ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

ឧត្តមមន្ត្រី​អាស៊ាន​ត្រៀម​ឯកសារ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​អស់ហើយ

media  
ជំនួប​ប្រជុំ​របស់​ក្រុម​ឧត្តម​មន្ត្រី​អាស៊ាន ©rfi-ម៉េងហូរ

ក្រុម​ឧត្តមមន្ត្រី​អាស៊ាន​បាន​បញ្ចប់​កិច្ចប្រជុំ​រៀបចំឯកសារ​រយៈពេល​២​ថ្ងៃ​ហើយ​នៅ​ថ្ងៃ​នេះ។ ឯកសារសំខាន់ៗ​នានា​ដែល​នឹង​ត្រូវ​ដាក់​នៅ​លើ​តុពិភាក្សា​នៃ​ប្រមុខការទូត​ និង​មេដឹកនាំ​អាស៊ាន​​ក៏​ត្រូវបាន​រៀបចំ​រួចអស់​ហើយ​ដែរ។ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​សៅរ៍ស្អែក​នេះ​ហើយ។ ក្នុង​រយៈពេល​នៃ​វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មេដឹកនាំនៃ​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​នឹង​ចូល​គោរព​វិញ្ញាណក្ខន្ធ​សម្តេច​ឪ​នរោត្តម សីហនុ។

 

ឯកសារ​សំខាន់ៗ​ដែល​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​ត្រូវ​ពិភាក្សា​ និង​អនុម័ត​នោះ​ត្រូវ​បាន​រៀបចំ​រួចរាល់​អស់​ហើយ​សម្រាប់​កិច្ច​ប្រជុំ​ធំ​ដែល​នឹង​ចាប់​ផ្តើម​ចាប់​ពី​ថ្ងៃ​សៅរ៍​ស្អែក​នេះទៅ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ស្រី សឿង រដ្ឋ​ចាវី រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ក្រោយ​កិច្ច​ប្រជុំ​ឧត្តមមន្ត្រី​អាស៊ាន​ដែល​លោក​ស្រី​បាន​ដឹកនាំនៅ​ថ្ងៃ​សុក្រ​នេះ។
 
ឯកសារ​មាន​ច្រើនដូចជា​ សេចក្តីប្រកាសរួម​អាស៊ាន​អាមេរិក សេចក្តីប្រកាសរួម​អាស៊ានចិន​ស្តី​ពី​ខួប​១០​ឆ្នាំ​នៃ​សេចក្តីប្រកាសភាគី​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង DOC សេចក្តីប្រកាស​ភ្នំពេញ សេចក្តីថ្លែងការណ៍​រួ​មស្តីពី​សិទ្ធិមនុស្ស​អាស៊ាន និងការ​​គ្រោង​ចុះ​ហត្ថលេខា​អនុម័ត​លើ​ធម្មនុញ្ញ​អាស៊ាន​ផងដែរ។ បើ​តាម​ការ​អះអាង​របស់​លោក​ស្រី​រដ្ឋ​លេខាធិការ ឯកសារ​ទាំងអស់​នេះ​នឹង​ត្រូវ​អនុម័ត​ដោយ​​ជោគជ័យ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​ពេល​ខាងមុខ​នេះ។
 
ក្រោយ​ពី​ការ​រៀបចំ​ឯកសារ​ទាំងអស់​នេះ​ហើយ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នឹង​ផ្តើម​កិច្ច​ប្រជុំ​ផ្លូវ​ការ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ដើម្បី​ពិនិត្យ​ និ​ង​ពិភាក្សា​បន្ថែម។ យោងតាម​កម្មវិធី​ដែល​បាន​គ្រោងទុក លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ​ដែរ​ដើម្បី​បង្ហាញ​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ។
 
កម្ពុជា​កំពុង​តែ​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ជាច្រើន​ទៀត រួម​មាន​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​ និង​កិច្ច​ប្រជុំអាស៊ាន​បូក​ដៃគូ។ នៅ​ថ្ងៃ​សុក្រ​នេះ​ដែល លោកឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់​បាន​ដឹកនាំ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​ឯខេត្តសៀមរាប​ដើម្បី​និយាយ​អំពី​ការ​រក្សា​សន្តិសុខ​តំបន់។
 
នៅ​ពេល​ដែល​កម្ពុជា​កំពុង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​ត្រូវ​មាន​មេដឹកនាំ​នៃ​ប្រទេស​មហាអំណាច ប្រទេស​អភិវឌ្ឍន៍ និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ជាច្រើន​ដែរ​នោះ មេដឹកនាំ​នៃ​ប្រទេស​ និង​ស្ថាប័ន​ទាំងនោះ​នឹង​ចូល​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរម​សព​របស់​សម្តេច​ឪ​នរោត្តម សីហនុ។
 
យោងតាម​សេចក្តីជូនដំណឹងរបស់​ក្រសួង​ការបរទេស ចាប់ពី​ថ្ងៃ​ទី​១៨វិច្ឆិការហូត​ដល់​ថ្ងៃ​ទី​២១​នឹង​មាន​នាយករដ្ឋមន្ត្រី​ជប៉ុន ចិន ឥណ្ឌា ម៉ាឡេស៊ី អូស្ត្រាលី ប្រធានាធិបតី​ឥណ្ឌូនេស៊ី រដ្ឋមន្ត្រីការ​បរទេស​រុស្ស៊ី និង​នាយករដ្ឋមន្ត្រីប្រទេសញូស៊ីលែន ដែល​ត្រូវ​ចូល​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្តេចឪ។ នៅ​ក្នុង​ចំណោម​ថ្ងៃ​ទាំងនោះដូចគ្នា ក៏​មានប្រធានស្ថាប័ន​ធនាគារ​ពិភពលោក អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ប្រធានធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​នាយករងគ្រប់គ្រង​រូបិយវត្ថុ​អន្តរជាតិដែល​បាន​ស្នើសុំ​ចូល​គោរពព្រះវិញ្ញាណក្ខន្ធ​សម្តេចតា​ដូចគ្នាដែរ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ