អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

តើជិតដល់វេនប្រទេសចិនហើយឬ ដែលត្រូវជាប់លេខ១ពិភពលោក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នា​អនាគត​ខាង​មុខ តើ​ប្រទេស​ណា​មួយ​នឹង​ក្លាយ​ជា​លេខ​១​ពិភពលោក ជំនួស​សហរដ្ឋអាមេរិក? ក្នុង​ខណៈ​នេះ និង​នៅ​ក្នុង​លោក​សព្វ​ថ្ងៃ ប្រទេស​ចិន​លេច​មុខ​ជាង​គេ។ អានុភាព​របស់​មហាយក្ស​ចិន​កើន​លឿន និង​កើន​ខ្លាំង​ឡើង​ជា​លំដាប់ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទាំង​នៅ​លើ​វិស័យ​សេដ្ឋកិច្ច យោធា និង​នយោបាយ។ ម្ល៉ោះ​ហើយ បើ​គ្មាន​ឧបសគ្គ​អ្វី​ធំដុំ​ទេ និង​បើ​គ្មាន​ភាព​ចៃដន្យ​ធ្ងន់ធ្ងរ​នៃ​ប្រវត្តិសាស្រ្ត​ទេ មិន​យូរ​មិន​ឆាប់ ចិន​នឹង​ច្បាស់​ជា​ក្លាយ​ទៅ​ជា​មហា​អំណាច​ពិភពលោក​ទី​មួយ មិន​ខាន​ឡើយ។

© RfI/Wikipedia
ផ្សាយពាណិជ្ជកម្ម

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ចិន​ពង្រឹង​ឲ្យ​មាំ​ខ្លាំង​ឡើង​ជា​លំដាប់ ទីតាំង​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។ តាម​រយៈ​ការ​រៀបចំ​ល្បែង​កីឡា​អូឡាំពិក​នៅ​ឆ្នាំ​២០០៨ តាម​រយៈ​ការ​សម្តែង​ឫទ្ធិ​រំឭក​ខួប​៦០​ឆ្នាំ​នៃ​របប​កុម្មុយនិស្ត​នៅ​ឆ្នាំ​២០០៩ និង​តាម​រយៈ​ការ​តាំង​ពិព័រណ៍​សកល​នៅ​ទីក្រុង​សៀងហៃ​នៅ​ឆ្នាំ​២០១០​នេះ ប្រទេស​ចិន​បង្ហាញ​ខ្លួន ជា​មហាអំណាច​ពិភពលោក ជា​មហា​ប្រទេស​មួយ​ដែល​រក​ឃើញ​វិញ​ហើយ​មហិទ្ធានុភាព​ដែល​ខ្លួន​បាន​បាត់​បង់ តាំង​ពី​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩​មក​ម្ល៉េះ។

តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨​មក ចិន​មិន​ត្រឹម​តែ​មិន​បាន​ទទួល​រង​ធ្ងន់ធ្ងរ​ចំហាយ​អាក្រក់​ របស់​វិបត្តិ​សេដ្ឋកិច្ច​សកល​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​ដែល​អូស​ទាញ​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល​ទៅ​ទៀត និង​បាន​លេច​ត្រដែតឡើង​ កាន់​តែ​លឿន​និង​កាន់​តែ​ច្បាស់ ជា​មហា​អំណាច​មួយ​ប្រកែក​មិន​បាន។ ជាក់​ស្តែង នៅ​ចុង​ឆ្នាំ​២០០៩ ចិន​បាន​វ៉ា​ឈ្នះ​ប្រទេស​អាល្លឺម៉ង់ ដោយ​បាន​ក្លាយ​ជា​ប្រទេស​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ខាង​នាំ​ទំនិញ​ទៅ​ក្រៅ​ប្រទេស និង​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១០​នេះ ចិន​បាន​វ៉ា​ឈ្នះ​ប្រទេស​ជប៉ុន ដោយ​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២។

ក្រៅ​ពី​នេះ ប្រទេស​ចិន​មាន​នៅ​ក្នុង​ដៃ ប័ណ្ណ​រតនាគារ​របស់​អាមេរិក គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៨រយពាន់លាន​ដុល្លារ។ អ៊ីចឹង​ហើយ​បាន​ជា​ចិន​ដែល​ចាយ​តិច​និង​សម្បូណ៌​ទៅ​ដោយ​សញ្ច័យ​ធន ក្លាយ​ជា​ម្ចាស់​បំណុល​របស់​សហរដ្ឋអាមេរិក​ដែល​ចាយ​ធំ ទោះ​បី​ជា​សេដ្ឋកិច្ច​ចិន​នៅ​អន់​ជាង​សេដ្ឋកិច្ច​របស់​អាមេរិក​៣​ដង​ក៏​ដោយ។

នៅ​លើ​វិស័យ​យោធា​វិញ ប្រាក់​ចំណាយ​របស់​ប្រទេស​ចិន​បាន​កើន​ឡើង​៥​ដង ក្នុង​អំឡុង​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ កើន​ដល់​ជិត​៦ម៉ឺនលាន​ដុល្លារ នៅ​ឆ្នាំ​២០១០​នេះ។ ចិន​កំពុង​បន្ត​កម្មវិធី​នវូបនីយកម្ម​នៃ​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​នាវា​ចម្បាំង នៃ​ប្រព័ន្ធ​មីស៊ីល​បាញ់​បាន​ឆ្ងាយ និង​នៃ​ប្រព័ន្ធ​មីស៊ីល​ប្រឆាំង​មីស៊ីល។

ទន្ទឹម​ជា​មួយ​គ្នា​នេះ ថ្នាក់​ដឹក​នាំ​ចិន​បាន​និង​កំពុង​បន្ត​ខ្នះខ្នែង​បញ្ចុះបញ្ចូល​ពិភពលោក​ឲ្យ​យល់​ថា ប្រទេស​ខ្លួន​ចង់​លេច​ត្រដែត​ឡើង​ដោយ​សន្តិវិធី ជា​មហា​អំណាច​ពិភពលោក។ នៅ​ក្នុង​ន័យ​នេះ ចិន​ចូល​រួម​ចំណែក​កាន់​តែ​សកម្ម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព នៅ​ក្នុង​លោក បង្កើន​បណ្តាញ​នៃ​វិជ្ជាស្ថាន​ខុងជឺ(Confucius) នៅ​គ្រប់​ជ្រុងជ្រោយ​ក្នុង​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ចិន។

នៅ​ក្នុង​ន័យ​ដូច​គ្នា​អ៊ីចឹង​ដែរ ថ្មីៗ​កន្លង​ទៅ​នេះ ក្រោយ​បរាជ័យ​នៃ​ជំនួប​កំពូល​ស្តី​ពី​អាកាសធាតុ នៅ​ទីក្រុង​កូប៉េនហាក(Copenhague) លោក​ប្រធានាធិបតី​ចិន​ហ៊ូ ជីងតៅ (Hu Jintao) បាន​តុបតែង​ឡើង​នូវ​យុទ្ធសាស្រ្ត​នយោបាយ​ថ្មី​មួយ​ដែល​មាន​ភ្ជាប់​មក​នូវ​ទស្សនវិស័យ​អន្តរជាតិ ជា​លើក​ទី​មួយ​បង្អស់។

តាម​រយៈ​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ឯកសារ​នេះ ទីក្រុង​ប៉េកាំង ចង់​ឲ្យ​ពិភពលោក​យល់​ថា ចិន​ជា​មហា​អំណាច​មួយ​ដែល​មាន​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់ ចំពោះ​រាល់​បញ្ហា​ធំៗ​ដែល​ពិភពលោក​ជួប​ប្រទះ រួម​ទាំង​បញ្ហា​អាកាសធាតុ​ផង​ដែរ។

មាន​ឆន្ទៈ​លេច​ត្រដែត​ឡើង​ដោយ​សន្តិវិធី​មែន​ពិត តែ​ប្រទេស​ចិន​មិន​បណ្តោយ​ឲ្យ​បស្ចិម​លោក​ដឹក​ច្រមុះ​ជា​ដាច់​ខាត ហើយ​ក៏​មិន​ទទួល​ដែរ​មេរៀន​ប្រជាធិបតេយ្យ និង​មេរៀន​សីលធម៌ ពី​សំណាក់​បរទេស។ ជាក់​ស្តែង នៅ​ដើម​ឆ្នាំ​២០១០​កន្លង​ទៅ​នេះ រដ្ឋអំណាច​ចិន​បាន​កាត់​ទោស​ឲ្យ​អ្នក​ជំទាស់​នយោបាយ Liu Xiaobo ជាប់​គុក​១១​ឆ្នាំ ទោះ​ជា​មាន​ការ​រិះគន់​និង​ការ​សុំ​ឲ្យ​លើកលែង​ទោស ពី​សំណាក់​បណ្តា​បស្ចិម​ប្រទេស​ក៏​ដោយ។

នៅ​ឆ្នាំ​២០១០​នេះ​ដែរ ជនជាតិ​អង់គ្លេស​ម្នាក់​ដែល​បាន​រត់ពន្ធ​គ្រឿង​ញៀន ត្រូវ​បាន​របប​ទីក្រុង​ប៉េកាំង​ប្រហារ​ជីវិត​ចោល ទោះ​បី​ជា​មាន​ការ​សុំ​ឲ្យ​អធ្យាស្រ័យ​និង​ក្រោយ​មក​ការ​ដាក់​សម្ពាធ​ពី​សំណាក់​នាយករដ្ឋមន្ត្រី​អង់គ្លេស​Gordon Brown ផ្ទាល់​ក៏​ដោយ។

ដោយ​ឡែក ថ្នាក់​ដឹក​នាំ​ចិន​និង​គណបក្ស​កុម្មុយនិស្ត​ចិន បន្ត​ប្រឆាំង​ជានិច្ច​នឹង​រាល់​ទង្វើ​ព្រម​ទាំង​រាល់​សេចក្តី​សម្រេច​ចិត្ត​របស់​សហរដ្ឋអាមេរិក​នៅ​លើ​ឆាក​អន្តរជាតិ ឬ​នៅ​លើ​ឆាក​នៃ​តំបន់​អាស៊ី។

ជាក់​ស្តែង ចិន​ទទួល​បដិសណ្ឋារកិច្ច​មិន​បាន​សមរម្យ​ល្អ​ឡើយ​លោក​ប្រធានាធិបតី​អាមេរិក Barack Obama នា​ឱកាស​ទស្សនកិច្ច​របស់​លោក​នៅ​ទីក្រុង​ប៉េកាំង​កន្លង​ទៅ​ថ្មីៗ​នេះ។ ចិន​មិន​ព្រម​ថ្កោលទោស​កូរ៉េ​ខាង​ជើង ដែល​បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​កូរ៉េខាងត្បូង ហើយ​ថែម​ទាំង​រិះគន់​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​ទៀត​ផង។

តាម​មើល​ទៅ ការ​ចេញ​មុខ​ប្រឆាំង​ជានិច្ច​នឹង​សហរដ្ឋអាមេរិក​បែប​នេះ មាន​គោលដៅ​ពីរ​យ៉ាង។ ម្យ៉ាង រដ្ឋអំណាច​ចិន​ចង់​ឲ្យ​ពួក​អ្នក​ប្រឆាំង​នៅ​ក្នុង​ស្រុក​និង​នៅ​ក្រៅ​ស្រុក​យល់​ថា សូម្បី​តែ​សហរដ្ឋអាមេរិក​ក៏​មិន​អាច​ជួយ​ពួក​គេ​បាន​ដែរ ម្ល៉ោះ​ហើយ​គួរ​តែ​យល់​ព្រម​ទទួល យក​ទៅ របប​សេដ្ឋកិច្ច​សេរី​តែ​នយោបាយ​បក្ស​តែ​មួយ​ដែល​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ចិន លេច​ត្រដែត​ឡើង​កាន់​តែ​ច្បាស់​និង​កាន់​តែ​លឿន។ ម្យ៉ាង​ទៀត រដ្ឋអំណាច​ចិន​ចង់​ឲ្យ​ពិភពលោក​យល់​ថា ចិន​មាន​មហិច្ឆតា​ក្លាយ​ជា​មហាអំណាច​ពិភពលោក​ទី​មួយ ជំនួស​សហរដ្ឋអាមេរិក ដោយ​មិន​យក​គំរូ​មនោគមវិជ្ជា នយោបាយ​និង​សេដ្ឋកិច្ច តាម​ប្រទេស​នេះ​ឡើយ។

យ៉ាងណា​ក៏​ដោយ ប្រទេស​ចិន​មិន​អាច​វ៉ា​ឈ្នះ​សហរដ្ឋអាមេរិក នា​ពេល​ឆាប់ៗ​ខាង​មុខ​ទៅ​កើត​ទេ ពីព្រោះ​សេដ្ឋកិច្ច​អាមេរិក​នៅ​ខ្លាំង​ជាង​សេដ្ឋកិច្ច​ចិន​យ៉ាង​តិច​៣​ដង ហើយ​ពីព្រោះ​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន​នៅ​មាន​លក្ខណៈ​ផុយ​ស្រួយ​នៅ​ឡើយ។ នេះ​គឺ​ជា​ប្រធាន​រឿង​ដែល​ខ្ញុំ​នឹង​លើក​មក​និយាយ​រៀបរាប់​នៅ​ពេល​ក្រោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ