អានតួអត្ថបទ
អាស៊ី-អឺរ៉ុប

អឺរ៉ុប​បញ្ចុះបញ្ចូល​អាស៊ី​ឲ្យ​ជួយ​អូសទាញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន

កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​បាន​បើកទ្វារ នៅថ្ងៃចន្ទ​នេះ នៅទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ដោយ​មាន​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាង​៥០​រូប​មក​ពី​ទ្វីបទាំងពីរ។ នៅក្នុង​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ ថ្នាក់ដឹកនាំ​មកពី​អឺរ៉ុប ដែល​កំពុង​រួបរឹត​​ដោយ​បញ្ហា​វិបត្តិ​ប្រាក់បំណុល​ចង់ទាក់ទាញ​ប្រទេស​អាស៊ី​ឲ្យ​ចូលរួម​ជួយ​អឺរ៉ុប​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច។

លោក​ប្រធានាធិបតី​បារាំង នៅក្នុង​កិច្ចប្រជុំកំពូល​អាស៊ី អឺរ៉ុប ក្នុង​ប្រទេស​ឡាវ នៅថ្ងៃ​ចន្ទ​ទី ៥​វិច្ឆិកា ២០១២
លោក​ប្រធានាធិបតី​បារាំង នៅក្នុង​កិច្ចប្រជុំកំពូល​អាស៊ី អឺរ៉ុប ក្នុង​ប្រទេស​ឡាវ នៅថ្ងៃ​ចន្ទ​ទី ៥​វិច្ឆិកា ២០១២ ©REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

 

វិបត្តិប្រាក់​បំណុល​បាន​ធ្វើ​ឲ្យ​អឺរ៉ុប ទ្វីបចាស់​ដែល​ធ្លាប់​តែរុងរឿង ដាក់ខ្លួន បន្ទន់កាយ នៅ​ចំពោះមុខ​អាស៊ី ដែល​បច្ចុប្បន្ន​នេះ កំពុង​មាន​សន្ទុះ​សេដ្ឋកិច្ច​ខ្លាំង។ នៅក្នុង​កិច្ចប្រជុំ​កំពូល ក្នុង​ទីក្រុង​វៀងចន្ទន៍ សឹង​គ្រប់​ថ្នាក់ដឹកនាំ​អឺរ៉ុប​និយាយ​ពី​សក្តានុពល​អាស៊ី ដោយ​មិនភ្លេច​បញ្ជាក់ថា ទីផ្សារ​អឺរ៉ុប​ពេលនេះ​ជិត​រួចផុត​ពី​វិបត្តិប្រាក់​បំណុល​ហើយ និង​កំពុង​រង់ចាំ​ការវិនិយោគ​ពី​បណ្តា​ប្រទេស​អាស៊ី។

ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​អឺរ៉ុប លើកលែង​តែ​អវត្តមាន​របស់​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​អង់គ្លេស លោក ហ្រ្វង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​បាន​អះអាងថា វត្តមាន​របស់លោក នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើកនេះ គឺ​ដើម្បី​និយាយ​ធានា​ប្រទេស​អាស៊ី​ឲ្យ​មាន​ទំនុកចិត្ត​លើ​អឺរ៉ុប​វិញ។ បើតាម​​លោកប្រធានាធិបតី​បារាំង វិបត្តិ​ប្រាក់​បំណុល​អឺរ៉ុប ជិត​ដោះស្រាយ​រួចហើយ បន្ទាប់ពី​ថ្នាក់ដឹកនាំ​អឺរ៉ុប​ដើរ​នយោបាយ​ដើម្បី​រក្សា​ស្ថិរភាព​កំណើនសេដ្ឋកិច្ច។ បញ្ហា​ចំពោះមុខ បច្ចុប្បន្ន គឺ ពិភពលោក​ទាំងមូល រួម​ទាំង​អាស៊ី​ផង នឹង​អាច​ត្រូវ​រងគ្រោះ វិបត្តិ​សេដ្ឋកិច្ច​សកល ប្រសិន​បើ​អាស៊ី​មិន​ចូលរួម​ជួយ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប។

ក្នុងន័យនេះ លោក ហ្រ្វង់ស័រ ហូឡង់ ចង់​បញ្ជាក់ថា ទ្វីបអាស៊ី​ធ្លាប់​បាន​ទទួល​ប្រយោជន៍​ច្រើន​ណាស់​មកហើយ​ពី​អឺរ៉ុប។  ដូច្នេះ ក្នុង​កាលៈទេសៈ​ នេះ  អាស៊ី​ត្រូវ​ជួយ​អឺរ៉ុប​វិញម្តង។ អាស៊ី​ត្រូវ​ចូលរួម​ជួយ​លើកទឹកចិត្ត​ផែនការ​សេដ្ឋកិច្ច​អឺរ៉ុប តាមរយៈ ការបោះទុន​វិនិយោគ និង​ទិញ​ផលិតផល​អឺរ៉ុប។

បើតាម​​អ្នកជំនាញ​សេដ្ឋកិច្ច អឺរ៉ុប​កំពុង​បែរ​រក​អាស៊ី​ដើម្បី​ស្រូបយក​កំណើន​សេដ្ឋកិច្ច​នៅទ្វីបនេះ​ទៅជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​នៅអឺរ៉ុប។ បើទោះ​ជា​ទុន​អាស៊ី​មិន​អាច​ជួយ​អឺរ៉ុប​ឲ្យ​ចេញ​ពីវិបត្តិ​ប្រាក់បំណុល​បាន ប៉ុន្តែ ការវិនិយោគ​យូរអង្វែង គឺ​ជា​ប្រភព​ហិរញ្ញវត្ថុ​មួយ​ដ៏សំខាន់ និងថេរនឹងន។

សម្រាប់​អាស៊ីវិញ អឺរ៉ុប​ត្រូវ​ទទួលស្គាល់ថា ​អាស៊ី​កំពុង​មាន​សក្តានុពល និង​សកម្មភាព​សេដ្ឋកិច្ច​រីកចម្រើនល្អ។ ក្នុង​លក្ខខណ្ឌ​បែបនេះ គឺ​ភាគី​ទាំងពីរ អឺរ៉ុប និង​អាស៊ី​អាច​ទទួល​ប្រយោជន៍​ពី​គ្នា​ទៅវិញ ទៅមក។ នេះ​បើតាម​ការពន្យល់​របស់​រដ្ឋមន្រ្តីការបរទេស​ហ្វីលីពីន។

រហូតមកដល់​ពេលនេះ បើទោះជា​ការនាំចេញ​ផលិត​អាស៊ី​ទៅ​អឺរ៉ុប និង​អាមេរិក ធ្លាក់ចុះ ដោយសារ​តែវិបត្តិ​ប្រាក់បំណុល​អឺរ៉ុប និង​ការធ្លាក់ចុះយឺត​នៃ​សេដ្ឋកិច្ច​អាមេរិក អាស៊ី​នៅតែ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។ បើតាមការព្យាករណ៍​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI អាស៊ី​នឹង​ជួប​កំណើន​សេដ្ឋកិច្ច​៦,៧ ភាគរយ នៅឆ្នាំនេះ និង​កើន​ដល់​៧,២​ភាគរយ សម្រាប់​ឆ្នាំ ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ