អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

យុវជន Edward Snowden បាន​ចាកចេញ​ពី​ហុងកុង ទៅ​កាន់​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

រឿង​អា្រសូវ​ទាក់ទង​នឹង​យុវជនជាតិអាមេរិក Edward Snowden អតីត​មន្រ្តី​បម្រើការ​ឱ្យ​ភ្នាក់ងារ CIA និង ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង ហៅកាត់ថា NSA បាន​និង​កំពុង​បន្ត​បែកធ្លាយ​យ៉ាង​ខ្ចរខ្ចាយ។ នៅ​ថ្ងៃ​អាទិត្យ ទី២៣ មិថុនា​នេះ ចិន​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​អាមេរិក​ខ្លំាងៗ​ដោយ​បាន​ចោទ​អាមេរិក​ថា ជា​មហាប្រទេស​យូកូម​ជំនាញ​ខាង​វាយប្រហារ​ផ្នែក​ព័ត៌មានវិទ្យា​នា​សម័យ​បច្ចុប្បន្ន។ ទន្ទឹម​គ្នា​នេះ ទីក្រុង​ប៉េកំាង​ក៏​បាន​សុំ​ឲ្យ​អាមេរិក​ចេញ​មុខ​បក​ស្រាយ​ពី​ទង្វើ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​ចិន ក៏​ដូច​ជា​ប្រទេស​រងគ្រោះ​ផ្សេង​ទៀត។

ព័ត៌មាន​ស្តី​ពី​ Edward Snowden ត្រូវ​បាន​ចាក់បញ្ចំាង​លើ​កញ្ចក់​ទូរទស្សន៍​ដ៏​ធំ នៅ​ក្នុង​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ហុងកុង
ព័ត៌មាន​ស្តី​ពី​ Edward Snowden ត្រូវ​បាន​ចាក់បញ្ចំាង​លើ​កញ្ចក់​ទូរទស្សន៍​ដ៏​ធំ នៅ​ក្នុង​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ហុងកុង REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

ចិន​ពិត​ជា​ទប់​លែង​បាន​ទៀត​ហើយ ព្រោះ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ ព័ត៌មាន​ទាក់ទង​នឹង​ការ​វាយប្រហារ​ផ្នែកព័ត៌មានវិទ្យា​ពី​សំណាក់​សហរដ្ឋអាមេរិក​លើ​ប្រទេស​ចិន​ត្រូវ​បាន​យុវជន​ជាតិអាមេរិក Edward Snowden បន្ត​ទម្លាយ​ឲ្យ​ដឹង​ជា​បន្តបន្ទាប់ និង​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ ពត៌មាន​ដែល Snowden ទើប​បាន​ទម្លាយ​ឲ្យ​ដឹង​ចុង​ក្រោយ និង​ដែល​ត្រូវ​បាន​កាសែត Sunday Morning Post ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ​នេះ​ឲ្យ​ដឹង​ថា ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង NSA បាន​លួច​ស្កាត់​យក​សារទូរស័ព្ទ​​រាប់សិបលាន​សារ​ដែល​ផ្ញើ​តាម​បណ្តាញ​ទូរស័ព្ទដៃ​ក្នុង​ប្រទេស​ចិន។ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​កាសែត Sunday Morning Post កាល​ពី​ថ្ងៃទី១២ មិថុនា យុវជន Snowden បាន​ថ្លែង​ថា NSA បាន​ប្រើ​កម្មវិធី​មួយ​ចូល​ទៅ​លួច​យក​ទិន្នន័យ​របស់​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ក្នុង​ប្រទេស​ចិន​ដើម្បី​ចម្លង​យក​សារទូរស័ព្ទ​គ្រប់ប្រភេទ។

យុវជន Snowden បាន​អះអាង​ថា ខ្លួន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​ខ្លួន​បាន​និយាយ។ យោង​តាម​កាសែត Sunday Morning Post NSA បាន​ចូល​ទៅ​លួច​ទិន្នន័យ​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ដែនដី​ហុងកុង និង​ចិន​ក្នុង​រយៈពេល ៤ឆ្នំា។ បើ​យោង​តាម​តួលេខ​ផ្តល់​ដោយ​កាសែត Sunday Morning Post មាន​សារទូរស័ព្ទ​ប្រមាណ​ជា ៩០ម៉ឺនលាន​សារ​ដែល​ពលរដ្ឋ​ចិន​បាន​ផ្ញើ​ក្នុង​ឆ្នំា ២០១២ ពោល​គឺ​ច្រើន​ជាង​ឆ្នំា ២០១១ ជាង ២%។

ក្រៅ​ពី​ក្រុមហ៊ុន​ទូរស័ព្ទដៃ​របស់​ចិន យុវជន Snowden ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​ឆ្នំា ២០០៩ NSA បាន​ចូល​លួច​យក​ទិន្នន័យ​នៅ​ក្នុង​ម៉ាស៊ីនកុំព្យូទ័រ​របស់​ក្រុមហ៊ុន​បណ្តាញ​ខ្សែកាបអ៊ុបទិក​មួយ​ឈ្មោះ Pacnet ដែល​មាន​ទីស្នាក់ការ​នៅ​ហុងកុង និង​ម៉ាស៊ីនកុំព្យូទ័រ​របស់​សាកលវិទ្យា​ស៊ីនហួរ​ដ៏ល្បីឈ្មោះ​ក្នុង​ទីក្រុង​ប៉េកំាង។ សូម​បញ្ជាក់​ថា អ្នកនយោបាយ​ជាន់ខ្ពស់​ចិន​ភាគច្រើន សុទ្ធតែ​មាន​សញ្ញាប័ត្រ​ចេញ​ពី​សាកលវិទ្យា​ស៊ីនហួរ​នោះ ដូច​យ៉ាង​លោក​ប្រធានាធិបតី​ចិន​បច្ចុប្បន្ន ស៊ី ជីនពីង ឬមួយ​ក៏​លោក​អាតីត​ប្រធានាធិបតី​ហ៊ូ ជីនតាវ។ ម្យ៉ាង​ទៀត សាកលវិទ្យាល័យ​ស៊ីនហួរ ក៏​ជា​កន្លែង​ស្តុក​ទិន្នន័យ​អ៊ីនធ័រណែត​រាប់សិបលាន​របស់​ពលរដ្ឋចិន​ដែរ។

យុវជន Snowden ចោទ​ប្រទេស​អង់គ្លេស​ពី​បទ​បាន​លួច​ស្តាប់​ទូរស័ព្ទ​ក្នុង​ពិភពលោក

ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​កាសែត​អង់គ្លេស​មួយ​ឈ្មោះ « The Guardian » ដែល​បាន​ទទួល​ឯកសារ​ពី​យុវជន Snowden។ យោង​តាម​យុវជន Snowden ទង្វើ​ដែល​អង់គ្លេស​បាន​ប្រព្រឹត្តិ គឺ​មាន​លក្ខណៈ​ធំធេង និង​ទូលំទូលាយ​ជាង​អាមេរិកំាង មាន​ន័យ​ថា មជ្ឈមណ្ឌល​តាម​ស្តាប់​របស់​អង់គ្លេស​មិនមែន​ស្តាប់​តែ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នៅ​ក្នុង​ប្រទេស​ចិន ឬ​មួយ​ក៏​ប្រទេស​ណា​ផ្សេង​ទេ តែ​គឺ​ស្តាប់​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នៅ​ទូទំាង​ពិភពលោក។ « Tempora » ជា​កម្មវិធី​មួយ​ដែល​ភ្នាក់ងារ​ស៊ើបការសម្ងាត់​អង់គ្លេស​បាន​ប្រើ​តំាង​ពី ១ឆ្នំា កន្លះ ដើម្បី​លួចស្តាប់ លួចអាន និង​រក្សា​ទុក​រយៈ​ពេល ១ខែ​នូវ​បរិមាណ​ទិន្នន័យ​ដែល​បាន​មក​ពី e-mail ពី​សារ​ផ្ញើ​តាម​បណ្តាញ​សង្គម និង​សម្លេង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​នៅ​ទូទំាង​ពិភពលោក។ ទិន្នន័យ​ទំាង​អស់​នេះ​ក៏​ត្រូវ​បាន​អង់គ្លេស​ចែកចាយ​ឲ្យ​​ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង NSA ដែរ។

ចម្លើយ​ពី​រដ្ឋាភិបាល​អង់គ្លេស​ក៏​មិន​ខុស​គ្នា​នឹង​ចម្លើយ​របស់​រដ្ឋបាល​អាមេរិកំាង​ដែរ ទីក្រុង​ឡុងដ៍​បាន​បាន​អះអាង​ថា អ្វី​ដែល​ភ្នាក់ងារ​ស៊ើបការសម្ងាត់​របស់​ខ្លួន​បាន​ធ្វើ គឺ​បាន​គោរពត្រឹមត្រូវ​តាម​ច្បាប់ និង​ថា ដោយ​សារ​តែ​មាន​កម្មវិធី​តាម​ស្តាប់​ទូរស័ព្ទ​នោះ​ឯង ដែល​បាន​អនុញ្ញាត​ឱ្យ​អង់គ្លេស​កំចាត់​ទាន់​ពេល​នូវ​គម្រោង​បង្ក​ភេរវកម្ម​ជា​ច្រើន​នា​រយៈពេល​ប៉ុន្មាន​ឆ្នំា​ចុង​ក្រោយ​នេះ។

តើ​យុវជន Edward Snowden ទៅ​ជ្រកកាន​នៅ​ក្នុង​ប្រទេស​ណា ?

ហុងកុង ជា​ដែនដី​ទីមួយ​ដែល​យុវជន Snowden បាន​ចូល​ទៅ​ជ្រក​កោន​កាល​ពី​ដំណាច់​ខែ​ឧសភា។ គឺ​នៅ​ទីនោះ​ហើយ​ដែល​តំាង​ពី​ថ្ងៃ​ដំបូង​មក​ទល់​ថ្ងៃ​នេះ យុវជន Snowden បាន​ទម្លាយ​ជា​សាធារណៈ​នូវ​ឯកសារ​របស់​ភ្នាក់ងារ CIA និង​ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិកំាង NSA។ ថ្មីៗ​នេះ និង​ក្រោយ​ពី​បាន​ដាក់​ពិរុទ្ធ​លើ​យុវជន Snowden មក ទីក្រុង​វ៉ាស៊ីនតោន​ក៏​បាន​សុំ​ឲ្យ​រដ្ឋអំណាច​ហុងកុង​ចាប់​បញ្ជូន​យុវជន Snowden ទៅ​ឲ្យ​ខ្លួន។ តែ​នៅ​ថ្ងៃ​នេះ កាសែត​ជា​ភាសា​អង់គ្លេស​ឈ្មោះ South China Morning Post បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវជន Snowden បាន​ចាក​ចេញ​ពី​ហុងកុង​តាម​ជើង​យន្តហោះ​របស់​ក្រុមហ៊ុន​រុស្ស៊ី Aeroflot ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ។

ក្រោយ​មក រដ្ឋអំណាច​ហុងកុង​បាន​ពន្យល់​បក​ស្រាយ​ថា សំណើ​របស់​អាមេរិក​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​គ្រប់គ្រាន់​ទៅ​នឹង​ច្បាប់​របស់​ហុងកុង និង​ថា ហុងកុង​ក៏​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ដើម្បី​រារំាង​យុវជន Snowden កុំ​ឲ្យ​ចាក​ចេញ​ពី​ទឹកដី​ហុងកុង​ដែរ។ នៅ​ខាង​រុស្ស៊ី ទីភ្នាក់ងារ​ព័ត៌មាន​មិន​បាន​និយាយ​ថា យុវជន Snowden ទៅ​ជ្រកកាន​ក្នុង​ប្រទេស​រុស្ស៊ី​ទេ។ តែ​ដំណើរ​ទៅ​កាន់​ក្រុង​ម៉ូស្គូ គឺ​គ្រាន់​តែ​ជា​ការ​សុំ​ចុះចត ដើម្បី​បន្ត​ដំណើរ​កាន់​ទីក្រុង​ហាវ៉ាន ប្រទេស​គុយបា រួច​ហើយ​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​ជា​គោលដៅ​ចុង​ក្រោយ។

មក​ទល់​ពេល​នេះ គេ​នៅ​តែ​មិន​មាន​ព័ត៌មាន​ច្បាស់លាស់​ទាក់ទង​នឹង​ប្រទេស​ដែល​យុវជន Snowden បាន​សុំសិទ្ធិ​ជ្រកកោន​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង​នោះ​គឺ​ថា ការ​ចាកចេញ​របស់​យុវជន Snowden ពី​ហុងកុង​ថ្ងៃ​នេះ គឺ​ដោយ​មាន​ជំនួយ​ពី​លោក Julian Assange ស្ថាបនិក​វិបសៃតិ៍ Wikileaks៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ