អានតួអត្ថបទ
សេដ្ឋកិច្ច​

លោកស្រី​អគ្គនាយិកា​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​FMI ​មើលឃើញ​ “សញ្ញា​នៃ​ស្ថិរភាព”​សេដ្ឋកិច្ច​ពិភពលោក​

នៅថ្ងៃ​អាទិត្យ​នេះ​នៅទីក្រុង​ប៉េកាំង​ លោកស្រី​ Christine Lagarde ​អគ្គនាយិកា​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​បាន​ប្រមាណ​ថា​ សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ “​សញ្ញា​នៃ​ស្ថិរភាព​”​របស់​ខ្លួន​ទោះបីជា​គេ​កត់​សម្គាល់​ឃើញ​ការ​លំបាក​ខ្លះ​កើតមាន​នៅ​ទីកន្លែង​មួយ​ចំនួន​ក៏​ដោយ។

លោកស្រី​ Christine Lagarde​ ​អគ្គនាយិកា​​នៃ​​មូលនិធិ​​រូបិយ​វត្ថុ​​អន្តរជាតិ​​ FMI ​​
លោកស្រី​ Christine Lagarde​ ​អគ្គនាយិកា​​នៃ​​មូលនិធិ​​រូបិយ​វត្ថុ​​អន្តរជាតិ​​ FMI ​​ © Reuters/路透社
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​នាំឲ្យ​លោកស្រី​ Christine Lagarde ​អគ្គនាយិកា​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​មើលឃើញ​ថា​ សេដ្ឋកិច្ច​ពិភពលោក​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ “​សញ្ញា​នៃ​ស្ថិរភាព​”​ គឺ៖

-ទី១​ លក្ខខណ្ឌ​ទីផ្សារ​បាន​ស្គាល់​ភាពធូរស្បើយ​ លែងមាន​ភាពតានតឹង​ដូច​ពេលមុន។
-ទី២​ តួលេខ​សេដ្ឋកិច្ច​នៅ​ពេលថ្មីៗ​នេះ​ទៀតសោត​ក៏បាន​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ចាប់​មាន​វិវឌ្ឍ​ទៅរក​ភាព​​ល្អ​ប្រសើរ​ជាងមុន​ ​ នៅ​តាម​ប្រទេស​សំខាន់ៗ​មួយ​ចំនួន​ ​ ដែលក្នុងនោះ​ក៏មាន​សហរដ្ឋ​អាមេរិក​ផងដែរ។

គួរបញ្ជាក់ថា​ ​ “ស្ថិរភាព”​សេដ្ឋកិច្ច​ពិភពលោក​កើតមាន​ក៏​ដោយសារតែ​អ្នកដឹកនាំ​បាន​អនុវត្ត​​ “នយោបាយ​សេដ្ឋកិច្ច​”​ត្រឹមត្រូវ​ ​ ដែលបាន​ហុចចេញ​ជា​ផ្លែផ្កា​វិជ្ជមាន។​ នៅក្នុង​ក្របខណ្ឌ​នៃ​ជំនួប​ហ្វ័ររូម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ចិន​ ​ លោកស្រី​ Christine Lagarde ​បាន​ថ្លែង​ប្រាប់​ទៀតថា​ ​ “នារយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ ​ សេដ្ឋកិច្ច​នៃ​ប្រទេស​មួយចំនួន​ពិតជា​ឋិត​នៅក្នុង​ស្ថានភាព​មួយ​ដ៏​សែន​លំបាក”។

សម្រាប់​ប្រទេស​ក្រិក​ ​ លោកស្រី​ Christine Lagarde ​បាន​ថ្លែង​សរសើរ​ដល់​ការ​ចម្រើន​ជឿនលឿន​ទៅមុខ​ ​ ហើយបាន​ទាំង​បញ្ជាក់​ឲ្យដឹង​ពី​ ការគាំទ្រ​ជាថ្មីទៀត​ពី​សំណាក់​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​​ និង​ពី​សំណាក់​ប្រទេស​អឺរ៉ុប​សំខាន់ៗ​ជាដៃគូ។​ “​ដូច្នេះ​បន្ទាប់​ពី​មាន​ការ​ខិតខំ​ប្រឹងប្រែង​រួបរួម​កម្លាំង​ទាំងអស់គ្នា​ ​ សេដ្ឋកិច្ច​ពិភពលោក​ក៏បាន​គេចចៀស​ផុត​ពី​ជ្រោះមរណៈ”។​ នេះជាការ​គូស​បញ្ជាក់​របស់​ លោកស្រី​ Christine Lagarde ​អគ្គនាយិកា​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ។

ទោះជា​យ៉ាងណា​ក៏ដោយ​ ​ ក៏​លោកស្រី​ Christine Lagarde ​បាន​គូស​បញ្ជាក់​ប្រាប់ថា​ ​ នៅមាន​ “ភាពទន់ខ្សោយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាច្រើន​អន្លើ”​ដែលត្រូវ​ប្រយុទ្ធ​ប្រឆាំង​ ​ ដែលក្នុងនោះ​មាន​ដូចជា៖
-ទី១​ ភាពទន់ខ្សោយ​ផុយស្រួយ​ដែលនៅតែ​មាន​ ​ នៅក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ។
-ទី២​ បរិមាណ​នៃ​ប្រាក់​បំណុល​សាធារណៈ​និង​ឯកជន​ដែល​នៅតែ​មាន​កម្រិត​ខ្ពស់។
-ទី៣​ តម្លៃ​ប្រេងឥន្ធនៈ​មាន​តម្លៃ​ថ្លៃ​ហួស​ហេតុពេក។

ពាក់ព័ន្ធ​នឹង​ប្រទេសចិន​វិញ​ ​ លោកស្រី​អគ្គនាយិកា​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​យល់ថា​ ប្រទេសចិន​គួរតែ​ “បន្ត​តម្រង់​ទិសដៅ​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​ខ្លួន​ទៅរក​ការធ្វើ​វិនិយោគ​និង​ការទិញដូរ​ហូបចុក​ផ្ទៃក្នុង”។​ ទាំងនេះ​ក៏​ជា​មធ្យោបាយ​ដ៏​ប្រពៃ​ សម្រាប់​ធ្វើការ​ចែកចាយ​ “ផ្លែផ្កា​នៃ​កំណើន​សេដ្ឋកិច្ច”​​របស់ខ្លួន។

រីឯ​ប្រាក់យ័នចិន​ដែល​ប្រទេស​លោកខាងលិច​បាន​ចោទថា​ ​ មាន​តម្លៃ​ទាបជ្រុលពេក​ ​ លោកស្រី​ Christine Lagarde ​បាន​ថ្លែង​ប្រកាស​ថា​ ​ “មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​នឹង​បន្ត​តាម​ឃ្លាំមើល​ការ​វិវឌ្ឍន៍​នៃ​តម្លៃ​រូបិយបណ្ណ​ចិន”។

គួរកត់​សម្គាល់ថា​ ​ ប្រាក់យ័នចិន​ដែល​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​ទីក្រុង​ប៉េកាំង​​បានចោទថា​ ​ មាន​តម្លៃ​ទាបពេក​នោះ​ ​ បើគិត​តាំងពី​ឆ្នាំ២០០៥​មក​ បាន​កើនឡើង​ប្រមាណ​៣០%​នៅ​ចំពោះមុខ​ប្រាក់​ដុល្លារ​អាមេរិក។​ ក៏​ប៉ុន្តែ​ អត្រា​នៃ​ការប្តូរប្រាក់​នៅតែ​ឋិត​នៅក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ធនាគារ​កណ្តាលចិន។

សូម​បញ្ជាក់ថា​ ​ ឧបនាយករដ្ឋ​មន្ត្រី​ចិន​លោក​ Li Keqiang ​ដែល​គេដឹងថា​នឹងត្រូវ​ឡើងមក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ចិន​ជំនួស​លោក​ វិន ជាប៉ាវ​ នៅ​ឆ្នាំក្រោយ​ ​ បាន​ថ្លែង​បញ្ជាក់​ប្រាប់​ ​ “​ពីការ​ចាំបាច់​ដែល​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ចិន​ត្រូវ​ងាក​ទៅរក​តុល្យភាព​ ​ ដោយ​ត្រូវ​រំពឹង​ទៅលើ​ការ​ទិញដូរ​ហូបចុក​ផ្ទៃក្នុង”​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ