អានតួអត្ថបទ
កម្ពុជា

សមាជិក​សភា​អាមេរិក​ផ្ញើ​លិខិត​ទៅ​កាន់​លោក ​ហ៊ុន សែន​ ទំលាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក​ សម រង្ស៊ី​

សមាជិក​សភា​អាមេរិក​ចំនួន​១៦​នាក់ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សរសេរ​លិខិត​មួយ ​ផ្ញើ​ទៅកាន់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ដើម្បី​ទទូច​ឲ្យ​ទំលាក់​ចោលការ​ចោទ​ប្រកាន់​មក​លើ​លោក​សមរង្ស៊ី ​និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​មក​លើ​គណបក្ស​ប្រឆាំង​។ លិខិត​របស់​សមាជិក​សភា​អាមេរិក​បាន​ចាត់​ទុកការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ថា ​ធ្វើ​ឲ្យ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ​។ ប៉ុន្តែ​មន្រ្តី​រដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រតិកម្ម​ថា ៥អាណត្តិ​មក​ហើយ​ អាមេរិក​មិន​ដែល​មើល​ឃើញ​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា​ដើរ​ទៅ​មុខ​នោះ​ទេ​។

លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង និង​ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន
លោក សម រង្ស៊ី ប្រធានបក្សប្រឆាំង និង​ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន © វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​របស់​សមាជិក​សភា​អាមេរិក​ទាំង​១៦​រូប​ ដែល​បាន​ផ្ញើ​ទៅ​កាន់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៣​ធ្នូ បាន​អំពាវ​នាវ​ដល់លោ​ក​នាយក​រដ្ឋ​មន្ត្រី​ ឲ្យ បញ្ឈប់ នូវ ការ យាយី ការ​រំខាន ​និងការ​ធ្វើ​ទុក្ខបុក្ខ​ម្នេញ​មក​លើ​គណបក្ស​ប្រឆាំង​ ដោយ​លុបចោល​នូវដីកា​ចាប់ខ្លួន​លោក​សម រង្ស៊ី ​និង​ប្រគល់​តំណែង​ជា​អ្នក​តំណាង​រាស្រ្ត​ឱ្យ​លោក​វិញ។​ លិខិត ​ក៏​បាន​អំពាវ​នាវ​ឲ្យ​បោះបង់​ចោល​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​នយោបាយ ​និង​លើក​កម្ពស់​បរិយា​កាស​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​រីក​ចំរើន​ឡើង​វិញ​។

ប៉ុ​ន្តែ​យ៉ាងណា​ក៏​ដោយ ​លោក ​ផៃ ស៊ីផាន ​អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ បាន​ចាត់​ទុក​លិខិត​របស់​សមាជិក​សភា​អាមេរិក​នេះ​ថា ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​មួយ​ដែល​មិនមាន​អំណាច​ផ្លូវ​ច្បាប់​នោះ​ទេ ​ហើយ​ថា ករណី​របស់​លោក ​សម រង្ស៊ី​ មិនទាក់​ទង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះទេ​។ លោក ​ផៃ ស៊ីផាន​ បាន​កត់​សំគាល់​ថា ​៥​អាណត្តិមក​ហើយ ​អាមេរិក​មិន​ដែល​មើល​ឃើញដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្ពោះ​ទៅ​មុខ​នោះ​ទេ​។

​លោក ​សម រង្ស៊ី ប្រធាន​​គណបក្ស​​ប្រឆាំង ​​កំពុង​​រង​​បណ្តឹង​​ធំ​​ៗ​​ចំនួន​​បី​​នៅ​​តុលាការ​​​​ទី​១​.​​គឺ​​ដីកា​​ចាប់​​ខ្លួន​​នៅ​​ក្នុង​​បណ្តឹង​​បរិហា​​កេរ្តិ៍​​របស់​​លោក ​ហោ ណាំហុង​, ទី​២.​​បណ្តឹង​​ សម​​គំនិត​​នៅ​​ក្នុ​ង​​សំណុំ​រឿ​ង​​បង្ហោះ​​សន្ធិ​​សញ្ញា​​ព្រំ​ដែន​​ក្លែង​​ក្លាយ​​ ជាមួយ​​លោក ​​ហុង ​​សុខហួរ​​ សមាជិក​​ព្រឹទ្ធ​សភា​​គណបក្ស​​សម​​ ​រង្ស៊ី ​​និង​​ចុង​​ក្រោយ​​នេះ ​​គឺ​​បណ្តឹង​​បរិហា​​កេរ្តិ៍​​ដែល​​ប្តឹង​​ដោយ​​លោក ​​ហេង ​​សំរិន​​ ប្រធាន​​រដ្ឋ​​សភា​​កម្ពុជា​​។ កាល​​ពីយ​​ប់​ថ្ងៃ​​ទី​​១៦​​វិច្ឆិកា ​​លោក ​សម​ រង្ស៊ី​​ ប្រធាន​​គណ​បក្ស​​សង្រ្គោះ​​ជាតិ​​ បាន​​សម្រេច​​លុប​ចោល​​គំរោង​​វិល​​មក​​កាន់​​ប្រទេស​​កម្ពុ​​ជា​​ ដោយ​បារម្ភ​ពីការ​កើត​មាន​នូវ​អំពើ​ហិង្សា​រវាង​ក្រុមអ្នក​គាំទ្រ ​និងស​មត្ថកិច្ចប៉ូលីស​ដែល​ត្រៀម​ចាប់​ខ្លួន​លោក​។

នៅ​ក្នុង​លិខិត​របស់​សមាជិក​សភា​អាមេរិក​ទាំង​១៦​រូប ​ក៏បា​ន​សំដែង​ការ​ព្រួយបារម្ភ​ផងដែរ​ ចំពោះ​កម្ពុជា ​ដែល​បាន​អនុម័ត​ច្បាប់ ​ស្តី​ពី ​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ដើមឆ្នាំ​នេះ ​និង​ករណី​វាយដុំ​អ្នក​តំណាង​រា​ស្រ្តគណបក្ស​ប្រឆាំង​២​រូបកាល​ពី​ខែ​តុលា ដែ​លក្នុង​នោះ ​ក៏​មាន​តំណាង​រាស្រ្តម្នាក់ ​គឺ​លោក ​ញ៉យ ​ចំរើន​ ដែលមា​ន​សញ្ជាតិ​អាមេរិកាំង​ផង​។

​គួរ​​បញ្ជាក់​​ថា ​ប្រតិកម្ម​​របស់​​សមាជិក​​សភា​​អាមេរិក​​ទាំង​​១៦​រូប​នៅ​ពេល​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សភា​សហភាព​អឺរ៉ុប ​ក៏​ទើប​តែ​បាន​អនុម័ត​លើ​ញត្តិ​ដំណោះ​ស្រាយ​មួយ​ស្តីពី​កម្ពុជា​ ដោយ​បាន​ព្រមាន​កាត់​ជំនួយ​ជាង​៤៥០​លាន​ដុល្លា​ពី​កម្ពុជា​ ប្រសិន​បើ​ប្រធាន​គណបក្ស​ប្រឆាំង​មិន​អាច​ចូល​ស្រុក​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ