អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រឿងអ៊ីរ៉ង់ និងបញ្ហារុស្ស៊ី ​ជា​សំណុំរឿងក្តៅគគុក ចំពោះ​វេទិកា​កំពូល ​G7

ចុះផ្សាយ​នៅ​ថ្ងៃ៖

វេទិកាកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខទាំង៧ ហៅកាត់ថា G7 បានបើកទ្វារ ពីថ្ងៃសៅរ៍​ទី​២៤សីហា​ នៅឯក្រុងប្យ៉ារីត្ស ភាគនិរតីប្រទេសបារាំង។ កិច្ចប្រជុំ​នេះ គឺពោរពេញ​ដោយ​កម្តៅ​​នៃ​ប្រធានបទអន្តរជាតិ​ធំៗ ក៏ប៉ុន្តែ​ នៅ​ជុំវិញ​ក្រុង​ប្យ៉ារីត្យ ក៏​ត្រូវ​ហ៊ុំព័ទ្ធ​​ដោយ​បាតុកម្ម​ប្រឆាំង​ ដោយ​មាន​ការ​ចូលរួម​ពីមនុស្ស​រាប់​រយនាក់​ដែរ។ អ្នក​បាតុកម្ម​​ប្រឆាំង​កិច្ចប្រឆាំង​ប្រជុំកំពូល​នេះ បាន​ស្រែកតវ៉ានិងលើកបដា​ទាមទារ ឱ្យ​ថ្នាក់​ដឹកនាំ​ពិភពលោក គិតគូរពី«​បរិស្ថាននិងភពផែន​ដី​ ព្រមទាំង​យុត្តិធម៌​សង្គម»។​ ដើម្បី​ថែរក្សា​សុវត្ថិភាព​និង​សណ្តាប់ធ្នាប់,​ ប៉ូលីស​បារាំង ​បាន​កោះហៅនិងឃាត់​​មនុស្ស​ ប្រមាណ​ជិត​៧០នាក់ ដែល​សង្ស័យថា​អាច​មាន​សញ្ញាណ​ប្រព្រឹត្តហិង្សា ហើយ​ក្នុង​នោះ​ មាន​៣៨នាក់​ត្រូវនគរបាល​​ដាក់​ឱ្យ​ស្ថិត​នៅ​ក្នុង​ការ​ឃ្លាំមើល។ ការ​ប៉ះទង្គិចគ្នា​​រវាង​ប៉ូលីស​បារាំង​និង​បាតុករ​ គឺ​មិន​បង្ក​របួស​ធំដុំ​ទេ គ្រាន់តែ​ប៉ូលីស​បា​នបាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​បំបែក​ក្រុម​អ្នក​តវ៉ាប៉ុណ្ណោះ​។​

ជំនួប​កំពូល​ G7
ជំនួប​កំពូល​ G7 Andrew Harnik/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

​ថ្ងៃ​អាទិត្យទី២៥សីហា ការ​ប្រមូលផ្តុំ​គ្នារបស់​ក្រុមបាតុករ​​ប្រឆាំង​ នៅតែមាន ហើយ​កិច្ច​ប្រជុំ​កំពូលG7 ​ក៏​នៅ​កំពុងតែ​បន្ត។ ប្រធាន​បទ​ធំៗ​​ដែល​គេ​ជជែក​គ្នា​ខ្លាំង គឺ​រឿង​វិបត្តិ​នុយក្លេអ៊ែរអ៊ីរ៉ង់ និង​ការ​បញ្ចូល​រុស្ស៊ី​មកក្នុង​ក្រុម​ប្រទេស​នាំមុខ​គេ​វិញ។​ តើវិបត្តិ​នុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវ​ធ្វើ​ដូចម្តេច? ហើយតើរុស្ស៊ី​អាច​វិល​ត្រឡប់​ចូល​ក្រុម​ប្រទេស​សេដ្ឋកិច្ចនាំមុខ​គេ​វិញដែរឬទេ? ហើយ​ចំណែក​អង់គ្លេសវិញ តើ​អង់គ្លេស​និង​បន្ត​ពាណិជ្ជកម្ម​យ៉ាងណា​ជាមួយ​អាមេរិក ក្រោយ​ចាកចេញពី​សហគមអឺរ៉ុប?

ថ្ងៃបើក​ជំនួប​កំពូល​ដំបូង គេ​និយាយ​គ្នា​ច្រើន​ពី វិបត្តិសង្រ្គាមពាណិជ្ជម្ម ហើយ​និង បញ្ហាអាកាសធាតុ ភ្លើង​ឆេះព្រៃ​នៅ​តំបន់​អាម៉ាហ្សូន ប្រទេស​ប្រេស៊ីល​​​​ៅរ៍​ព្រៃ​នៅ​តំបន់​អាម៉ាហ្សូន។ នៅថ្ងៃនេះ សំណុំរឿង​ក្តៅគគុកនោះគឺ​ាយ​គ្នា​ច្រើន​ពី ​បញ្ចូល​រុស្ស៊ី​មកក្នុង​ក្រុម​ប្រទេស​នាំមុ។នៅថ្ងៃអាទិ​ត្យ ជាថ្ងៃទីពី​រនៃការប្រជុំនេះ សំណុំរឿង​ក្តៅ​គគុក ដែល​ថ្នាក់ដឹកនាំ នៃក្រុមប្រទេស​សេដ្ឋកិច្ច​នាំមុខ G7 លើកមកនិយាយពិភាក្សាគ្នា នោះ គឺ​សំណុំរឿងនុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បញ្ហា​ទំនាក់ទំនងជាមួយរុស្ស៊ី ក្រៅពីនេះ ក៏​មា​នជំនួប​ក្រៅ​ផ្លូវការ​និង​ការ​ជជែក​ដោយ​ឡែកៗផងដែរ​ ស្តីពី ​​អនាគតពាណិជ្ជអង់គ្លេសក្រោយលែងលះពីសហភាពអឺរ៉ុប ការប្រឆាំង​ភេរវកម្មនៅតំបន់អាហ្វ្រិក ហើយនិងក៏​មាន​ការ​លើកឡើង​ពីការ​ជួយ​ស្តារ​អភិវឌ្ឍ​អាហ្វ្រិក ព្រមទាំង​ការ​លើកកម្ពស់​សហគ្រិន​នារី​អាហ្វ្រិក​។

តើវិបត្តិ​នុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវ​ធ្វើ​ដូចម្តេច?

បើតាម​ប្រភព​ពី​អ្ន​កការទូត​ដែល​សុំ​លាក់​ឈ្មោះ គឺថា​ ថ្នាក់ដឹកនាំ​នៃក្រុមប្រទេស សេដ្ឋកិច្ចនាំមុខG7 បាន​យល់ព្រមគ្នា ស្នើសុំឱ្យ​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយ​អែល ម៉ាក្រុង ដើរតួអ្នក​នាំសារ ​ដើម្បី​ចរចា​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង។ គោលបំណង​​ក្នុងការ​ចរចារវាង​បារាំង​និង​អ៊ីរ៉ង នៅពេល​ខាងមុខនោះ​ គឺត្រូវ​ធ្វើ​យ៉ាងណា ជៀសវាង​ឱ្យ​បាន កុំ​ឱ្យ​អ៊ីរ៉ង​អភិវឌ្ឍ​គម្រោង​ផលិត​អាវុធ​នុយក្លេអ៊ែរ ហើយ​ដើម្បី​បន្ថយ​ស្ថានការណ៍​ដែល​កំពុងតែ​តាន់​តឹង​នៅក្នុង​តំបន់ និងពិភពលោក។ ការ​សម្រេចនេះ​ធ្លាយ​ចេញ​ពី​ប្រភព​​ការទូត​ ​ ក៏ប៉ុន្តែផ្ទុយទៅវិញ​ លោក ដូណាល់ ត្រាំ ស្រាប់តែ​និយាយ​ប្រាប់អ្ន​កកាសែតថា «លោកមិនបាន​ជជែក​ពីរឿងនេះទៅវិញ»។ ភ្លាមៗ អ៊ីរ៉ងប្រតិកម្មវិញថា «បើ​ក្រុម​ប្រទេស​ G7 និយាយ​មិន​ចុះ​សម្រុង​គ្នា មិនមូរមាត់​តែមួយ​ទេ មិន​បាច់​មក​និយាយ​ជាមួយអ៊ីរ៉ង់ទេ។ ដូច្នេះ ម្នាក់ៗ​ធ្វើការ​តែរៀងៗខ្លួន​ទៅ»។​

សូម​រម្លឹកថា កិច្ចព្រមព្រៀង​ស្តីពី​ការលុប​បំបាត់​គម្រោងអភិវឌ្ឍ​​នុយក្លេអ៊ែរ​អ៊ីរ៉ង​ គឺត្រូវចុះ​ហត្ថលេខាពីប្រទេស​ធំៗ​ជាច្រើន​ គឺមាន អ៊ីរ៉ងខ្លួន​ឯង​ អាមេរិក ចិន រុស្ស៊ី​ បារាំង អង់គ្លេស និង​អាល្លឺម៉ង់។ ក៏ប៉ុន្តែអាមេរិក​របស់​លោក ដូណាល់ ត្រាំ បា​នសម្រេច​ដក​ខ្លួនជា​ឯកតោភាគី ហើយ​រឿងនេះ បាន​បង្ក​ជាជម្លោះ​មើល​មុខ​គ្នា​មិន​ចំ រវាង​អ៊ីរ៉ង​និង​អាមេរិក ព្រមទាំង​បង្ក​ជា​វិបត្តិ​យ៉ាង​តានតឹង​នៅក្នុង​តំបន់។​

តើ​​រុស្ស៊ីអាច​ត្រឡប់​ចូល​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​នាំមុខ​ G8 វិញទេ?

រុស្ស៊ី ត្រូវ​គេដកចេញ ឬក៏​​អាចថា ត្រូវ​គេ​ដេញ​ចេញផង ​ពី​ក្រុមប្រទេស G8 ដោយសារតែ​ រុស្ស៊ី របស់​លោក វ្លាឌីមៀរ ពូទីន​ បាន​ចូល​ឈ្លានពានកាន់​កាប់​យកតំបន់​គ្រីមេ របស់​អ៊ុយក្រែន កាលពីឆ្នាំ២០១៤។

នៅពេល​នេះ ថ្នាក់ដឹកនាំ​ G7 និយាយ​​ឯកភាព​យល់​ព្រម​ថា ត្រូវ​បើ​កការជជែក​គ្នាឡើងវិញ ជាមួយ​រុស្ស៊ី ដែល​កិច្ចជំនួប​នៅពេល​ខាងមុខនេះ គឺ​អាច​មានភាគី​​ បារាំង អាល្លឺម៉ង រុស្ស៊ី និង​អ៊ុយក្រែន​។ កិច្ចប្រជុំនោះ គឺនៅ​ក្នុង​ក្រុង​ប៉ារីស ហើយត្រូវ​រក​ផ្លូវ​យ៉ាងណា នាំមកនូវ​សន្តិភាព សម្រាប់​ព្រំដែនអ៊ុយ​ក្រែន​និង​រុស្ស៊ី និង​ពន្លឿន​សន្តិភាពសម្រាប់​​តំបន់​គ្រីមេ។ ថ្នាក់ដឹកនាំ G7 ថា​អាចឲ្យ​បើកការ​ជជែកបានជាមួយ​រុស្ស៊ីមែន​ ក៏ប៉ុន្តែ​ ចំពោះការ​ឱ្យរុស្ស៊ី​ចូលក្រុម G7 ក្លាយជា G8 នោះ គឺមិនទាន់ទេ! ការ​គិត​បែប​នេះ គឺហាក់​ដូច​ជា​លឿន​ឆាប់​រហ័ស​ពេក​ហើយ​។

នៅក្នុង​ខណៈ​ពេ​លនេះ ប្រទេស​អាល្លឺម៉ង អង់គ្លេស និង​កាណាដា គឺ​បាន​ច្រានចោល​គំនិត​ដែល​ចង់​ឲ្យ​រុស្ស៊ី​ចូល​ក្នុង​ក្រុម​វិញ។ ចំណែក​បារាំង​វិញ លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង យល់ថា បើ​ឱ្យ​រុស្ស៊ី​ចូល​មកវិញ ដោយ​ងាយៗស្រួលៗ ដោយ​​គ្មាន​លក្ខខណ្ឌ​ គឺ​ហាក់ដូច​ជា«​កំហុស​យុទ្ធសាស្ត្រ» ហើយ​ហាក់​ដូច​ជាទម្រង់​នៃ​«និទ្ទណ្ឌភាព​» ដូច្នោះដែរ។ ក៏ប៉ុន្តែ ចំពោះ​ប្រធានាធិបតីបារាំង ការ​រកដំណោះស្រាយ​ឱ្យ​វិបត្តិ​អ៊ុយក្រែន គឺជារឿង​ចាំបាច់។

ទោះយ៉ាងណាក្តី​​ អាមេរិក​របស់​លោក ដូណាល់ ត្រាំ​ ហាក់​ដូច​ជា​សម្តែង​ចេតនា​ចង់​ឱ្យ​រុស្ស៊ី​ចូល​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ជឿន​លឿន​វិញ ប៉ុន្តែលោក​​មិន​និយាយ​ឲ្យ​ចំនោះទេ។ លោក ត្រាំ គ្រាន់តែ​ថា«​ថ្នាក់ដឹកនាំ​ទាំងអស់ បាន​និយាយ​ពី​លោកពូទីន និយាយ​ពី​រុស្ស៊ី ហើយ​ជជែក​សំណុំ​រឿង​នេះ​គឺ​ដំណើរ​ការ​ទៅ​រលូន​​ល្អ​»។​

អាមេរិក​និង​អង់គ្លេស​នឹង​សហការ​រកស៊ី​ឱ្យ​កាន់តែ​ខ្លាំង​ក្លា​

ចំពោះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​អាមេរិ​កនិង​អង់គ្លេសនេះ ​ជារឿង​នៅ​ក្រៅ​អង្គ​ប្រជុំ ហើយ​​ជំនួប​ដាច់​ដោយឡែក​តែពីរនាក់​ រវាង​លោក ដូណាល់ ត្រាំ និង​លោក Boris Jonhson។ លោ​ក​​ប្រមុខ​រដ្ឋអាមេរិក​ ដូណាល់ ត្រាំ បា​នថ្លែង​សរសើ​រជាថ្មី​ចំពោះ​​នាយករដ្ឋមន្ត្រីអង់គ្លេសថា «លោក Boris Jonhson គឺជាមនុស្ស​ដែល​សាកសម​សម្រាប់​មុខ​តំណែងកិច្ចការ​​នេះ ហើយ​អាមេរិក​នឹង​ចុះ​កិច្ចព្រមព្រៀម​ពាណិជ្ជកម្ម​យ៉ាង​សម្បើម​អស្ចារ្យ យ៉ាងឆាប់​រហ័ស និងយ៉ាង​​ល្អប្រសើរមិន​ធ្លាប់​មាន​ ​ជាមួយ​អង់គ្លេស នៅពេល​ដែល​អង់គ្លេស​លែងលះ​ដាច់​ស្រេចពី​​សហភាព​អឺរ៉ុប»។​

ពីចំណែក​ខ្លួន លោក Boris Jonhson ​នាយករដ្ឋមន្ត្រីអង់គ្លេស ក៏​អះអាងដែរថា អង់គ្លេស​នឹង​ធ្វើកិច្ចព្រមព្រៀម​​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​ជាមួយ​អាមេរិក នៅពេល​ដែល​ឆ្លងផុត​ឧបសគ្គ​រាំង​ស្ទះ​ទាំងឡាយ។ អង់គ្លេស គឺត្រូវការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ដោយ​ខាន​មិនបាន និងដោយ​ចៀសមិនផុត ពីព្រោះថា ដើម្បី​ទប់​ទល់​ ប៉ះប៉ូវ​ការ​ខាតបង់​ទាំងឡាយ ​នៅពេលដែល​​ដើរ​ចេញ​ពី​សហភាពអឺរ៉ុប៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ