តើជិតដល់វេនប្រទេសចិនហើយឬ ដែលត្រូវជាប់លេខ១ពិភពលោក?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៩
នាអនាគតខាងមុខ តើប្រទេសណាមួយនឹងក្លាយជាលេខ១ពិភពលោក ជំនួសសហរដ្ឋអាមេរិក? ក្នុងខណៈនេះ និងនៅក្នុងលោកសព្វថ្ងៃ ប្រទេសចិនលេចមុខជាងគេ។ អានុភាពរបស់មហាយក្សចិនកើនលឿន និងកើនខ្លាំងឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំទាំងនៅលើវិស័យសេដ្ឋកិច្ច យោធា និងនយោបាយ។ ម្ល៉ោះហើយ បើគ្មានឧបសគ្គអ្វីធំដុំទេ និងបើគ្មានភាពចៃដន្យធ្ងន់ធ្ងរនៃប្រវត្តិសាស្រ្តទេ មិនយូរមិនឆាប់ ចិននឹងច្បាស់ជាក្លាយទៅជាមហាអំណាចពិភពលោកទីមួយ មិនខានឡើយ។
ពីមួយឆ្នាំទៅមួយឆ្នាំ ចិនពង្រឹងឲ្យមាំខ្លាំងឡើងជាលំដាប់ ទីតាំងរបស់ខ្លួននៅលើឆាកអន្តរជាតិ។ តាមរយៈការរៀបចំល្បែងកីឡាអូឡាំពិកនៅឆ្នាំ២០០៨ តាមរយៈការសម្តែងឫទ្ធិរំឭកខួប៦០ឆ្នាំនៃរបបកុម្មុយនិស្តនៅឆ្នាំ២០០៩ និងតាមរយៈការតាំងពិព័រណ៍សកលនៅទីក្រុងសៀងហៃនៅឆ្នាំ២០១០នេះ ប្រទេសចិនបង្ហាញខ្លួន ជាមហាអំណាចពិភពលោក ជាមហាប្រទេសមួយដែលរកឃើញវិញហើយមហិទ្ធានុភាពដែលខ្លួនបានបាត់បង់ តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៩មកម្ល៉េះ។
តាំងពីខែវិច្ឆិកាឆ្នាំ២០០៨មក ចិនមិនត្រឹមតែមិនបានទទួលរងធ្ងន់ធ្ងរចំហាយអាក្រក់ របស់វិបត្តិសេដ្ឋកិច្ចសកលតែប៉ុណ្ណោះទេ តែថែមទាំងបានក្លាយជាក្បាលម៉ាស៊ីនដែលអូសទាញសេដ្ឋកិច្ចពិភពលោកទាំងមូលទៅទៀត និងបានលេចត្រដែតឡើង កាន់តែលឿននិងកាន់តែច្បាស់ ជាមហាអំណាចមួយប្រកែកមិនបាន។ ជាក់ស្តែង នៅចុងឆ្នាំ២០០៩ ចិនបានវ៉ាឈ្នះប្រទេសអាល្លឺម៉ង់ ដោយបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំទំនិញទៅក្រៅប្រទេស និងនៅឆមាសទី១នៃឆ្នាំ២០១០នេះ ចិនបានវ៉ាឈ្នះប្រទេសជប៉ុន ដោយបានក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី២។
ក្រៅពីនេះ ប្រទេសចិនមាននៅក្នុងដៃ ប័ណ្ណរតនាគាររបស់អាមេរិក គិតជាទឹកប្រាក់ប្រមាណ៨រយពាន់លានដុល្លារ។ អ៊ីចឹងហើយបានជាចិនដែលចាយតិចនិងសម្បូណ៌ទៅដោយសញ្ច័យធន ក្លាយជាម្ចាស់បំណុលរបស់សហរដ្ឋអាមេរិកដែលចាយធំ ទោះបីជាសេដ្ឋកិច្ចចិននៅអន់ជាងសេដ្ឋកិច្ចរបស់អាមេរិក៣ដងក៏ដោយ។
នៅលើវិស័យយោធាវិញ ប្រាក់ចំណាយរបស់ប្រទេសចិនបានកើនឡើង៥ដង ក្នុងអំឡុងពេល១០ឆ្នាំចុងក្រោយនេះ កើនដល់ជិត៦ម៉ឺនលានដុល្លារ នៅឆ្នាំ២០១០នេះ។ ចិនកំពុងបន្តកម្មវិធីនវូបនីយកម្មនៃប្រព័ន្ធមីស៊ីលប្រឆាំងនាវាចម្បាំង នៃប្រព័ន្ធមីស៊ីលបាញ់បានឆ្ងាយ និងនៃប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីល។
ទន្ទឹមជាមួយគ្នានេះ ថ្នាក់ដឹកនាំចិនបាននិងកំពុងបន្តខ្នះខ្នែងបញ្ចុះបញ្ចូលពិភពលោកឲ្យយល់ថា ប្រទេសខ្លួនចង់លេចត្រដែតឡើងដោយសន្តិវិធី ជាមហាអំណាចពិភពលោក។ នៅក្នុងន័យនេះ ចិនចូលរួមចំណែកកាន់តែសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាព នៅក្នុងលោក បង្កើនបណ្តាញនៃវិជ្ជាស្ថានខុងជឺ(Confucius) នៅគ្រប់ជ្រុងជ្រោយក្នុងពិភពលោក ដើម្បីផ្សព្វផ្សាយវប្បធម៌ចិន។
នៅក្នុងន័យដូចគ្នាអ៊ីចឹងដែរ ថ្មីៗកន្លងទៅនេះ ក្រោយបរាជ័យនៃជំនួបកំពូលស្តីពីអាកាសធាតុ នៅទីក្រុងកូប៉េនហាក(Copenhague) លោកប្រធានាធិបតីចិនហ៊ូ ជីងតៅ (Hu Jintao) បានតុបតែងឡើងនូវយុទ្ធសាស្រ្តនយោបាយថ្មីមួយដែលមានភ្ជាប់មកនូវទស្សនវិស័យអន្តរជាតិ ជាលើកទីមួយបង្អស់។
តាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយឯកសារនេះ ទីក្រុងប៉េកាំង ចង់ឲ្យពិភពលោកយល់ថា ចិនជាមហាអំណាចមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះរាល់បញ្ហាធំៗដែលពិភពលោកជួបប្រទះ រួមទាំងបញ្ហាអាកាសធាតុផងដែរ។
មានឆន្ទៈលេចត្រដែតឡើងដោយសន្តិវិធីមែនពិត តែប្រទេសចិនមិនបណ្តោយឲ្យបស្ចិមលោកដឹកច្រមុះជាដាច់ខាត ហើយក៏មិនទទួលដែរមេរៀនប្រជាធិបតេយ្យ និងមេរៀនសីលធម៌ ពីសំណាក់បរទេស។ ជាក់ស្តែង នៅដើមឆ្នាំ២០១០កន្លងទៅនេះ រដ្ឋអំណាចចិនបានកាត់ទោសឲ្យអ្នកជំទាស់នយោបាយ Liu Xiaobo ជាប់គុក១១ឆ្នាំ ទោះជាមានការរិះគន់និងការសុំឲ្យលើកលែងទោស ពីសំណាក់បណ្តាបស្ចិមប្រទេសក៏ដោយ។
នៅឆ្នាំ២០១០នេះដែរ ជនជាតិអង់គ្លេសម្នាក់ដែលបានរត់ពន្ធគ្រឿងញៀន ត្រូវបានរបបទីក្រុងប៉េកាំងប្រហារជីវិតចោល ទោះបីជាមានការសុំឲ្យអធ្យាស្រ័យនិងក្រោយមកការដាក់សម្ពាធពីសំណាក់នាយករដ្ឋមន្ត្រីអង់គ្លេសGordon Brown ផ្ទាល់ក៏ដោយ។
ដោយឡែក ថ្នាក់ដឹកនាំចិននិងគណបក្សកុម្មុយនិស្តចិន បន្តប្រឆាំងជានិច្ចនឹងរាល់ទង្វើព្រមទាំងរាល់សេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ ឬនៅលើឆាកនៃតំបន់អាស៊ី។
ជាក់ស្តែង ចិនទទួលបដិសណ្ឋារកិច្ចមិនបានសមរម្យល្អឡើយលោកប្រធានាធិបតីអាមេរិក Barack Obama នាឱកាសទស្សនកិច្ចរបស់លោកនៅទីក្រុងប៉េកាំងកន្លងទៅថ្មីៗនេះ។ ចិនមិនព្រមថ្កោលទោសកូរ៉េខាងជើង ដែលបានបាញ់ពន្លិចនាវាចម្បាំងមួយគ្រឿងរបស់កូរ៉េខាងត្បូង ហើយថែមទាំងរិះគន់សមយុទ្ធរួមគ្នារវាងអាមេរិកនិងកូរ៉េខាងត្បូងទៀតផង។
តាមមើលទៅ ការចេញមុខប្រឆាំងជានិច្ចនឹងសហរដ្ឋអាមេរិកបែបនេះ មានគោលដៅពីរយ៉ាង។ ម្យ៉ាង រដ្ឋអំណាចចិនចង់ឲ្យពួកអ្នកប្រឆាំងនៅក្នុងស្រុកនិងនៅក្រៅស្រុកយល់ថា សូម្បីតែសហរដ្ឋអាមេរិកក៏មិនអាចជួយពួកគេបានដែរ ម្ល៉ោះហើយគួរតែយល់ព្រមទទួល យកទៅ របបសេដ្ឋកិច្ចសេរីតែនយោបាយបក្សតែមួយដែលកំពុងធ្វើឲ្យប្រទេសចិន លេចត្រដែតឡើងកាន់តែច្បាស់និងកាន់តែលឿន។ ម្យ៉ាងទៀត រដ្ឋអំណាចចិនចង់ឲ្យពិភពលោកយល់ថា ចិនមានមហិច្ឆតាក្លាយជាមហាអំណាចពិភពលោកទីមួយ ជំនួសសហរដ្ឋអាមេរិក ដោយមិនយកគំរូមនោគមវិជ្ជា នយោបាយនិងសេដ្ឋកិច្ច តាមប្រទេសនេះឡើយ។
យ៉ាងណាក៏ដោយ ប្រទេសចិនមិនអាចវ៉ាឈ្នះសហរដ្ឋអាមេរិក នាពេលឆាប់ៗខាងមុខទៅកើតទេ ពីព្រោះសេដ្ឋកិច្ចអាមេរិកនៅខ្លាំងជាងសេដ្ឋកិច្ចចិនយ៉ាងតិច៣ដង ហើយពីព្រោះសេដ្ឋកិច្ចនៃប្រទេសចិននៅមានលក្ខណៈផុយស្រួយនៅឡើយ។ នេះគឺជាប្រធានរឿងដែលខ្ញុំនឹងលើកមកនិយាយរៀបរាប់នៅពេលក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ