អានតួអត្ថបទ
រុស្ស៊ី

មេដវេដេវ ចង់​ធ្វើ​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២ ប៉ុន្តែ​មិន​ព្រម​ប្រជែង​ជាមួយ​ពូទីន​ទេ

ការនេះ ឆ្លុះ​ឲ្យ​ឃើញ ដោយ​សម្ភាសន៍​របស់​លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី មេដវេដេវ​ ទៅ​កាសែត​អង់គ្លេស “The Financial Times” ដែល​ក្លាយ​ទៅ​ជា​ដំណឹង​ទី​១ ផ្សាយ​ព្រឹក​មិញ ដោយ​គ្រប់​តែ​កាណាល់​ទូរទស្សន៍​ធំៗ​នៅ​រុស្ស៊ី។ ក្នុង​សម្ភាសន៍​នេះ លោក មេដវេដេវ​ ក៏បាន​និយាយ​ប៉ះ​លើ​បញ្ហា​ជាច្រើន បែប​យ៉ាង​បន់​ឲ្យ​លោក អូបាម៉ា ជាប់​ឆ្នោត​ជា​ថ្មី ជា​ប្រធានាធិបតី​អាមេរិក និង​ថា​ការ​រលាយ​ទៅ​នៃ​សហភាព​សូវៀត មិនមែន​ជា​មហន្តរាយ​ភូមិសាស្ត្រ-​នយោបាយ ធំ​បំផុត​ឡើយ។

លោក មេតវេដេវ​ ពេល​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​កាសែត​អង់គ្លេស The Financial Times
លោក មេតវេដេវ​ ពេល​ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​កាសែត​អង់គ្លេស The Financial Times © Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ការ​កត់​សម្គាល់ សម្ភាសន៍​នេះ បាន​ត្រូវ​លោក​ប្រធានាធិបតី​រុស្ស៊ី មេដវេដេវ​ ឲ្យ​ទៅ​កាសែត​អង់គ្លេស “The Financial Times” គឺ​នៅ​ឯក្រុង Saint-Petersbourg កាលពី​ថ្ងៃ ១៨​មិថុនា ពេល​ដែល​នៅ​ទីនោះ ទើប​ចប់​ទៅ​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ “វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ” លើក​ទី​១៥ ប៉ុន្តែ បទសម្ភាសន៍​ផ្ទាល់ ទើប​ត្រូវ​កាសែត​នោះ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​តែ​ម្តង។

 
ទូរទស្សន៍​រុស្ស៊ី ដោយ​ស្រង់​ឱកាស​សម្ភាសន៍​នោះ មក​ចាក់​ផ្សាយ សំដែង​នូវ​ចំណាប់​អារម្មណ៍​ថា ទាំង​លើក​នេះ ក៏​អ្នក​កាសែត​បរទេស​មិន​គ្រាន់​តែ​មិន​រំលង​ឡើយ បញ្ហា​ទាក់ទង​នឹង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​រុស្ស៊ី ក្នុង​ឆ្នាំ​២០១២ តែ​ក៏​ភ្ជង់​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ច្រើន ពិត​ជា​ទៅ​លើ​ចំណុច​នេះ។ ទាំង​សំណួរ ដែល​អ្នក​កាសែត​អង់គ្លេស​ចោទ ក៏​បន្លឺ​ឡើង​ជា​ភាសា​រុស្ស៊ី​ដែរ។ 

លោក មេដវេដេវ​ ដោយ​ឆ្លើយ​ទៅ​លើ​សាច់​រឿង​ដែល​មាន សង្កត់​ធ្ងន់​ថា​គាត់​ច្រាន​ចោល​ដាច់ខាត លទ្ធភាព​បញ្ឈរ​ឈ្មោះ​ជា​បេក្ខជន ដោយ​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី ពូទីន។ ព្រម​ជាមួយ​នេះ លោក មេដវេដេវ​ មិន​បដិសេធ​ឡើយ​ថា គាត់​ប្រាថ្នា​កាន់​តំណែង​កំពូល​នេះ មួយ​អាណត្តិ​ទៀត ពីព្រោះ​ប្រធានាធិបតី​រូប​ណា​ក៏​ដោយ “មាន​កាតព្វកិច្ច​ត្រូវ​តែ​ចង់​ឈរ​ឈ្មោះ​ចូល​ប្រឡូក” ជា​ថ្មី។

ដោយ​ពន្យល់​អំពី​មូលហេតុ តើ​ហេតុ​ដូចម្តេច​បាន​ជា ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី មិន​អាច​ឈរ​ឈ្មោះ ក្នុង​ពេល​ជាមួយ​គ្នា លោក​ មេដវេដេវ​ ថ្លែង​ថា “មូលហេតុ​បឋម​ទី​១ មក​ពី​រូប​គាត់ និង លោក ពូទីន ដែល​ជា​សហសេវិក​គាត់ និង​ជា​សម​មិត្ត​ចាស់​ឆ្នាំ​របស់​គាត់ តំណាង​ឲ្យ​កម្លាំង​នយោបាយ​រួម​តែ​មួយ​ទេ​តើ។ ក្នុង​ករណី​នេះ ការ​ប្រជែង​គ្នា​រវាង​រូប​គាត់ និង​រូប​លោក ពូទីន គឺ​អាច​នាំ​ឲ្យ​ខូចការ ខូច​ដល់​ភារកិច្ច និង​គោល​ដៅ ដែល​យើង​ទាំងពីរ​ខំ​សាង​​សមិទ្ធិ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។ 

លោក មេដវេដេវ​ បញ្ចប់​សេចក្តី​ថា ៖ បើ​ខ្ញុំ​និង​លោក​ ពូទីន ឈរ​ឈ្មោះ​ជាមួយ​គ្នា​គឺ​មិនមែន​ជា “សេណារីយោ” ដ៏​ល្អ​ឡើយ សម្រាប់​ប្រទេស​រុស្ស៊ី ដ្បិត​ការ​ចូល​ប្រឡូក ក្នុង​ការ​បោះឆ្នោត មាន​ន័យ មិន​ត្រឹម​តែ​ជំរុញ​ដល់​ការ​បំផុសបំផុល​បរិយាកាស​ប្រជែង​គ្នា​យ៉ាង​សេរី​ប៉ុណ្ណោះ​ទេ តែ​គឺ​ដើម្បី​ម្នាក់​ឈ្នះ ម្នាក់​ចាញ់​តែ​ម្តង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ