អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​ Facebook​ បកស្រាយ​ការ​ចោទ​ប្រកាន់​ជុំវិញ​ការ​រើសអើង​ចំពោះ​ក្រុម​ស្តាំនិយមអា​មេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​មក​ហើយ​ ដែល​ក្រុម​ហ៊ុន​ Facebook ទទួល​រង​ការ​រិះគន់​ជុំវិញ​ការ​រើស​អើង​ផ្នែក​នយោបាយ​ចំពោះ​ក្រុម​និន្នាការ​ស្តាំ​និយម​ ពោល​គឺចំពោះ​គណបក្ស​សាធារណរដ្ឋ។ ការ​ចោទ​ប្រកាន់​នេះ​ គឺ​ពាក់​ព័ន្ធ​នឹង​កម្មវិធី​ព្រឹត្តិការណ៍​ព័ត៌មាន​ប្រចាំ​ថ្ងៃ​របស់​ហ្វេសប៊ុក​សំរាប់​អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក។ ដើម្បី​រក្សា​តម្លាភាព​ កាលពី​សប្តាហ៍​មុន​នេះ​ ស្ថាបនិក​ក្រុមហ៊ុន​ គឺ​លោក​ Mark Zuckerberg បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​នៃ​ក្រុម​អភិរក្ស​និយម​ ដែល​មាន​និន្នាការ​ងាក​ទៅ​រក​គណបក្ស​សាធារណរដ្ឋ។ ហើយ​ក្រុមហ៊ុន​ក៏​បាន​ទម្លាយ​ឯកសារបច្ចេកទេស​ ដែល​ជា​វិធាន​ច្បាប់​ផ្ទៃ​ក្នុង​របស់​ខ្លួន​ក្នុង​សំរាំង​ប្រធាន​បទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ជូន​អ្នក​ប្រើប្រាស់។

លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន​​ Facebook
លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន​​ Facebook REUTERS/Stephen Lam
ផ្សាយពាណិជ្ជកម្ម

ដើម្បី​រំងាប់​អារម្មណ៍​មតិ​សាធារណៈជន​ទូទៅ​ ជាពិសេស គឺ​ឆ្លើយ​តប​នឹង​សំណួរ​មួយ​ចំនួន​ពី​សំណាក់​គណៈកម្មការ​ពាណិជ្ជកម្ម​របស់​ព្រឹទ្ធសភា​អាមេរិក ស្ថានិប​ហ្វេសប៊ុក​ គឺ​លោក​ Mark Zuckerberg បាន​ជួប​ជាមួយ​ឥស្សរជន​ជាន់​ខ្ពស់ និង​ជន​មាន​ឥទ្ធិពល​ចំនួន​ជាង​ ១០ នាក់​​ ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។​ ជំនួបនេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ពុធ​ ទី​១៨​ ឧសភា​កន្លង​ទៅនេះ នា​ឯទីស្នាក់ការ​មួយ​របស់​ហ្វេសប៊ុក​ក្នុងទី​ក្រុង​ Menlo Park រដ្ឋ​កាលីហ្វ័រនីញ៉ា ។​ ក្នុង​ចំណោម​ភ្ញៀវ​ដែល​ត្រូវ​បាន​អញ្ជើញ​ ក្នុង​នោះ​មាន​លោក​ Barry Bennet ទីប្រឹក្សា​របស់​លោក​ Donald Trump, លោកស្រី​ Jenny Beth Martin សហ​ស្ថាបនិក​ចលនា​អភិរក្ស​និយម Tea Party និង​និពន្ធនាយក​ព័ត៌មាន​ ​ក៏​ដូចជា​ទីប្រឹក្សា​ព័ត៌មាន​មួយ​ចំនួន​ទៀត​ផងដែរ​ ដែល​មាន​និន្នាការ​ងាក​ទៅ​រក​គណបក្ស​សាធារណរដ្ឋ។ ខ្លឹម​សារ​នៃ​ជំនួប​នេះ​ពុំ​ត្រូវ​បាន​ផ្សព្វផ្សាយ​លំអិត​ឡើយ។

ដើម​ទង​នៃ​ការ​ចោទ​ប្រកាន់​មក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នេះ​ គឺ​ក្រោយ​ពី​វេបសាយ៍​ Gizmodo បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ ដែល​បាន​ដកស្រង់​សំដី​អនាមិក​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន​ហ្វេសប៊ុក។​ ​អត្ថបទ​នេះ​បាន​រាយការណ៍​ថា​ ក្រុម​ការី​និពន្ធ​ប្រធាន​បទ​ព័ត៌​មាន​របស់​ក្រុម​ហ៊ុន​ហ្វេសប៊ុក​បាន​អនុវត្ត​ការ​រើស​អើង ចំពោះបណ្តា​​វេបសាយ៍​មួយ​ចំនួន ដែល​​មាន​និន្នាការ​ងាក​ទៅ​រក​ក្រុម​អភិរក្ស​និយម​ ឬ​និយាយ​ជា​សាមញ្ញ​ គឺ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។​ ព័ត៌មាន​ និង​វេបសាយ៍​ទាំង​នោះ​មិន​ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​ព័ត៌មាន​របស់​ហ្វេសប៊ុក​ឡើយ។

ជាទូទៅ ព្រឹត្តិការណ៍​ព័ត៌មាន​នេះ​មាន​នៅ​ក្នុង​ «បញ្ជី​ប្រធាន​បទ​ព័ត៌មាន​ពេញ​និយម» (Trending Topics)​។​ នា​ពេល​បច្ចុប្បន្ន​នេះ​ ​បញ្ជី​បច្ចុប្បន្ន​ភាព​ព័ត៌មាន​នេះ​ដំណើរ​ការ​តែ​សំរាប់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។​ កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​បញ្ជូល​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​ មក​ម្ល៉េះ។​ នៅ​ភាគ​ខាង​ឆ្វេង​ផ្នែក​ខាង​លើ​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ អ្នក​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក​អាច​ឃើញ​បញ្ជី​ព័ត៌មាន​សំខាន់​ពីរ​ ដែល​កំពុង​តែ​មាន​ប្រជា​ប្រិយ​ភាព​លើ​បណ្តាញ​សង្គម​។​ បញ្ជី​ទី​មួយ​ គឺ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​របស់​ម្ចាស់​គណនីយ​ហ្វេសប៊ុក​។ ហើយ​បញ្ជី​ទី​ពីរ​ គឺ​ប្រធាន​បទ​ព្រឹត្តិការណ៍​ធំៗ​នៃ​បច្ចុប្បន្ន​ភាព​នៅ​សហរដ្ឋ​អាមេរិក។

គឺ​បញ្ជី​ទី​ពីរ​នេះ​ហើយ​ ដែល​រង​ការ​ចោទ​ប្រកាន់​មក​លើ​ហ្វេសប៊ុក។​ ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​វេបសាយ៍​ Gizmodo ក្រុមអ្នក​តំណាង​រាស្រ្ត​ ក្រុម​សារព័ត៌មាន​ និង​ក្រុម​អ្នក​គាំទ្រ​ស្តាំ​និយម​របស់​គណបក្ស​សាធារណរដ្ឋ​បានរិះ​គន់ និង​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការ​រើស​អើង​របស់​ហ្វេសប៊ុក។ សូម្បី​តែ​ព្រឹទ្ធសភា​អាមេរិក​ តាម​រយៈ​គណៈកម្មការ​ពាណិជ្ជកម្ម​ក៏​បាន​ប្រតិកម្ម​ផងដែរ។​ ព្រឹទ្ធសភា​អាមេរិក​ដែល​កំពុង​តែ​គ្រប់​គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ស្រាប់​ផង​នោះ​បាន​ផ្ញើ​បញ្ជី​សំណួរ​ដ៏​វែង​អន្លាយ​មួយ​ទៅ​លោក​ Mark Zuckerberg ហើយ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្សព្វផ្សាយ​វិធាន​ច្បាប់​ផ្ទៃក្នុង​​ ទាក់​ទង​នឹង​របៀប​សំរាំង​ជ្រើស​រើស​ប្រធាន​បទ​ព័ត៌មាន​ចុះ​ផ្សាយ​ក្នុង​បណ្តាញ​សង្គម​របស់​ខ្លួន។

ជា​ការ​ឆ្លើយ​តប​ ក្រុម​ហ្វេសប៊ុក​បាន​ទាត់​ចោល​ការ​ចោទ​ប្រកាន់​​​របស់​វេបសាយ៍​ Gizmodo។ ហើយ​ក្រុមហ៊ុន​បាន​បញ្ចេញ​ឯកសារ​បច្ចេកទេស​ស្តីពី​វិធាន​ផ្ទៃក្នុង​សំរាប់​ផ្នែក​ការី​សំរាំង​ព្រឹត្តិការណ៍​ព័ត៌មាន។​​តាម​ពិត​ទៅ ឯកសារ​បច្ចេក​ទេស​នេះ​ពុំ​បាន​បញ្ជាក់​អំពី​លក្ខខ័ណ្ឌ​នយោបាយ​អ្វី​ឡើយ​ ដែល​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ដាក់​បញ្ជូល​ទៅ​ក្រុង​កំរង​ព្រឹត្តិការណ៍​ព័ត៌មាន​ពេញ​និយម​ប្រចាំ​ថ្ងៃ។​ មូល​ហេតុ​តែ​មួយ​គត់​ ដែល​ព័ត៌មាន​នោះ​ ឬ​វេបសាយ៍​នោះ​មិន​ត្រូវ​បាន​ជ្រើស​រើស​ គឺ​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់​លាស់ ឬ​ព័ត៌មាន​នោះ​ជាន់​គ្នា​ជាមួយ​ព័ត៌មាន​មួយ​ទៀត។ ហើយ​ហ្វេសប៊ុក​បាន​ប្រគល់​កិច្ចការ​សំរាំង​ប្រធាន​បទ​ព័ត៌មាន​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ចំនួន​ផ្សេង​ទៀត​ជា​អ្នក​ម៉ៅការបន្ត​។​ ​អត្តសញ្ញាណ​របស់កូន​ក្រុមហ៊ុន​ទាំង​នោះ​មិន​ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​ឡើយ។

តាម​ការ​ពន្យល់​របស់​ហ្វេសប៊ុក​ ក្រុម​ការី​និពន្ធ​ព័ត៌មាន​បាន​ធ្វើ​កំរង​បញ្ជី​វេបសាយ៍​ចំនួន​រាប់​ពាន់​ ដែល​អាច​ចាត់​ទុក​ថា​ជា​ប្រភព​ព័ត៌មាន​អាច​ទុក​ចិត្ត​បាន។​ នៅ​ក្នុង​នោះ​ក៏​មាន​វេបសាយ៍​មួយ​ចំនួន​ស្និទិ​នឹង​គណបក្ស​សាធារណរដ្ឋ​ផងដែរ​ តួយ៉ាង​ដូច​ជា​​វេបសាយ៍​ក្រុម​ស្តាំ​និយម​ Drudge Report និង​វេបសាយ៍​ក្រុម​មហា​អភិរក្ស​និយម​ Breitbart ជា​ដើម។​ ហេ្វសប៊ុក​ក៏​បាន​ធ្វើ​កំរង​បញ្ជី​វេបសាយ៍​នៃ​បណ្តាញ​សារ​ព័ត៌មាន​ធំៗ​សំរាប់​យោងខ្លឹម​សារព័ត៌មាន​ផងដែរ​។ ​ក្នុង​ចំណោម​វេបសាយ៍​សំខាន់ៗ​ចំនួន​ដប់ មាន​តែ​វេបសាយ៍​ពីរប៉ុណ្ណោះ​ ដែល​​ស្និទិ​ជាមួយ​ក្រុម​អភិរក្ស​និយម។​ ក្នុង​នោះ​មាន​ស្ថានីយ៍​ទូរទស្សន៍​ Fox News និង​កាសែត​ Wall Street Journal។​ ចំណែក​វេបសាយ៍​ដ៏​ទៃ​ទៀត​សុទ្ធសឹង​តែ​មាន​និន្នាការ​កណ្តាល​និយម​ ឬ​ឆ្វេង​និយម​ងាក​ទៅ​រក​គណបក្ស​ប្រជា​ធិបតេយ្យ។

មហា​សេដ្ឋី​វ័យ​ក្មេង​ Mark Zuckerberg ​ក៏​បាន​ប្រកាស​ជា​សាធារណៈ​ផង​ដែរ​ថា​ បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​មាន​អ្នក​ប្រើប្រាស់​ចំនួន​ ១,៦ កោដិ​នាក់។ ហើយ​អ្នក​ប្រើប្រាស់​មាន​និន្នាការ​នយោបាយ​ខុសៗ​គ្នា​ ពោល​គឺ​ ទាំង​អ្នក​អភិរក្ស​និយម​ (ស្តាំនិយម)​ ទាំង​អ្នក​សេរីនិយម​ (ឆ្វេង​និយម)​ និង​អ្នក​កណ្តាល​និយម។​ កន្លង​មក​ ស្ថានិប​ហ្វេសប៊ុក​តែង​រិះគន់​ជា​ចំហ​មិន​ពេញ​ចិត្ត​​បេក្ខជន​សាធារណរដ្ឋ​ គឺ​លោក​ Donald Trump ទាក់​ទង​នឹង​ទស្សនៈ​ជុំវិញ​ជន​អន្តោរ​ប្រវេសន៍ ​និង​សាសនា​អ៊ីស្លាម។​

ជា​ទូទៅ​ អ្នក​ធ្វើការ​ផែ្នក​ព័ត៌មាន​វិទ្យា​នៅ​ក្នុង​សង្កាត់​ Silicon Valley សហរដ្ឋ​អាមេរិក​តែង​មាន​និន្នាការ​ឆ្វេង​និយម​ ហើយ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ។​ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​ក្រុម​អ្នកស្តាំ​និយម​​ស្និទិ​គណបក្ស​សាធារណរដ្ឋ​តែង​មាន​មន្ទិល​សង្ស័យ​ ចំពោះ​ភាព​លំអៀង​នយោបាយ​ពី​សំណាក់​ក្រុមហ៊ុន​ព័ត៌មាន​វិទ្យា។ ប៉ុន្តែ ទោះបី​ជា​យ៉ាង​ណា​ ក្រុមហ៊ុន​ធំៗ​ដូច​ជា​ Facebook និង​Google បាន​ប្រកាស​អំពី​ភាព​អព្យាក្រិត្យ​របស់​ពួក​គេ​ ហើយ​​ពួក​គេ​នឹង​ធ្វើ​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​ សំរាប់​សមាជ​តែង​តាំង​បេក្ខជន​ប្រធានាធិបតី​ប្រចាំ​បក្សនីមួយៗ​នា​ខែ​កក្កដា​ខាង​មុខ​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ