អានតួអត្ថបទ
បារាំង-ហ្វីលីពីន

​ប្រធានាធិបតី​​បារាំង ​ធ្វើ​​ទស្សនកិច្ច​​នៅ​​ទីក្រុង​​ដែល​​ត្រូវ​​បំផ្លាញ​​ដោយ​​ខ្យល់​ព្យុះ​​ទីហ្វុង​ នៅ​ហ្វីលីពីន​

លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ នៅ​ថ្ងៃ​សុក្រ​នេះ បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ដាច់​ស្រយាល​មួយ​នៅ​ប្រទេស​ហ្វីលីពីន​។ ជា​ទីក្រុង​ដែល​ត្រូវ​បំផ្លាញ​ដោយ​ខ្យល់​ព្យុះ​ទីហ្វុង​ហៃយ៉ាន កាល​ពី​ចុង​ឆ្នាំ​២០១៣​​កន្លង​ទៅ​។ ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​រង​គ្រោះ​ដោយ​ព្យុះ​កំណាច​នៅ​ហ្វីលីពីន​នា​ពេល​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​បារាំង​កំពុង​តែ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ កិច្ច​ពិភាក្សា​ស្ដី​ពី​អាកាសធាតុនៅ​ចុង​ឆ្នាំ​២០១៥​នេះ​។

លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ នៅ​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ Guiuan ប្រទេស​ហ្វីលីពីន ថ្ងៃ​ទី២៧ កុម្ភៈ ២០១៥
លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ នៅ​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ Guiuan ប្រទេស​ហ្វីលីពីន ថ្ងៃ​ទី២៧ កុម្ភៈ ២០១៥ REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​បារាំង ហ្វ្រង់ស័រ ហូឡង់ នៅ​ថ្ងៃ​សុក្រ​ទី​២៧​កុម្ភៈ​នេះ បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុងគីវ៉ាន់  Guiuan ជា​ទី​ដំបូង​បង្អស់​របស់​ហ្វីលីពីន ដែល​រង​ការ​វាយ​ប្រហារ​ដោយ​ខ្យល់​ព្យុះ​ទីហ្វុង​ហៃយ៉ាន់​ កាល​ពី​ចុង​ឆ្នាំ​២០១៣​។ ១៥​ខែ​ក្រោយ​ពី​ជួប​គ្រោះ​ថ្នាក់​ធម្មជាតិ​នោះមក  ​ប្រជាជន​ជាង​៥​ម៉ឺន​នាក់ ដែល​រស់​នៅ​ក្នុង​ទីក្រុង​ឆ្នេរ​សមុទ្រ គីវ៉ាន់ ​ភាគ​ខាង​កើត​ប្រទេស​ហ្វីលីពីន កំពុង​តែ​ស្ដារ​ជីវភាព​របស់​ខ្លួន​ឡើង​វិញ​។

ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​រង​គ្រោះ​ដោយ​ព្យុះ​កំណាច​នៅ​ហ្វីលីពីន​នា​ពេល​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​បារាំង​កំពុង​តែ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ កិច្ច​ពិភាក្សា​ស្ដី​ពី​អាកាសធាតុ នៅ​ចុង​ឆ្នាំ​២០១៥​នេះ​។ សម្រាប់​ប្រទេស​​​បារាំង ហ្វីលីពីន​គឺ​ជា​ក្ដី​សង្ឃឹម ដែល​អាច​​ជួយ​ស្វែងរក​ការ​គាំទ្រ ក៏​ដូច​ជា​ជួយ​បំផុស​បំផុល​ ក្នុង​ការ​សម្រេច​ឲ្យ​បាន​នៅ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​បញ្ហា​អាកាស​ធាតុ និង​ការ​ឡើង​កំដៅ​ផែនដី​។ ព្រោះ​ថា  ​ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​ការ​បញ្ចេញ​ជាតិ​ពុល​ទៅ​ក្នុង​អាកាស គឺ​មានហ្វីលីពីន​ជា​ភស្តុតាង​ស្រាប់​។
 

អ្វី​ដែល​បារាំង​ត្រូវ​ធ្វើ​ គឺ​ត្រូវ​ធ្វើយ៉ាងណា​ឲ្យ​សន្និសីទ​អាកាសធាតុ​នៅ​ប៉ារីស​បាន​ទទួល​ជោគជ័យ

00:55

ប្រសាសន៍​របស់​លោក​ហ្វ្រង់ស័រ ហូឡង់

គួរ​ជម្រាប​ជូន​ថា ហ្វីលីពីន ជា​ប្រទេស ប្រជុំ​កោះ នៅ​កណ្តាល​សមុទ្រ ដែល​មាន​កោះ​សរុប​ ទាំងតូច​ទាំងធំ ប្រមាណ​ជា ៧០០០កោះ ហើយ​មាន​ប្រជាជន ១០០​លាន​នាក់។ ដោយសារ​តែ​ប្រទេស​នេះ នៅ​ក្នុង​សមុទ្រ ចំ​កន្លែង​ដែល​មាន​ការ​ឆ្លងកាត់​នូវ​ចំហាយ​ក្តៅ ដែល​ភាយ​ចេញ​ពី​ក្នុង​សមុទ្រ បង្ក​ទៅ​ជា​ខ្យល់ព្យុះ​ទីហ្វុង មិន​តិច​ជាង ២០​ដង​ទេ ក្នុង​មួយ​ឆ្នាំ​ៗ។ អ្នក​ជំនាញ​បាន​ព្រមាន​ថា ខ្យល់ព្យុះ​ទាំង​នោះ​នឹង​កាន់​ខែ​សាហាវ​ឡើង​ៗ ជា​រៀង​រាល់​ឆ្នាំ ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខ្យល់ព្យុះ​ទីហ្វុង ឈ្មោះ ហៃយ៉ាន់ មាន​ល្បឿន​២៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង  ​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ជា​៧៣៥០​នាក់ និង​ធ្វើ​ឲ្យ​​ខួចខាត​ផ្ទះ​សម្បែង និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗ​​ផង​ដែរ​។ ការ​សាងសង់ និង​ស្ដារ​ការ​ខូច​ខាត​ទាំង​អស់​នោះ​ឡើង​វិញ ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ និង​ត្រូវ​ចំណាយ​ប្រាក់​អស់​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ