អានតួអត្ថបទ
កូតឌីវ័រ

កងកម្លាំង​របស់​លោក​បាក់បូ​រុល​ទៅជិត​ដល់​ការិយាល័យ​របស់​លោក​វ៉ាត់តារ៉ា

រហូតមកទល់ពេលនេះ ទីក្រុង​អាប៊ីដហ្សង់ របស់​កូតឌីវ័រ បន្ត​នៅ​ជា​សមរភូមិ​ដ៏​ក្តៅ​គគុក​រវាង​កងកម្លាំង​របស់​លោក​​​បាក់បូ ប្រធានាធិបតី​ផុតអាណត្តិ​ និង​ទាហាន​របស់​លោក​វ៉ាត់តារ៉ា ប្រធានាធិបតី​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។ កាល​ពី​យប់​ថ្ងៃ​សុក្រ និវេសនដ្ឋាន​របស់​ឯកអគ្គរដ្ឋ​ទូត​បារាំង​ត្រូវ​ទទួល​រងការ​វាយប្រហារ​ជាលើក​ទីពីរ។ ក្នុង​ពេល​​ជាមួយគ្នា​នេះ ​ប្រតិបត្តិការ​ជម្លៀស​មន្រ្តី​ទូត​បរទេស​កំពុង​តែ​បន្ត​ធ្វើ។ នៅថ្ងៃ​សៅរ៍នេះ កងកម្លាំង​របស់​លោកបាក់បូ បាន​​វាយបក​រុញច្រាន​ទាហាន​របស់​លោកវ៉ាត់តារ៉ា ហើយ​ដណ្តើម​​កាន់កាប់​ទីតាំង​បាន​កាន់តែ​ធំឡើង​ថែមទៀត ។

ទាហាន​របស់​លោក​វ៉ាត់តារ៉ា នៅ​មុខ​សណ្ឋាគារ Golf ដែល​ជា​ការិយាល័យ​​​បណ្តោះ​អាសន្ន​របស់​ប្រធានាធិបតី
ទាហាន​របស់​លោក​វ៉ាត់តារ៉ា នៅ​មុខ​សណ្ឋាគារ Golf ដែល​ជា​ការិយាល័យ​​​បណ្តោះ​អាសន្ន​របស់​ប្រធានាធិបតី ©AFP
ផ្សាយពាណិជ្ជកម្ម

02:06

សេចក្តីរាយការណ៍​របស់ សេង ឌីណា

ក្រោយ​ពី​បរាជ័យ​ក្នុង​ការ​ចូលចាប់ខ្លួន​លោក​បាក់បូ ដែល​កំពុង​ពួន​ក្នុង​ផ្ទះ លោក​វ៉ាត់តារ៉ា​បាន​ប្រកាស កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​ ​ថា ​នឹង​ឲ្យ​កងកម្លាំង​របស់​លោក​ឡោម​ព័ទ្ធ ខ្ទប់​ដង្ហើម​លោក​បាក់បូ នៅ​ក្នុង​ផ្ទះ​។ ក៏ប៉ុន្តែ នៅថ្ងៃ​សៅរ៍​នេះ គឺ​កងកម្លាំង​របស់​លោកបាក់បូ​ទៅវិញ ដែល​ជា​អ្នក​​រុញច្រាន​ទាហាន​របស់​លោកវ៉ាត់តារ៉ា ហើយ​ពង្រីក​ទីតាំង​ដែល​ពួក​គេកាន់កាប់។

លោក​អាឡាំង ឡឺរ័រ (Alain Le Roy) អគ្គលេខាធិការ​រង​អ.ស.ប. ទទួលបន្ទុក​បេសកកម្ម​រក្សា​សន្តិភាព ​​បាន​ឲ្យដឹង​ថា នៅថ្ងៃ​សៅរ៍នេះ កងកម្លាំង​របស់​លោក​បាក់បូ​បាន​កាន់កាប់​ទាំងស្រុង​ នូវ​សង្កាត់​ចំនួន​ពីរ នៅ​អាប៊ីដហ្សង់ ហើយ​បាន​​រុលចូល​មក​នៅ​ត្រឹមតែ​១គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​សណ្ឋាគារ Golf ដែល​ជា​ការិយាល័យ​បណ្តោះអាសន្ន​របស់​លោកវ៉ាត់តារ៉ា។ លោក​ឡឺរ័រ​បាន​បន្ថែម​ថា លោក​បាក់បូ​បាន​ប្រើ​ល្បិច​សុំ​ចរចា កាល​ពីថ្ងៃ​អង្គារ ដើម្បី​ពន្យារពេល​ពង្រឹង​កងកម្លាំង ហើយថា ទាហាន​របស់​លោក​បាក់បូ​​នៅតែ​បន្ត​ប្រើ​គ្រឿង​សព្វាវុធ​ធុនធ្ងន់ រួមមាន រថក្រោះ រថពាសដែក និង​មីស៊ីល​ប្រភេទ M-21។

យោងតាម​មន្រ្តី​ស្ថានទូតបារាំង​ប្រចាំ​ទីក្រុង​អាប៊ីដហ្សង់ កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ម្សិលមិញនេះ កាំភ្លើងធំ​ពីរ​គ្រាប់​ត្រូវបាន​បាញ់​ពី​ទីតាំង​របស់​លោកបាក់បូ តម្រង់​មក​​និវេសនដ្ឋាន​ឯកអគ្គរដ្ឋទូត​បារាំង។ ក៏ប៉ុន្តែ អ្នក​នាំពាក្យ​របស់​លោក​បាក់​បូ​បាន​បដិសេធ​ថា កងកម្លាំង​របស់​លោក​មិនបាន​បាញ់​ប្រហារ​ទៅលើ​អគារ​របស់​បារាំង ដូចការ​ចោទប្រកាន់​នេះ​ទេ។

គួរ​រំឭក​ថា កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ស្ថានឯកអគ្គរាជទូត​ជប៉ុន​ក៏​ត្រូវ​ទទួលរងការ​​រំលោភបំពាន​ពីសំណាក់​​កងកម្លាំង​របស់​លោក​បាក់បូ​​ដែរ។ ពួក​គេ​បាន​សម្រុក​ចូល​ទៅ​ក្នុង​ ​ស្ថាន​ទូត ហើយ​បាន​យក​​កាំភ្លើង​ធំ​ទៅ​ដំឡើង​នៅលើ​ដំបូល​អគារ​ស្ថានទូត។ ក៏ប៉ុន្តែ ឯកអគ្គរាជទូត​ជប៉ុន ត្រូវ​បាន​កងកុម្ម៉ង់ដូ​បារាំង​ចូល​ទៅ​ជួយ​រំដោះ​ចេញ​ពី​ស្ថានទូត យក​ទៅ​ស្នាក់នៅ​ក្នុង​បន្ទាយ​យោធា​បារាំង។

មន្រ្តី​អ.ស.ប.​បាន​ឲ្យ​ដឹង​ថា រហូតមកទល់​ពេលនេះ មាន​ប្រទេស​ចំនួន ២៣ បាន​ស្នើសុំ​ឲ្យ​កងកម្លាំង​អ.ស.ប.​ជួយ​ជម្លៀស​មន្រ្តី​ទូត​របស់​ខ្លួន​ចេញ​ទៅ​រក​កន្លែង​​មានសុវត្ថិភាព។ នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​​នេះ កងទ័ព​បារាំង និង​កងកម្លាំង​មួកខៀវ​ បាន​ចូល​ទៅ​ជម្លៀស​មន្រ្តី​ទូត​ ចេញ​ពី​ស្ថានទូត​ចំនួន ៤ទៀត គឺ​ស្ថានទូត​ឥណ្ឌា កូរ៉េ​ខាង​ត្បូង អ៊ីស្រាអែល និង​អាហ្វ្រិក​ខាង​ត្បូង។ មន្រ្តី​ទូត​អាមេរិក អាល្លឺម៉ង់ និង​ប្រេស៊ីល ក៏កំពុង​​តែ​រង់ចាំ​​ជំនួយ ដើម្បី​ជម្លៀស​ខ្លួន​ចេញ​ពី​ស្ថានទូត ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ