ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​ម្សិលមិញ គឺ​បក្ស​ប្រឆាំង​ដែល​នាំមុខ

media សមាជិក​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោតកំពុង​រាប់​សន្លឹក​ឆ្នោត នៅ​ក្នុង​ការិយាល័យ​មួយ​នាក្រុង Bishkek ថ្ងៃទី១០ តុលា ២០១០ AFP PHOTO / VYACHESLAV OSELEDKO

ប៉ុន្តែ មិន​បានសំឡេង​ភាគច្រើន​ រហូត​ដល់​បង្កើត​រដ្ឋាភិបាល​ តែ​ខ្លួន​ឯង​ឡើយ។ ពី​ក្នុង​ចំណោម​២៩​គណបក្ស ដែល​បាន​ចូល​ប្រឡូក មាន​តែ​៥​គណបក្ស ដែល​បាន​ទទួល​សំឡេង​គាំទ្រ គ្រប់គ្រាន់​ដើម្បី​​មាន​អាសនៈ​ប្រចាំ​ក្នុង​សភា ពោល​គឺ ២ ជា​បក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​និង ៣​ទៀត ជា​បក្ស​ប្រឆាំង។ រដ្ឋសភា​​ដែល​ជ្រើសរើស​ឡើង​ ដោយ​ការបោះឆ្នោត​ម្សិលមិញ គឺ​ជា​អង្គការ​ពេញ​សិទ្ធិ​ទី​១ នៅ​ប្រទេស​គៀរហ្ស៊ីស្តង់ ក្រោយ​ពី​កន្លះ​ឆ្នាំ​មុន​នៅ​ទីនោះ មាន​ផ្ទុះ​ឡើង​ជា​រលក​បះបោរ​ផ្តួល​ប្រធានាធិបតី​មក។

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ 11/10/2010 ស្តាប់

ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ថ្មី អនុម័ត​យក​ដោយ​ប្រជាមតិ កាលពី​ជាង​៣​ខែ​មុន អំណាច​នៅ​គៀរហ្ស៊ីស្តង់ នឹង​ផ្តុំ​នៅ​ក្នុង​ដៃ​រដ្ឋសភា​តែ​ម្តង។ នេះ​ជា​ករណី​ទី​១ បើ​គិត​ក្នុង​ចំណោម ៥​ប្រទេស​នៃ តំបន់​អាស៊ី​កណ្តាល។ ពិត​ជា​រដ្ឋសភា ដែល​នឹង​តែងតាំង​នាយក​រដ្ឋមន្ត្រី នឹង​អនុម័ត​សមាសភាព​រដ្ឋាភិបាល។ ចំណែក​បេក្ខភាព​នាយក​រដ្ឋមន្ត្រី គឺ​ត្រូវ​ដាក់​ចេញ​ដោយ​គណបក្ស​ណា​ដែល​មាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​ភាគ​ច្រើន​ប្រចាំ​ក្នុង​រដ្ឋសភា។ រដ្ឋសភា​នៅ​គៀរហ្ស៊ីស្តង់ នីតិកាល​ថ្មី​នេះ មាន​អាសនៈ​រហូត​ដល់​១២០ អាសនៈ ហើយ​ជ្រើស​តាំង​សំរាប់​អាណត្តិ ៥​ឆ្នាំ។

ស្រប​នឹង​ច្បាប់​បោះឆ្នោត​នៅ​គៀរហ្ស៊ីស្តង់ ដើម្បី​មាន​អាសនៈ​ប្រចាំ​ក្នុង​រដ្ឋសភា​ទៅ​កើត គណបក្ស ត្រូវ​ទទួល​បានសំឡេង​គាំទ្រ​ចាប់​ពី​៥%​ឡើង​ទៅ នៃ​សំឡេង​ម្ចាស់​ឆ្នោត​ពេញ​ទូទាំង​ប្រទេស និង​សំឡេង​គាំទ្រ​ចាប់​ពី​០,៥%​ឡើង​ទៅ នៃ​សំឡេង​ម្ចាស់​ឆ្នោត​ក្នុង​ខេត្ត​នីមួយៗ ពី​ក្នុង​ចំណោម​ខេត្ត​ទាំង​៧​នៃ​ប្រទេស។

ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​ម្សិលមិញ បាន​សំឡេង​នាំ​មុខ​គេ គឺ​គណបក្ស​ប្រឆាំង​ឈ្មោះ Ata-Jourt ឬ មាតុភូមិ ទទួល​បាន​សំឡេង​គាំទ្រ​ជាង ៨,៦%។ គណបក្ស​នេះ បង្កើត​ឡើង​ដោយ​មន្ត្រី​ធំៗ​ដែល​ធ្លាប់​បាន​បំរើ​ការ​ឲ្យ​លោក​អតីត​ប្រធានាធិបតី Bakiev។ ចំណែក គណបក្ស​ប្រឆាំង ២​ទៀត មួយ​ឈ្មោះ Ar-Namys របស់​អតីត​នាយក​រដ្ឋមន្ត្រី Koulov ជាប់​លេខ​៣ ទទួល​បាន​សំឡេង​​៦,៩៤% និង​មួយ​ទៀត​ឈ្មោះ “សាធារណរដ្ឋ” ជាប់​លេខ​៤​ទទួល​បាន ៦,៨៥% គិត​ជា​សរុប​គណបក្ស​ប្រឆាំង​ទាំង​៣​នេះ​ប្រមូល​បាន​២២,៤%។

រីឯ បក្ស​កាន់​អំណាច​ឈ្មោះ “បក្ស​សង្គម-​ប្រជាធិបតេយ្យ” របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​សព្វថ្ងៃ Atambaiev ដែល​ជាប់​លេខ​២ ដោយ​សំឡេង ៨% ផ្សំ​ជាមួយ​បក្ស​ដៃ​គូ​ខ្លួន គឺ​ “បក្ស សង្គមនិយម” ដែល​ជាប់​លេខ​៥​ជាមួយ​និង​សំឡេង​ ៦,០៨% សរុប​ទៅ​បាន​តែ​ជាង​១៤% ប៉ុណ្ណោះ។ គួរ​និយាយ​ថា សំឡេង​សល់​ពី​នេះ​របស់​គណបក្ស​ចាញ់​ឆ្នោត​ចំនួន​២៤​ទៀត នឹង​ត្រូវ​បែង​ចែក​​ជា​សមាមាត្រ ឲ្យ​ទៅ​៥​គណបក្ស​ខាង​លើ​ដែល​ឈ្នះ​ឆ្នោត។ ទោះយ៉ាងណាក្តី ក៏​គ្មាន​ខាង​ណា​មួយ អាច​បង្កើត​រដ្ឋាភិបាល​ដោយ​ម្ចាស់​ការ​ខ្លួន​ឯង​ឡើយ។​

ម៉្លោះ​ហើយ បាន​ជា​ថ្ងៃ​នេះ ក្នុង​នាម​ជំរុញ​ឲ្យ​ស្ថានការណ៍​នៅ​គៀរហ្ស៊ីស្តង់ មាន​ស្ថិរភាព​ឡើង ស្ថានទូត​អាមេរិក​នៅ​ប្រទេស​នោះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​អំពាវនាវ​ ពួក​អ្នក​ដឹកនាំ​នៃ​រាល់​គណបក្ស​ឈ្នះ​ឆ្នោត ឲ្យ​ចេះ​ធ្វើ​សហប្រតិបត្តិការ​ទៅ សំរាប់​ជា​ប្រយោជន៍​របស់​ប្រជាជន។

ក្នុង​កន្លះ​ឆ្នាំកន្លងទៅ អស្ថិរភាព​នៅ​គៀរហ្ស៊ីស្តង់ បូក​ទាំង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ជាតិ Kirghiz និង ជាតិ​Ouzbek​ផង បាន​ផ្តាច់​ជីវិត​អ្នក​ស្រុក អស់​ជាង ៥០០នាក់ និង​បាន​បំផ្លាញ​ផ្ទះ​អ្នក​ស្រុក​អស់​រាប់​ពាន់​ខ្នង៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ