អានតួអត្ថបទ
អាមេរិក-អឺរ៉ុប

បារាំង​និង​អាល្លឺម៉ង់​ប្រតិកម្ម​តបនឹង​មេ​ចារកិច្ច​អាមេរិក​

នៅថ្ងៃ​អង្គារ​ នាយក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA លោក Keith Alexander បាន​អះអាង​ប្រាប់​សភា​អាមេរិក​ថា ​ព័ត៌មានចុះផ្សាយ​ដោយ​​សារព័ត៌មាននានា​នៅ​​​អឺរ៉ុប ដែល​​ចោទ​​ថា​​អាមេរិក​​​លួចស៊ើបការណ៍​​​​​ពលរដ្ឋ​​អឺរ៉ុបក្នុង​ទ្រង់ទ្រាយ​ធំ​​​នោះ​ ជាព័ត៌មាន​មិនពិត។ នៅថ្ងៃ​ពុធ​ម្សិលមិញ បារាំង​តប​ទៅវិញ​ភ្លាម​ថា ការ​អះអាង​បែប​នេះ មិនអាច​យកជាការ​បាន​សោះឡើយ។ រី​ឯ​អាល្លឺម៉ង់​វិញ បាន​បដិសេធ​ថា ​ខ្លួន​មិន​បាន​លួចស៊ើបការណ៍​អាមេរិក ដូច​ដែល​អាមេរិក​បាន​ចោទ​នោះទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង លោកស្រី Najat Vallaud-Belkacem ប្រាប់ថា ការលើកឡើង​របស់​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក គឺ​មិនអាច​យកជាការបាន​ឡើយ។
អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង លោកស្រី Najat Vallaud-Belkacem ប្រាប់ថា ការលើកឡើង​របស់​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក គឺ​មិនអាច​យកជាការបាន​ឡើយ។ RFI
ផ្សាយពាណិជ្ជកម្ម

គួររំលឹក​ថា កាលពី​ថ្ងៃ​អង្គារ​ គណៈកម្មការ​ទទួលបន្ទុក​ផ្នែក​ចារកិច្ច​រដ្ឋសភា​អាមេរិក បាន​សួរដេញដោល លោក James Clapper ជា​នាយក​ផ្នែក​ចារកិច្ច​​គ្រប់គ្រង​ទីភ្នាក់ងារ​ចារកិច្ច​ទាំង១៦​របស់​អាមេរិក ​ព្រមទាំង​នាយក​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក NSA គឺ​លោក Keith Alexander ទាក់ទង​នឹង​​ព័ត៌មាន​ដែល​​ចោទ​​​អាមេរិក​​​ថា​លួចស្តាប់​ការសន្ទនា​តាមទូរសព្ទ​​ រឺក៏លួច​អាន​ឯកសារ​ផ្ទាល់ខ្លួន របស់​​​​​​ពលរដ្ឋ​​អឺរ៉ុប ក្នុង​ទ្រង់ទ្រាយ​ធំ​​​។

លោក James Clapper បានប្រាប់ថា រឿង​ស៊ើបការណ៍​នេះ​ជាសកម្មភាព​ធម្មតា​ ហើយ​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ក៏​បាន​លួច​ធ្វើសកម្មភាព​ស៊ើបការណ៍​អាមេរិក​ដូចគ្នា​ដែរ។ រីឯ​ លោក Keith Alexander នាយកទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក​វិញ បាន​​លើកឡើង​ថា ខ្លឹមសារ​ព័ត៌មានចុះផ្សាយ​ដោយ​​​​សារព័ត៌មាន​​អឺរ៉ុប​ទាំងនោះ គឺ​ខុសទាំងស្រុង។ យោងតាម​លោក​​អាឡិចសិនដឺរ ព័ត៌មាន​ដែល​ថា​អាមេរិក​បានលួច​ស៊ើបការណ៍​នោះ វា​​ជាព័ត៌មាន​ដែល​​ប្រទេស​សម្ព័ន្ធមិត្ត​​បាន​ប្រមែរប្រមូល​ដើម្បី​ការពារ​ប្រទេស​ជាតិខ្លួន និង​គាំទ្រ​សកម្មភាព​យោធា​របស់ពួកគេ​នៅ​​អង្គការ​អូតង់​ប៉ុណ្ណោះ។

បារាំង​និង​អាល្លឺម៉ង់​មិន​បាន​បង្អង់​និង​ការ​លើកឡើង​របស់​មេដឹកនាំ​ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​នោះទេ។ បារាំង​បាន​ប្រតិកម្មតប​តទៅវិញថា ការលើកឡើង​បែបនេះ​យកជាការ​មិនបាន​សោះឡើយ។ ​លោកស្រី ណាចាដ វ៉ាឡូបេលកាសេម អ្នកនាំពាក្យ​រដ្ឋាភិបាល​បារាំង​ បាន​លើកឡើងថា គឺ​ដោយសារ​តែ​មានការ​ស្តីបន្ទោស​លើ​ទីភ្នាក់ងារ​សន្តិសុខ​ជាតិអាមេរិក​នេះហើយ ទើប​ក្រុមប្រឹក្សា​អឺរ៉ុប​ក្រុងព្រុចសែល បាន​គាំទ្រ​អោយ​បារាំង​និង​អាល្លឺម៉ង់​ផ្តួចផ្តើម​​ទាមទារ​អោយ​មានការបំភ្លឺ​រឿងនេះ។

រី​ឯ​លោក ហ្កេហាដ ឈីនឡឺ Gerhard Schindler អ្នកទទួលខុសត្រូវ​ទីភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់​វិញ បាន​ប្រតិកម្ម​តប​​ដែរ​ថា អាល្លឺម៉ង់​មិន​បាន​​ធ្វើ​​ប្រតិបត្តិការ​ស៊ើបការណ៍​ណាមួយ​លើអាមេរិក​​នោះទេ​ សូម្បី​តែ​ថា​បានស៊ើបការ​ពី​​ស្ថានទូត​អាល្លឺម៉ង់​ នៅ​ក្រុង​វ៉ាស៊ីនតោន​ទៅលើ​អាមេរិក​ក៏គ្មានដែរ។

ប្រធាន​ទីភ្នាក់ងារ​ចារកិច្ច​អាល្លឺម៉ង់​និង​ប្រធាន​ការិយាល័យ​​ទទួលបន្ទុក​ការពារ​រដ្ឋធម្មនុញ្ញ​ទាក់ទង​ផ្នែកចារកិច្ច​ផ្ទៃក្នុងអាល្លឺម៉ង់​​ នឹង​ធ្វើដំណើរ​ទៅ​ក្រុងវ៉ាស៊ីនតោន​​​ នៅ​ប៉ុន្មានថ្ងៃ​ខាងមុខ​នេះ ដើម្បីស្វែងរក​ការបំភ្លឺ​ពី​អាមេរិក​លើ​រឿងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ