អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ្នកជំនាញ​អង្គការ​សុខភាព​ពិភពលោក៖ ករណី​ឆ្លង​អេបូឡា​នឹង​កើត​មាន​ជាថ្មី​នៅអឺរ៉ុប​ ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈកម្មការ​អឺរ៉ុប​ បាន​​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ​បកស្រាយ​បំភ្លឺពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ការឆ្លង​មេរោគ​អេបូឡា​ក្នុង​ទឹកដី​អឺរ៉ុប​។ អាជ្ញាធរ​សុខាភិបាល​អេស្ប៉ាញ​កំពុង​ចាត់វិធានការ​កំណត់​រក​មុខសញ្ញា​ ក្រុម​មនុស្ស​ដែល​អាច​ឆ្លង​មេរោគ​អេបូឡា​ពី​ស្រ្តី​គិលានុបដ្ឋាយិកា ដែល​គេ​រកឃើញ​ឆ្លង​មេរោគ​អេបូឡា នៅ​ដើម​សប្តាហ៍នេះ។ ជារួម មនុស្ស​ជាង​៥០​នាក់ ដែល​នៅក្នុង​នោះ​មាន​ជាង​៣០​នាក់ ជា​បុគ្គលិក​ពេទ្យ ដែល​បម្រើការ​ជាមួយ​គិលានុបដ្ឋាយិកា​ ឆ្លង​មេរោគ អេបូឡា ត្រូវ​បាន​គេ​ដាក់​បង្ឃាំង ឲ្យស្ថិត​នៅ ​ក្រោម​ការតាមដាន​ត្រួតពិនិត្យ​ខ្ពស់ ​នៅ​មន្ទីរពេទ្យកាឡូ ទី​៣​។ នៅថ្ងៃ​ពុធ​នេះ គ្រូពេទ្យ​ជនជាតិ​ន័រវែស​ម្នាក់​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅ​លីបេរីយ៉ា​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ ទីក្រុង​អូស្លូ។ រហូតមក ប្រទេស​នៅអឺរ៉ុបមួយចំនួន ​បាន​ទទួល​ព្យាបាល​អ្នកជម្ងឺដែល​ឆ្លង​​មេរោគ​អេបូឡា​​នៅ​អាហ្រ្វិក​ខាងលិច ប៉ុន្តែ នេះ​ជាលើក​ទីមួយ ដែល​បុគ្គលិក​ពេទ្យ​​​ឆ្លង​មេរោគ​អេបូឡា​ក្នុង​ទឹកដី​អឺរ៉ុប។  

មន្ទីរពេទ្យ​អេស្ប៉ាញ ដែល​ទទួល​តាមដាន និង​ព្យាបាល​អ្នកឆ្លង​មេរោគ​​អេបូឡា ដែលនៅក្នុង​នោះ​មាន​គិលានុបដ្ឋាយិកា និង​បុគ្គលិក​ពេទ្យ​ដែល​ចូល​រួម​ព្យាបាល​សង្ឃ​កាតូលិក​ឆ្លង​រោគ​អេបូឡា
មន្ទីរពេទ្យ​អេស្ប៉ាញ ដែល​ទទួល​តាមដាន និង​ព្យាបាល​អ្នកឆ្លង​មេរោគ​​អេបូឡា ដែលនៅក្នុង​នោះ​មាន​គិលានុបដ្ឋាយិកា និង​បុគ្គលិក​ពេទ្យ​ដែល​ចូល​រួម​ព្យាបាល​សង្ឃ​កាតូលិក​ឆ្លង​រោគ​អេបូឡា REUTERS/Andrea Comas
ផ្សាយពាណិជ្ជកម្ម

នៅ​មន្ទីរពេទ្យ​កាឡូ​ទីបី ដែល​ស្ថិតនៅ​ក្នុង​រដ្ឋធានី​ម៉ាឌ្រីដ មនុស្ស​៤​នាក់ ផ្សេងទៀត ដែល​ក្នុង​នោះ មាន​ប្តី​របស់​គិលានុបដ្ឋាយិកា ដែរនោះ ត្រូវ​បាន​បញ្ជូនឲ្យ​ទៅ​ព្យាបាល ដាច់ដោយ​ឡែក តាំងពី​ថ្ងៃ​ចន្ទ។

 
ក្រសួងសុខាភិបាល​អេស្ប៉ាញ​បាន​អះអាង​​ថា គេ​បាន​គោរព​បទដ្ឋាន​ព្យាបាល​អ្នកជម្ងឺ​អេបូឡា ទៅតាម​ការកំណត់​របស់​អង្គការ​សុខភាព​ពិភពលោក។ ប៉ុន្តែ ការអះអាង​ដូច្នេះ មិន​អាច​បញ្ចុះបញ្ចូល​គណៈកម្មការ​អឺរ៉ុបបានទេ។ ព្រោះថា បើ​សិន​ជា​គេ​គោរព​បទដ្ឋាន​មែន ហេតុអ្វី​បាន​ជាអ្នកជំនួយ​សុខភាព ឬ​ស្រ្តី​គិលានុបដ្ឋាយិកា​អាច​ឆ្លង​មេរោគ​អេបូឡា​?

តាមអ្នកនាំពាក្យ​របស់​គណៈកម្មការអឺរ៉ុបគឺ​ប្រាកដ​ជា​មាន​ចំណុច​ខ្សោយ ខ្វះ​ចន្លោះ​ត្រង់​ណាមួយហើយនៅក្នុង​ប្រព័ន្ធ​សុខាភិបាល​អេស្ប៉ាញ ទើប​អ្នកព្យាបាល​ជម្ងឺ​ជាតិ​អេស្ប៉ាញ​អាច​ឆ្លង​មេរោគ​អេបូឡា នៅក្នុង​ពេល​គាត់​បាន​ចូលរួម​ព្យាបាល​បុព្វជិត​អេស្ប៉ាញ​កាលពី​ចុង​ខែ​កញ្ញា។

កន្លងមក​ មាន​អ្នកឆ្លង​មេរោគអេបូឡា​ក្នុង​ទឹកដី​អាហ្វ្រិក​ប្រមាណ​១០ត្រូវ​បាន​បញ្ជូន​ឲ្យ​មក ទទួល​ការព្យាបាល​ក្នុង​​ទឹកដីអឺរ៉ុប។ ​គិលានុបដ្ឋាយិកា​ជាតិ​បារាំង ឬ​អ្នកជំនាញ​សុខភាព​របស់​ប្រទេស​អាហ្រ្វិក​​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​អាល្លឺម៉ង់។ ពួកគេ​ទាំងនោះ​ត្រូវ​បាន​ព្យាបាល​ឲ្យ​ជាសះស្បើយ ហើយ​បុគ្គលិក​ពេទ្យដែល​ទទួល​បន្ទុក​ព្យាបាល​នៅ​បារាំង ឬ​អាល្លឺម៉ង់​ក្តី ​ក៏​គ្មាន​គ្រោះថ្នាក់​ ឆ្លង​មេរោគ​អេបូឡា ដូច​​​នៅ​អេស្ប៉ាញដែរ។

បច្ចុប្បន្ននេះ គេ​កំពុង​ចោទ​សួរ​ផងដែរ​ពីសមត្ថភាព​អន្តរាគមន៍​របស់​មន្ទីរពេទ្យ​ក្នុង​ការតាមដាន ករណី​ឆ្លង​​មេរោគ​អេបូឡា។ តាម​ប្តី​របស់​ស្រ្តីអ្នកជម្ងឺ នៅក្រោយ​ពេល​​សម្អាត​គ្រែ​របស់​សង្ឃ​កាតូលិក​ស្លាប់​ដោយមេរោគ​អេបូឡា គិលានុបដ្ឋាយិកា​បាន​សិទ្ធិ​ឈប់​សម្រាក និង​ក្រោយ​មក​គាត់​បាន​ធ្លាក់​ខ្លួនឈឺ និង​មាន​រោគសញ្ញា​ដូច​ឆ្លង​មេរោគអេបូឡា។ គាត់​បាន​សុំ​ឲ្យមន្ទីរពេទ្យ​ធ្វើតេស្ត​តាំងពី​ថ្ងៃ​ទី ៣០​កញ្ញា ប៉ុន្តែ មន្ទីរពេទ្យ​ដែល​គាត់​ធ្វើ​ការ បដិសេធ​ដោយហេតុផល​សីតុណ្ហភាពខ្លួន​គាត់​នៅ​ទាប។ ប៉ុន្តែ ទាល់​តែ​ស្រ្តី​អ្នកជម្ងឺទទូចសុំ​ខ្លាំងពេក​ទើប​មន្ទីរពេទ្យ​សម្រេច​ធ្វើ​តេស្ត​ដែល​បង្ហាញ​ថា គាត់​ឆ្លង​មេរោគ​អេបូឡា។​​
 
កំហឹង និង​ការមិនពេញចិត្ត​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាលអេស្ប៉ាញ
បុគ្គលិក​ពេទ្យ​អេស្ប៉ាញ ដែល​ភ័យព្រួយ​​ពី​សុខភាព​ផ្ទាល់ខ្លួន បាន​ផ្ទុះ​កំហឹង​នឹង​របៀប​ចាត់ចែង​វិធានាការនានា​របស់​រដ្ឋាភិបាល​​ដើម្បី​ទប់ស្កាត់​មេរោគអេបូឡា។ ​នៅយប់​ថ្ងៃ​ពុធ​ បុគ្គលិក​របស់​មន្ទីរពេទ្យ កាឡូ​ទី​៣ កន្លែង​​ដែល​គិលានុបដ្ឋាយិកា​បាន​ឆ្លង​មេរោគ​​អេបូឡា ពី​សង្ឃ​កាតូលិក បាន​ធ្វើ​បាតុកម្ម​ដើម្បីទាមទារ​ឲ្យ​រដ្ឋមន្រ្តី​សុខាភិបាល​អេស្ប៉ាញ​ចុះ​ចេញ​ពី​តំណែង។

​នៅក្រោយ​ករណី​ឆ្លង​មេរោគ​អេបូឡា​ត្រូវ​បានក្រសួង​សុខាភិបាល​អេស្ប៉ាញ​​ប្រកាស​ជា​ផ្លូវការ ទាំង​បុគ្គលិក​ពេទ្យ ទាំង​សហជីព​គ្រូពេទ្យ​ចេញមុខ​រិះគន់​វិធានការ​សុខភាព​របស់​រដ្ឋាភិបាល។ តាម​សហជីព​របសបុគ្គលិក​ពេទ្យ​អេស្ប៉ាញ គឺ​នយោបាយ​រឹតត្បិត​ថវិកា​របស់​រដ្ឋាភិបាល​ដែល​ជាអ្នកទទួល​ខុសត្រូវ​ធ្វើ​ឲ្យ​ស្រ្តី​គិលានុបដ្ឋាយិកា​ឆ្លង​មេរោគអេបូឡា។ តាម​សហជីព មន្ទីរពេទ្យ​កាឡូ​ទីបី បើទោះបី​ជា​កន្លែង​ដែល​មាន​តួនាទី​ព្យាបាល​មេរោគ​ឆ្លង ប៉ុន្តែមន្ទីរពេទ្យនេះ​ត្រូវ​បាន​កាត់បន្ថយ​សកម្មភាព​របស់ខ្លួន និង​បុគ្គលិក​ពេទ្យ ដោយសារ​តែ​នយោបាយ​រឹតត្បិតថវិកា​របស់​រដ្ឋាភិបាល។

តាមក្រុមគ្រូពេទ្យ​របស់​មន្ទីរពេទ្យ​វិញ ដោយសារ​តែខ្វះបុគ្គលិក មន្ទីរពេទ្យ​គ្មាន​ពេល​បាន​ប្រុងប្រៀបខ្លួន​​ដើម្បី​រៀបចំ​ទទួលព្យាបាល​ជម្ងឺ​អេបូឡា​។ តាម​បុគ្គលិក​ពេទ្យ​ខ្លះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ នៅ​មុន​ពេល​ទទួល​ព្យាបាល​បុព្វជិត​អេស្ប៉ាញ​ដែល​ឆ្លង​មេរោគ​អេបូឡា​នៅអាហ្វ្រិក គេ​គ្រាន់តែ​បាន​ទទួល​ការណែនាំ​រយៈពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ។

មួយវិញទៀត បុគ្គលិក​ពេទ្យ​ទាំង​អស់​បាន​អះអាងថា នៅពេល​គេ​ទទួលព្យាបាល​សង្ឃ​កាតូលិក​ទាំងពីរ មន្ទីរពេទ្យ​បានអនុវត្តត្រឹម​​បទដ្ឋាន​កម្រិត​ទីពីរ ក្នុង​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​ប្រើ​បទដ្ឋានថ្នាក់​ទីបួន ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​មេរោគ​អេបូឡា​នៅក្នុង​ពេល​អន្តរាគមន៍​ ជួយ​ព្យាបាល​អ្នកជម្ងឺ។

នៅអេស្ប៉ាញ រូបភាព​ដែល​បង្ហាញ​ពី​បុគ្គលិកពេទ្យ​អេស្ប៉ាញ​ប្រើ​ស្រោមដៃ ដែល​បិទ​ភ្ជាប់​ទៅ​នឹង​ខោអាវពេទ្យ​ដោយ​ស្កុត បាន​បង្ក​ឲ្យ​មាន​ការរិះគន់យ៉ាងខ្លាំង​ក្នុង​ចំណោម​មតិ​ប្រជាជន។ តាម​ធម្មតា គេ​ត្រូវ​ប្រើ​សំលៀកបំពាក់ ដែល​គ្មាន​ការជ្រាបទឹក បិទជិត តាំងពី​ក្បាល​ដល់​ចុងជើង ប៉ុន្តែ តាម​រូបភាព​ដែល​កាសែត​ក្នុង​ស្រុក​អេស្ប៉ាញ​ចុះផ្សាយ បុគ្គលិក​ពេទ្យ​ប្រើ​ត្រឹម​ស្កុត​ដើម្បី​បិទ​ភ្ជិត​ជាមួយ​ដៃអាវ​ពេទ្យ​តែប៉ុណ្ណោះ។
 
មេរោគអេបូឡា​នឹង​អាចកើតមាន​ច្រើន​ទៀត នៅអឺរ៉ុប និង​អាមេរិក​
ទីប្រឹក្សា​ម្នាក់​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​លោក​Peter Piot ដែល​ជាមនុស្ស​ម្នាក់ ក្នុង​ចំណោម​អ្នកវិទ្យាសាស្រ្ត​រកឃើញ​មេរោគ​អេបូឡា បាននិយាយ​ប្រាប់​ទូរទស្សន៍​អង់គ្លេស​BBC កាលពី​ម្សិលមិញថា ករណី​ឆ្លង​មេរោគ​អេបូឡា​នឹង​អាច​កើតមាន​ជា​បន្តទៀត នៅ​ក្នុង​ចំណោម​បុគ្គលិក​ពេទ្យ មិនថា នៅក្នុង​ប្រទេស​ដែល​ជឿនលឿន​។

បុគ្គលិកពេទ្យ​ជាអ្នកប្រឈម​ខ្លាំង​ជាងគេ​នឹង​ការឆ្លងមេរោគអេបូឡា។ នៅ​អាហ្វ្រិក ក្នុង​ចំណោម​អ្នកជម្ងឺ និង​អ្នកស្លាប់​ដោយ​មេរោគអេបូឡា ជាច្រើន​ពាន់​នាក់ មាន​មួយ​ចំនួន​ជាបុគ្គលិក​ពេទ្យ អ្នកជំនួយ​សុខភាព។ ពួកគេ​ទាំងនោះ​ត្រូវ​ប៉ះពាល់​ដោយ​ផ្ទាល់​នឹងខ្លួន​អ្នកជម្ងឺ។ ដូចគេ​ដឹងហើយថា គេ​អាច​ឆ្លងមេរោគអេបូឡា តាមរយៈ​ការប៉ះពាល់​វត្ថុជាតិ​រាវ​របស់អ្នកជម្ងឺ ដូចជា​ស្ពែម ញើស ឈាម ឬ​ទឹកមាត់។

បើតាម​លោក Peter Piot  ​បើ​សិន​ជា​អ្នកជំនួយ​សុខភាព​ធ្វេសប្រហែល​តែបន្តិច នោះ​គេ​អាច​ឆ្លង​មេរោគ​អេបូឡា​តែ​មួយ​ប៉ប្រិចភ្នែក​តែប៉ុណ្ណោះ។ លោក​ Peter Piot ពន្យល់​ថា មេរោគ​អេបូឡា​នឹង​មិន​អាច​ឆ្លង​រីករាត្បាត​លឿន​ដូចនៅ​អាហ្វ្រិក ប៉ុន្តែអឺរ៉ុប​ ឬ​អាមេរិក​ក្តី នឹង​ទទួល​ករណី​ឆ្លង​ថ្មីនៅពេល​ខាងមុខ បើសិន​គេ​មិន​ប្រុងប្រយ័ត្ន មិន​ទប់ស្កាត់​ការឆ្លងរីករាល​នោះ​ទេ។ ​

កន្លងមក នៅពេលមេរោគ​អេបូឡា​ចាប់ផ្តើម​រាតត្បាត​ដំបូង​នៅ​អាហ្វ្រិក​ខាងលិច អង្គការ​សុខភាព​ពិភពលោក​បានបញ្ជាក់​ពី​កង្វះខាត​ប្រព័ន្ធ​សុខាភិបាល​ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មេរោគអេបូឡា​ឆ្លង​រីករាលដាល​ខ្លំាង​នៅអាហ្វ្រិក។​ ការសិក្សា​របស់​អឺរ៉ុប​បាន​បង្ហាញថា ករណី​ចម្លង​មេរោគ​អេបូឡា​ពី​អ្នកជម្ងឺ​ដែល​ត្រូវ​បញ្ជូន​ពីអាហ្វ្រិក​​មាន​កម្រិត​ខ្សោយ​បំផុត។ ការសិក្សា​បង្ហាញ​យ៉ាង​ដូច្នេះ ដោយ​ផ្អែកទៅលើ​លទ្ធភាព​ឆ្លង​ និង​គុណភាព​នៃ​ប្រព័ន្ធ​សុខាភិបាល​នៅអឺរ៉ុប។ ប៉ុន្តែ ករណី​ឆ្លង​មេរោគអេបូឡា​របស់​គិលានុបដ្ឋាយិកា​អេស្ប៉ាញ​បាន​បង្ហាញ​ថា លទ្ធភាព​ឆ្លង​មេរោគ​អេបូឡា​អាច​កើត​មាន​នៅគ្រប់ពេលវេលា នៅ​អឺរ៉ុប៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ