អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាហ្វ្រិក​ខាងលិច​ប្រឈម​នឹង​មេរោគ​រាតត្បាត​អេបូឡា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​ថ្ងៃ​ទី ២ និង​ទី ៣​កក្កដា ប្រទេស​ចំនួន​១១​នៅអាហ្វ្រិក បាន​ជួប​ប្រជុំ​គ្នា នៅប្រទេស​ហ្គីណេ។ អង្គការ​សុខភាព​ពិភពលោក បាន​កោះប្រជុំ​ជា​បន្ទាន់​បណ្តា​ប្រទេស នៅ​អាហ្វ្រិក​ខាងកើត ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការរាតត្បាត​របស់​មេរោគ​អេបូឡា។ នៅក្នុង​សប្តាហ៍នេះ មន្រ្តី​របស់​អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​បាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន នៅ​ពេល​មេរោគ​អេបូឡា​បាន​រីកសាយភាព​យ៉ាងឆាប់​រហ័ស និង​បាន​សម្លាប់​មនុស្ស​ជាង ៤០០​នាក់ ចាប់តំាង​ពី​លេចមុខ​សញ្ញា កាលពីខែ​មីនា ឆ្នាំ ២០១៤។  

អ្នកធ្វើការ​ផ្នែក​សុខភាព​ដឹក​ជញ្ជូន​សាកសព​អ្នកជម្ងឺ​ដែល​ស្លាប់​ដោយ​មេរោគ​អេបូឡា នៅ​ប្រទេស​សៀរ៉ាឡេអូន
អ្នកធ្វើការ​ផ្នែក​សុខភាព​ដឹក​ជញ្ជូន​សាកសព​អ្នកជម្ងឺ​ដែល​ស្លាប់​ដោយ​មេរោគ​អេបូឡា នៅ​ប្រទេស​សៀរ៉ាឡេអូន ©REUTERS/Umaru Fofana
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​រយៈពេល​ពីរថ្ងៃ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​រៀបចំ​ឡើង នៅក្នុង​ប្រទេស​ហ្គីណេ ជាទី​ដែល​មេរោគ​អេបូឡា​បាន​លេច​រូបរាង​ឡើង កាលពី​ខែ​មីនា។ សន្និសីទ នេះ​ត្រូវ​រៀបចំ​ឡើង បន្ទាប់​ពី អ្នកជំនាញ​ខាងសុខភាព​បាន​ទាញ​សញ្ញា​អាសន្ន ដោយសារ​គេ​សង្កេត​ឃើញ​មេរោគ​អេបូឡា ដែល​គេ​គិត​ថា បាន​ថមថយ​នោះ បែរ​ជា​កើនឡើង និង​រីករាលដាល កាន់តែខ្លាំង។ បច្ចុប្បន្ននេះ មេរោគ​អេបូឡា​បាន​ឆ្លង​រាតត្បាត សម្លាប់​មនុស្ស​៤៦៨​នាក់ នៅក្នុង​ចំណោម​អ្នកជម្ងឺ ៧៦៣​នាក់ នៅក្នុង​ប្រទេស​អាហ្រ្វិក​ខាងលិច​ចំនួន​បី គឺ ហ្គីណេ លីបេរីយ៉ា និង​ សៀរ៉ាឡេអូន។

 
ហេតុអ្វី​បានជា​មេរោគ​អេបូឡា ឆ្លងរាតត្បាត​លឿន​យ៉ាង​ដូច្នេះ? តាម​លោកស្រី Marie Christine Férir អ្នកសម្របសម្រួល​បន្ទាន់​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន គឺ​ការបន្លាស់​ទី របស់​ប្រជាជន​ជា​មូលហេតុ​ចំបង ធ្វើ​ឲ្យ​មេរោគ​អេបូឡា​កាន់តែ​រីកសាយភាយ​មិន​ថា នៅក្នុង​ប្រទេស​ហ្គីណេ ឬ​ទៅក្នុង​ប្រទេស​ជិតខាងផ្សេង​ទៀត។ ប្រជាជន​ផ្លាស់ទី​យ៉ាង​គគ្រឹកគគ្រេង នៅ​តាម​ព្រំដែន​រវាង​បណ្តា​ប្រទេស​អាហ្វ្រិក ជា​កង្វល់​របស់​អ្នកជំនាញ​សុខភាព ព្រោះថា មនុស្ស​ដែល​មាន​ផ្ទុក​មេរោគ អេបូឡា នឹង​អាច​នាំ​ឆ្លង​មេរោគ​នេះ​ទៅកន្លែង​ផ្សេងទៀត​បាន​យ៉ាងងាយ។ តាម​អ្នកទទួល​បន្ទុក​អាហ្វ្រិក​របស់​អង្គការ​សុខភាព​ពិភពលោក នៅចំពោះមុខ​នៃ​ការរាតត្បាត​របស់​មេរោគ​អេបូឡា គេ​បារម្ភ​ថា មេរោគ​នេះ​នឹង​អាច​ឆ្លង រីកសាយភាព​មិន​ត្រឹម​នៅក្នុង​តំបន់ ប៉ុន្តែ នឹង​អាច​គំរាមកំហែង​ដល់​ពិភពលោក​ទាំងមូល។

តាម​អ្នកសម្របសម្រួល​របស់​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន ​ករណី​ឆ្លងថ្មី និង​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​មេរោគ អេបូឡា កើតឡើង ដោយសារ​តែ​ការមិនយល់​របស់​ប្រជាជន​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​មេរោគ​អេបូឡា។ ដោយសារ​តែ​ទំនៀមទម្លាប់​ប្រពៃណី និង​ការមិនទុកចិត្ត​ទៅលើ​ជនបរទេស ប្រជាជន​អាហ្វ្រិក​ជាច្រើន​បាន​លាក់​អ្នកជម្ងឺ ដែល​ជា​ក្រុមគ្រួសារ​របស់​ខ្លួន និង​ដែល​ឆ្លង​មេរោគ​អេបូឡា នៅក្នុង​ផ្ទះ។ គឺ​នៅក្នុង​ពេល​ស្វែងរក​ការព្យាបាល​តាមបែបបុរាណ និង​ក្នុង​ពេល​ពិធី​បុណ្យសព ដែល​មេរោគ​អេបូឡា​បាន​ឆ្លងរាតត្បាត​ទៅ​មនុស្ស​ដទៃ។ នៅអាហ្រ្វិក គេ​មាន​ទម្លាប់​លាងដៃ​អ្នកស្លាប់ នៅក្នុង​អាងទឹក​រួម របស់​ក្រុមគ្រួសារ។ បងប្អូន​សាច់ញាតិ​ដែល​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ត្រូវ​អ្នកជំនាញ​សុខភាព​វាយតម្លៃ​ថា ជាអ្នកចម្លង​យក​មេរោគ​អេបូឡា ដោយ​មិនដឹង​ខ្លួន​ទៅផ្ទះ​របស់​គេ​វិញ។

តាម​អង្គការ​សុខភាព​ពិភពលោក មេរោគ​អេបូឡា​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់​ទៀត តាមរយៈ ការប៉ះពាល់​វត្ថុធាតុ​រាវ​របស់​អ្នកជម្ងឺ​ដូចជា​ឈាម ទឹកមាត់ ការខាកស្តោះ ជាដើម។ មេរោគ​អេបូឡា ជា​មេរោគ​ត្រូពិក ដែល​មាន​ប្រភព​ចម្លង​ដំបូង ចេញមកពី​សត្វប្រចៀវ ឬការបរិភោគ​សាច់សត្វ​ដែល​មាន​ឆ្លងមេរោគ​អេបូឡា។ នៅក្រោយ​ពេល​ឆ្លង រោគសញ្ញា​មេរោគអេបូឡា លេចឡើង ក្នុង​រយៈពេល យ៉ាងយូរ​បំផុត ២១​ថ្ងៃ។ អ្នកដែល​ឆ្លង​មេរោគ​អេបូឡា​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​បាត់បង់​ជីវិត​ខ្ពស់ ព្រោះថា គេ​គ្មាន​ទាំង​ថ្នាំ​វ៉ាក់សំាង សម្រាប់​ចាក់​ការពារ និង​គ្មាន​ថ្នាំព្យាបាល​ជម្ងឺ។ គេអាច​សំគាល់​រោគសញ្ញា​របស់​អ្នកដែល​ឆ្លងមេរោគ តាមរយៈ ការគ្រុន​ក្តៅខ្លួន និង​ចរន្តឈាម​ដែល​កាន់តែ​រាវ នៅពេល​មាន​ឆ្លងមេរោគ​អេបូឡា។ ក្នុង​ដំណាក់កាល​វាយលុក​របស់​មេរោគ អ្នកជម្ងឺ​អាច​មាន​អាការៈ​រាកមួល ក្អួត គ្រុនក្តៅខ្លួន​ខ្លាំង និង​បន្ទាប់មក សាច់ដុំ​លែង​ធ្វើការ មុន​នឹងបេះដូង​គាំង​ដំណើរការ​តែម្តង។

មេរោគ​អេបូឡា​ធ្លាប់​តែ​កើតមាន​នៅ​តំបន់​អាហ្វ្រិក​កណ្តាល ដោយ​គេរក​ឃើញ វា​ដំបូង នៅ​ប្រទេស​ស៊ូដង់ និង​ហ្សាអៀរ នៅ​ឆ្នាំ ១៩៧៦។ មេរោគនេះ​រាតត្បាត សម្លាប់​មនុស្ស​រាប់រយ​នាក់ មុន​នឹង​ស្ងប់​បាត់ និង​ឧស្សាហ៍​លេច​មុខ​មកវិញ។ នេះ​ជា​លើកទីមួយ ដែល​មេរោគ​អេបូឡា​លេចមុខ​នៅ​អាហ្វ្រិក​ខាងលិច ដែល​រហូតមក មិន​ដែល​ស្គាល់​មេរោគ​រាតត្បាត​មួយនេះ។

សម្រាប់​អ្នកជំនាញ​សុខភាព គេ​អាច​ទប់ស្កាត់​សោកនាដកម្ម ​ដែល​បង្ក​ដោយ​មេរោគ​អេបូឡា តាមរយៈការលាងសម្អាត ដោយ​ថ្នាំពេទ្យ នៅក្រោយ​ពេល​ប៉ះពាល់​អ្នកជម្ងឺ និង​ការទប់ស្កាត់​ការបន្លាស់ទី របស់​ប្រជាជន។ រដ្ឋាភិបាល​របស់​ប្រទេស​សេណាហ្គាល់ ដែល​ជាប់ព្រំដែន​ជាមួយ​ហ្គីណេ​បាន​ប្រកាស​រឹតបន្តឹង​នៅ​តាម​ព្រំដែន ប៉ុន្តែ រដ្ឋាភិបាល​ពិបាក​នឹង​រក​បាន​សំឡេង​ឯកច្ឆន្ទ ព្រោះថា អ្នកជំនួញ​សេណេហ្គាល់​ជាច្រើន​បាន​តវ៉ា ដោយសារតែ​សារាចរណ៍​នេះ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​របរ​ចិញ្ចឹម​ជីវិត​ដែល​ប្រជាជន​រស់ពឹងអាស្រ័យ ដោយសារ​ការបើកព្រំដែន​រវាង​ប្រទេស​ទាំងពីរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ