G៧៖ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងសង្គ្រាមពាណិជ្ជកម្ម នៅតែជាសំណុំរឿងក្តៅ សម្រាប់ថ្ងៃចុងក្រោយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៣៣
ថ្ងៃចន្ទទី២៦សីហានេះ ជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃជំនួបកំពូល G៧ ក្នុងប្រទេសបារាំង។ កិច្ចការពារសមុទ្រ ជាប្រធានបទនៃជំនួប G៧សម្រាប់ថ្ងៃចុងក្រោយ តែស្របពេលគ្នានេះ សំណុំរឿងសង្រ្គាមពាណិជ្ជកម្ម និងបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយនឹងវត្តមានគួរឲ្យភ្ញាក់ផ្អើលរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ នៅបន្តជាបច្ចុប្បន្នភាព។ ដូច្នេះ តើសំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ អាចនឹងរកផ្លូវដោះស្រាយចេញដែរឬទេ? ហើយថាតើសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក អាចនឹងវិលទៅរកភាពធូរស្រាលបន្តិចវិញ ឬយ៉ាងណា?
តើបីថ្ងៃមកនេះ ជំនួបកំពូល G៧ មានលទ្ធផលសាច់ការអ្វីខ្លះ?
ការបូកសរុបលទ្ធផលជាផ្លូវការចេញពីមាត់របស់ប្រធានាធិបតីបារាំង អេម៉ាណុយអែល ម៉ាក្រុង គឺត្រូវធ្វើឡើងនៅក្នុងសន្និសីទកាសែត ប្រហែលនៅម៉ោង៣កន្លះរសៀល ម៉ោងនៅស្រុកបារាំង ហើយប្រមុខរដ្ឋបារាំង នឹងត្រូវចូលនិយាយពីលទ្ធផលជាបន្តទៀត នៅក្នុងទូរទស្សន៍បារាំង នៅយប់នេះ។
បីថ្ងៃមកនេះ គឺគេអាចវាយតម្លៃត្រួសៗបានពីការពិភាក្សា ដែលក្នុងនោះរួមមានការលើកឡើងពី សង្គ្រាមពាណិជ្ជកម្ម, ការបញ្ចូលរុស្ស៊ីមកក្នុងក្រុមប្រទេសសេដ្ឋកិច្ចនាំមុខវិញ តែទៅមិនទាន់អាចទៅរួចទេ, ការប្រឆាំងភេរវកម្មនៅអាហ្វ្រិក, រឿងភ្លើងឆេះព្រៃនៅតំបន់អាម៉ាហ្សូន និងបញ្ហាបរិស្ថានអាកាសធាតុ ជាដើម។
ចំពោះរឿងភ្លើងឆេះព្រៃនៅតំបន់អាម៉ាហ្សូន នៅប្រេស៊ីល គឺជារឿងក្តៅដែលបានជះផ្សែងទៅដល់កិច្ចប្រជុំ ស្រុកបារាំង តាំងពីថ្ងៃដំបូងមកម្ល៉េះ។ ហើយទៅទីបំផុតទៅ រដ្ឋាភិបាលអង់គ្លេស បានសម្រេចសន្យាផ្តល់ជំនួយទឹកប្រាក់ចំនួន ១០ លានលីវ្រ គឺស្មើនឹងជាង ១១ លានអឺរ៉ុប សម្រាប់ជួយគម្រោងដាំដើមឈើឡើងវិញ នៅតំបន់ព្រៃអាម៉ាហ្សូន ។
សម្រាប់ថ្ងៃចុងក្រោយនៃកិច្ចប្រជុំ តាមរបៀបវារៈ គឺប្រធានបទស្តីពីបរិស្ថានសមុទ្ទ ជារឿងធំ ដែលត្រូវជជែកគ្នា។ មានអង្គការខាងបរិស្ថានធំៗ ជាង៥០ បែបយ៉ាង អង្គការមូលនិធិ Surfrider Foundation Europe បានសរសេរញត្តិសុំអង្វរថ្នាក់ដឹកនាំ G7 ឱ្យសង្គ្រោះសមុទ្ទ។ ពីព្រោះថា បញ្ហាប្លាស្ទិក បានកើនឡើងក្នុងសមុទ្រ ស្ទើរតែគុណនឹង២០០ដង បើធៀបក្នុងរយៈពេល៧០ឆ្នាំចុងក្រោយនេះ។ ការនេសាទក្នុងសមុទ្រដ៏ជ្រុលហួសហេតុ ក៏ជាការបំផ្លាញបរិស្ថានសមុទ្រយ៉ាងខ្លាំងណាស់។ ជារួម បរិស្ថានសមុទ្ទកំពុងតែត្រូវរងគ្រោះខ្លាំងបំផុត ខ្លាំងជាងពេលណាៗទាំងអស់។ ការបំពុលទឹកសមុទ្រ ជារឿងដែលគេមិនត្រូវធ្វេសប្រហែសនោះឡើយ។
ក្រៅពីនេះ សំណុំរឿងអន្តរជាតិធំៗ គឺត្រូវគេលើកទៅជជែកស្ទើរអស់ហើយ ទោះបីក្រៅផ្លូវការឬក្នុងរបៀបវារៈក្តី ក៏ប៉ុន្តែ បើពិនិត្យឲ្យលម្អិតមែនទែនទៅ ជំបួនថ្នាក់ដឹកនាំG7 នៅប្រទេសបារាំង ៣ថ្ងៃមកនេះ គឺហាក់ដូចជាត្រូវគ្របដណ្តប់ដោយសំណុំរឿងអ៊ីរ៉ង់ច្រើនជាងគេ។
សំណុំរឿងអ៊ីរ៉ង់ អាមេរិកហាក់ដូចជាបានបន្ទន់ជំហរបន្តិចវិញហើយ ប៉ុន្តែ លោក ដូណាល់ ត្រាំ នៅតែមិនទាន់ចង់ជួបភាគីអ៊ីរ៉ង់នៅឡើយ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទន់ជំហរបន្តិច ពីព្រោះលោក ត្រាំ ខ្លួនឯង បានលើកឡើងថា ថ្នាក់ដឹកនាំ G7 ទាំងអស់ បានជជែកគ្នាពីរឿងអ៊ឺរ៉ង់ នៅថ្ងៃចន្ទនេះ ដែលពីមុនដំបូងទី លោកបដិសេធថាលោកមិនបាននិយាយរឿងនេះ។ ទីនៅបំផុត លោក ដូណាល់ ត្រាំ លាតត្រដាងថា លោកបានដឹងទាំងអស់ពីរឿងអ៊ឺរ៉ង់ ហើយលោកបានដឹងដែរថា ប្រមុខការទូតអ៊ឺរ៉ង់នឹងមានវត្តមាន នៅកិច្ចប្រជុំ G7 ដែលបារាំងអញ្ជើញមក ហើយលោក ត្រាំ ខ្លួនឯង ក៏យល់ព្រមអ៊ីចឹងដែរ។
មួយវិញទៀត លោក ដូណាល់ ត្រាំ បានប្រកាសថា ថ្នាក់ដឹកនាំ G7 យល់ព្រមមូរមាត់រួមគ្នាជាធ្លុងមួយ ហើយយល់ស្របឯកភាព ថា អ៊ីរ៉ង់ គឺមិនត្រូវមានអាវុធនុយក្លេអ៊ែរនោះឡើយ។ ត្រង់ចំណុចនេះ ពីមុនមក លោកត្រាំ ធ្លាប់បានគំរាមវាយប្រហារ និងចង់ផ្លាស់ប្តូររបបដឹកនាំអ៊ីរ៉ង់ផង។ ពេលនេះ លោក ត្រាំ ដូរចិត្ត និងចង់ត្រឹមតែឱ្យ «អ៊ីរ៉ង់គ្មាននុយក្លេអ៊ែរ»។
បើតាមការឱ្យដឹងពីលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel, សម្រាប់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ «ផ្លូវទៅរកដំណោះស្រាយសម្រាប់សំណុំរឿងអ៊ីរ៉ង់ គឺនៅមានវែងឆ្ងាយតទៅទៀត»។
ពីម្ខាងទៀត គេសង្កេតឃើញថា បារាំង តាមរយៈលោក ម៉ាក្រុង គឺហាក់ដូចជាអ្នកដើរតួស្ទុះស្ទារជាងគេ។លោក ម៉ាក្រុង ជាអ្នករៀបចំឈុតឆាកទាំងអស់ ដើម្បីឱ្យអ៊ីរ៉ង់ជួបជជែកអាមេរិក។ ទន្ទឹមនេះ លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rohani ដែលកំពុងនៅក្នុងប្រទេសឯណោះ បានបោះសម្តីតាមទូរទស្សន៍ថា «បើជាមានជំនួបណាមួយ ដែលអាចនាំមកនូវប្រយោជន៍ជាតិ លោករីករាយនឹងចូលរួមជានិច្ច»។ប៉ុន្តែ សម្រាប់លោក ដូណាល់ ត្រាំ ការជួបគ្នាជារួមអ៊ីរ៉ង់ គឺវាដូចជាឆាប់ពេកហើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ដែលមកដល់កន្លែងប្រជុំ ក៏គួរឲ្យភ្ញាក់ផ្អើល ក៏បានស្នើសុំជួបលោក ត្រាំ ដែរ ប៉ុន្តែ ត្រូវលោក ដូណាល់ ត្រាំ បដិសេធ។
បើទោះបីជា លទ្ធផលមិនទាន់បានជួបគ្នាមែន តែបើតាមអធិការបតីអាល្លឺម៉ង់ Angela Merkel, ការចរចារឿងនុយក្លេអ៊ែរ អាចនឹងនៅតែមាន តែសន្ទុះយឺតៗ។ តែនេះ គឺជាជំហានទៅមុខមួយហើយ។
អាមេរិករបស់លោក ដូណាល់ ត្រាំ មិនទាន់ចង់ជួបអ៊ីរ៉ង់ទេ ប៉ុន្តែ លោក ត្រាំ ចង់ជួប ចិន ដើម្បីចរចាគ្នា ដោះស្រាយវិបត្តិសង្គ្រាមពាណិជ្ជកម្ម។
រឿងនេះ ជាភ្ញាក់ផ្អើលខ្លាំងមែនសោភណ! លោកប្រធានាធិបតីអាមេរិកនៅថ្ងៃនេះ បានប្រកាសបោះដៃឱ្យចិននិងថាចង់ជួបជជែកគ្នា ឆាប់ៗ។ លោក ដូណាល់ ត្រាំ ប្រកាសប្រាប់អ្នកកាសែតនៅកិច្ចប្រជុំ G7 ថា «ថ្នាក់ដឹកនាំចិន ពីយប់ម្សិលមិលនេះ បានហៅទូរសព្ទទៅរូបលោក» ហើយលោកត្រាំបញ្ជាក់ថា«សន្ទនាគ្នាតាមទូរសព្ទនេះ គឺប្រព្រឹត្តទៅយ៉ាងល្អណាស់»។ បើតាមលោកប្រធានាធិបតីអាមេរិក, ចិនចង់ធ្វើកិច្ចព្រមព្រៀមជាមួយអាមេរិក។
ពីចំណែកចិនវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន ថាដូចជាគ្មានទទួលដំណឹងដូចដែលលោក ដូណាល់ ត្រាំ និយាយសោះ។ ប៉ុន្តែផ្ទុយទៅវិញ អនុនាយករដ្ឋមន្ត្រីចិន លោក លីវ ហឺក (Liu He) ដែលទទួលបន្ទុកការចរចារបស់ចិន ឱ្យអ្នកកាសែតដឹងថា «ក្រុងប៉េកាំង ត្រៀមខ្លួនរួចហើយ ដើម្បីសម្រាលទម្ងន់នៃជម្លោះពាណិជ្ជកម្ម តាមរយៈផ្លូវការទូត និងតាមកិច្ចសហការគ្នា»។
ទោះយ៉ាងណាក្តី ភាគីទាំងពីរ មិនបានបញ្ជាក់កាលបរិច្ឆេទថា ជំនួបរវាងអាមេរិកនិងចិន អាចនឹងត្រូវធ្វើឡើងពេលណាទេ តែលោក ដូណាល់ ត្រាំ និយាយថា «ឆាប់ៗខាងមុខនេះ»៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ