អានតួអត្ថបទ
អេហ្ស៊ីប

បាតុកម្ម​ដ៏ធំធេង​នៃ​ក្រុម​អ៊ីស្លាម​ភាតរបុត្រ​នៅទីលាន​សេរីភាព​ Tahrir ​

នៅ​ប្រទេស​អេហ្ស៊ីប​ ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​បាន​កន្លង​ទៅ​ជិត​មួយ​សប្តាហ៍​ទៅហើយ​ ​ ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​បាន​ប្រកាស​លទ្ធផល​ឲ្យដឹង​នៅឡើយ។​ បេក្ខជន​ប្រធានាធិបតី​ទាំងពីររូប៖​ លោក​ Ahmed Chafik អតីត​នាយករដ្ឋមន្ត្រី​របស់​លោក​មូបារ៉ាក់​ ​ និង​លោក​ Mohamed Morsi ​នៃ​ចលនា​អ៊ីស្លាម​ភាតរបុត្រ​ បាន​នាំគ្នា​ស្រែក​ប្រកាស​ថា​ ​ ខ្លួន​ជាអ្នក​ឈ្នះឆ្នោត។​ មូលហេតុ​នេះហើយ​ដែលបាន​បណ្តាល​ឲ្យ​ពួក​អ៊ីស្លាម​ភាតរបុត្រ​នាំគ្នា​ចេញមក​ធ្វើ​បាតុកម្ម​យ៉ាង​ធំធេង​ នៅទីលាន​សេរីភាព​ Tahrir ​នៅ​ថ្ងៃសុក្រ​ទី២២​មិថុនា​ឆ្នាំ២០១២។

ក្រុម​បាតុករ​​នៅ​ទីលាន​​សេរីភាព​​ Tahrir​ ​នាំគ្នា​​ស្រែក​ថា​​ ​ពួកគេ​​នៅ​​បន្ត​​កាន់​កាប់​​ទីលានលុះត្រា​​តែ​​​ក្រុម​​យោធា​​​​ប្តូរ​​ជំហរ​​របស់​​ខ្លួន
ក្រុម​បាតុករ​​នៅ​ទីលាន​​សេរីភាព​​ Tahrir​ ​នាំគ្នា​​ស្រែក​ថា​​ ​ពួកគេ​​នៅ​​បន្ត​​កាន់​កាប់​​ទីលានលុះត្រា​​តែ​​​ក្រុម​​យោធា​​​​ប្តូរ​​ជំហរ​​របស់​​ខ្លួន REUTERS/Asmaa Waguih
ផ្សាយពាណិជ្ជកម្ម

នៅទីលាន​សេរីភាព​ Tahrir ​នៅទីក្រុង​គែរ​ ​ គេឃើញ​មាន​បាតុករ​រាប់​ម៉ឺននាក់​ដែល​ចេញពី​ចលនា​អ៊ីស្លាម​ភាតរបុត្រ​បាន​នាំគ្នា​ចុះថ្នល់​ស្រែក​គាំទ្រ​លោក​ Mohamed Morsi​ដែលជា​បេក្ខជន​ប្រធានាធិបតី​របស់ខ្លួន​ថា​ជាអ្នក​បាន​ឈ្នះឆ្នោត​ប្រធានាធិបតី​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​សប្តាហ៍មុន។

 
មូលហេតុ​ដែលនាំឲ្យ​ពួក​អ៊ីស្លាមនិយម​ធ្វើយ៉ាងនេះ​ ​ មកពី​ពួក​គេ​បារម្ភ​ខ្លាច​ក្រែង​ “ក្រុមប្រឹក្សា​យោធា”​ បន្ត​កាន់កាប់​រដ្ឋអំណាច​តទៅទៀត​ក្រោយ​ថ្ងៃទី​៣០មិថុនា​ឆ្នាំ២០១២​ ​ ដោយ​ពូកគេ​បាន​ឃើញ​​ “ក្រុមប្រឹក្សា​យោធា”​ចេញក្រឹត្យ​ដាក់​កម្រិត​ទៅលើ​អំណាច​របស់​ប្រធានាធិបតី​អេហ្ស៊ីបថ្មី​ ​ និង​បង្កើន​អំណាច​ឲ្យ​ទៅ​ “ក្រុមប្រឹក្សា​យោធា”​ ​ ហើយនិង​ការរំលាយ​សភា​អេហ្ស៊ីប។​ ពួកគេ​ចោទសួរថា​ តើ​ហេតុអ្វី​បាន​ជា​ក្រុមយោធា​អេហ្ស៊ីប​ធ្វើ​យ៉ាង​ដូច្នេះ?

ក្រុម​បាតុករ​នៅ​ទីលាន​សេរីភាព​ Tahrir ​បាន​នាំគ្នា​ស្រែក​ប្រកាសថា​ ​ ពួកគេ​នៅ​បន្ត​កាន់កាប់​ទីលាន​សេរីភាព​ Tahrir ​ ​ លុះត្រា​តែ​ក្រុមយោធា​អេហ្ស៊ីប​ធ្វើការ​ប្តូរ​ជំហរ​របស់​ខ្លួន។​ មូលហេតុ​គឺ​ពួក​គេ​នៅ​ចងចាំ​ពុំ​ទាន់ភ្លេច​នៅឡើយ​នូវ​មេរៀន​ចាស់​ដែល​កាលណោះ​ ​ ពួកគេ​បាន​ដើរចេញ​ពី​ ទីលាន​សេរីភាព​ Tahrir ​ ​ ក្រោយពី​របប​គ្រប់គ្រង​ផ្តាច់ការ​មូបារ៉ាក់​បាន​ដួលរលំ។​ ពួកគេ​នៅមាន​ការស្តាយ​ក្រោយ​ ​ ដោយ​ពុំបាន​នៅរង់ចាំ​ទាមទារ​ឲ្យ​មាន​ការ​ប្តូរ​របប​គ្រប់គ្រង​ដើម្បី​ឲ្យ​មាន​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។​ ម្តងនេះ​ពួកគេ​សន្យាថា​នឹង​ឈប់​ធ្វើ​ដូច​លើកមុន​ទៀតហើយ។

គួរ​បញ្ជាក់ថា​ ​ ក្រុមយោធា​អេហ្ស៊ីប​ធ្លាប់បាន​បង្ហាញ​ឲ្យ​ឃើញ​ហើយ​ថា​ ​ ពួកគេ​ពុំ​អត់ឱន​ឲ្យ​ក្រុម​អ៊ីស្លាម​ភាតរបុត្រ​ឡើយ​ដែល​ក្តោប​ត្រួតត្រា​សភា​ ​ តំណែង​ប្រធានាធិបតី​ ​ ហើយនិង​អភិក្រម​នៃ​ការតាក់តែង​រដ្ឋធម្មនុញ្ញ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ