អានតួអត្ថបទ
អ៊ីស្លង់

ភ្នំភ្លើង​ Grimsvotn​ ផ្ទុះ​ជាថ្មីនៅថ្ងៃសៅរ៍២១​ឧសភា​​

មួយ​ឆ្នាំ ក្រោយពី​ការ​ផ្ទុះ​ភ្នំភ្លើង Eyjafjöll ដែល ជំរុញ​ឲ្យ​មានការ​រាំងស្ទះ​ចរាចរណ៍តាម​ផ្លូវ​អាកាស​យ៉ាងអស្ចារ្យ នៅអឺរ៉ុប ប្រទេស​អ៊ីស្លង់​ម្សិលមិញ​នេះ បាន​បិទ​​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ខ្លួន Keflavik ក្រោយពី​ភ្នំភ្លើង Grimsvotn បាន​ផ្ទុះ​ជា​ថ្មី​ទៀត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​២១​ឧសភា។ ពពកផេះ ដែលហុយទ្រលោម​ចេញ​ពី​ភ្នំភ្លើង​មាន​កំរិត​ខ្ពស់​រហូត​ដល់​២០​គម នឹង​អាច​ជះ​ទៅ​ដល់​ទ្វីប​អឺរ៉ុប​នៅ​ពាក់​កណ្តាល​សប្តាហ៍នេះ​ដែរ។

ភ្នំភ្លើងផ្ទុះជាថ្មីនៅ​ប្រទេសអ៊ីស្លង់
ភ្នំភ្លើងផ្ទុះជាថ្មីនៅ​ប្រទេសអ៊ីស្លង់ Reuters
ផ្សាយពាណិជ្ជកម្ម

Grimsvotn ជា​ឈ្មោះ​ភ្លំភ្លើង​មួយ ដ៏​សកម្ម​ជាង​គេ​បំផុត​នៅ​ប្រទេស​អ៊ីស្លង់​ ដែលទើប​ចាប់ផ្ទុះ​ជា​​ថ្មី​​នៅ​ថ្ងៃ​សៅរ៍​២១ ឧសភានេះ នៅពី​ក្រោម​ភ្នំទឹកកក Vatnajoekul ​​​ប៉ែកអាគ្នេយ៍​នៃ​ប្រទេស​អ៊ីស្លង់។ នេះ ​ជា​លើក​ទី​៩ ហើយ ដែលភ្នំភ្លើង Grimsvotn បាន​ផ្ទុះ​ឡើង​ចាប់តាំង​ពី​ឆ្នាំ​១៩២២​មក ។

យោង​តាម​អ្នក​ជំនាញការ កម្លាំងផ្ទុះ​​ភ្នំភ្លើង​ Grimsvotn ​នេះ ប្រហែល​ជា​មិន​បង្ក​ឲ្យ​មាន​ភាព​រាំង​​ស្ទះ​​ចរាចរណ៍​តាមផ្លូវអាកាស​​ទាំងស្រុងនៅអឺរ៉ុប​ ដូច​កាលពី​ឆ្នាំ​២០១០​​ ក្រោយ​ពីការ​ផ្ទុះ​ភ្នំ​ភ្លើង Eyjafjöll ទេ​។

មក​ទល់ពេល​នេះ គឺ​មាន​តែ​ទីក្រុង​និង​ភូមិ​នានា​​នៅ ប៉ែក​ខាង​ត្បូង នៃ ភ្នំ​ទឹកកក​Vatnajoekul ទេ​ ដែលកំពុង​​​ត្រូវ​ទទួល​រង​ផល​​ប៉ះពាល់​ ដោយ​​​ពពកផេះនៃភ្នំភ្លើង។ ពពកផេះនេះ បានធ្វើ​ឲ្យ​ប្រជាជន​​​នៅទីនោះ​ ​ស្ថិត​​​នៅ​ក្នុង​ភាព​ងងឹតស្លុង ក៏​​ព្រមទាំងបាន​គ្រប​ដណ្តប់​ពាសពេញ​ទៅ​លើ​​រថយន្ត​និង​អគារ​។

នៅយប់ថ្ងៃអាទិត្យម្សិលមិញ  ពពកផេះ បាន​រសាត់​អណ្តែតឆ្ពោះទៅរដ្ឋធានីអ៊ីស្លង់ Reykjavik  និង​​ក៏ប្រហែល​ជារសាត់​​ទៅ​ដល់​ភាគ​ខាងជើង តំបន់ Ecosse ទៀត​នៅថ្ងៃអ​ង្គារ​ស្អែក​នេះ។

ម្យ៉ាងទៀត បើសិនជា កម្លាំងផ្ទុះនៃភ្នំភ្លើង Grimsvotn នៅ​​​រក្សា​កំរិត​ដដែល​ ​ពពកផេះ នឹង​​អាច​​រសាត់ជះ​ទៅ​ដល់​ប៉ែកខាងលិចនៃប្រទេស​បារាំង និង​ប៉ែកខាង​ជើង​អេស្ប៉ាញ​នៅ​ថ្ងៃ​​​ព្រហស្បតិ៍ខាង​មុខនេះ។ នេះជាការជូនដំណឹង​របស់ ភ្នាក់ងារ​ត្រួតពិនិត្យផ្លូវអាកាស Eurocontrol នៅ​ក្នុង​ព្រឹត្តិប័ត្រ​របស់​ខ្លួន។

យោងតាម ក្រសួងឧតុនិយម​អ៊ីស្លង់ វិញ ​ពពកផេះ​​ដ៏​ ធំ​សំបើម​អស្ចារ្យ ​ផុសចេញ​ពី ភ្នំភ្លើង Grimsvoetn  រសាត់​​យ៉ាង​ខ្ពស់ ​ពី កំរិត១ម៉ឺនម៉ែត្រ​ ទៅ ១៥​ម៉ឺនម៉ែត្រ ទល់នឹង កំពស់ ២ ម៉ឺន ៥ពាន់ម៉ែត្រ នៅពេលដែល ​ភ្នំភ្លើង Grimsvoetn នេះ ផ្ទុះចុងក្រោយបង្អស់​នៅឆ្នាំ​២០០៤។
ទន្ទឹមនេះ ​ក្រុមហ៊ុនអាកាសចរណ៍ អ៊ីស្លង់ដ៏ធំជាងគេឈ្មោះ Icelandair​ បានសំរេចចិត្ត​​លុប​ចោល ជើងហោះហើរ​ទាំងអស់​របស់ខ្លួនកាលពី​ថ្ងៃអាទិត្យម្សិលមិញ ហើយ​នឹង​អាចបន្ត​វិធានការនេះមកដល់ថ្ងៃចន្ទនេះទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ