អានតួអត្ថបទ
ហ្វីលីពីន

លោក​ឌុយទែរតេ​ប្រកាស​ចង់ជួប​មេឧទ្ទាម​អ៊ីស្លាម​ដែល​​កំពុង​​គេចខ្លួន​

ថ្ងៃពុធ​នេះ ប្រធានាធិបតី​ហ្វីលីពីនឌុយទែរតេបាន​ប្រកាស​ចង់ជួប​មេក្រុមឧទ្ទាម​អ៊ីស្លាម Nur Misurari នៀ មីស៊ូអារី ​ដែល​រងការ​ចោទ​ប្រកាន់​ពី​​​ហិង្សា​​ឡោមព័ទ្ធ​ក្រុងមួយ​នៅ​ភាគខាងត្បូង ក្នុង​ឆ្នាំ២០១៣។ មេឧទ្ទាម​រូបនេះ​​កំពុង​រត់គេចខ្លួន។ ​ដើម្បី​បានជួប​មេឧទ្ទាម​មីស៊ូអារី លោក​ឌុយទែរតេ​​​សន្យា​មិន​អើពើ​​នឹងដីកា​ចាប់ខ្លួនជនរូប​នេះ​ទេ។ 

ប្រធានាធិបតី​ហ្វីលីពីន លោក​ ​Rodrigo Duterte
ប្រធានាធិបតី​ហ្វីលីពីន លោក​ ​Rodrigo Duterte
ផ្សាយពាណិជ្ជកម្ម

ដើម្បី​អាច​ជួប​​មេ​ឧទ្ទាម​អ៊ីស្លាម ​នៀ មីស៊ូអារី Nur Misurari ​ដែល​កំពុងគេចខ្លួន​ពី​ការតាមចាប់​របស់​អាជ្ញាធរ ប្រធានាធិបតី​​​​​ហ្វីលីពីន​ហ៊ាន​រហូត​សន្យា​ថា លោក​មិនអើពើ​នឹង​ដីកា​ចាប់ខ្លួន​ទេ។ នេះ​ជា​ការប្រកាស​បែប​អស្ចារ្យ​មួយទៀត របស់​ប្រធានាធិបតី​ឌុយទែរតេ ដែល​គេ​​​គ្រប់គ្នា ស្គាល់​ថា​ជាប្រធានាធិបតី​​សំដី​ថ្លោស។

នៀ មីស៊ូអារី អាយុ៧៧ឆ្នាំ រងការ​ចោទប្រកាន់​ថា ជា​មេក្លោងនៃ​ការឡោមព័ទ្ធ​ក្រុង​ហ្សាំប៊័ងហ្កា​​ ភាគខាងត្បូង​ហ្វីលីពីន កាលពី​ឆ្នាំ២០១៣ ធ្វើអោយ​មាន​មនុស្ស​ស្លាប់ជាង​២០០នាក់។ អាជ្ញាធរ​កំពុង​តាម​​​ចាប់ខ្លួន មីស៊ូអារី ​ពីបទ​បង្ក​សកម្មភាពបះបោរ។ មីស៊ូអារីអាច​ជាប់គុក​រហូត​៣០ឆ្នាំ។

តែ​ថ្ងៃពុធ​នេះ ​លោក​ឌុយទែរតេ​ប្រាប់ថា លោកបាន​​និយាយជាមួយ​មេឧទ្ទាម​នោះថា ​លោក​គ្មាន​​បំណង​ចាប់ខ្លួន និង​ឃុំខ្លួន​រូបគាត់នោះ​ទាល់តែសោះ។ លោក​ចង់អោយ​មេឧទ្ទាម​មកជួប​លោក​នៅ​កោះ​ចូឡូ រឺ​ក៏​នៅ​វិមាន​ប្រធានាធិបតី ហើយ​​​មេឧទ្ទាម​រូបនោះ​អាច​សុំអោយ​​ប៉ូលិស រឺ​ទាហាន​ណាមួយ​ធ្វើអង្គរក្ស​ការពារ​នាំ​រូបគាត់​​ទៅ​កន្លែង​ចរចា​ជាមួយ​លោក​ឌុយទែរតេ។

តែ​មេឧទ្ទាម​ចង់​ជួប​លោក​ឌុយទែរតេ​នៅ​ម៉ាឡេស៊ី​ ក្រោមអន្តរាគមន៍​របស់​អង្គការ​កិច្ចសហ​ប្រតិបត្តិការ​​អ៊ីស្លាម​វិញ។ លោកឌុយទែរតេអះអាង​ថា ​មេឧទ្ទាម​មីស៊ូអារីសន្យា​​ថា តែ​ក្នុង​២ថ្ងៃ​ប៉ុណ្ណោះ គាត់​អាច​នឹង​ចុះកិច្ចព្រមព្រៀង​អ្វីមួយ បិទបញ្ចប់​ការប្រយុទ្ធ​គ្នា។

​មេឧទ្ទាម​មីស៊ូអារី ជា​ស្ថាបនិកចលនា​​ក្រុមរណសិរ្ស​រំដោះជាតិ​ ហៅកាត់ថាMNLF នៅភាគ​ខាងត្បូង។ ក្រុមនេះ​​​​បង្កើតឡើង​ ក្នុង​ឆ្នាំ១៩៦៩។ ក្រុមឧទ្ទាមMNLFបាន​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន​ ឆ្នាំ១៩៩៦ ជាថ្នូរ​នឹង​ភាពស្វ័យយត​តំបន់។

តែ​ក្រោយមក ​សកម្មជន​ក្រុម​បាន​បំបែកខ្លួន​ទៅ​នៅ​ក្រោម​ផ្លាក​​ក្រុមឧទ្ទាម​ឈ្មោះថា រណសិរ្ស​រំដោះ​​​ម៉ូរ៉ូ​អ៊ីស្លាម ហៅកាត់ថា ​Milf វិញ។ ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ រណសិរ្សរំដោះ​​​ម៉ូរ៉ូ​អ៊ីស្លាមបានចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល។ លោកឌុយទែរតេ ​​ចង់​ទទួលបាន​កិច្ច​ព្រមព្រៀង​​​​ជាមួយ​ក្រុមឧទ្ទាម​​ទាំង២។ ​ក្រៅពី​​ក្រុមឧទ្ទាម​អ៊ីស្លាម ​លោក​ឌុយទែរតេ​ ​ក៏​បាន​បើក​កិច្ចពិភាក្សា​សន្តិភាពជាមួយ​ក្រុមឧទ្ទាម​កុម្មុយនិស្ត​ដែរ ក្នុងពេល​កន្លងមក៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ