អានតួអត្ថបទ
អាមេរិក-ចិន

Hackers​​ ចោរ​​ប្រព័ន្ធ​​អាំងទែរណែត​​ចិន​​វាយ​​លុក​​​សារព័តម៌ាន​​អាមេរិក​​ The New York Times​​​

សារព័តម៌ាន​ប្រចាំ​ថ្ងៃ​​អាមេរិក​ The New York Times​ បាន​ប្រកាស​ប្រាប់​ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ថា ចោរ​​ប្រព័ន្ធ​អាំង​ទែរ​ណែត​ដែល​គេ​​ហៅ​ថា ​​ Hackers នោះ​ បាន​វាយ​លុក​​​សារព័តម៌ាន​របស់​ខ្លួន​ អស់​រយៈ​ពេល​បួន​ខែ​មក​ហើយ ដោយ​បាន​​​​ប្រើ​​លេខ​​​​​​សំងាត់ លុក​លុយ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ។ ​​យោង​តាម​​សារព័តម៌ាន​មួយ​នេះ ចោរ​ទាំង​នេះ​​ប្រហែល​​​ជា​មាន​ជាប់​​ទំនាក់​ទំនង​​ជាមួយ​រដ្ឋាភិបាល​​ចិន។ ការ​វាយ​ប្រហារ​លុក​លុយ​ឯកសារ​នានា​​ ​បាន​កើត​ឡើង​តាំង​ពី​​ចុង​ខែ​ ​តុលា​កន្លង​មក បន្ទាប់​ពី​កាសែត​ The New York Times បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​​​ ស្តី​ពី​​ការ​ស៊ើប​អង្កេត​​​មួយ​ ដែល​បង្ហាញ​ថា បក្ស​ពួក​របស់​​នាយករដ្ឋមន្ត្រី​​ចិន គឺ​លោក Wen Jiabao បាន​​​ទទួល​​ប្រយោជន៍​​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​​ដុល្លារ នៅ​ក្នុង​កិច្ច​ការ​ជំនួញ​​របស់​ពួក​គេ។​

ទីស្នាក់ការសារព័តម៌ាន​ The New York Times
ទីស្នាក់ការសារព័តម៌ាន​ The New York Times REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

ចោរ​​ប្រព័ន្ធ​អាំង​ទែរ​ណែត​​​ដែល​គេ​អោយ​ឈ្មោះ​ថា Hackers បាន​ប្រើ​លេខ​​​សំងាត់ លុក​លុយ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​​សារព័តម៌ាន​អាមេរិក​ The New York Times អស់​រយៈ​ពេល​​បួន​ខែ​មក​ហើយ​ ហើយហេតុការណ៍​នេះ​​បាន​កើត​ជា​ញឹក​ញយ​​ចាប់​ពី​ខែ​ វិច្ឆិកា កន្លង​មក។

ចោរ​​ប្រព័ន្ធ​អាំង​ទែរ​ណែត ​​បាន​ចូល​ទៅ​លុក​លុយ​មើល​​សារ​​អេឡិចត្រូនិក និង​ឯកសារ​នានា​​នៅ​ក្នុង​​ អ៊ីមែល​​​របស់​លោក ​​​លោក Jim Yardley ដែល​ជា​អតីត​​នាយក​​ការិយាល័យ​​​​​ The New York Times ប្រចាំ​នៅ​ក្រុង​ប៉េកាំង និង​​​​លោក David Barboza ជា​​​​នាយក​​ការិយាល័យ​សារព័តម៌ាន​ប្រចាំ​ក្រុង​​ សៀងហៃ។ លោក David Barboza គឺ​ជា​អ្នក​ដែល​សរសេរ​នូវ​ការ​ស៊ើប​អង្កេត​​លើ​​បក្ស​ពួក​របស់​​នាយករដ្ឋមន្ត្រី​​ចិន។

យោង​តាម​​ The New York Times ចោរ​​អាំងទែរ​ណែត​ទាំង​នេះ ហាក់​ដូច​ជា​ចង់​រក​​ឈ្មោះ​អ្នក​ដែល​ផ្តល់​ព័ត៌មាន​​ដល់​លោក David Barboza ក្នុង​ការ​ស៊ើប​អង្កេត​របស់​​លោក។
The New York Times បាន​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ ២៥​ ​តុលា​កន្លង​មក​​ នូវ​​អត្ថបទ​​មួយ​ស្តី​ពី​​ការ​ស៊ើប​អង្កេត​​​​លើ​បក្ស​ពួក​របស់​​នាយករដ្ឋមន្ត្រី​​ចិន គឺ​លោក Wen Jiabao ដែល​ការ​ស៊ើប​អង្កេត​នេះ​ បង្ហាញ​ថា​បក្ស​ពួក​របស់​​នាយករដ្ឋមន្ត្រី​​ចិន​​បានសំរេច​​​ប្រយោជន៍​​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​​ដុល្លារ ក្នុង​​​កិច្ចការ​​ជំនួញ​​របស់​ពួក​គេ។​

យោង​តាម​កាសែត​អាមេរិក អ្នក​ទទួល​ខុស​ត្រូវ​នានា​នៃ​រដ្ឋាភិបាល​ចិន បាន​ប្រាប់​​​ពី​ផល​វិបាក​ដែល​​កាសែត​ខ្លួន​អាច​​នឹង​​អាច​ជួប​ប្រទះ​​​​ ដោយ​សារ​តែ​​ការ​ស៊ើប​អង្កេត​នេះ។​​​​​

“គេ​អាច​និយាយ​ថា​ការ​វាយ​ប្រហារ​មួយ​លើកៗ​ទៅ​លើ​​​កាសែត​ The New York Times គឺ​​បង្ក​ឡើង​ដោយ​​​យោធា​ចិន” នេះ​បើ​យោង​តាម​​សំដី​របស់​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​​​​ក្នុង​ក្រុមហ៊ុន​​សន្តិសុខ​អាំង​ទែរណែត​មួយ ដែល​​បាន​រក​ឃើញ​ការ​វាយ​លុក​​កន្លង​មក​នេះ។
ក្រសួង​ការពារ​ជាតិ​ចិន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​កាសែត​អាមេរិក​​ថា ​គ្មាន​ភស្តុតាង​​ពិត​ប្រាកដ​ ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ និងគ្មាន​​​លក្ខណៈជា​អាជីព​​ក្នុង​ការងារ៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ