អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ឥទ្ធិពល​នៃ​ខ្យល់​កខ្វក់ ចំពោះ​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភស្តុតាង​កាន់​តែ​ច្រើន​ឡើងៗ​បង្ហាញ​ថា​ខ្យល់​បរិយាកាស​កខ្វក់ ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព។ Dioxyde d’azote ធាតុ​ល្អិតៗឆ្មារៗ លម្អង​ធូលី​ នៅ​ក្នុង​បរិកាស​បង្កើន​គ្រោះ​កើត​ជំងឺ​ជា​ច្រើន មាន​ជាអាទិ៍​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​ សួត និង​មហារីក។ អ្នក​ស្រាវជ្រាវ​បាន​ដឹង​ទៀត​ថា ជាមួយ​នឹង​មធ្យោបាយ​ដោះស្រាយ​ត្រឹម​ត្រូវ​សមស្រប ក្នុង​ការ​កាត់​បន្ថយ​សារធាតុ​ពុល​ក្នុង​ខ្យល់​នេះ គេ​អាច​តំឡើង​អាយុ​កាលរស់​នៅ​​ជា​មធ្យម​របស់​មនុស្ស​បានដល់​ទៅ​ពីរ​ឆ្នាំ។

ជនជាតិ​ចិន​1300000 ស្លាប់​ព្រោះ​ស្រូប​ខ្យល់​បរិយាកាស​កខ្វក់​ ក្នុង​មួយ​ឆ្នាំៗ
ជនជាតិ​ចិន​1300000 ស្លាប់​ព្រោះ​ស្រូប​ខ្យល់​បរិយាកាស​កខ្វក់​ ក្នុង​មួយ​ឆ្នាំៗ REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

ខ្យល់​កខ្វក់​ Pollution d’Air កំពុង​ក្លាយ​ជា​ចំណោទ​សម្រាប់​មនុស្ស​ជាតិ​ កាន់​តែ​ខ្លាំង​ឡើង​ៗ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ កាលពី​សប្តាហ៍​មុន “ខ្យល់​បរិយាកាល​ប្រកប​ដោយ​សារធាតុ​ពុល”​ បាន​ក្លាយ​ជា​ប្រធាន​នៃ​ការ​តស៊ូ​មតិ​យ៉ាង​ផុស​​ផុល​​បំផុត​នៅ​ប្រទេស​ចិន ព្រោះ​ក្រុង​ប៉េកាំង ទាំង​មូល ព្រមទាំង​ក្រុង​ធំៗ​របស់​ចិន​ជាង​១០​ផ្សេង​ទៀត គ្រប​ដណ្តប់​ស្ទើរ​តែ​ទាំង​ស្រុង​ដោយ​ភាព​អាប់អួរ ផ្សែង​ អ័ព្ទ រក​ស្ទើរ​ដក​ដង្ហើម​មិន​កើត មើល​គ្នា​ស្ទើរ​មិន​ស្គាល់។ អាជ្ញាធរ​ប៉េកាំង​ពេល​នេះ កំពុ​ង​រៀប​ចំ​ចាត់​វិធានការ​មួយ​​ ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ទ្រទ្រង់​កុំ​ឱ្យ​ខ្យល់​អាកាស​មាន​សារធាតុ​ពុល​ច្រើន​ពេក។ វិធានការ​ទាំង​នោះ គ្មាន​អ្វី​ក្រៅ​ពី​​ចំណាត់​ការ​ដែល​ធ្លាប់​ធ្វើ​ម្តងកាល​ពី​មុន​មក​ទេ និង​នៅ​ពេល​ដែល​កំរិត​ពុល​ក្នុង​បរិយាកាសនោះ ឡើង​ជ្រុល​ហួសហេតុ នោះ​​គឺ​ការ​បិទ​រោងចក្រ​ឧស្សាហកម្ម ដែល​ដើរ​ដោយ​ធ្យូង​ថ្ម ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែងពុល ហាមឃាត់​មិន​ឱ្យ​រថយន្ត​មួយ​ចំនួន​​បើក​បរ​កាត់​ក្រុង​ ។ល។ និង​ ។ល។


កំរិត​សារធាតុ​ពុល​ក្នុង​ខ្យល់​​ កាន់​តែ​ខ្ពស់ សុខភាព​របស់​ប្រជាពលរដ្ឋ​ដែលត្រូវការ​ដក​ដង្ហើម​នឹង​ខ្យល់​ពុល​នេះ​ជា​រៀង​រាល់​ថ្ងៃ ក៏​ត្រូវ​រង​គ្រោះ​ទៅ​តាម​នោះ​ដែរ។ ដូច្នេះ​គ្មាន​អ្វី​ដែល​ភ្ញាក់​ផ្អើល​ឡើយ នៅ​ពេល​ឃើញ​របាយការណ៍​ទាក់ទង​នឹង​សុខភាព​របស់​បណ្តាជន​ចិននោះ។ កាលពី​ឆ្នាំ​២០១១​ សារព័ត៌មាន​រដ្ឋ China Daily បាន​បោះផ្សាយ​តួលេខ​បញ្ជាក់​ពី​ចំនួន​អ្នក​កើត​មហារីក​សួត​ កើន​ឡើង​ដល់​ទៅ​៦០% ក្នុង​រយៈ​ពេល​១០​ឆ្នាំ​នៅ​ប្រទេស​ចិន ខណៈ​​ដែល​​មាន​ចំនួន​អ្នក​ជក់​បារី​​ស្ថិត​នៅ​ថេរ​សោះ។

នៅ​ពេល​និយាយ​ថា ខ្យល់​ពុល គឺ​​មក​ពី​ខ្យល់​កខ្វក់ មាន​លម្អង​តូចៗ​ឆ្មារៗ ខ្លាំង​មើល​មិន​ឃើញ​នឹង​ភ្នែក ​រសាត់​ពី​អាកាស ហើយ​លម្អង​ ឬ ធាតុ​តូចល្អិត​នេះ ចូល​ក្នុង​ខ្លួន​មនុស្ស​តាម​ផ្លូវ​ដក​ដង្ហើម ទៅ​រុំ​សួត​ និង​បង្ក​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ផ្សេងៗ ជាច្រើន។ បើ​តាម​​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​​​​ ដើម្បី​រក្សា​សុខភាពពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ខ្យល់​អាកាស​​ ត្រូវ​កំរិត​មាន​ធាតុ​ល្អិត​ឆ្មាៗ​បំផុត​ (២,៥មីក្រូម៉ែត្រ = ២,៥/១លាន​ម៉ែត្រ​) កុំ​ឱ្យ​លើស​ពី​២០មីក្រូក្រាម​ ក្នុង​មួយ​ម៉ែត្រ​គូប​ខ្យល់ (មួយ​មីក្រូក្រាម​ = ០,០០០០០១ក្រាម)។ បើ​ដល់​៣០០​នោះ​នឹង​មាន​គ្រោះ​ថ្នាក់​ហើយសំរាប់សុខភាព។ ឯ​នៅ​ប្រទេស​ចិន កាលពី​សប្តាហ៍​មុន​នោះ​កំរិត​ពុល​ក្នុង​ខ្យល់​បានឡើង​ដល់​ជាង​៧៥៥។

ប្រសិន​បើ​ក្រុង​ណាមួយ​ចេះ​កាត់​បន្ថយ​កំរិត​សារធាតុ​ពុល​ក្នុង​ខ្យល់​បាន​ដូច​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក នោះ​​​អាយុ​កាល​មធ្យម​សង្ឃឹម​រស់បាន​របស់​មនុស្ស​ អាច​កើន​បានដល់​ទៅ​​ពីរ​ឆ្នាំ។ ជា​ឧទាហរណ៍​ នៅក្រុង​ប៉ារីស ​ប្រទេស​បារាំង​ ប្រសិន​បើ​បារាំង​អាច​បញ្ចុះ​កំរិត​សារធាតុ​ល្អិតៗឱ្យ​មក​ត្រឹមតែ​១៦,៥µg/m3 នោះ​បណ្តាជន​ដែល​បច្ចុប្បន្ន​មាន​វ័យ​៣០ឆ្នាំ​ អាច​ចំណេញ​អាយុ​បាន​៦​ខែ។

សារធាតុ​ពុល​ក្នុង​ខ្យល់
 
 “​តាម​ការពិត​ យើង​ស្រូប​ដង្ហើម​នាំ​យក​ធាតុ​ពុល ​មិនមែន​តែ​មួយ​មុខ​ទេ ! គឺ​សារធាតុពុល​លាយលំ​គ្នា​យ៉ាង​ច្រើន ! ប៉ុន្តែ​ធាតុ​ពុល​ខ្លាំង​ជាង​គេ​ដែល​ឃើញ​មាន​ច្រើន​នៅ​តាម​ទីក្រុង​របស់​អឺរ៉ុប គឺ អុកស៊ីតដាហ្សូត - ធាតុ​ល្អិតបំផុត​​ដែល​មាន​អង្កត់​ផ្ចិតប្រវែង​តែ​២,៥មីក្រុង ដែល​ហៅជា​ភាសា​បារាំង​ PM2.5  ហើយ​និង​ធាតុពុល​​អូហ្សូន ដែល​មានច្រើន​ក្នុង​រដូវក្តៅ​ ក្នុង​ពេល​មាន​ពន្លឺ​ Utraviolet -ពន្លឺ​ព្រះអាទិត្យ​ខ្លាំង។ សារធាតុ​ពុល បង្ក​ឡើង​ឧស្សាហកម្ម​ នៅ​ប្រទេស​ខ្លះ​មាន​ការ​ធ្លាក់ចុះ ប៉ុន្តែ​ជា​សំណាង​អាក្រក់ បច្ចុប្បន្ន​នេះ​ផ្សែង​ឡាន​ផ្សែង​ម៉ូតូ​បានមក​ជំនួស​ផ្សែង​ពុល​ឧស្សាហកម្ម ព្រោះ​ចរាចរណ៍​​យាន​យន្ត​ ឡាន​ម៉ូតូ កើន​ឡើង​ឥតឈប់ នៅ​តាម​ក្រុងធំៗ​​”។



រោគ​ផ្សេងៗ​បង្ក​ឡើង​ដោយ​ខ្យល់​កខ្វក់

ឈឺ​បេះដូង រលាក​ផ្លូវ​ដង្ហើម មហារីក​សួត ​សុទ្ធ​សឹង​ជា​ជំងឺ​​ធំៗ​ និងសំខាន់ៗ​ ដែល​បង្ក​ឡើង​ខ្យល់​កខ្វក់ ព្រោះ​យើង​ដក​ដង្ហើម​ទៅ​ស្រូប​យក​ធាតុពុល​ចូល​ទៅ​ក្នុង​ខ្លួន​ ធ្វើ​ឱ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម។​ សារធាតុ​ពុល​​ដែល​មាន​នៅ​ក្នុង​ខ្យល់​បរិយាកាស​ អាច​បង្ក​រោគ​ធ្ងន់​ ឬ​ស្រាល។ ជំងឺស្រាលៗ អោយ​​រោគ​សញ្ញា​រំខាន​ជាច្រើន ដូច​ជា ក្អក​ ពិបាក​ដកដង្ហើម រលាក​ច្រមុះ ។ល។ និង​។ល។ ចំណែក​រោគធ្ងន់​វិញ ដែល​អាចធ្វើ​ស្លាប់​បាន​​ មាន​ជាអាទិ៍​ជំងឺ​រលាក​ទងសួត​​រ៉ាំរ៉ៃ ជំងឺហឺត​។ យើង​បាន​ដឹង​បន្ថែម​ទៀត​ តាំង​ពី​ជាង​១០​ឆ្នាំ​មុន ថា ខ្យល់​ពុល​នេះ ក៏​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​។ ព្រោះ​ធាតុ​ល្អិតៗ​តូចៗ អាច​ជ្រៀត​ចូលកប់​​ទៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​​ដង្ហើម​យ៉ាង​ជ្រៅ​ ហើយ​ក៏​អាច​ឆ្លង​កាត់​ដល់​ប្រព័ន្ធ​ដំណើរ​ឈាម​ ធ្វើ​ឱ្យ​រំខាន​ដល់​សរសែ​ឈាម​​ -បង្ក​ជា​ជំងឺ​បេះដូង​ជា​ច្រើន រួម​មាន​ចុក​ទ្រូង ឬ​​ ស្លោក​សាច់​ដុំ​បេះដូង។ និង​ធ្ងន់ធ្ងរ​ជាងនេះ​ទៅ​ទៀត ការ​ស្រូប​ខ្យល់​ពុល​នេះ​យូរៗ​ទៅ​នឹង​ធ្វើ​ឱ្យ​ងាយ​កើត​ជំងឺ​មហារីក​សួត"។


អ្នក​ណា​​រងគ្រោះ​ពី​ខ្យល់​អាកាស​មិន​បរិសុទ្ធ​នេះខ្លាំង​គេ ?

“​អ្នក​ដែល​ងាយ​រង​គ្រោះ​ជាង​គេ គឺ​មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ កុមារ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​ខ្សោយ។ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ទារក​ទើប​នឹង​កើត ដែល​ទន់​ទ្រាយ​ជាង​គេ ការ​ប្រឈម​មុខ​ស្រូប​យក​ខ្យល់​កខ្វក់​ អាច​នឹង​ធ្វើ​ឱ្យ​សុខភាព​ទង​​សុក​មិន​ល្អ ពេល​កំពុង​ពរពោះ ដែល​នេះ​នឹង​ងាយ​ជំរុញ​ឱ្យ​មាន​អាការៈ​លើសឈាម​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​មាន​គ៌ភ មាន​ផល​វិបាក​ផ្សេងៗ​ពេល​សំរាល​កូន ទារក​ក្នុង​ផ្ទៃ​លូត​លាស់​យឺតយាវ​ ឬ​កើត​មុន​កាល​កំណត់។ ភាព​ប្រឈម​នឹង​ការ​ស្រូប​ខ្យល់​អាកាស​កខ្វក់​នេះ មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​នឹង​សង្គម​-សេដ្ឋកិច្ច និង​ជីវភាព​របស់​នៅ​ប្រជាពលរដ្ឋ ពោល​គឺ​អ្នក​រស់​នៅ​ជាប់​ដង​ផ្លូវ ជិត​អាកាសយានដ្ឋាន ជិត​រោងចក្រ​ឧស្សាហកម្ម និង​រោងចក្រ​សំរាម រងគ្រោះ​ខ្លាំង​ជាងគេ”។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ