អានតួអត្ថបទ
ព្យុះហៃយ៉ាន់

ព្យុះហៃយ៉ាន់​បន្ត​ដំណើរ​ទៅ​វៀតណាម​ អាច​ស្លាប់​ជាង​១០០០នាក់​ នៅ​ហ្វីលីពីន​

ព្យុះ​ហៃយ៉ាន់​​ដែល​បាន​​មកដល់​​ហ្វីលីពីន​ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ បាន​សម្លាប់​មនុស្ស​យ៉ាងហោច​១០០នាក់ នៅក្រុង​​តាក្លូបង់ ភាគកណ្តាល​ប្រទេស។ យោងតាម​អង្គការ​កាកបាទក្រហម ចំនួន​​មនុស្ស​ស្លាប់​​អាច​មាន​​ដល់១២០០នាក់​ឯណោះ។ ព្រឹក​នេះ​ ទាហាន​ហ្វីលីពីនបានបញ្ជូន​យន្តហោះ​ចុះ​ទៅ​ជួយ​ក្រុង​រងគ្រោះ​នេះ។​ នៅថ្ងៃ​សៅរ៍នេះ ព្យុះ​ហៃយ៉ាន់​​​​បន្តដំណើរ​ឆ្ពោះ​​ទៅ​សមុទ្រ​ចិនខាងត្បូង​ មុន​នឹង​ទៅដល់​វៀតណាម​ នៅ​ថ្ងៃ​អាទិត្យ​ស្អែក។ ព្យុះនេះ​​ក៏​​អាច​​នឹង​បង្ក​ជា​ភ្លៀង និង​ខ្យល់​​ខ្លាំង នៅ​ភាគ​ឥសាន​កម្ពុជា​ ជាប់ព្រំប្រទល់​ជាមួយ​វៀតណាមផងដែរ​។

ក្រុង​​កំពង់ផែ​តាក្លូបង់ មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​១០០នាក់។ ក្រុង​នេះ​រង​ការខូចខាត​សម្បើម​ដោយ​សារព្យុះ​ហៃយ៉ាន់។
ក្រុង​​កំពង់ផែ​តាក្លូបង់ មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​១០០នាក់។ ក្រុង​នេះ​រង​ការខូចខាត​សម្បើម​ដោយ​សារព្យុះ​ហៃយ៉ាន់។ Reuters TV
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​សៅរ៍​នេះ ​ព្យុះ​ហៃយ៉ាន់​​​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ៥ ​ជា​ចំណាត់ថ្នាក់ខ្ពស់​នៃ​គ្រោះ​មហន្តរាយ​នោះ ​បាន​បន្ថយ​ឥទ្ធិពល​របស់​ខ្លួន​មួ​យ​កម្រិត នៅ​​​ហ្វីលីពីន​។ អាជ្ញាធរ​ក្រុង​ម៉ានីល​បានព្យាយាម​ទាក់ទង​អាជ្ញាធរ​​ក្រុង​​តាក្លូបង់ ភាគកណ្តាល​ប្រទេស ព្រោះ​នៅទីនោះ ​មាន​ចំនួន​អ្នកស្លាប់​ច្រើន។ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ មុន​នឹង​ប្រព័ន្ធ​ទំនាក់ទំនង​ត្រូវ​បាន​កាត់ផ្តាច់ អាជ្ញាធរ​ក្រុងតាក្លូបង់ បាន​ប្រាប់ថា មាន​​​ទឹកជំនន់ខ្លាំង​នៅ​ក្នុង​ក្រុង​។ នៅថ្ងៃ​សៅរ៍នេះ ព្យុះ​ហៃយ៉ាន់​បាន​បោកបក់​ក្នុង​ក្រុង​សាន់ ហូសេ ​ភាគខាងលិច​ហ្វីលីពីន ជាមួយ​​​ល្បឿន​ប្រមាណ​៤៤០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ។

អ្នក​ព្យាករណ៍​​ឧតុនិយម​ខ្លះ​បារម្ភ​ខ្លាច​ថា ថ្ងៃ​សៅរ៍នេះ ព្យុះ​នេះ​អាច​​បង្កើន​កំលាំង​បោកបក់​ខ្លាំង​ ពេល​​​វា​​​ធ្វើដំណើរ​ឆ្ពោះ​ទៅ​សមុទ្រ​ចិន។ ព្យុះ​ហៃយ៉ាន់ នឹង​​ទៅដល់​វៀតណាម​ នៅ​ថ្ងៃ​អាទិត្យ​ស្អែកនេះ។ ព្យុះនេះ​​ក៏​អាចនឹង​​​បង្ក​ជា​ភ្លៀង ខ្យល់​បោកបក់​ខ្លាំង នៅ​ភាគ​ឥសាន​​​កម្ពុជា​ ជាប់ព្រំប្រទល់​ជាមួយ​វៀតណាមផងដែរ នៅថ្ងៃ​១០ និង​១១​វិច្ឆិកា​នេះ។ អាជ្ញាធរ​វៀតណាម​បានដាក់សញ្ញា​ប្រកាស​អាសន្ន​ក្នុង​ប្រទេស ហើយ​កំពុង​តែ​ជម្លៀស​​ប្រជាជន​ខ្លួន។

រៀងរាល់ឆ្នាំ​ ព្យុះ​ប្រមាណជាង​២០​តែង​វាយប្រហារ​ហ្វីលីពីន​ជានិច្ច។ កាលពី​ឆ្នាំ​២០១១ ប្រទេស​នេះ​បាន​គ្រោះ​ដោយ​​ព្យុះ​ វ៉ាស្ហ៊ី ដែលកាលណោះ​ ព្យុះ​នេះ​បាន​សម្លាប់​មនុស្ស​១២០០នាក់ ​បំផ្លាញ​ផ្ទះសម្បែង​មួយម៉ឺន​ខ្នង និង​ធ្វើ​អោយ​ប្រជាជន​៣សែននាក់ភៀសខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ