អានតួអត្ថបទ
កូសូវ៉ូ

ការបោះឆ្នោតសភា​មុន​អាណត្តិ នៅក្នុង​បរិយាកាស​នៃ​អ្នកគ្មាន​ការធ្វើ​ចំនួន​ដ៏​ច្រើន និង​អំពើ​ពុករលួយ

នៅ​ថ្ងៃ​អាទិត្យ​១២ធ្នូ​នេះ​ បណ្តាជន​កូសូវ៉ូ​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋ​សភា​ថ្មី​ជា​លើក​ទី១​ ចាប់​តាំង​ពី​ការប្រកាស​ឯករាជ្យ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៨​មក។

មនុស្សម្នា​ដើរ​កាត់​ពី​មុខ​រូប​បេក្ខជន​បិទ​នៅ​តាម​ជញ្ជាំង​នៅ​រដ្ឋធានីPristnina នៅ​ថ្ងៃ​ទី ៦​កញ្ញា ២០១០
មនុស្សម្នា​ដើរ​កាត់​ពី​មុខ​រូប​បេក្ខជន​បិទ​នៅ​តាម​ជញ្ជាំង​នៅ​រដ្ឋធានីPristnina នៅ​ថ្ងៃ​ទី ៦​កញ្ញា ២០១០ REUTERS/Hazir Reka
ផ្សាយពាណិជ្ជកម្ម

03:18

សេចក្តី​រាយការណ៍​របស់​វីនស្តុន រតនា​

គឺ​ជា​ការបោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​រដ្ឋ​សភា​ថ្មី​មុន​អាណត្តិ​ ​ ដោយ​ហេតុ​វិបត្តិ​នយោបាយ​ដែល​សាធារណរដ្ឋ​កូសូវ៉ូ​ឆ្លង​កាត់​ ចាប់​តាំង​ពី​ចុង​ខែ​កញ្ញា​មុន​នេះ​មក​និង​ដែល​បាន​បណ្តាល​ឱ្យ​ធ្លាក់​រដ្ឋាភិបាល​ចម្រុះ​កូសូវ៉ូ​។

ជន​ជាតិ​កូសូវ៉ូ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ចំនួន​១លាន​៦សែន​នាក់​ត្រូវ​ជ្រើស​រើស​នៅ​ថ្ងៃ​អាទិត្យ​១២​ធ្នូ​នេះ​សមាជិក​រដ្ឋ​សភា​១២០​នាក់​ នៅ​ទីក្រុង​Pristina​។​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ Hashim​ Thaçi​ បាន​ធ្លាក់​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​សាធារណរដ្ឋ​ Fatmir​ Sedjiu​ ស្រាប់​តែ​លាឈប់​ពី​មុខ​តំណែង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​និង​ការដក​ខ្លួន​ថយ​នៃ​ក្រុម​រដ្ឋ​មន្ត្រី​របស់​គាត់​ចេញ​ពី​អង្គការ​នីតិប្រតិបត្តិ​។​គណបក្ស​របស់​លោក​Thaçi​នៅ​តែ​មាន​គោល​ជំហរ​ល្អ​ ​ ប៉ុន្តែ​ទំនង​ជា​ពុំអាច​មាន​សម្ព័ន្ធភាព​ថ្មី​ជាមួយ​គណបក្ស​ធំ​មួយ​ទៀត​ជា​គណបក្ស​កណ្តាល​និយម​លំអៀង​ទៅ​ខាង​ស្ដាំ​។​ប្រកាស​ឯករាជ្យ​ដោយ​ខ្លួន​ឯង​ នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០០៨​ ​ សាធារណរដ្ឋ​កូសូវ៉ូ​ស្ថិត​នៅ​ជា​ប្រទេស​ក្រី​ក្រ​ខ្លាំង​ណាស់​និង​សេដ្ឋកិច្ច​ខ្លួន​ត្រូវ​ស៊ី​រូង​ដោយ​អំពើ​ពុក​រលួយ​និង​អ្នក​គ្មាន​ការធ្វើ​ចំនួន​ដ៏ច្រើន។៦០%​នៃ​បណ្តាជន​កូសូវ៉ូ​គឺ​ជា​យុវជន​អាយុ​ពុំ​ដល់​២៥​ឆ្នាំ​ហើយ​ក្នុង​ចំណោម​នេះ​ យុវជន​ចំនួន​៧០%​គ្មាន​ការធ្វើ​។

គណបក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ Hashim​ Thaçi​ ដែល​ត្រូវ​បង្ខំ​ចិត្ត​លា​ឈប់​ពី​មុខ​តំណែង​ នៅ​ខែ​វិច្ឆិកា​មុន​នេះ​ នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ដដែល​គឺ​អ្នក​មាន​បំណង​ចង់​បោះ​ឆ្នោត​ឱ្យ​គាត់​មាន​ចំនួន​ជាង​៣០%​។ប៉ុន្តែ​ គណបក្ស​ប្រជាធិបតេយ្យ​កូសូវ៉ូ​(​ PDK​ )​របស់​លោក​Thaçi ​ពុំ​អាច​រំពឹង​បាន​ទៀត​ឡើយ​ទៅ​លើ​អតីត​សម្ព័ន្ធមិត្ត​របស់​ខ្លួន​គឺ​បក្សសម្ព័ន្ធ​ប្រជាធិបតេយ្យ​កូសូវ៉ូ​(​ LDK​ )​ដឹក​នាំ​ដោយ​លោក​អភិបាល​ក្រុង​Pristina​ ​ Isa​ Mustafa​។​លោក​Isa​ Mustafa​ប្រកាស​ខ្លួន​ថា​ជា​អ្នក​ទទួល​កេរ​មរតក​ពី​លោក​អតីត​ប្រធានាធិបតី​Ibrahim​ Rugova​ជា​និមិត្តរូប​នៃ​ការតស៊ូ​ដោយ​សន្តិវិធី​ទល់​នឹង​សាធារណរដ្ឋ​Serbie​។​ចំណែក​ឯ​លោក​Hashim​ Thaçi​ជា​អតីត​ប្រមុខ​កងទ័ព​រំដោះ​កូសូវ៉ូ​មាន​ប្រជាប្រិយភាព​ដោយ​សារ​ការតស៊ូប្រដាប់​អាវុធ​។​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​កូសូវ៉ូ​(​ LDK​ )​ដែល​ប្រមូល​បាន​សន្លឹក​ឆ្នោត​ចង់​បោះ​ឱ្យ​ខ្លួន​តែ​២៨%​លែង​ចង់​ធ្វើ​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ប្រជាធិបតេយ្យ​កូសូវ៉ូ​(​ PDK​ )​ទៀត​ឡើយ។​គណបក្ស​LDK​រំពឹង​ទៅ​លើ​កេរ្តិ៍ឈ្មោះ​ជា​អ្នក​សុចរិត​ស្អាត​ស្អំ​នៃ​មេដឹក​នាំ​ខ្លួន​គឺ​លោក​Isa​ Mustafa​និង​ទៅ​លើ​ហេតុការណ៍​ថា​ រដ្ឋ​មន្ត្រី​៦រូប​របស់​លោក​Hashim​ Thaçi​ធ្វើ​ជា​កម្មវត្ថុ​នៃ​ការស៊ើប​អង្កេត​របស់​ក្រុម​បេសកជន​អឺរ៉ូប​ Eulex​ពី​បទ​ពុក​រលួយ​ឬ​បទ​ឩក្រិដ្ឋ​ចាត់​តាំង​ឡើង​គឺ​ម៉ាហ្វីយ៉ា(​ mafia​ )​។

ការបោះ​ឆ្នោត​នេះ​ត្រូវ​សហភាព​អឺរ៉ូប​និង​ស.រ.អា.​ចាត់​ទុក​ជា​test​គឺ​ការពិសោធន៍​ចង់​ដឹង​បក្កភាព​ប្រជាធិបតេយ្យ​គឺ​ភាព​ចាស់​ទុំ​ចាស់​គំនិត​នៃ​របប​ប្រជាធិបតេយ្យ​នៅ​កូសូវ៉ូ​។​ការបោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​ស្ថិត​នៅ​ជា​ល័ក្ខខ័ណ្ឌ​​សំរាប់​ការសុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ូប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ