អានតួអត្ថបទ
ឥណ្ឌូនេស៊ី-ស.រ.អា

លោកស្រីគ្លីនតុន​និង​នយោបាយ​ក្រៅប្រទេស​អាមេរិក​នៅឥណ្ឌូនេស៊ី​

លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន​ អញ្ជើញ​ទៅ​អាស៊ី​ ​ ក្នុងដំណើរ​ទៅ​ចូលរួម​ជំនួប​កំពូល​អាស៊ី-ប៉ាស៊ីហ្វិក​ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅសប្តាហ៍​ក្រោយ​នៅ​ទីក្រុង​ Vladivostok ​នៃ​ប្រទេស​រុស្ស៊ី។​ ក្រោយពី​កោះ​ឃូក​នៅ​ថ្ងៃអាទិត្យ​និង​ថ្ងៃ​អង្គារ​នៅ​ប្រទេសចិន​ ​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​អញ្ជើញ​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃចន្ទ​ទី៣​កញ្ញា​នេះ​ ដោយ​ខិតខំ​បង្ហាញ​ឲ្យ​ឃើញ​នូវ​អានុភាព​អាមេរិក​នៅ​ចំពោះមុខ​មហិច្ឆតា​ចិន​នៅក្នុង​តំបន់។​ ក៏​ប៉ុន្តែ​មកទល់​ពេលនេះ​ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ប្រកាន់​នយោបាយ​រក្សា​ជំហរ​តុល្យភាព​រវាង​មហាអំណាច​ទាំងពីរ។

លោក​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​​ Susilo ​Bambang​ Yudhoyono​ ​ថ្លែង​សង្ខេប​ថា​​ ​ “ប្រទេស​​ឥណ្ឌូនេស៊ី​​ចង់បាន​​បច្ចាមិត្ត​​សូន្យ​​ ​ ក៏ប៉ុន្តែ​​មាន​​មិត្ត​​មួយលាន”​
លោក​ប្រធានាធិបតី​​ឥណ្ឌូនេស៊ី​​ Susilo ​Bambang​ Yudhoyono​ ​ថ្លែង​សង្ខេប​ថា​​ ​ “ប្រទេស​​ឥណ្ឌូនេស៊ី​​ចង់បាន​​បច្ចាមិត្ត​​សូន្យ​​ ​ ក៏ប៉ុន្តែ​​មាន​​មិត្ត​​មួយលាន”​ REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ឥណ្ឌុនេស៊ី​ប្រកាន់​យក​នយោបាយ​ “រក្សា​សមតា”​ រវាង​មហាយក្សចិន​និង​មហាយក្ស​អាមេរិក។​ នេះហើយ​ជា​គោលការណ៍​នយោបាយ​ក្រៅប្រទេស​ដែល​ប្រកាន់យក​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការរទេស​ឥណ្ឌូនេស៊ី។​ នយោបាយ​ “រក្សា​សមតា”​នេះ​គឺ​ជា​នយោបាយ​ដែល​ច្របាច់​បញ្ចូល​នូវ​ភាព​ប្រុង​ប្រយ័ត្ន​និង​ឱកាសនិយម​ ហើយដែល​លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​Susilo Bambang Yudhoyono បាន​សង្ខេប​បង្រួម​ថា​ ​ “ប្រទេស​ឥណ្ឌូនេស៊ី​ចង់បាន​បច្ចាមិត្ត​សូន្យ​ ​ ក៏ប៉ុន្តែ​មាន​មិត្ត​មួយលាន”។

 
ចាប់តាំង​ពី​សន្និសីទ​នៅ​ទីក្រុង​បានឌុង​នៅឆ្នាំ​១៩៥៥​ ​ ដែលគេ​បាន​ចាប់​បង្កើត​ចលនា​ពិភពលោក​មិន​ចូល​បក្សសម្ព័ន្ធ​មក​ ​ ទីក្រុង​ហ្សាការតា​ពុំដែលបាន​បោះបង់ចោល​ទ្រឹស្ដី​នេះឡើយ។​ កាលនៅ​សម័យនោះ​ ​ លោកខាងលិច​ក៏​ពួកគេ​ពុំចូល​ ​ ហើយ​ប្លុក​លោក​កុម្មុយនិស្ត​ក៏​ពួក​គេ​ពុំចូល។​ ហើយ​បច្ចុប្បន្ននេះ​ ​ ពួកគេ​ក៏​ពុំ​ចូលដៃ​ចូលជើង​ជាមួយ​មហាប្រទេសចិន​និង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ឡើយ។

នារយៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ​ ដោយ​ដឹងខ្លួន​ពី​តួនាទី​និង​ទម្ងន់​សារៈសំខាន់​របស់ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី-អាគ្នេយ៍​ ​ ប្រទេស​ឥណ្ឌូនេស៊ី​ដែល​ចែចង់​ដោយ​ទីក្រុង​ប៉េកាំង​ផង​ ​ និង​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​ផង​ ​ ក៏​ឆ្លៀត​ឱកាស​ចាប់​ទិញ​យន្តហោះ​ពី​សហរដ្ឋ​អាមេរិក​ ​ ហើយនិង​កាំជ្រួច​មីស្ស៊ីល​ពី​ប្រទេសចិន​ ​ ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​របស់ខ្លួន។

ហើយ​ចាប់តាំង​ពី​ឆ្នាំ២០១០​មក​ ​ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ក្លាយ​ទៅជា​ “ដៃគូ​ពិសេស”​របស់​សហរដ្ឋ​អាមេរិក​ ​ ក៏​ប៉ុន្តែ​ប្រទេស​ឥណ្ឌូនេស៊ី​ក៏​ជា​ “ដៃគូ​យុទ្ធសាស្ត្រ”​មួយ​ដ៏​សំខាន់​ដែរ​សម្រាប់​ប្រទេសចិន​ ចាប់តាំងពី​ឆ្នាំ២០០៥មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ