អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

យល់​ដឹង​ពី​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ដែល​កំពុង​កំរើក​​ជា​ថ្មី​នៅ​កម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ហាក់​ដូច​ជា​បាន​កំរើក​ឡើង​វិញ ​នៅ​ប្រទេស​កម្ពុជា។ កាលពី​បី​ថ្ងៃ​មុន​មាន​ស្លាប់​ពីរ​នាក់ ហើយ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ទៀត អង្គការ​សុខភាព​ពិភពលោក​ និង​ក្រសួង​សុខាភិបាល ទើប​បាន​ជូន​ដំណឹង​ថា​មាន​ស្លាប់​ពីរ​ករណី​ទៀត។ ដើម្បី​បាន​ជ្រាប​អំពី​រោគ​សញ្ញា ដូច​ជា​វិធីព្យាបាល និង​ការពារ​ទប់​ស្កាត់​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នេះ សូម​អញ្ជើញ​​ស្តាប់​បទ​អត្ថាធិប្បាយ​របស់​អៀង សុខម៉ិញ ដោយ​មាន​អន្តរាគមន៍​ពី​លោក​ លី សុវណ្ណ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល។ 

អ្នក​ស្រាវជ្រាវ​មេរោគ​គ្រុន​ផ្តាសាយ​បក្សី
អ្នក​ស្រាវជ្រាវ​មេរោគ​គ្រុន​ផ្តាសាយ​បក្សី ©France24
ផ្សាយពាណិជ្ជកម្ម

គ្រុន​ផ្តាសាយ​បក្សី ជា​ជំងឺ​គ្រុន​ផ្តាសាយ​ របស់​បក្សី ប៉ុន្តែ​តាំង​ពី​ឆ្នាំ​១៩៩៧​មក អាជ្ញាធរ​សុខភាព​សាធារណៈ​នៅ​​ទូទាំង​ពិភពលោក បាន​យក​ចិត្ត​ទុក​ដាក់​​យ៉ាង​ខ្លាំង​គិត​គូរ​ដល់​សុខភាព​បណ្តា​ជន ព្រោះ​គេ​សង្កេត​ឃើញ​មាន​ករណី​កើត​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នៅ​លើ​មនុស្ស។ ​វីរ៉ុស H5N1 ដែល​​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី បាន​ចេញ​ចម្លង​មក​មនុស្ស​ជា​លើក​ដំបូង​ នៅ​ហុងកុង។ បើ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​ដើម​ឆ្នាំ​២០១២ មេរោគ​H5N1ឆ្លង​ពី​បក្សី​​ទៅ​មនុស្ស​បាន​សម្លាប់​ប្រជាជន​ប្រមាណ ៣៤២ នាក់​ហើយ នៅលើ​ពិភពលោក​ចាប់តាំង​ពី​ឆ្នាំ២០០៣​មក ក្នុងនោះ​ប្រទេស​ឥណ្ឌូនេស៊ី និង​វៀតណាម​រងគ្រោះ​ខ្លាំង​ជាងគេ។

ដោយ​ហេតុ​ថា ជំងឺ​គ្រុនផ្តាសាយ​បក្សី​នេះ ​ក្នុង​ករណី​មាន​កើត​លើ​មនុស្ស​ហើយ តែង​តែ​មាន​​លក្ខណៈ​កាច​សាហាវ​ខ្លាំង ​អាច​បង្ក​ឱ្យ​ស្លាប់​បាន។ ឯ​អត្រា​នៃ​ការ​ស្លាប់​របស់​មនុស្ស​មាន​កំរិត​ខ្ពស់​ខ្លាំង ទើប​ជំរុញ​ឱ្យ​មាន​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​ទាក់ទង​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​នេះ។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​យ៉ាង​ច្បាស់ តែ​គួរ​ព្រួយបារម្ភ ថាគេ​អាច​បង្កើត​មេរោគ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ដែល​អាច​ចម្លង​បាន​យ៉ាង​ងាយ​​ពី​មនុស្ស​ម្នាក់ ទៅមនុស្សម្នាក់​ទៀត​ នៅ​ពេល​​មេរោគ​អាច​បំផ្លែង​ខ្លួន​។ រហូតមក​ទល់​នឹង​​​ឆ្នាំ​ទៅ​មិញ ការសិក្សា​ស្រាវជ្រាវ​ទាំង​អស់​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​ ទៅ​វិញ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ខ្លាច​ក្រែង​ ការ​រក​ឃើញ​​វិធី​ទប់ស្កាត់​ឬ​កាត់បន្ថយ​គ្រោះថ្នាក់​ ប្រឆាំង​នឹង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី ក្លាយ​ជា​អាវុធ​មុខ​ពីរ​មក​សម្លាប់​ប្រជាជន​រាប់​សិប​លាន​នាក់​ទៅ​វិញ នៅ​ពេល​ណា​ដែល​មេរោគ​នោះ​ទុក​ដាក់​មិន​បាន​ត្រឹមត្រូវ។

ប៉ុន្តែ​នៅ​សប្តាហ៍​នេះ ក្រម​អ្នក​ឯកទេស បាន​ព្រមព្រៀង​គ្នា​បន្ត​ការ​សិក្សា​ស្រាវ​ជ្រាវ ផលិត​មេរោគ​ដ៏​គ្រោះ​ថ្នាក់​បំផុត​សម្រាប់​មនុស្ស​ជាតិ​ ដើម្បីទប់​ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុន​ផ្តាសាយបក្សី ព្រោះ​យល់​ថា​មាន​សមត្ថភាព​ នឹង​រក្សា​សុវត្ថិភាព​ការងារបាន​គ្រប់គ្រាន់​។ ដំណឹង​នេះ ធ្លាក់​មក​ជួន​ចំពេល​ដែល​ នៅ​កម្ពុជា​មាន​ករណី​ស្លាប់ព្រោះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី បន្ត​បន្ទាប់​គ្នា អស់​បួន​នាក់​ គិត​ចាប់​ពី​ដើម​ឆ្នាំ​២០១៣​មក។

បទ​អន្តរាគមន៍​របស់​ លោក វេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ នៃក្រសួង​សុខាភិបាល​កម្ពុជា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ