អានតួអត្ថបទ
វិបត្តិសេដ្ឋកិច្ច​

បាតុកម្ម​ប្រឆាំង​វិធានការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​នៅ​ប្រទេស​ក្រិក​និង​នៅ​អេស្ប៉ាញ​

បាតុករ​ប្រមាណ​៥ម៉ឺននាក់​នៅ​ទូទាំង​ប្រទេស​ក្រិក​បើ​យោងតាម​នគរបាល​បាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃពុធ​ម្សិលមិញ​ ​ ដើម្បី​ប្រឆាំង​នឹង​វិធានការ​ត្បិតត្បៀត​របស់​រដ្ឋាភិបាល​ ​ ក្រោម​សម្ពាធ​​របស់​អ្នកម្ចាស់​បំណុល​ ​ សហភាព​អឺរ៉ុប​ ​ និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។នៅឯ​ប្រទេស​អេស្ប៉ាញ​ឯណោះ​ ​ ចលនា​ “indignés”​ ឬ​ ចលនា​ “កំហឹង​មិន​យល់ព្រម”​ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ជាថ្មី​ម្តងទៀត​នៅ​ល្ងាច​ថ្ងៃពុធ​ម្សិលមិញ​ នៅ​ទីក្រុង​ម៉ាឌ្រីដ​ដោយ​បាន​ស្រែក​ទាមទារ​ឲ្យ​ “រដ្ឋាភិបាល​ដើរចាកចេញ”។

បាតុករ​​ប្រមាណ​​៥ម៉ឺននាក់​​នៅ​ទូទាំង​​ប្រទេស​ក្រិក​​នាំគ្នា​​ធ្វើ​​បាតុកម្ម​​នៅ​ថ្ងៃពុធ​ទី២៦​កញ្ញា​ឆ្នាំ២០១២​ដើម្បី​​ប្រឆាំង​​នឹង​​វិធានការ​​ត្បិតត្បៀត​​របស់​​រដ្ឋាភិបាល
បាតុករ​​ប្រមាណ​​៥ម៉ឺននាក់​​នៅ​ទូទាំង​​ប្រទេស​ក្រិក​​នាំគ្នា​​ធ្វើ​​បាតុកម្ម​​នៅ​ថ្ងៃពុធ​ទី២៦​កញ្ញា​ឆ្នាំ២០១២​ដើម្បី​​ប្រឆាំង​​នឹង​​វិធានការ​​ត្បិតត្បៀត​​របស់​​រដ្ឋាភិបាល © Reuters
ផ្សាយពាណិជ្ជកម្ម

 

បើយោងតាម​នគរបាល​ ​ មាន​បាតុករ​ប្រមាណ​៣៤ ០០០នាក់​បាន​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃពុធ​ម្សិលមិញ​នៅ​ទីក្រុង​អាថែន​ ​ ១៨ ០០០នាក់​នៅទីក្រុង​សាឡូនីក។​ ប៉ុន្តែ​បើយោងតាម​សហជីព​ បាតុករ​ក្រិក​មានដល់ទៅ​១០ម៉ឺននាក់។
ពួកគេ​បាន​នាំគ្នា​ដង្ហែ​ជាក្បួន​នៅពី​ក្រោយ​ផ្ទាំងបដា​សរសេរថា​ ​ “រុញច្រាន​ចោលទៅ​វិធានការថ្មី​ដែល​នាំឲ្យ​មានការ​លំបាក​ ​ អយុត្តិធម៌​ ​ និង​គ្មាន​ប្រសិទ្ធភាព”។

ចំណែកឯ​បុគ្គលិក​នៃ​ក្រុមហ៊ុន​ដែល​នឹង​​ត្រូវគេ​ធ្វើ​ឯកជនូបនីយកម្ម​ ​ មានដូចជា​ក្រុមហ៊ុន​អគ្គិសនី​ ​ ទឹក​ ​ ឬ​បេឡា​សន្សំប្រាក់​ ​ បាន​នាំគ្នា​ស្រែក​បរិហារ​ថា​ ​ “ឈប់​លក់​ក្រុមហ៊ុន​ដែលជា​វិធានការ​ដាក់​បង្ខំ​ដោយ​អ្នកម្ចាស់​បំណុល​ទៀតទៅ”។

ដើម្បី​បង្ហាញ​ឲ្យឃើញ​នូវ​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​ ​ ក្រសួង​ហិរញ្ញវត្ថុ​ក្រិក​បាន​សម្តែង​ឲ្យដឹងថា​ ​ “​វិធានការ​ត្បិតត្បៀតថ្មី​ ​ និង​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ ​ ដែល​ប្រឆាំង​ដោយ​បាតុករនោះ​ ​ បាន​ត្រូវ​សម្រេច​រួចហើយ​ ក្រោយពីមាន​ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​Antonis Samaras ​និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ Yannis Stournaras​។

គួរបញ្ជាក់ថា​ ​ ផែនការ​ត្បិតត្បៀត​ថ្មី​របស់​រដ្ឋាភិបាល​នេះ​ ​ ត្រូវ​អនុម័ត​ដោយ​សភាក្រិក​ឲ្យបាន​មុន​ជំនួប​កំពូល​អឺរ៉ុប​នៅ​ថ្ងៃទី​១៨តុលា​ខាងមុខ។​ ប្រទេស​ក្រិក​កំពុង​រង់ចាំ​ការផ្តល់​ប្រាក់កម្ចី​ប្រមាណ​៣១,៥ពាន់លាន​អឺរ៉ូ​បន្ថែមទៀត។

នៅឯ​ប្រទេស​អេស្ប៉ាញ​ឯណោះ​ ​ បាតុករ​បាន​នាំគ្នា​ស្រែកថា​ ​ “ទេ!​ទេ!​ទេ!​ ​ ពួកយើង​ឥតខ្លាចទេ!!!​”​។​ បាតុករ​បាន​នាំគ្នា​ទៅ​ស្រែក​សម្តែង​ការ​ប្រឆាំង​របស់​ពួកគេ​នៅ​រដ្ឋសភា​អេស្ប៉ាញ​ ​ ដែល​ឋិត​នៅ​ក្រោម​កិច្ចការពារ​របស់​នគរបាល។
បាតុករ​អេស្ប៉ាញ​ខ្លះទៀត​ បាននាំគ្នា​ទៅ​អង្គុយ​នៅ​ទីលាន​ Neptuno ​ពីរយប់​បន្ត​បន្ទាប់គ្នា​ ​ ដើម្បី​សម្តែង​ការប្រឆាំង​ ​ ដោយ​សរសេរ​ជា​អក្សរធំៗ​នៅលើ​ផ្ទាំងបដា​ដាក់ថា​ ​ “ដើរចេញ​ឲ្យឆ្ងាយទៅ!!!”​។​ ផ្ទាំងបដា​ខ្លះទៀត​សរសេរថា​ ​ “កុំកាត់​បន្ថយ​ថវិកា!!!​ ​ កុំ​ច្របាច់ក​ប្រជាពលរដ្ឋ​អេស្ប៉ាញ!!!!”​ ​ ។​ ទាំងនេះ​ក្នុង​ខណៈពេល​ដែល​ឆ្នាំ២០១៣​ ​ ដែលជា​ឆ្នាំគំរាម​ត្បតិត្បៀត​មួយថ្មី​កាន់តែ​ខិតជិត​មកដល់។​ ហើយ​ផែនការ​ត្បិតត្បៀត​ដែល​រដ្ឋាភិបាល​អេស្ប៉ាញ​ត្រូវ​បង្ហាញ​ឲ្យឃើញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​ គ្រោង​សន្សំ​ឲ្យបាន​ប្រាក់​ប្រមាណ​៣៩ពាន់លាន​អឺរ៉ូ។

គួរកត់​សម្គាល់ថា​ ​ នៅថ្ងៃសៅរ៍​ខាងមុខនេះ​ ប្រជាជន​ព័រទុយហ្គេ​គ្រោង​រៀបចំ​ឲ្យ​មាន​បាតុកម្ម​មួយថ្មី​​ ដើម្បី​សម្តែង​ឲ្យឃើញ​នូវការ​ប្រឆាំង​របស់​ពួក​គេ​នៅទីក្រុង​លីសបូន។
រីឯ​ Front de gauche ​ឬ​ រណសិរ្ស​ឆ្វេងនិយម​ ​ បាន​អំពាវនាវ​រៀបចំ​ឲ្យមាន​បាតុកម្ម​ប្រឆាំង​មួយ​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ​ ​ នៅទីក្រុង​ប៉ារីស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ