់​តំណែង ជា​ផ្លូវការ នៅថ្ងៃ​ទី ៥ កក្កដា ២០១១។

អតីត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បារាំង​ Christine Lagarde ត្រូវ​ជ្រើសរើស​ជា​អគ្គនាយក​ថ្មី​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF
អតីត​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បារាំង​ Christine Lagarde ត្រូវ​ជ្រើសរើស​ជា​អគ្គនាយក​ថ្មី​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

 

លោកស្រី Christine Lagarde​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង ដែល​ស្ថាប័ន​នេះ ជា​ដង្ហើម​សំខាន់​របស់​បារាំង និង​ដែល​ពីមុន​មក​គ្រប់គ្រង តែ​ដោយ​មនុស្ស​ប្រុស។ ជាថ្មី​ម្តង​ទៀត លោកស្រី​បាន​ក្លាយជាស្រ្តី​ទីមួយ​ដែល​ត្រូវ​គេ​ជ្រើសរើស​ឲ្យ​ដឹកក្បាល​ម៉ាស៊ីន  IMF ព្រោះ ចាប់តាំង​ពី​ការ​កកើត នៅឆ្នាំ ១៩៤៤ ស្ថាប័ន​នេះ​ដឹកនាំ​តែ​ដោយ​មនុស្ស​ប្រុស ៩​នាក់។

ក្នុង​វ័យ ៥៥​ឆ្នាំ ឆាកអន្តរជាតិ​ លោកស្រី Christine Lagarde​បាន​លេចធ្លោ​ខ្លាំង នៅក្នុង​ឆាក​អន្តរជាតិ ជាពិសេស នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់​ក្រុមប្រទេស G8 នៅឆ្នាំ​មុន ដោយ​លោកស្រី​បាន​តួនាទី​សំខាន់ ជម្រុញ​ឲ្យ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ជួយ​ប្រទេស នៅក្នុង​តំបន់​អឺរ៉ូ។

ប៉ុន្តែ ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​របស់ IMF ក្រៅពី​ប្រទេស នៅអឺរ៉ុប និង​អាមេរិក នៅ​មាន​ប្រទេស​ទើបមាន​សេដ្ឋកិច្ច​រីកលូតលាស់ថ្មី ដូចជា​ចិន ប្រេស៊ីល ឥណ្ឌា និង​រុស្ស៊ី​ដែល​ជា​សមាជិក​សំខាន់។ កន្លងមក មាន​មតិ​អរិភាពមួយ​ចំនួន​ចេញ​ពីអាស៊ីដែល មិនចង់​ឲ្យ លោកស្រី Lagardeជាប់​ធ្វើជា​ប្រធាន​IMF ព្រោះ គេ​បារម្ភ​ថា លោកស្រី Lagarde​មក​ពី​អឺរ៉ុប នឹង​ប្រើ​មូលនិធិ​អន្តរជាតិ​សម្រាប់​ជួយ​តែ​ប្រទេស​តំបន់​អឺរ៉ុប បុណ្ណោះ។

ប៉ុន្តែ នៅក្នុង​យុទ្ធនាការ​រក​សំឡេង​គាំទ្រ​របស់​ខ្លួន នៅអាស៊ី និង​នៅ​អាហ្រ្វិក លោកស្រី Lagarde បាន​ថ្លែង​បញ្ជាក់​ច្បាស់​ពីជំហរ​របស់លោកស្រី ក្នុង​ការជម្រុញ​ឲ្យ​មាន​វត្តមាន កាន់តែច្រើន​​របស់​តំណាង​ប្រទេស​អាស៊ី និង​សមាជិក​ក្រុមប្រទេស​រីកលូតលាស់ថ្មី គឺ​ក្រុមប្រទេស​BRICSនៅក្នុង​មុខ​តំណែង​សំខាន់ៗ​របស់​IMF។ លោកស្រី Lagarde សន្យា​ឲ្យ​មាន​តុល្យភាព​អំណាច រវាង​តំណាង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​ដែល​ទើប​រីកចម្រើន​ថ្មី ដូចចិន ប្រេស៊ីល និង​ឥណ្ឌាជាដើម នៅក្នុង​ស្ថាប័ន​IMF។

គឺ​ការសន្យា​ធ្វើ​កំណែទម្រង់ ស៊ីជម្រៅ​ក្នុង​ស្ថាប័នIMF ការបោះឆ្នោត​ប្រកប​ដោយ​តម្លាភាព និង​ការជួយ​ដំឡើង​ក្រុម​ប្រទេសBRICS​ ទៅក្នុង​តួនាទី​ក្រុមអ្នក​សម្រេចចិត្ត​របស់​IMF ដែល​ធ្វើ​ឲ្យ​ លោកស្រី Lagarde បាន​ទទួល​ការគាំទ្រ​ភាគច្រើន ដោយ​មិន​លំបាក។

ទាំងអស់គ្នា​សុទ្ធតែ​យល់​ថា លោកស្រី Lagarde ​មក​ពី​ប្រទេស​អឺរ៉ុប សក្តិសម​ជាងគេ​ក្នុង​ការ​ទទួល​មុខតំណែង​អគ្គនាយក​IMF ក្នុង​កាលៈទេសៈនេះ គឺ​កាលៈទេសៈ​ដែល​ប្រទេស​ក្រិក​របស់​សហភាព​អឺរ៉ុប​កំពុង​ជួប​វិបត្តិ​ជំពាក់បំណុល​គេ​វ័ណ្ឌក។ ក្រុមប្រទេស​នៅអាស៊ី និង​នៅអាមេរិក​ខ្លាច​ថា វិបត្តិ​ហិរញ្ញវត្ថុ នៅក្រិក​ប៉ះពាល់​ដល់​នឹង​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​អឺរ៉ុប និង​អាស៊ី ឬ​ក៏​វិបត្តិ​ជំពាក់បំណុល​គេ អាច​ឆ្លង​ចេញ​ពី​អឺរ៉ុប។

នៅថ្ងៃ​អង្គារ​ម្សិលមិញ នៅប៉ុន្មាន​ម៉ោង​ក្រោយ​ពេល​គាត់​ជាប់ឆ្នោត លោកស្រី Lagarde​បាន​ធ្វើ អត្ថាធិប្បាយ​ទាក់ទង​នឹង​ប្រទេស​ក្រិក ដោយ​ប្រាប់​​ប្រជាជន និង​ក្រុមបក្ស​ប្រឆាំង​ក្រិក​ឲ្យ​ចូលរួម​ដើរ​នយោបាយ ជាមួយ​រដ្ឋាភិបាល ​ដើម្បី​ជួយ​ប្រទេស​ឲ្យ​ចេញ​ពីវិបត្តិ។ នៅថ្ងៃពុធទី ២៩ មិថុនា សភាក្រិក​ត្រូវ​អនុម័ត​ច្បាប់​ដែល​នឹង​គាំទ្រ ឬ​មិន​គាំទ្រ​វិធាន​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​ក្រិក។ នៅថ្ងៃ​ដដែល ប្រជាជន​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាលខ្លួន។

រដ្ឋាភិបាល​ក្រិក សុខចិត្ត​ធ្វើ​នយោបាយ ចាយត្បិតត្បៀត​ថវិកា ដើម្បី​អាច​បាន​ខ្ចីប្រាក់​ពី សហភាព​អឺរ៉ុប ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ជាថ្មី គឺ ប្រមាណ​ជាង ១០០​ពាន់​លាន​ទៀត ដើម្បី​យក​ទៅ​សងបំណុល​ដែល​រដ្ឋក្រិក​ជំពាក់គេ។

វិបត្តិក្រិក​ជា​វិញ្ញាសា​សំខាន់​ដែល​អាច​ឲ្យ​គេ​ធ្វើតេស្ត វាស់ស្ទង់​ពី​សមត្ថភាព​របស់​អគ្គនាយក​FMI ថ្មី។ តើ​លោកស្រី Lagarde​អាច​​និយាយ​បញ្ចុះបញ្ចូល​ប្រទេស​សមាជិក​របស់​ស្ថាប័ន​នេះ​ដើម្បី​ឲ្យ​ផ្តល់​ប្រាក់​កម្ចី​ដល់​ក្រិក ឬអត់ គឺ​អាស្រ័យ​ទៅ​លើ​សមត្ថភាព​របស់​ លោកស្រី Lagarde​ ដែល​អាច​បង្ហាញ​ថា ក្រិក​នឹង​មាន​លទ្ធភាព​ចាកចេញ​ពី​វិបត្តិ​លើកនេះ។ អ្នកសេដ្ឋកិច្ច​អឺរ៉ុប​បាន​វាយតម្លៃ​ហើយ​ថា បើសិន​រដ្ឋាភិបាល​កិ្រក​មិន​អាច​ចាត់​​វិធានការ​ត្បិតត្បៀត​បាន​សម្រេច​ទេ រដ្ឋក្រិក នឹង​ក្រ័យធន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ