អានតួអត្ថបទ
អេហ្ស៊ីប

​ ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​

ប្រជាជន​អេហ្ស៊ីប​អញ្ជើញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃពុធ​ទី២៣​និង​ថ្ងៃ​ព្រហស្បតិ៍​ទី២៤​ឧសភា​ឆ្នាំ២០១២​នេះ​ ​ ដើម្បី​ជ្រើសតាំង​ប្រធានាធិបតី​តស្នង​តំណែង​ពី​លោក​ហូស្នី​មូបារ៉ាក។​ លោក​ហូស្នី​មូបារ៉ាក​​ដែលបាន​ត្រូវ​​បាតុករ​អេហ្ស៊ីប​ ​ផ្តួលរំលំ​​កាលពី​​និទិឃរដូវ​​កន្លងទៅ។​ ​ការបោះ​ឆ្នោត​​ជ្រើសតាំង​ប្រធានាធិបតី​ជា​ប្រវត្តិសាស្ត្រ​នេះ​ ​ ជាលើក​ទីមួយ​ហើយ​ដែល​គេ​ពុំ​បានដឹង​លទ្ធផល​មុន​ការ​បោះឆ្នោត។

ប្រជាជន​អេហ្ស៊ីប​​ត្រូវ​គេ​​អញ្ជើញ​​ឲ្យ​ទៅ​​បោះ​ឆ្នោត​​ជ្រើសតាំង​​ប្រធានាធិបតី​​នៅជុំ​​ទីមួយ​ ​​
ប្រជាជន​អេហ្ស៊ីប​​ត្រូវ​គេ​​អញ្ជើញ​​ឲ្យ​ទៅ​​បោះ​ឆ្នោត​​ជ្រើសតាំង​​ប្រធានាធិបតី​​នៅជុំ​​ទីមួយ​ ​​ REUTERS/Hani Abdulla
ផ្សាយពាណិជ្ជកម្ម

ប្រទេស​អេហ្ស៊ីប​ ​ ដែល​គ្រប់គ្រង​ដោយ​ក្រុមយោធា​តាំងពី​ថ្ងៃទី១១​ខែកុម្ភៈ​ឆ្នាំ២០១១​ ​ ក្រោយពី​លោក​អតីត​ប្រធានាធិបតី​ហូស្នី​មូបារ៉ាក​បាន​ត្រូវ​ផ្តួល​រំលំ​ដោយ​ក្រុម​បាតុករ​ ​ នៅថ្ងៃពុធ​ទី២៣​និង​ថ្ងៃ​ព្រហស្បតិ៍​ទី២៤​ឧសភា​ឆ្នាំ២០១២នេះ​ ​ ប្រជាជន​អេហ្ស៊ីប​ត្រូវ​គេ​អញ្ជើញ​ឲ្យ​ទៅ​បោះ​ឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​នៅជុំ​ទីមួយ​ ​ ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី​ទាំងអស់​១២នាក់។​ ក្នុង​ចំណោមនេះ​ មាន​បេក្ខជន​បួន​រូប​ដែល​លេច​មុខ​ជាងគេ​ ​ ហើយ​ដែលគេ​មាន​ជំនឿថា​ អាច​ឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី​អេហ្ស៊ីប​នៅពេល​ខាងមុខនេះ។​ បេក្ខជន​ប្រធានាធិបតី​ទាំងបួន​រូបនោះគឺ៖​ លោក​ Amr Moussa ​ ​ លោក​ Ahmed Chafik ​ ​ លោក​ Abdel Moneim Aboul Foutouh ​ ​ ហើយនិងលោក​ Mohammed Morsi ​ ​ ដែលក្នុងនេះ​មាន​ពីរនាក់​ធ្លាប់បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​នៅក្នុង​រដ្ឋាភិបាល​របស់​លោក​ហូស្នី​មូបារ៉ាក​ ​ ហើយនិង​ពីរនាក់ទៀត​ជា​អតីត​អ្នកប្រឆាំង​ចេញពី​ក្រុម​អ៊ីស្លាម​ភាតរបុត្រ។

 
គួរកត់​សម្គាល់ថា​ ​ កាល​ដើមឡើយ​មាន​បេក្ខជន​ប្រធានាធិបតី​ទាំងអស់​២៣នាក់​ ​ ប៉ុន្តែ​ក្រោយពី​មានការ​ទម្លាក់​ជម្រុះ​ដោយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​អេហ្ស៊ីប​ ​ នៅទីបំផុត​មាន​នៅ​សល់តែ​បេក្ខជន​១២នាក់​ប៉ុណ្ណោះ​ ​ ដែល​ត្រូវ​ប្រជាជន​អេហ្ស៊ីប​មាន​សិទ្ធិ​ចូល​រួម​ធ្វើការ​បោះឆ្នោត​ប្រមាណ​៥២លាន​នាក់​ជ្រើសតាំង​ធ្វើ​ជា​ប្រធានាធិបតី​ ​ ក្រោម​ការ​ឃ្លាំមើល​នៃ​អ្នក​សង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​ជិត​១០ ០០០នាក់​ ​ ដែល​ក្នុង​នោះ​មាន​លោក​អតីត​ប្រធានាធីបតី​អាមេរិក​ Jimmy Carter​​ ផងដែរ។

សូមបញ្ជាក់​ថា​ ​ កាលពី​ខែមករា​កន្លង​ទៅនេះ​ ​ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​អេហ្ស៊ីប​បាន​ប្រព្រឹត្ត​ទៅ​ ​ ដោយបាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ជោគជ័យ​ដ៏ធំធេង​របស់​គណបក្ស​អ៊ីស្លាម​និយម​អេហ្ស៊ីប​ ​ ដែលទទួល​បាន​អាសនៈ​ប្រមាណ​២/៣​នៃ​អាសនៈ​សរុប​៤៩៨៖
- បក្ស​អ៊ីស្លាម​ភាតរបុត្រ​ទទួលបាន​២២២អាសនៈ​ឬ​ត្រូវជា​៤៤,៦%។
- បក្ស​រស្មី​របស់​ក្រុម​សាឡាហ្វីស្ទឹ៍​ទទួលបាន​១១២​អាសនៈ​ឬ​ត្រូវជា​២២,៥%។

ថ្វី​ដ្បិតតែ​គណបក្ស​អ៊ីស្លាម​និយម​ទទួល​បាន​សំឡេង​ឆ្នោត​និង​អាសនៈ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​អេហ្ស៊ីប​ កាលពី​ខែ​មករា​កន្លង​ទៅនេះ​ក៏​ដោយ​ ​ ក៏​ពុំមែន​មានន័យថា​ ​ គណបក្ស​អ៊ីស្លាម​និយម​អាច​ឈ្នះឆ្នោត​ដោយ​ងាយៗ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​អេហ្ស៊ីប​នេះដែរ។​ ដោយហេតុថា​ ​ នៅ​មួយ​សប្តាហ៍​មុន​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ ​ មាន​ប្រជាជន​អេហ្ស៊ីប​ដល់ទៅ​ប្រមាណ​៣០%​ឯណោះ​បាន​ថ្លែង​ឲ្យដឹងថា​ ​ គេនៅ​ពុំ​ទាន់​សម្រេច​ចិត្ត​ជ្រើសរើស​យក​បេក្ខជន​ណា​នៅឡើយ។

ប្រជាជន​អេហ្ស៊ីប​មាន​សិទ្ធិ​ចូល​រួម​ធ្វើការ​បោះឆ្នោត​ប្រមាណ​៥២លាន​នាក់​ក្នុង​ចំណោម​ប្រជាជន​សរុប​៨២លាន​នាក់​នឹង​ត្រូវគេ​អញ្ជើញ​ឲ្យ​មក​ចូលរួម​ធ្វើ​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​នៅ​ជុំទី១​ ​ នៅថ្ងៃពុធ​ទី២៣​និង​ថ្ងៃ​ព្រហស្បតិ៍​ទី២៤​ខែឧសភា​ឆ្នាំ២០១២។​ បើយោងតាម​ប្រតិទិន​ជាផ្លូវការ​ ​ ការរាប់​សន្លឹក​ឆ្នោត​នឹង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃសៅរ៍​ទី២៦​ឧសភា​ឆ្នាំ២០១២​ ​ ហើយ​លទ្ធផល​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃអង្គារ​សប្តាហ៍​ក្រោយ។

បេក្ខជន​ណា​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​លើសពី​៥០%​នៅ​ជុំទី១​ ​ នឹងត្រូវ​គេ​ប្រកាស​តែងតាំង​ជា​ប្រធានាធិបតី​អេហ្ស៊ីប។​ បើ​គ្មាន​បេក្ខជន​ទទួលបាន​លើសពី​៥០%​ទេ​ ​ នោះ​គេនឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​នៅ​ជុំទី២​ ​ នៅ​ថ្ងៃទី​១៦និង១៧​ខែមិថុនា​ខាងមុខ​ ​ ហើយ​លទ្ធផល​នឹង​ត្រូវ​កេ​ប្រកាស​ឲ្យដឹង​នៅ​ថ្ងៃ​ទី២១​ខែមិថុនា​ឆ្នាំ២០១២។

ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ ​ ក្រុមយោធា​ដែលបាន​គ្រប់គ្រង​ប្រទេស​អេហ្ស៊ីប​តាំងពី​ថ្ងៃទី១១​ខែកុម្ភៈ​ឆ្នាំ២០១១​ ​ ត្រូវ​ប្រគល់​រដ្ឋអំណាច​ជូន​អ្នក​គ្រប់គ្រង​ស៊ីវិល​ឲ្យបាន​មុន​ថ្ងៃ​ទី៣០​មិថុនា​ឆ្នាំ២០១២​ ​ ដើម្បី​ឲ្យ​ប្រទេស​អេហ្ស៊ីប​អាចឈាន​ជើង​ចូល​សករាជ​មួយ​ថ្មី។​ ប៉ុន្តែ​អ្វីដែល​ជាក់​ច្បាស់​គឺ​គេ​នៅពុំ​ទាន់​ដឹងថា​ ​ តើ​អ្នកដែល​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​អេហ្ស៊ីប​ថ្មី​នេះ​ ​ មាន​សមត្ថភាព​គ្រប់គ្រាន់​អាចនឹង​ថែរក្សា​ “គតិ​សមភាព​ និង​ គតិ​ប្រជាធិបតេយ្យ​”​ ដែល​បង្ក​ឲ្យ​កើតមាន​ឡើង​ដោយ​ “និទិឃរដូវ​អារ៉ាប់”​ នៅឆ្នាំ២០១១​នោះ​ដែរឬទេ​?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ