អានតួអត្ថបទ
ជប៉ុន-G៧

ជប៉ុន៖​G៧ សន្យា​ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​ភេរវនិយម

កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ​របស់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ហៅ​កាត់​ថា G៧ បាន​បិទបញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ទី២១ ឧសភា​នេះ​ក្នុង​ទីក្រុង​សេនដាយ ប្រទេស​ជប៉ុន។ មាន​ការ​សន្យា និង​វិធានការ​មួយ​ចំនួន​ដែល G៧ បាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​ចេញ​ផ្សាយ​ថ្ងៃ​នេះ។ ការ​សន្យា និង​វិធានការ​ទាំង​នោះ​មាន ការ​ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​ភេរវនិយម ការ​បង្កើត​មូលនិធិ​ជំនួយ​សកល​សម្រាប់​ប្រឆាំង​នឹង​ជម្ងឺ​ឆ្លង ឬ​មួយ​ការ​មិន​លូកដៃ​នៅ​ក្នុង​នយោបាយ​អត្រា​ប្តូរប្រាក់​ជា​ដើម។ តែ​អ្វី​ដែល G៧ មិន​អាច​លាក់​កំបាំង​ពី​ក្តី​បារម្ភ​របស់​ខ្លួន គឺ​ការ​ចាកចេញ​ជា​យថាហេតុ​របស់​ប្រទេស​អង់គ្លេស​ពី​សមាជិក​សហភាព​អឺរ៉ុប។

ជប៉ុន៖​G៧ សន្យា​ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​ភេរវនិយម
ជប៉ុន៖​G៧ សន្យា​ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ប្រភព​ហិរញ្ញវត្ថុ​របស់​អង្គការ​ភេរវនិយម Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ទាំង ៧ ក្នុង​លោក​ហៅ​កាត់​ថា G៧ បាន​ព្រមាន​ទុក​ជា​មុន​ពី​ផលវិបាក​សេដ្ឋកិច្ច​ជា​យថាហេតុ​ក្នុង​ករណី​ណា​ដែល​ប្រទេស​អង់គ្លេស​ចាក​ចេញ​ពី​សមាជិក​សហភាព​អឺរ៉ុប។ ផលវិបាក​សេដ្ឋកិច្ច​ដែល G៧ យល់​ឃើញ​ថា មិន​មែន​កើត​មាន​តែ​លើ​ប្រទេស​អង់គ្លេស ឬ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ តែ​វា​នឹង​បង្ក​ហានិភ័យ​ដល់​សេដ្ឋកិច្ច​ពិភពលោក​ដែល​កំពុង​ផុយស្រួយ​ស្រាប់​នា​ពេល​បច្ចុប្បន្ន។ សូម្បី​តែ​រូប​លោក​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អង់គ្លេស George Osborne ដែល​មិន​ចង់​ឃើញ​អង់គ្លេស​ចេញ​ពី​អឺរ៉ុប​ក៏​បាន​យល់​ស្រប​តាម G៧ ដែរ។

នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​ថ្ងៃ​នេះ លោក George បាន​ព្រមាន​ថា នៅ​ក្នុង​ករណី​ដែល​អង់គ្លេស​ចេញ​ពី​អឺរ៉ុប អង់គ្លេស​ពិបាក​នឹង​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ឬ​មួយ​ជាមួយ​នឹង​ប្រទេស​មិន​មែន​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ក្នុង​វិស័យ​ផ្សេងៗ ពិសេស​វិស័យ​ពាណិជ្ជកម្ម។ ចំណែក​សមភាគី​បារាំង​លោក Michel Sapin ក៏​បាន​ព្រមាន​ទុក​ជា​មុន​ថា ផលវិបាក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នឹង​ធ្លាក់​លើ​អង់គ្លេស​នៅ​ក្នុង​ករណី​ដែល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប។

យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចាំ​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ក្នុង​ប្រទេស​អង់គ្លេស​នា​ថ្ងៃទី២៣ មិថុនា​ខាង​មុខ​ទើប​ដឹង​ច្បាស់​ពី​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​អង់គ្លេស។ តែ​លទ្ធផល​ស្ទង់​មតិ​ចុង​ក្រោយ​ឲ្យ​ដឹង​ថា សម្លេង​ចង់​ទុក​អង់គ្លេស​ក្នុង​អឺរ៉ុប​កំពុង​មាន​ច្រើន​ជាង​សម្លេង​ចង់​ឲ្យ​ដក​អង់គ្លេស​ចេញ​ពី​អឺរ៉ុប។

គម្រោង​វិធានការ​របស់ G៧​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវនិយម

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ចេញ​ផ្សាយ​ថ្ងៃ​នេះ G៧ បាន​សន្យា​វាយប្រហារ​លើ​គ្រប់​បណ្តាញ​ហិរញ្ញវត្ថុ​របស់​គ្រប់​អង្គការ​ភេរវនិយម ពិសេស​អង្គការ​រដ្ឋ​អ៊ីស្លាម និង​អង្គការ​អាល់កៃដា។ បណ្តាញ​ហិរញ្ញវត្ថុ​ដែល G៧ យល់​ឃើញ​ថា ជា​អ្នក​ផ្គត់ផ្គង់​លុយកាក់ និង​មធ្យោបាយ​ផ្សេងៗ​ទៀត​ដល់​ពួក​ភេរវជន​ឲ្យ​បង្ក​ភេរវកម្ម ឬ​មួយ​ក៏​ចិញ្ចឹម​បណ្តាញ​របស់​ពួក​វា​ក្នុង​ការ​សាបព្រោះ​នូវ​មនោគមវិជ្ជា​ជ្រុលនិយម។

នៅ​ក្នុង​ន័យ​នេះ G៧ បាន​ស្នើ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​និង​ប្រទេស​ដោយ​មាន​ជំនួយ​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ក្នុង​ការ​ផ្តោះប្តូរ​រាល់​ព័ត៌មាន​ទាំង​ឡាយ​ដែល​ទាក់ទង​នឹង​ការ​ដោះដូរ និង​ការ​ផ្ទេរ​ទឹកប្រាក់​នៅ​តាម​បណ្តាញ​ធនាគារ។ កម្មវត្ថុ គឺ​ដើម្បី​ចង់​ដឹង​ពី​ប្រភព និង​គោលដៅ​នៃ​ការ​ដោះដូរ និង​ការ​ផ្ទេរ​លុយ​ទាំង​នោះ​ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​អង្គការ​ភេរវនិយម។

ទន្ទឹម​គ្នា​នេះ G៧ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ពង្រឹង​បន្ថែម​លើ​វិធានការ​ហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់​សព្វថ្ងៃ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់។ នៅ​ក្នុង​ន័យ​នេះ G៧ បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទ័ណ្ឌកម្ម ឬ​មួយ​ក៏​ផ្អាប់​លុយ​នៅ​ក្នុង​គណនីយ​ណា​ដែល​ម្ចាស់​មិន​ព្រម​ប្រាប់​អត្តសញ្ញាណ​ពិតប្រាកដ។

និយាយ​ពី​ស្ថានភាព​សេដ្ឋកិច្ច​ទូទៅ​នៅ​ក្នុង​លោក​វិញ G៧ បាន​គូសបញ្ចាក់​ពី​ភាព​ចាំ​បាច់​ដែល​ប្រទេស​នីមួយៗ​មិន​គួរ​លូក​ដៃ​ចូល​អន្តរាគមន៍​នៅ​ក្នុង​ទីផ្សារ​ប្តូរប្រាក់ ពោល​រដ្ឋាភិបាល​មិន​ត្រូវ​ចេញ​មុខ​ជា​អ្នក​កំណត់​តម្លែ​អត្រាប្តូរ​ប្រាក់​របស់​ខ្លួន​ទេ។ G៧ បាន​យល់​ឃើញ​ថា គេ​គួរ​តែ​ទុក​ឲ្យ​តម្លែ​អត្រា​ប្តូរប្រាក់​ឡើង ចុះ​ទៅ​តាម​ហាង​ឆេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ប្រតិកម្ម​របស់ G៧ ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ជប៉ុន​បាន​ចូល​អន្តរាគមន៍​ទម្លាក់​តម្លៃប្រាក់​យេន​ធៀប​នឹង​ដុល្លារ​ក្នុង​គោលដៅ​ជំរុញ​ការ​នំា​ចេញ​របស់​ខ្លួន។

ធនាគារពិភពលោក​ប្រកាស​បង្កើត​មូលនិធិ​ជំនួយ​សកល​ប្រឆាំង​ជម្ងឺ​ឆ្លង

នៅ​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ G៧ ធនាគារពិភពបាន​ប្រកាស​លោក​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឲ្យ​បង្កើត​មូលនិធិជំនួយ​សកល​បន្ទាន់​នេះ​ឡើង​ក្នុង​គោលដៅ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​ឆ្លង ដូច​យ៉ាង​ជម្ងឺ​អេបូឡា​នៅ​អាហ្រ្វិក ឬ​ជម្ងឺ Sras ជា​ដើម។ លោក​ប្រធាន​ធនាគារ​ពិភពលោក​យីម យ៉ុងគីម​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា មូលនិធិ​បន្ទាន់​មួយ​នេះ​សំដៅ​ជួយ​តែ​ប្រទេស​ក្រីក្រ​ដែល​រដ្ឋ​គ្មាន​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​ទប់​ស្កាត់​ជម្ងឺ​ឆ្លង​រាតត្បាត​ផ្សេងៗ។ ធនាគារ​ពិភពលោក​មិន​បាន​ប្រាប់​ពី​ឈ្មោះ​ប្រទេស​ទេ តែ​បាន​បញ្ជាក់​ថា មាន ៧៧ប្រទេស​ដែល​ខ្លួន​ចាត់​ចំណាត់ថ្នាក់​​ជា​ប្រទេស​ក្រីក្រ​ក្នុង​លោក និង​ដែល​មាន​សិទ្ធិ​ទទួល​ជំនួយ​ពី​មូលនិធិជំនួយ​សកល​របស់​ខ្លួន។

ធនាគារពិភពលោក​បាន​អះអាង​ថា មូលនិធិជំនួយសកល​បន្ទាន់​សម្រាប់​សម្រាប់​ប្រឆាំង​ជម្ងឺ​ឆ្លង​មិនមែន​ជា​ការ​ប្រជែង​នឹង​ជំនួយ​អន្តរជាតិ​ទេ តែ​ជា​ការ​បំពេញ​បន្ថែម​លើ​ភាព​យឺតយ៉ាវ​របស់​ជំនួយ​អន្តរជាតិ។ ភាព​យឺតយ៉ាវ​ដែល​ធនាគារពិភពលោក​យល់​ឃើញ​ថា បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន។ ឧទាហរណ៍​ជាក់ស្តែង ការ​ឆ្លង​រាតត្បាត​ជម្ងឺ​អេបូឡា​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ចំនួន ៣ ក្នុង​ឆ្នាំ ២០១៤ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ១១ ០០០នាក់ និង​ដែល​គេ​ត្រូវ​រង់ចាំ​អស់​ពេល​ជា​ច្រើន​ខែ​ទើប​ជំនួយ​អន្តរជាតិ​ទៅ​ដល់។

តាម​ធនាគារពិភពលោក មូលនិធិជំនួយ​សកល​បន្ទាន់​នេះ​នឹង​អាច​ដំណើរការ​ពី​ពេល​នេះ​ទៅ​ដំណាច់​ឆ្នាំ ហើយ​ប្រទេស​ផ្តល់​វិភាគទាន​ជា​ប្រទេស​សមាជិក​របស់​ធនាគារពិភពលោក។ តែ​ធនាគារ​ពិភពលោក​មិន​បាន​បញ្ជាក់​ពី​ទឹកលុយ​សរុប​ដែល​នឹង​ត្រូវ​មាន​នៅ​ក្នុង​កញ្ចប់​មូលនិធិ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ