ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អឺរ៉ុប

ពិភពលោក​រង់ចាំ​លទ្ធផល​ឆ្នោត​ជាង​​ប្រជាពលរដ្ឋ​អាមេរិក

media  
ហ្វូង​មហាជន​អាហ្វ្រិក​ទទួល​ស្វាគមន៍​លោក​ប្រធានាធិបតី​អាមេរិក​ Barack Obama នៅមុខ​សភាហ្កាណា ឆ្នាំ​២០០៨ © US Army

តើ​ជា​លោក អូបាម៉ា ឬ ជា​លោក​មីតរ៉ូមនី នឹង​ជាប់​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ថ្មី ? ចម្លើយ​នឹង​បាន​ដឹង​នៅ​យប់​នេះ​ ឬ​ពេល​ទាប​ភ្លឺ​ថ្ងៃ​ស្អែក​ នៅ​ភ្នំពេញ។ ដោយ​ហេតុ​តែ​ការ​ស្ទង់​មតិ​ ក្នុង​ប្រទេស​ជា​ច្រើន​បង្ហាញ​ថា បេក្ខជន​ទាំងពីរ​មាន​សំឡេង​ប្រកៀក​ប្រកិត​គ្នា​ខ្លាំង ធ្វើ​ឱ្យ​​ការ​បោះឆ្នោត​លើក​នេះ​មាន​លក្ខណៈ​មិន​ប្រាកដ​យក​តែ​មែន​ទែន។ ​ពិភពលោក​ទាំងមូល មិន​ថា​នៅ​អឺរ៉ុប អាស៊ី ឬ អាហ្វ្រិក​ទេ ​ តាមដានការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១២​នេះ​ និង​ បាន​សម្តែង​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង ជា​ពិសេស​សម្រាប់​អ្នក​នយោបាយ​និង​ទីផ្សារ​មូលប័ត្រ។

 

ទីផ្សារ​ភាគហ៊ុន​អឺរ៉ុប អាស៊ី សុទ្ធ​តែ​បាន​ធ្លាក់​គ្រប់​គ្នា​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ មុន​នឹង​ស្ទុះ​ឡើង​វិញ​ រក​លំនឹង​ធម្មតា​វិញ​ នៅ​ពេល​​បើក​ទ្វារ​នៅ​ថ្ងៃ​អង្គារ​នេះ​។ ប៉ុន្តែ​សកម្មភាព​ទីផ្សារ មានតិច​តួច​បំផុត ព្រោះ​គ្រប់​គ្នា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​រង់​ចាំ។ រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ លទ្ធផល​​​មិន​ជាក់​លាក់​ បេក្ខជន​ទាំង​ពីរ​មាន​សំឡេង​គាំទ្រ​ និង​ប្រជាប្រិយភាព​ស្មើ​គ្នា​នៅ​ក្នុង​ស្ទង់​មតិ​ចុង​ក្រោយ​បំផុត​​នៅសហរដ្ឋ​អាមេរិក​នេះ​ហើយ​ ដែ​ល​ជា​កង្វល់​ធំ​បំផុត​របស់​ទីផ្សារ។
ជា​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​​​អាមេរិក​មែន ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ពិភពលោក​ទាំង​មូល។ ថ្វី​ដ្បិត​តែ​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​បណ្តា​ជន​អាមេរិក​ ជា​ម្ចាស់​សំឡេង​ឆ្នោត​ស្មើ​គ្នា ប៉ុន្តែ​នៅ​ឯ​បរទេស​វិញ​ មិន​ថា​នៅ​អឺរ៉ុប ឬ​នៅ​អាហ្វ្រិក​ទេ ជាទូទៅ​គេ​ច្រើន​តែ​ចង់​ឃើញ​លោក ប្រធានាធិបតី​ផុត​អណត្តិ​បារ៉ាក់​ អូបាម៉ា ជាប់​ឆ្នោត​ជា​ថ្មី។​​ ផ្តើម​ដំបូង​ដោយ​បណ្តា​ជន​បារាំង នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ មាន​បណ្តា​ជន​បារាំង ជាង​៧៨% ចង់​ឃើញ​លោក​អូបាម៉ា ដឹកនាំ​សហរដ្ឋ​អាមេរិក​បន្ត​ទៀត ទល់​នឹង​ ៥% ប៉ុណ្ណោះ​គាំទ្រ​លោក មីត រ៉ូមនី ជា​គូ​ប្រជែង។
ហេតុ​អ្វី​ បាន​ជា​ប្រជាជន​បារាំង​ពេញ​ចិត្ត​លោក​ បារ៉ាក់​ អូបាម៉ា​ ខ្លាំង​ម៉្លេះ ?! ហើយ​មិន​ចូល​ចិត្ត​បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ មីត រ៉ូមនី ដូច្នេះ ?!
ជា​បឋម​មក​ពី​គោលការណ៍​ និង​រូបភាព​នៃ​គណបក្ស​សាធារណរដ្ឋ​ និង​របស់​លោក មីតរ៉ូមនី ខុស​ឆ្ងាយ​ស្រឡះ​ពេក​ពី​បារាំង។ ផ្តល់​តម្លៃ​ឱ្យ​​គ្រួសារ​ខ្លាំង​ពេក​រហូត​ដល់​ហាមឃាត់​មិន​ឱ្យ​មាន​រម្លូត​កូន​ទោះ​ក្នុង​ករណី​មាន​ការ​ចាប់​រំលោភ អាមេរិក​សំខាន់​ជា​អ្វីៗ​ទាំង​អស់ បាន​ធ្វើ​បរទេស​យល់​ថា​លោក​មីត​រ៉ូមនី​ មាន​លក្ខណៈ​អភិរក្ស​និង​ជ្រុល​និយម​ពេក។ ចំណែក​ឯ​លោក​អូបាម៉ា​វិញ បាន​ចូល​ជួ្រត​ជ្រៀប​ក្នុង​បេះដូង​បារាំង​គ្រប់​រូប តាម​រយៈ​​នយោបាយ​គិត​គូរ​ដល់​សង្គម​ មាន​ចេតនា​ចង់​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​ ។ល។ និង​។ល។

មិន​ខុស​ពីគ្នា​នេះ នៅ​អាហ្វ្រិក ​បណ្តា​ជន​អាហ្វ្រិក​ទាំង​អស់​ នៅ​តែ​ចង់​ឃើញ​លោក អូបាម៉ា ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ស្ថិត​នៅ​ជា​ប្រធានាធិបតី​អាមេរិក​បួន​ឆ្នាំ​ទៀត។ ​ ប៉ុន្តែ​ ​សន្ទុះ​ចិត្ត​នៅ​ឆ្នាំ​២០១២​​នេះ ខុស​ឆ្ងាយ​អំពី​ក្តី​រំភើបជា​ប្រវត្តិសាស្ត្រ​​នៅ​ឆ្នាំ​២០០៨​ ស្រឡះ។  ឆ្នាំ​២០០៨ អាមេរិក​មាន​ប្រធានាធិបតី​ស្បែក​ខ្មៅ​ជា​លើក​ដំបូង បាន​បំផុស​​​ក្តី​សង្ឃឹម​ថា​អាហ្វ្រិក​នឹង​ប្តូរ​ផ្លាស់​ ប៉ុន្តែ​បួន​ឆ្នាំ​ក្រោយ​គ្មានអភិនិហា​ឡើយ។ ការ​ខក​ចិត្ត​មាន​ច្រើន​ ប៉ុន្តែ​​អាហ្វ្រិក​នៅ​តែ​រស់​ក្នុង​ក្តី​សង្ឃឹម។​ សង្ឃឹម​ និង​ប្រាថ្នា​ជា​និច្ច​ឃើញ​​លោក​អូបាម៉ា​ឈ្នះ​ឆ្នោត​ជា​ថ្មី ​អាច​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ ទោះ​លោក​មិន​សូវ​សកម្មក្តី​ ក៏​យ៉ាង​ហោច​ណាស់​ជា​គំរូ​ល្អ​សម្រាប់​យុវជន​អាហ្វ្រិក​ជំនាន់​ក្រោយ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ