ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/11 12h00 GMT

Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ
 
Curiosity on Mars NASA

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​បេសកកម្ម​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ឈ្មោះ​ថា Curiosity ឲ្យ​ទៅ​សិក្សា​លម្អិត​អំពី​លក្ខខណ្ឌ​នៃ​ជីវិត​លើ​ភព​ព្រះអង្គារ។

Curiosity គឺ​ជាយាន​គ្មាន​មនុស្សបើក​ទំហំ​ប៉ុនកូនឡាន ហើយ​ជា​ផ្នែក​មួយ​​​នៃ​បេសកកម្ម​​របស់​ទីភ្នាក់ងារ​ណាសា ដែល​គេ​ឲ្យ​ឈ្មោះ​ថា "Mars Science Laboratory"។

Curiosity ត្រូវបាន​គេ​បាញ់​បង្ហោះ​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​វិច្ឆិកា ឆ្នាំ២០១១ ហើយ​ក្រោយ​ពី​បាន​ផ្តាច់ខ្លួន​ចេញ​ពី​តួរ៉ុកកែត យាន​ដែល​ផ្ទុក​ Curiosity បាន​ធ្វើ​ដំណើរ​កាត់ទីអវកាស​អស់រយៈពេល​ប្រមាណ​ជា ៨ខែ​កន្លះ ទើប​បាន​មក​ដល់​ភព​ព្រះអង្គារ នៅថ្ងៃទី៦ ខែ​សីហា ឆ្នាំ២០១២។ ការចុះចត​របស់ Curiosity លើ​ភពព្រះអង្គារ​ត្រូវ​ឆ្លងកាត់​នូវ​ដំណាក់​កាល​ដ៏​ស្មុគស្មាញ​ជាច្រើន ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសាអង់គ្លេស​ថា “Entry, Descent and Landing” ឬ “EDL”។

នៅ​ប្រមាណ​ជា ១០នាទី មុន​ចូល​ដល់​ស្រទាប់​បរិយាកាស​នៃ​ភព​ព្រះអង្គារ ផ្នែក​មួយ​នៃ​យាន ដែល​គេ​​ប្រើ​សម្រាប់​ការ​ធ្វើ​ដំណើរ​​ពី​ភពផែនដី​ទៅ​ភពព្រះអង្គារ ហើយ​ដែល​ឲ្យ​ឈ្មោះ​ថា “Cruise Stage” ត្រូវ​ផ្តាច់​ខ្លួន​ចេញ ចំណែក​ឯ​​​ផ្នែក​ខាងមុខ​នៃ​យាន ដែល​ជា​ផ្នែក​មាន​ផ្ទុក​ Curiosity ក៏​ធ្វើ​ដំណើរ​តែ​ឯង​សំដៅ​ទៅ​​ចុះ​ចត​លើ​ដី​នៃ​ភព​ព្រះអង្គារ។

នៅ​ពេល​ចូល​ទៅ​ដល់​ស្រទាប់​បរិយាកាស​នៃ​ភព​ព្រះអង្គារ ការ​កកិត​នឹង​​បរិយាកាស​នេះ បាន​ធ្វើ​ឲ្យ​​យាន​ដែល​មាន​លឿន​រហូត​ដល់​ទៅ​ជាង ២ម៉ឺន​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង ចាប់ផ្តើម​បន្ថយ​ល្បឿន​បន្តិចម្តងៗ... ហើយ​នៅ​ពេល​ដែល​យាន​បន្ថយ​ល្បឿន​មក​នៅ​ត្រឹមប្រមាណ​ជា ១ពាន់៦រយ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឆ័ត្រយោង​ដែល​នៅ​ជាប់​នឹង​យាន​ក៏​ត្រូវ​បើក​ចេញ​ ដើម្បី​បន្ថយ​ល្បឿន​ឲ្យ​កាន់តែ​យឺត​ជាង​នេះ​ថែម​ទៀត។

នៅ​ពេល​ដែល​ល្បឿន​ថយ​ចុះ​មក​នៅ​ក្រោម ១ពាន់២រយគីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង ផ្នែក​ខាងក្រោម​នៃ​យាន ដែល​ជា​ខែល​ការពារ​កម្តៅ​ពី​ការកកិត​ជាមួយ​បរិយាកាស​ក៏​ត្រូវ​ផ្តាច់​ចេញ ហើយ​រ៉ាដា​ដែល​នៅលើ​យាន​ក៏​ចាប់ផ្តើម​ដំណើរការ ដើម្បី​វាស់​ល្បឿន​របស់​យាន និង​រយៈកម្ពស់​ពី​យាន​ទៅកាន់​ផ្ទៃដី​។

ទៅដល់​រយៈកម្ពស់​​ប្រមាណ​ជាង​១ពាន់​គីឡូម៉ែត្រ​ពី​ដី តួយាន ដែល​គេ​ឲ្យ​ឈ្មោះ​ថា "Descent Stage" ​ក៏​ផ្តាច់ខ្លួន​ចេញ​ពី​ឆ័ត្រយោង ហើយ​ចាប់ផ្តើម​បញ្ឆេះ​ម៉ាស៊ីន ដើម្បី​បន្ថយល្បឿន​ពីជាង ៣០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​ឲ្យ​កាន់តែ​យឺត​ជាង​នេះ​ថែមទៀត។ នៅ​រយៈកម្ពស់​ប្រមាណ​ជា ២០ម៉ែត្រ​ពីលើ​ដី Curiosity ក៏​ផ្តាច់​ខ្លួន ក៏​ប៉ុន្តែ ស្ថិត​នៅ​ភ្ជាប់​នឹង​ Descent Stage ដោយ​ព្យួរ​នឹង​ខ្សែកាប។ រហូត​ទាល់តែ​កង់​របស់ Curiosity ប៉ះដី ទើប Descent Stage ផ្តាច់​ខ្សែកាប ហើយ​ហោះ​ចេញ​ទៅ​ធ្លាក់​​នៅ​កន្លែង​ផ្សេង ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ការ​ខូចខាត​ទៅដល់​​ Curiosity។

Curiosity គឺ​ប្រៀបដូច​ជា​ឡាន​មួយ ដែល​អាច​ផ្លាស់ទី​ឆ្លងកាត់​តាម​គ្រប់​សណ្ឋាន​ដី​បាន​នៅលើ​ភពព្រះអង្គារ ហើយ​នៅលើ​នោះ ​មាន​ឧបករណ៍​គ្រប់​សព្វបែបយ៉ាង រាប់ចាប់​តាំង​ពី​ម៉ាស៊ីន​ថត ម៉ាស៊ីន​ខួងដី ព្រមទាំង​ឧបករណ៍​ដែល​អាច​ធ្វើការ​ពិសោធន៍ទៅលើ​ដី​ដែល​ខួង​បាន​នៅលើ​នោះ​ដោយ​ផ្ទាល់...និយាយ​ដោយ​ខ្លី Curiosity គឺ​ជា​មន្ទីរពិសោធន៍​ចល័តមួយ​ ហើយ​ដោយសារ​តែ​ភពព្រះអង្គារ​​និង​ភពផែនដី​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា, រលក​វិទ្យុទាក់ទង​ត្រូវ​ចំណាយ​ពេល​យ៉ាងតិច ៦នាទី ដើម្បី​ធ្វើ​ដំណើរ​ពី​ផែនដី​ទៅ​ដល់​ភពព្រះអង្គារ ហើយ​ពី​ភពព្រះអង្គារ​ត្រឡប់​មក​ដល់​ផែនដី​វិញ ដូច្នេះ Curiosity មិន​អាច​រំពឹង​លើ​ប្រព័ន្ធ​បញ្ជា​ពី​ផែនដី​បាន​នោះទេ ដោយ​អ្វីៗ​គ្រប់យ៉ាង​ត្រូវ​មាន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​នៅ​លើ​នោះ។

នៅ​ពេល​ចុះចត​ដល់​ដី​ភពព្រះអង្គារ​ភ្លាម អ្វីដែល​ Curiosity ត្រូវ​ធ្វើ​មុនគេ គឺ​បញ្ចេញ​ឧបករណ៍​​ដែល​ផ្ទុក​ទៅ​ដោយ​កាម៉េរ៉ា​ជាច្រើន​ប្រភេទ ដោយ​ក្នុងនោះ​ក៏​មាន​កាម៉េរ៉ា​​សម្រាប់​មើល​ផ្លូវ​មួយផងដែរ។ Curiosity ​អាច​ធ្វើ​ដំណើរ​បាន​ក្នុងល្បឿន​ប្រមាណ​ជា ៣០​គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង ហើយ​នៅលើ​យាន​នេះ​មាន​ភ្ជាប់​ទៅដោយ​​កូន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​មួយ ដែល​​អាច​ផ្តល់​ថាមពល​ផ្គត់ផ្គង់​រាល់​ដំណើរការ​របស់​យាន និង​ឧបករណ៍​ពិសោធន៍​ទាំងអស់​ដែល​នៅ​លើ​យាន។

គោលដៅ​ចម្បង​របស់ Curiosity គឺ​សិក្សា​ស្វែងរក​ចម្លើយ​ដ៏​សំខាន់មួយ ដែល​គេ​តែងតែ​ចោទសួរ​តាំង​ពីដើម​មកថា តើ​ភពព្រះអង្គារ​នេះ​ធ្លាប់​ជា​ភព​ដែល​មាន​អំណោយផលដល់​ជីវិត​ក្នុង​ទម្រង់​ណាមួយ​​ដែរ​ឬ​ក៏​យ៉ាងណា?

ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ Curiosity ផ្តោតការ​សិក្សា​ជាអាទិភាព​ទៅលើ​បរិយាកាស និង​ជាពិសេស សារធាតុគីមី​ដែល​មាន​នៅ​ក្នុង​ដី ឬ​ថ្ម​​​លើ​ភពព្រះអង្គារ។ នៅ​ក្នុងការ​សិក្សា​លើ​​ដី​ព្រះអង្គារ​នេះ Curiosity ចាប់ផ្តើម​ពី​ការ​អង្កេត​បឋម​​ដោយ​ប្រើ​កាំរស្មី​ឡាស៊ែរ (Laser) ដែល​អាច​កំណត់​អំពី​លក្ខណៈពិសេស​នៃ​ទីតាំង​ណាមួយ ដែល​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ ៦ម៉ែត្រ​ពី​តួ​យាន។ ប្រសិនបើ​ការ​អង្កេត​បឋម​ដោយប្រើឡាស៊ែរ​នេះបង្ហាញ​ថា ទីតាំង​ណាមួយ​មាន​លក្ខណៈពិសេស​គួរ​ឲ្យ​ចាប់​អារម្មណ៍ Curiosity ធ្វើ​ដំណើរ​ចូល​ទៅ​ជិត ដើម្បី​សិក្សា​កាន់តែ​លម្អិត ដោយប្រើ​ម៉ាស៊ីន​ខួង​យក​ដី​នៅ​តំបន់​នោះ យក​ទៅ​ឲ្យ​ម៉ាស៊ីន​ពិសោធន៍​ស្វ័យប្រវត្តិ​ពិនិត្យ​លម្អិត​​អំពី​ធាតុផ្សំ​របស់​វា មុននឹង​បញ្ជូន​​ទិន្នន័យ​ចេញ​ពី​លទ្ធផល​នៃ​​ការ​ពិសោធន៍​នេះ​មកភពផែនដី ដើម្បី​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​ធ្វើការ​សិក្សា​បន្ត។

គិត​មក​ទល់​នឹង​ខែ​កញ្ញា​ឆ្នាំ២០១៩​នេះ Curiosity មាន​ដំណើរការ​លើ​ដី​ព្រះអង្គារ​បាន​ជាង ៧​ឆ្នាំមកហើយ បើ​គិត​ជា​ឆ្នាំ​នៅលើ​ភពផែនដី ហើយ​នៅ​ក្នុងរយៈពេល​ ៧ឆ្នាំ​កន្លងទៅនេះ បេសកកម្ម​របស់ Curiosity បាន​ផ្តល់​នូវ​លទ្ធផល​សំខាន់ៗ​ជាច្រើន ទាក់ទង​នឹង​ជីវិត​លើ​ភព​ព្រះអង្គារ។

ជាអាទិ៍ Curiosity បាន​រកឃើញ​ភស្តុតាង​ដែល​អាច​បញ្ជាក់​បាន​ថា ភពព្រះអង្គារ​ធ្លាប់​ជា​ភព​ដែល​មាន​ទឹក​រាវ​នៅលើ​ផ្ទៃដី ហើយ​ទឹក​រាវ​នេះ គឺ​មាន​បរិមាណ​ច្រើន ព្រមទាំង​មាន​វត្តមាន​នៅលើ​ផ្ទៃដី​ក្នុងរយៈពេល​រហូតដល់​ទៅ​​ប្រមាណ​ជា ១លាន​ឆ្នាំ ឬ​ក៏​យូរ​ជាង​នេះ​ក៏​អាច​ថា​បាន។ ក្រៅពីនេះ Curiosity ក៏​បាន​រកឃើញ​ផងដែរ​ថា កាល​ពី​អតីតកាល ភពព្រះអង្គារ​ធ្លាប់​មាន​សារធាតុ​​គីមី​​មួយ​ចំនួន រួមមាន ស្ពាន់ធ័រ (S) អាសូត (N) អុកស៊ីសែន (O) ផូស្វ័រ (P) និង​កាបោន (C) ជាដើម ដែល​សុទ្ធសឹង​ជា​ធាតុផ្សំសំខាន់ៗ​នៃ​ជីវិត។

កាន់តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាងនេះ​ទៅទៀត Curiosity បាន​រកឃើញ​​ឧស្ម័ន​មេតាន នៅ​ក្នុង​បរិយាកាស​នៃ​ភព​ព្រះអង្គារ ហើយ​វា​មិនមែន​ជា​តម្រ៉ុយ​នៃ​មេតាន​កាល​ពី​អតីតកាល​នោះទេ ក៏ប៉ុន្តែ ជា​មេតាន​ដែល​មាន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន។ សម្រាប់​អ្នក​វិទ្យាសាស្ត្រ វត្តមាន​មេតាន​នៅលើ​ភពព្រះអង្គារ ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង ពីព្រោះ​គេដឹង​ថា នៅលើ​ភពផែនដី​របស់​យើង ​មេតាន​ គឺជា​ប្រភេទ​ឧស្ម័ន​ដែល​មាន​ប្រភពចម្បង​ចេញ​ពី​អ្វីៗ​ដែល​មាន​ជីវិត ឬ​ចេញ​ពី​ប្រតិកម្ម រវាង​ថ្ម នឹង​ទឹករាវ។

ទោះជាយ៉ាងណា ការរកឃើញ​អស់​ទាំងនេះ​​គ្រាន់តែ​ជា​តម្រ៉ុយខ្លះៗ​តែ​ប៉ុណ្ណោះ។ គេ​នៅតែ​មិន​ទាន់​អាច​កំណត់​បាន​នៅឡើយទេ​ថា តើ​ភពព្រះអង្គារ​ពិត​ជា​មាន ឬ​ក៏​ធ្លាប់មាន​ជីវិត​នៅលើ​នោះ​ដែរ​ឬ​ក៏​យ៉ាងណា​? ដើម្បី​សិក្សា​ស្វែងយល់​កាន់តែ​លម្អិត​អំពី​ចំណុច​នេះហើយ​បាន​ជា​​គេ​មាន​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​ដោយ​ផ្ទាល់​នៅលើ​ដីព្រះអង្គារ​នាពេល​ខាងមុខ៕

  • Cassini ៖ បេសកកម្មទៅកាន់ភពសៅរ៍

    Cassini ៖ បេសកកម្មទៅកាន់ភពសៅរ៍

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពីបេសកកម្ម​ “កាស៊ីនី-ហ៊ុយហ្កឹនស៍” (Cassini-Huygens) …

  • Rosetta ៖ បេសកកម្មទៅចុះចតលើផ្កាយដុះកន្ទុយ

    Rosetta ៖ បេសកកម្មទៅចុះចតលើផ្កាយដុះកន្ទុយ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពីបេសកកម្ម​ “រ៉ូហ្សេតា” (Rosetta) របស់​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប …

  • តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

    តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ការ​សិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​ជុំវិញ​សំណួរ​ថា …

  • ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

    ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​​ផ្កាយដុះកន្ទុយ ដែល​នៅ​ក្នុង​ជំនឿសម័យបុរាណ​ចាត់ទុកថា​ជា​សញ្ញា​នៃ​ការមកដល់​នៃ​​សង្រ្គាម …

  • ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

    ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ភពសុក្រ ដែល​តែងតែ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​បងប្អូនភ្លោះ​នៃ​ភពផែនដី​របស់​យើង។

  • តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

    តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ភពព្រះអង្គារ។

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ