អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​G២០​ចង់​ឲ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​កើនច្រើនជាង ២ភាគរយ ក្នុងរយៈពេល​៥​ឆ្នាំទៅមុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូល​G២០​បាន​បើក​ធ្វើ​​ជា​ផ្លូវការ នៅថ្ងៃ​សៅរ៍នេះ នៅទីក្រុង​Brisbane របស់​ប្រទេស​អូស្ត្រាលី។ នៅក្នុង​កិច្ចប្រជុំ​ចំនួន​ពីរថ្ងៃ មេដឹកនាំ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច និង​​ឧស្សាហកម្ម​​ ទាំង​២០​ ផ្តោតសំខាន់​លើ​​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ដែល​បាន​ធ្លាក់ ដើរថយក្រោយ អស់​រយៈពេល​៥​ឆ្នាំមកហើយ ពោល​គឺ​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​បាន​ផ្ទុះឡើង កាលពី​ឆ្នាំ ២០០៨។ ​នៅក្នុង​ពេល​បើក​ជំនួបកំពូល​នៅថ្ងៃនេះ លោក​នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​ដែល​ដើរតួ​ជាម្ចាស់ផ្ទះ រៀបចំ​G២០​បាន​ថ្លែង ថា ប្រទេស​ទាំង២០​នឹង​រួម​គ្នា ​ចាត់វិធានការ​នានា ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ពិភពលោក​ទាំងមូល​កើន​ឡើង ជាង ២ភាគរយ ឬ ​២ពាន់ ពាន់​លាន​ដុល្លារ បន្ថែមទៀត ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០១៩។  

ប្រមុខ​ដឹកនាំ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ចូលរួម​G20ក្នុង​ទីក្រុង​Brisbane ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី ១៥​វិច្ឆិកា ២០១៤
ប្រមុខ​ដឹកនាំ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ចូលរួម​G20ក្នុង​ទីក្រុង​Brisbane ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី ១៥​វិច្ឆិកា ២០១៤ AFP/Saeed KHAN
ផ្សាយពាណិជ្ជកម្ម

ប្រទេស​មាន​ឧស្សាហកម្ម​រីកលូតលាស់​ ទាំង​២០​ (ដែលនៅក្នុង​នោះ​មាន​សហភាព​អឺរ៉ុប​ផង)តំណាង​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ប្រមាណ​៨៥ភាគរយ។ កាលពី​ខែ​កុម្ភៈ​កន្លងទៅ ក្រុម​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់​ប្រទេស​G ២០​បានរួម​គ្នា កំណត់​ទិសដៅ​មួយ គឺ​ធ្វើ​​ឲ្យ​​ផលិតផល​ក្នុង​ស្រុក​សរុប​របស់ពិភពលោក ឬ PIBកើនឡើង​២ភាគរយបន្ថែមទៀត ក្នុង​រយៈពេល ៥​ឆ្នាំ​ទៅមុខ។ ​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ក្នុង​សរុប​របស់​ពិភពលោក​ទំាងមូល​កើន​ឡើង​ច្រើន​ជាង​២ភាគរយ ក្រុមប្រទេស​មហាឧស្សាហកម្ម​ទាំង២០​បាន​កំណត់​វិធាន​ច្រើន​ជាង ១ពាន់ ដូចជា​បន្ថែម​ការវិនិយោគ​ទៅលើផ្នែក​​ហេដ្ឋារចនាសម្ព័ន្ធ ធ្វើ​កំណែទម្រង់​ផ្នែក​ហិរញ្ញវត្ថុ និង​ការលើកទឹកចិត្ត​ការដោះដូរ​ពាណិជ្ជកម្មនៅក្នុង​ពិភពលោក។

 
តាម​លោកនាយករដ្ឋមន្រ្តី​អូស្ត្រាលី​ ជំនួបកំពូល​G ២០​នៅទីក្រុង​Brisbane គួរ​ជា​កន្លែង​ដែល​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម​ជជែក​ពិភាក្សា​ដើម្បី​បង្កើតការងារធ្វើ​ដល់​ប្រជាជន មិនថា ក្នុង​ប្រទេស​អ្នកមាន ឬ​ក្នុង​ប្រទេស​ក្រីក្រ។ ម្យ៉ាងទៀត​គេ​គួរ​ពិភាក្សា​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​លួចបន្លំ​គេចពន្ធ​ ឬ​ពិភាក្សា​ពី​យុទ្ធសាស្រ្ត​នានា​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ពិភពលោក។

អូស្ត្រាលី ប្រទេស​ម្ចាស់ផ្ទះរៀបចំ​ជំនួប​កំពូល​G ២០ ​​បាន​ចេញមុខអះអាងថា ប្រទេស​G ២០​នឹង​​ធ្វើការ​ជំរុញ​​ផលិតផល​ក្នុង​ស្រុក​សរុបពិភពលោក​ឲ្យ​ កើនជាង ២ភាគរយ។ ប៉ុន្តែ​ ​អ្នកជំនាញ​ជាច្រើន​បាន​វាយតម្លៃថា ក្រុមប្រទេស​G២០​ពិបាក​នឹង​សម្រេច​ទិសដៅ​ បើសិន​គេ​មើល​ទៅលើ​កំណើន​សេដ្ឋកិច្ច​ស្ទើរ​សូន្យ​របស់ប្រទេស​នៅ​អឺរ៉ុប ​នៅ​ជប៉ុន (មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី៣) និង​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី ដូចជា​​​មហា​អំណាច​ចិន ជាដើម ដែល​បច្ចុប្បន្នកំពុង​មាន​កំណើន​សេដ្ឋកិច្ច​​ដើរ​ថយក្រោយ​វិញ។

ជាក់ស្តែង លោក​Jacop Lew រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​ ធ្លាប់​បាន​អះអាង កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថា ស្ថានភាព​សេដ្ឋកិច្ច​មិន​ល្អ​នៅ​អឺរ៉ុប ជា​កត្តា​រាំងស្ទះ មិនអាច​ឲ្យ​ពិភពលោក​ជួប​កំណើន​សេដ្ឋកិច្ច​ខ្លាំង និង​ថេរ ដូចដែល​គេ​ធ្លាប់​បាន​កំណត់ទុក កាលពី​ដើម​ឆ្នាំនេះទេ។ ចាប់តាំងពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ អឺរ៉ុប​នៅ​តែ​មិន​ងើបរួច​ពី​វិបត្តិ។ តាម​រដ្ឋមន្រ្តី​ហិរញ្ញត្ថុ​អាមេរិក ធនាគា​កណ្តាល​អឺរ៉ុប​តែម្នាក់ឯង មិន​អាច​ជួយ​ស្រោចស្រង់​កំណើន​សេដ្ឋកិច្ចរបស់​អឺរ៉ុប​ទាំងមូលទេ ប៉ុន្តែ ប្រទេស​សមាជិក​អឺរ៉ុប​ត្រូវ​តែចូលរួម​ឲ្យ​បាន​ច្រើន ក្នុងការធ្វើ​​កំណែទម្រង់​រចនាសម្ព័ន្ធ​ក្នុង​ស្រុក ​ចំណែក​សហភាព​អឺរ៉ុប​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​រឿង​ធ្វើ​នយោបាយ​រឹតត្បិត​ថវិកា​របស់​ប្រទេស​សមាជិក ព្រោះថា ​នយោបាយ​រឹតត្បិត​ថវិកា ខ្វះការវិនិយោគ និង​ការកាត់បន្ថយ​ចំណាយ​សាធារណៈ​ជា​ឧបសគ្គ​ចំបង​នៃ​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប។ គ្មាន​កំណើន​សេដ្ឋកិច្ច​របស់​អឺរ៉ុប នោះ គឺ​ពិភពលោក​ទាំងមូល ក៏​មិនអាច​ជួប​កំណើន​សេដ្ឋកិច្ច​បាន​ដែរ។

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​អះអាងកាលពីថ្ងៃ​សៅរ៍ នេះថា អាមេរិក​មិនអាច​ទូល រែកពន់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​តែម្នាក់​ឯងទេ ពោលគឺ​​ គេ​មិន​ត្រូវ​សង្ឃឹម​រង់ចាំ​ឲ្យ​តែ​អាមេរិកនាំ​កំណើន​សេដ្ឋកិច្ច​ឲ្យ​ពិភពលោកដែរ។ ផលិតផល​ក្នុង​ស្រុក​សរុប​របស់​អាមេរិក​បាន​កើនឡើង ​ថេរ ប្រមាណ ៣,៥​ភាគរយ​ក្នុង​មួយ​ឆ្នាំ។ អាមេរិក​បាន​បង្កើតការងារ​ធ្វើ​រាប់ម៉ឺន សម្រាប់​ប្រជាជន​របស់ខ្លួន។ ការងារ​ដែល​អាមេរិក​បាន​បង្កើត កន្លងមក មានចំនួន​ច្រើន បើប្រៀបធៀប​នឹង​ចំនួន​បូកបញ្ចូលគ្នា​រវាង​ការងារ​អឺរ៉ុប និង​ជប៉ុន។

អាមេរិក​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​តែមួយ​ដែល​អាច​រក្សា​កំណើនសេដ្ឋកិច្ច​បាន​ល្អ​ជាងគេ បើប្រៀបធៀបនឹង​អឺរ៉ុប ដែល​មាន​កំណើន​សេដ្ឋកិច្ច​មិន​ដល់​១​ភាគរយ ផង សម្រាប់​ឆ្នាំនេះ។ ប្រធានាធិបតី​អាមេរិក​បាន​លើកទឹកចិត្ត ឲ្យ​ប្រទេស​ចូលរួម នៅក្នុង​ជំនួប​កំពូល​G20 ចាត់វិធានការ​ជាក់ស្តែង ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល មិន​ថា ប្រទេស​ទាំងនោះ​ជា​ប្រទេស​អ្នកមាន ឬ​ប្រទេស​ទើបមាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មីនោះទេ។
 



៣ និយាយ​ពី​ប្រទេស​ទើបមាន​សេដ្ឋកិច្ច​រីកលូតលាស់ថ្មី ​ក្រុមប្រទេស​BRICS ដែលមាន​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្រ្វិកខាងត្បូង បាន​បង្ហាញ​ឆន្ទះ​ចង់​​បង្កើត​ឲ្យ​ចេញ​ធនាគារ​អភិវឌ្ឍន៍រួម​​នៅ​ឆ្នាំ ២០១៦

គឺ​នៅ​ក្រៅក្របខ័ណ្ឌ​ជំនួបកំពូល​ ដែល​ប្រទេស​ទាំង៥​របស់​BRICS បាន​បង្ហាញ​ពី​មហិច្ឆតា​ ចងសម្ព័ន្ធ​នឹង​គ្នា ដើម្បី​ធ្វើយ៉ាងម៉េច បង្កើត​ធនាគារ​អភិវឌ្ឍន៍​របស់​BRICS ឲ្យ​បាន​នៅឆ្នាំ ២០១៦​ខាងមុខ ។ ធនាគារ​អភិវឌ្ឍ​ន៍​កើតចេញ​ពី​កិច្ចព្រមព្រៀង របស់​ប្រទេស​BRICS កាលពី​ខែ​កក្កដា​កន្លងទៅ។ ធនាគារអភិវឌ្ឍន៍ ដែល​មាន​ទីតាំង នៅ​ទីក្រុង​សៀងហៃ និង​មាន​ទឹកប្រាក់​បម្រុង ៥០​ពាន់​លាន​ដុល្លារ​​មាន​នយោបាយ​ផ្តល់​ជំនួយ កម្ចី​សម្រាប់​ការវិនិយោគ​លើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ​គេ​មើលឃើញថា​​ស្ថាប័ន​ហិរញ្ញវត្ថុមួយនេះ នឹង​ដើរ​ជា​គូរប្រជែង​ដោយចេញមុខ ជាមួយ​​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ដែល​រហូតមកដល់​ពេលនេះ កាន់កាប់​ដោយ​អាមេរិក និង​សហភាព​អឺរ៉ុប។

នៅក្នុង​ជំនួប​ជាមួយ​ប្រមុខ​ដឹកនាំ​ចិន រុស្ស៊ី ឥណ្ឌា និង​អាហ្វ្រិកខាងត្បូង លោកស្រី​ប្រធានាធិបតី​ប្រេស៊ីល​បាន​និយាយ​មិនលាក់លៀមថា គេ​បង្កើតធនាគារ​អភិវឌ្ឍន៍​ BRICS ក្នុង​ទិសដៅ​បង្កើន​តួនាទី​ឲ្យ​កាន់តែ​សំខាន់​របស់​ប្រទេស BRICS​ នៅក្នុង​ការសម្រេចចិត្ត​អន្តរជាតិ ដែល​រហូតមកដល់ពេលនេះ ត្រូវ​ក្តោបក្តាប់​ គ្រប់គ្រង​តែ​ដោយ​ប្រទេស​លោក​ខាងលិច។

នាយករដ្ឋមន្រ្តី​ឥណ្ឌា​វិញ​បាន​បញ្ជាក់ដែរថា ឥណ្ឌា​បាន​ត្រៀមរួចហើយ បេក្ខជន​សម្រាប់​ប្រជែង​យក​តំណែង​ប្រធានធនាគារ BRICS។  

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ