អានតួអត្ថបទ
ឥណ្ឌា-បង់ក្លាដែស

នៅពេល​ឥណ្ឌា​ខ្លាច​ឥទ្ធិពល​ចិន​រីកសាយភាយ នៅ​បង់ក្លាដែស

នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក ម៉ាន់មូហាន់ ស៊ិញ បាន​ធ្វើ​ដំណើរ​ដល់​ប្រទេស​បង់ក្លាដែស​នៅថ្ងៃ​អង្គារ​ទី ៦ កញ្ញា ២០១១។ កិច្ចព្រមព្រៀង​លើ​វិស័យ​សេដ្ឋកិច្ច និង​ការកំណត់​ខ្សែព្រំដែន​នឹង​ត្រូវ​មេដឹកនាំ​របស់ប្រទេស​ទាំងពីរ​ចុះ​ ហត្ថលេខា ក្នុង​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា។ រដ្ឋមន្រ្តីការបរទេស​បង់ក្លាដែស​ចាត់ទុក​ទស្សនកិច្ច​របស់​នាយករដ្ឋមន្រ្តី​ ឥណ្ឌា ជាព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត។

លោកស្រី នាយករដ្ឋមន្រ្តី​បង់ក្លាដែស (ឆ្វេង) និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់មូហាន់ ស៊ិញ (ស្តាំ)​ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បង់ក្លាដែស ដែល​ឥណ្ឌា​ជួយ​បង្កើត​ផ្តាច់​ចេញ​ពី​ប៉ាគីស្ថាន នៅឆ្នាំ ១៩៧១
លោកស្រី នាយករដ្ឋមន្រ្តី​បង់ក្លាដែស (ឆ្វេង) និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់មូហាន់ ស៊ិញ (ស្តាំ)​ ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​បង់ក្លាដែស ដែល​ឥណ្ឌា​ជួយ​បង្កើត​ផ្តាច់​ចេញ​ពី​ប៉ាគីស្ថាន នៅឆ្នាំ ១៩៧១ ©Reuters
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទីមួយ ចាប់តាំងពី​ឆ្នាំ ១៩៩៩ ដែល​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​ទៅ បង់ក្លាដែស។ វាជារឿងកម្រ ដែល​ថ្នាក់​ដឹកនាំ​ប្រទេស​ជិតខាងគ្នា ឥណ្ឌា បង់ក្លាដែស កម្រ​នឹង​ធ្វើ​ទស្សនកិច្ច​គ្នា​ទៅវិញ ទៅមក។ បើមើលទៅ​លើ​ប្រវត្តិទំនាក់ទំនង​ប្រទេស​ទាំងពីរ គឺ​ឥណ្ឌា​ដែល​បានអន្តរាគម ជួយ​ពួក​បំបែកខ្លួន​ប៉ាគីស្ថាន​ខាងកើត ឲ្យ​បង្កើត​ប្រទេស​បង់ក្លាដែស​ឯករាជ្យ​មួយ ​ផ្តាច់​ចេញ​ពី​ប៉ាគីស្ថាន ក្នុង​ឆ្នាំ ១៩៧១។

 
ក្នុង​ស្ថានភាព​ជាក់ស្តែង ប្រទេស​អាស៊ី​ខាងត្បូង ទាំងពីរ​មិន​សូវ​ទុកចិត្ត​គ្នាទេ​តាំងពី​ដើមមក។ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​តែងតែ​ជួបការរកាំរកូស​នឹង​គ្នា ជាពិសេស​ញ្ហា​ដែល​កើតឡើង នៅ​ព្រំដែន។
 
ឥណ្ឌា​តែងតែ​បញ្ចេញប្រតិកម្ម​ខ្លាំងៗ ពេលខ្លះ ហិង្សា ដាក់ប្រជាជន​បង់ក្លាដែស ដែល​បាន​ឆ្លងដែន ខុសច្បាប់ ចូលទៅក្នុង​ទឹកដី​ឥណ្ឌា។ ក្នុងកែវភ្នែក​ឥណ្ឌា ប្រជាជន​បង់ក្លាដែស​សុទ្ធសឹង​ជាពួកឈ្មួញ​ទុច្ចរិត និង​ជនខិលខូច​ដែល​បង្ក​បទឧក្រិដ្ឋ​ក្នុង​ទឹកដី​ឥណ្ឌា។
 
ចំណែក​បង់ក្លាដែស​វិញ​តែងតែ​មើលទៅ​ឥណ្ឌា ជា​ប្រទេស​យក្ស​អាង​អំណាច ឃើញតែ​ប្រយោជន៍ខ្លួន។ ទីក្រុង​ដាកា​តែងតែ​ចោទ​ថា ឥណ្ឌា​ធ្វើ​ជំនួញ​តែ​ម្នាក់ឯង ដោយ​បំបាក់​អ្នកជំនួញ​របស់ប្រទេស​ជិតខាង ហើយ​ជារៀងរាល់ឆ្នាំ គឺ​ពួក​ទាហាន​ឥណ្ឌា​ដែល​ជា​អ្នកបាញ់សម្លាប់​ប្រជាជន​ស៊ីវិល​បង់ក្លាដែស រាប់រយ​នាក់ នៅពេល​មាន​ការប្រទះ​អាវុធ​ដាក់គ្នា​ម្តងៗ នៅតាម​ព្រំដែន។
 
បង់ក្លាដែសក៏​បាន​រិះគន់​ឥណ្ឌា​ដែល​បាន​ក្តោបក្តាប់​ទឹកទន្លេ​តែម្នាក់ឯង មិន​ចែករំលែក​ជាមួយ​ប្រជាជន​បង់ក្លាដែស ដែលរស់នៅតាម​ព្រំដែន​ប្រទេស​ទាំងពីរ។ រាល់គម្រោង​គ្រប់វិស័យ​ដែល​ឥណ្ឌា​បាន​ធ្វើ​ជាមួយ​បង់ក្លាដែស ជា​គម្រោង​ដែល​ឥណ្ឌា​តែង​ទទួល​បាន​ប្រយោជន៍​ច្រើនជាង​បង់ក្លាដែស។
 
នៅក្នុង​ពេល​​នាយករដ្ឋមន្រ្តី​ឥណ្ឌា មាន​វត្តមាន នៅ​បង់ក្លាដែស បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និងបញ្ហា​ដណ្តើម​ទឹកទន្លេគ្នា​នឹង​ត្រូវ​គេ​លើកយក​មក​និយាយ។ គួរដឹងថា តាំង​ពី​ជួយ​បង់ក្លាដែស​ឲ្យ​បង្កើត​ជារដ្ឋឯករាជ្យ ផ្តាច់​ចេញ​ពី​ប៉ាគីស្ថាន ខ្សែព្រំដែន​រវាង​ប្រទេស​ទាំងពីរ​មិន​ទាន់​បាន​កំណត់​ច្បាស់លាស់។ ហើយ នេះដែល​ជា​ប្រភព​នៃ​ជម្លោះ និង​ការប្រទូស្តរ៉ាយគ្នា​ជាញយដង នៅតាម​បណ្តោយព្រំដែន។
 
ការដោះស្រាយ​បញ្ហា​ព្រំដែន​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាជន​ចំណាកស្រុក។ ពោលគឺ ​ឥណ្ឌា​នឹង​ទទួល​បាន​ដីស្រែ​ជាង ១០០ និង​ប្រជាជន​របស់ខ្លួន ដែល​បច្ចុប្បន្ន កំពុង​ស្ថិតនៅក្នុង​ទឹកដី​បង់ក្លាដែស។ ប៉ុន្តែ ឥណ្ឌា​ក៏​ត្រូវ​ប្រគល់​ដីស្រែ​ជាង៥០ និង​ប្រជាជន​ប៉ាគីស្ថានខាងកើត រស់នៅក្នុង​ទឹកដី​របស់ខ្លួន ឲ្យ​ទៅ បង់ក្លាដែស ដែរ។
 
ទំនាក់ទំនង​ឥណ្ឌា និង​បង់ក្លាដែស​ទើបតែ​ប្រសើរ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ ពោល​គឺ​ចាប់តាំង​ពី​លោកស្រី​Sheik Hasina Wajed បាន​ចូលកាន់តំណែង​ជា​នាយក​រដ្ឋមន្រ្តី​បង់ក្លាដែស កាលពី​ឆ្នាំ ២០០៨។ បង់ក្លាដែស​បាន​ព្រម​ប្រគល់​កំពង់ផែ​របស់ខ្លួន​ពីរ ដើម្បី​ឲ្យ​ឥណ្ឌា​ប្រើប្រាស់​សម្រាប់ការដោះដូរ​ពាណិជ្ជកម្ម​ក្នុង​តំបន់។
 
កាលពី​ឆ្នាំមុន ឥណ្ឌា ក៏​បាន​យល់ព្រម​ផ្តល់​ប្រាក់​កម្ចី ដល់​ទៅ​មួយពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវថ្នល់​បង់ក្លាដែស ជា​ពិសេស នៅ​ក្នុង​ខេត្តដែល​នៅជាប់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ កន្លងមក ឥណ្ឌា​មិន​ដែល​ផ្តល់​ទឹកប្រាក់​កម្ចី​ដ៏ច្រើន​បែបនេះ ទៅ​ប្រទេស​ណា​មួយ​ទេ។
 
បង់ក្លាដែស​ស្ថិតនៅ​ចន្លោះ​ទឹកដី​ឥណ្ឌា​ ក្បែរ​ទៅ​រក​ទឹកដី​ចិន
បង់ក្លាដែស​ស្ថិតនៅ​ចន្លោះ​ទឹកដី​ឥណ្ឌា​ ក្បែរ​ទៅ​រក​ទឹកដី​ចិន CIA
៣ ហេតុអ្វី​បាន​ជា​ឥណ្ឌា​ជួយ​បង់ក្លាដែស
 
ឥណ្ឌា​ចាប់អារម្មណ៍​ជួយ​បង់ក្លាដែស ដោយ​មូលហេតុពីរ។ ទីមួយ​គឺ​កត្តា​ប្រវត្តិសាស្រ្ត ដោយ​ឥណ្ឌា​ជាអ្នកធ្លាប់ជួយ​បង់ក្លាដែស​ឲ្យ​កើតចេញជារូបរាង និង​ផ្តាច់ខ្លួន​ឯករាជ្យ​ពី​ប៉ាគីស្ថាន។
 
កត្តា​ទីពីរ​គឺ​ឥណ្ឌា​មើលឃើញ​ពី​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ។ បើតាម​សេចក្តី​ថ្លែងការណ៍​ផ្លូវការ របស់​នាយករដ្ឋមន្រ្តី​ឥណ្ឌា ការរឹតចំណង​មិត្តភាព​ជាមួយ​បង់ក្លាដែស គឺ​ដើម្បី​ស្ថិរភាព និង​ការរីកចម្រើន​តំបន់​ឦសាន​ឥណ្ឌា។ ឆ្លៀត​ក្នុង​​ទស្សនកិច្ច​លើកនេះ នាយករដ្ឋមន្រ្តី​ឥណ្ឌា​ចង់​និយាយ​ខ្ចី​ផ្លូវ​រថភ្លើង​បង់ក្លាដែស ដើម្បី​ឆ្លងកាត់​ប្រទេសនេះ ទៅ​កាន់​តំបន់​ភាគឦសាន​​ឥណ្ឌា ដែល​ស្ថិតនៅ​ត្រើយ ម្ខាងទៀត របស់​បង់ក្លាដែស និង​ស្ថិតនៅជាប់​ប្រទេស​ចិន។
 

ការអភិវឌ្ឍន៍​តំបន់​របស់ខ្លួន​ជាប់ព្រំដែន​ចិន ជារឿងមួយ សំខាន់​ដើម្បី​ទប់ទល់​ការឈ្លានពាន​របស់ចិន មកក្នុង​ទឹកដី​របស់ខ្លួន ប៉ុន្តែ ការពង្រឹង​ទំនាក់ទំនង​ឡើងវិញ ជាមួយ​បង់ក្លាដែស គឺ​ជា​រឿង​មួយ​ដែល​ឥណ្ឌា​ចាំបាច់​ត្រូវធ្វើ ព្រោះទីក្រុង​ញូវដេលី បាន​សំគាល់​ឃើញ​ចិន កំពុង​បង្កើន​ឥទ្ធិពល​ខ្លួន នៅក្នុង​ប្រទេស​ជិតខាងឥណ្ឌា។ ដោយសារ​អវត្តមាន ជាង ១០​ឆ្នាំ ឥណ្ឌា​មើលឃើញ​ថា ខ្លួនកំពុង ស្ថិតនៅ​ដាច់ឆ្ងាយ ពីក្រោយ​ចិន។ ចិន​ដែល​ពេលនេះ ជាដៃគូ​សេដ្ឋកិច្ច និង​បំពាក់​អាវុធ ដល់​យោធា បង់ក្លាដែស។ នៅក្នុង​ស្ថានភាព​នេះ ឥណ្ឌា ដែល​ខ្លាច​ចិន​ដណ្តើម​ឥទ្ធិពលខ្លួន នៅបង់ក្លាដែស នៅក្នុង​តំបន់​អាស៊ីខាងត្បូង ត្រូវ​តែ​បញ្ចេញ​សកម្មភាព​របស់ខ្លួន។ ជាក់ស្តែង ក្រៅតែ​ពី​ប្រាក់កម្ចី មហាសាល ឥណ្ឌា​នៅ​បាន​យល់ព្រម​ផ្តល់​សព្វាវុធ និង​បង្ហាត់ ហ្វឹកហ្វឺន​ទាហាន​បង់ក្លាដែស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ