អានតួអត្ថបទ
អ៊ីស្រាអែល ប៉ាឡេស្ទីន អ៊ីរ៉ង់

អ៊ីរ៉ង់​បរិហារ​ភាព​ស្ពឹក​ស្រពន់​របស់​​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.ចំពោះ​មរណភាព​នៅ​ប៉ាឡេស្ទីន

ប្រឈម​មុន​នឹង​ការ​បាត់​បង់​ជីវិត​មនុស្ស ជាពិសេស​ជន​ស៊ីវិល​និង​កុមារ​ជា​រៀង​រាល់​ថ្ងៃ អ៊ីរ៉ង់ ប្រទេស​អ៊ីស្លាម​គាំទ្រ​ចលនា​ហាម៉ាស និង​មិន​ទទួល​ស្គាល់​ប្រទេស​អ៊ីស្រាអែល បាន​បរិហារ​យ៉ាង​ខ្លាំង​ភាព​ស្ពឹក​ស្រពន់​ គ្មាន​សកម្មភាព​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បណ្តែត​បណ្តោយ​ឱ្យ​អ៊ីស្រាអែល​ ប្រល័យ​ពូជសាសន៍​ប៉ាឡេស្ទីន​យ៉ាង​ដូច្នេះ។

ជន​ប៉ាឡេស្ទីន​បី​សាកសព​កូន​ស្លាប់​ដោយ​គ្រាប់​របស់​អ៊ីស្រាអែល
ជន​ប៉ាឡេស្ទីន​បី​សាកសព​កូន​ស្លាប់​ដោយ​គ្រាប់​របស់​អ៊ីស្រាអែល REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

ក្នុង​សុន្ទរកថា​ ទៅ​កាន់​គណៈកម្មាធិការ​ប៉ាឡេស្ទីន​នៃ​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​ ដែល​កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​តេអេរ៉ង់ និង​ដែល​មានរដ្ឋមន្ត្រី​ក្រសួង​ការបរទេស ប៉ាឡេស្ទីន កាតារ ស៊ូដង់ វេណេស៊ុយអេឡា បង់ក្លាដែស និង​អ៊ូហ្កង់ដា ចូល​រួម​ផង​ ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាស់សាន់ រ៉ូហានី បាន​​ថ្លែងបរិហារ​ដោយ​ចំ​ៗ​អំពី​អសកម្ម​ភាព​របស់​ស្ថាប័ន​អន្តរជាតិ ពិសេស​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​មិន​អាច​ទប់​ស្កាត់​​សកម្មភាព​ឧក្រិដ្ឋប្រឆាំង​នឹង​មនុស្សជាតិ​ របស់​អ៊ីស្រាអែល​មក​លើ​ពលរដ្ឋ​ប៉ាឡេស្ទីន។

 
“ជា​ការ​ឈ្លានពាន​យ៉ាង​ឃោរឃៅ​របស់​យោធា​! អ៊ីស្រាអែល សម្លាប់​ជីវិត​កុមារ ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍​ ដោយ​កាប់​សម្លាប់​ជម​ស៊ីវិល បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ ផ្ទះ​សម្បែង​ សាលា​រៀន មន្ទីរពេទ្យ និង​វិហារសាសនា ... នេះ​ជា​ប្រសាសន៍​ថ្កោល​ទោស​របស់​លោក រ៉ូហានី ដែល​បាន​ឆ្លៀត​បរិហារ​ សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​មួយ​ចំនួន​ទៀត ថា​បាន​ស៊ុម​ក្រលុម​ជាមួយ​អ៊ីស្រាអែល​។ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ ជាពិសេស​ក្រុម​ប្រទេស​មិន​ចូល​បក្ស​សម្ព័ន្ធ​ទាំង​ឡាយ​ ឱ្យ​ប្រមូល​ផ្តុំ​កម្លាំង​គ្នា​ជា​ធ្លុង​មួយ បញ្ឈប់​ឧក្រិដ្ឋកម្មសង្គ្រាម និង​ការ​ប្រល័យ​ពូជសាសន៍​របស់​អ៊ីស្រាអែល។

អ៊ីរ៉ង់ ដែល​មិនទទួល​ស្គាល់​វត្តមាន​អ៊ីស្រាអែល​លើ​ភពផែនដី ​គាំទ្រ​ចលនា​អ៊ីស្លាម​ជ្រុល​និយម​ប៉ាឡេស្ទីន និង​បាន​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​និង​យោធា​ដល់​ក្រុម​នេះ។ អ្នក​ទទួល​ខុសត្រូវ​ ​ជា​ច្រើន​បាន​អះអាងថា​​ អ៊ីរ៉ង់បាន​ផ្គត់​ផ្គង់​បច្ចេកវិទ្យា​ចាំបាច់​ក្នុង​ការ​ផលិត​​​មីស៊ីល​ដល់​កង​យុទ្ធជន​ប៉ាឡេស្ទីន និង​ពួក​អ៊ីស្លាម​ជីហាត​។ កាលពី​សប្តាហ៍​មុន អគ្គមគ្គុទ្ទេសក៍​អ៊ីរ៉ង់ អាយ៉ាតូលា អាលី ខាមេនៃ បាន​អំពាវនាវ​ឱ្យ​ពិភពលោក​អ៊ីស្លាម​ទាំង​មូល​ជួយ​បំពាក់​អាវុធ​ដល់​បណ្តាលជន​ប៉ាឡេស្ទីន ដើម្បី​ប្រឈម​នឹង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ ប្រតិបត្តិការ​វាយប្រហារ​ដែន​អាកាស​និង​ផ្លូវ​គោក​រយៈ​ពេល​២៨​ថ្ងៃ បាន​សម្លាប់​ជីវិតជន​ប៉ាឡេស្ទីន​យ៉ាង​ហោច​ណាស់​ ១៨២២​នាក់ ភាគ​ច្រើន​ជា​ស៊ីវិល​ និង​ ខាង​អ៊ីស្រាអែល ៦៧​នាក់​ ក្នុង​នោះ​បី នាក់​ជា​ស៊ីវិល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ