ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/05 12h00 GMT

ការ​ប្រកួត​កីឡាអូឡាំពិក​នៅ​ប្រេស៊ីល​ បើកធ្វើឡើង​ក្នុង​ភាព​តានតឹង​

ការ​ប្រកួត​កីឡាអូឡាំពិក​នៅ​ប្រេស៊ីល​ បើកធ្វើឡើង​ក្នុង​ភាព​តានតឹង​
 
ពណ៌​បៃតង​និង​ពណ៌លឿង​ជា​និមិត្ត​សញ្ញា​របស់​ប្រេស៊ីល និង​ក្រុងរីយ៉ូ សម្រាប់​កីឡាអូឡាំពិក​២០១៦ Reuters

ការប្រកួត​កីឡាអូឡាំពិក​​ចាប់ផ្តើម​បើកធ្វើហើយ គឺ​ចាប់ពី​ថ្ងៃសុក្រ​៥សីហា​នេះ រហូត​​ដល់​ថ្ងៃអាទិត្យ​​២១សីហា នៅ​ ស្តាត ម៉ារ៉ាកាណា ក្នុង​ទីក្រុង​រីយ៉ូ ប្រទេស​ប្រេស៊ីល។ កីឡាករ​១០ ៥០០នាក់ មកពី​ប្រទេស​ចំនួន​២០៤ ត្រូវ​ចូលរួម​ការប្រកួត។ ការប្រកួត​មាន​២៨វិញ្ញាសា។ ​នេះ​ជាលើកទី១ ដែល​ទ្វីប អាមេរិក​​ខាងត្បូង​រៀបចំ​ការ​ប្រកួត​​កីឡា​អូឡាំពិក។​

ការ​​បើក​ការប្រកួតថ្ងៃនេះ​​ ​​ធ្វើឡើង​ក្នុង​ភាពតានតឹង ដោយសារ​​​វិបត្តិនយោបាយ សេដ្ឋកិច្ច និង​បញ្ហា​សន្តិសុខ​របស់​ប្រេស៊ីល​ បូករួម​ទាំង​ការគំរាមកំហែង​ភេរវកម្ម ​និង​បញ្ហា​ជុំវិញ​កីឡាករ​រុស្ស៊ី។ កន្លងមក ​​គណៈកម្មការ​អូឡាំពិក​បាន​បណ្តេញ​កីឡាករ​រុស្ស៊ី ១១៨នាក់​ចេញ តែ​​អនុញ្ញាត​អោយ​​កីឡាករ​រុស្ស៊ី​២៧១នាក់​​ចូលរួមការប្រកួត​នៅ​ប្រេស៊ីល​។

នៅជិត​ស្តាត​ម៉ារ៉ាកាណា ថ្ងៃសុក្រនេះ ​ក្រុមបាតុករ​ប្រេស៊ីល​ត្រៀម​​​​ស្រែកតវ៉ា ប្រឆាំង​នឹង​ប្រធានាធិបតី​ស្តីទី គឺលោក មីស្ហែល តេមែរ។
 
ក្រុមបាតុករ​​មិនទុកមុខ​​​​​​​​អោយ​ប្រធានាធិបតី​ស្តីទី​ ក្នង​ថ្ងៃ​បើក​ការប្រកួត​
ក្រុមបាតុករ​​​ត្រៀម​ស្រែកហ៊ោ​រ​​បន្តុះបង្អាប់​​ប្រធានាធិបតី​ស្តីទី​ក្នុង​ថ្ងៃ​បើក​ការប្រកួត​នេះ។ ពួកគេ​ជា​សកម្មជនគាំទ្រ​ប្រធានាធិបតី​​ ឌីលម៉ា រូសែហ្វ ដែល​ត្រូវ​ព្រឹទ្ធសភា​ព្យួរតំណែ​ង​​​ កាលពី​ខែឧសភា។ ពួកគេ​​ចង់​ឆ្លៀត​ពេល​មាន​វត្តមាន​ទេសចរ​អន្តរជាតិ មក​ទស្សនា​កីឡា​អូឡាំពិក​នេះ ដើម្បី​បរិហារ​ប្រធានាធិបតី​​ស្តីទី មីស្ហែល តេមែរ។ ​​
 
ក្រុមគាំទ្រ​លោកស្រី​រូសែហ្វ ចោទ​​ប្រធានាធិបតី​ស្តីទី​តេមែរ​ ថាជា​អ្នករៀបចំ​ល្ខោន​អោយ​​មានការ​ព្យួរ​តំណែង​លោកស្រី​រូសែហ្វ កន្លងមក។ ម្សិលមិញ ​គណៈកម្មការ​សភា​បាន​បោះឆ្នោត​អោយ​មាន​​ការកាត់ទោស​លោកស្រី​រូសែហ្វ ពីបទ​បន្លំ​ថវិកាជាតិ ដើម្បី​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី។ ព្រឹទ្ធសភា​នឹង​បោះឆ្នោត​​ជាលើកទី២​នៅ​ចុងខែ​សីហា​នេះ​ ដើម្បី​គូសបញ្ជាក់​ពី​ការ​​ដក​តំណែង​​​លោកស្រី​។
 
ជាទូទៅ​ ​​​ប្រជាជន​ប្រេស៊ីល​​​អស់​​ទំនុកចិត្ត​ចំពោះ​អ្នកនយោបាយ​ មិនថា​ចំពោះ​លោកស្រី​​រូសែហ្វ រឺ​ក៏​ប្រធានាធិបតី​ស្តីទី តេមែរ ដែល​ឡើង​មក​គ្រប់គ្រង​ប្រទេស ដោយ​គ្មាន​ការ​បោះឆ្នោត​នេះទេ។ ​ប្រជាជន​​ក្នងស្រុក​គួរសប្បាយរីករាយដែល​ប្រទេស​ជាតិ​មាន​មុខមាត់​ ​​រៀបចំ​ការប្រកួត​អន្តរជាតិ​។
 
តែ​​ផ្ទុយទៅវិញ ​ប្រជាជន​រិះគន់​ថា ការប្រកួត​កីឡាអូឡាំពិក​ឆ្នាំ២០១៦នេះ ក៏ដូចជា​​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៤ដែរ គឺសុទ្ធតែ​ជា​ព្រឹត្តិការណ៍​​ធ្វើឡង​​ដើម្បី​បិទបាំង​ភាពក្រីក្រ​របស់​ប្រជាជន បិទបាំង​អំពើ​ពុករលួយ និង​បញ្ហា​ផ្សេងៗ​ក្នុងស្រុក។ ជាព្រឹត្តិការណ៍​ដែល​នាំតែ​ភាព​រីករាយ​​ដល់​អ្នកមាន​អំណាច​លុយកាក់​ប៉ុណ្ណោះ។ ប្រជាជន​តិចណាស់ ដែល​គិតថា កីឡា​អូឡាំពិក​​ផ្តល់​ផលប្រយោជន៍​​ដល់​​ប្រទេស​ប្រេស៊ីល។ ​
 
សេដ្ឋកិច្ច​ប្រេស៊ីល​បន្ត​ដើរថយក្រោយ
ប្រេស៊ីលធ្លាប់​ជួបកំណើនរាល់ឆ្នាំ ​​គួរកត់​សំគាល់ ក្នុង​ទស្សវត្ស​ឆ្នាំ២០០០ រហូត​ដល់ឆ្នាំ​២០១០។ សេដ្ឋកិច្ច​​​​ពឹងផ្អែក​លើ​វត្ថុធាតុដើម ជាចំបង​។ ប៉ុន្តែ តាំងពី​ឆ្នាំ២០១៥​មក តម្លៃ​វត្ថុធាតុដើម​បានធ្លាក់ចុះ ធ្វើអោយ​សេដ្ឋកិច្ច​រងការ​ប៉ះពាល់​ខ្លាំង។ កំណើន​​​ជនគ្មានការងារ វិបត្តិ​អតិផរណា សុទ្ធតែ​ជា​បញ្ហា​ប្រឈម​ពេល​បច្ចុប្បន្ន។
 
៣សប្តាហ៍​មុនថ្ងៃ​បើក​ការប្រកួត​កីឡា​អូឡាំពិក ​ប្រេស៊ីលបាន​​ធ្លាក់​ក្នុង​ភាព​អាសន្ន​ហិរញ្ញវត្ថុ។ រដ្ឋ​ចាយ​លុយច្រើន​ពេក លែង​មា​នថវិកា​បើកប្រាក់ខែ​​អោយ​បុគ្គលិក រហូតធ្វើអោយ​​មន្ត្រី​ប៉ូលិស​គំរាម​ធ្វើកូដកម្ម​ការងារ​។ មានការ​លើកឡើង​ថា មាន​ការ​បន្លំ​ថវិកា​រហូត​ដល់​៨លាន​អឺរ៉ូ​ឯណោះ។ ទីបំផុត​រដ្ឋ​ក៏សម្រេច​ចេញលុយ​៧៩លានអឺរ៉ូ ដើម្បី​បើកប្រាក់ខែ​អោយ​​មន្ត្រី​ប៉ូលិស និង​សម្រាប់​ចំណាយ​ផ្សេងៗ។ 
 
ប្រធានាធិបតី​ស្តីទី មីស្ហែល តេមែរ មានទិសដៅសន្សំ​ថវិកា ​អោយ​ប្រេស៊ីល​ជួបកំនើន​នៅ​ឆ្នាំ​២០១៧ មិនដឹងថា ធ្វើរួច​រឺ​មិនរួច​ទេ បើ​រដ្ឋចាយ​លុយច្រើនយ៉ាងនេះ។ ជាឧទាហរណ៍ ​​ការសាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ សម្រាប់​កីឡា​អូឡាំពិក​​​២០១៦ ​គឺ​យឺតយ៉ាវ​ណាស់។ ប្រេស៊ីល​ចង់​អោយ​​ការ​សាងសង់​ចាយលុយ​តិច ប្រៀប​នឹង​ការរៀបចំ​ការ​​ប្រកួត​នៅ​ទីក្រុងឡុងដ៍ឆ្នាំ២០១២ ​ប៉ុន្តែ ​រដ្ឋប្រេស៊ីល​​ចាយ​លុយ​មិនស្បើយ​សោះ​ គឺ​អាច​​ចាយ​​​ដល់​១២ពាន់លាន​អឺរ៉ូឯណោះ។ 
 
ការការពារ​សន្តិសុខ​ប្រឈម​ភេរវកម្ម និង​សុខភាព​ទេសចរ 
ប្រឈម​ការគំរាម​ភេរវកម្ម​ប្រឆាំង​ពលរដ្ឋ​ប្រទេស​លោកខាងលិច ប្រេស៊ីល​ជាចំណុចក្តៅ។បើ​ក្រុមភេរវជន​ចង់វាយប្រហារគឺពួកគេ​យក​ប្រេស៊ីល​ជា​ផ្ទាំងស៊ីប​ហើយ ព្រោះ​អន្តរជាតិ​កំពុង​នាំគ្នា​សម្លឹង​ប្រេស៊ីល​ក្នុង​ពិធី​អូឡាំពិក​ដ៏​អធិកអធម​នេះ។ អាជ្ញាធរ​ត្រៀម​កម្លាំង​៨៥០០០នាក់​ ដើម្បី​​ការពារ​សន្តិសុខ ប្រៀប​នឹង​ការប្រកួត​នៅ​ទីក្រុងឡុងដ៍ គឺ​មានទ្វេដង។ ប្រទេស​ចំនួន​៥៥ ក៏ចូួលរួម​ការពារ​សន្តិសុខ​នៅ​ប្រេស៊ីល​ដែរ។

 
មិន​និយាយ​ពី​ភេរវកម្ម ​​​​រឿង​សម្លាប់​មនុស្សក្នុងស្រុក​ ​​ហាក់​ដូចជា​ក្លាយ​ជា​ភាព​សាមញ្ញ​ទៅហើយ​។​ គិត​ឆ្នាំ២០១៦​នេះ ការសម្លាប់​មនុស្ស​ នៅ​ក្រុងរីយ៉ូ ​កើនឡើង​១៤ភាគរយ ប្រៀប​នឹង​ឆ្នាំ២០១៥។ ​គ្រាន់តែ​៥ខែដំបូង​ឆ្នាំ២០១៦ មនុស្ស​ជិត២១០០នាក់​ត្រូវបាន​គេសម្លាប់​ក្នុងក្រុង។  បើ​ការ​សម្លាប់​មនុស្ស​ជារឿងសាមញ្ញ ភេរវជន​អាច​ឆ្លៀត​ឱកាសវាយប្រហារ​ ​បានស្រួល​ក៏ថាបាន។ ​
ទន្ទឹម​នឹង​ការការពារ​សន្តិសុខ ​ការការពារ​សុខភាព​ក៏ជា​​កាតព្វកិច្ច​​ធំ។​ ប្រេស៊ីល​ត្រៀម​ការពារ​​​កុំអោយ​ភ្ញៀវ​ទេសចរ​រងការ​វាយប្រហារ​ពី​មេរោគ​ហ្ស៊ីកា ​ដែលឆ្លង​តាមរយៈ​មូសខ្លា។ តែ​អាជ្ញាធរ​គិតថា ចង់មិនចង់ ក៏​ទេសចរ​ខ្លះ​អាច​នឹង​រងគ្រោះ​ដោយ​មេរោគ​នេះដែរ។ ប្រេស៊ីល​មាន​​ច្រកឆ្នេរ​​ Guanabara ​​​​​លូជាច្រើន​បាន​បង្ហូរ​ទឹក​​ចាក់​ទៅទីនោះ ដែល​​អាច​​បង្ក​​ជា​ជង្រុក​មូសខ្លា។
 
ដោយសារ​បញ្ហា​ទាំងអស់ខាងលើ​​នេះ​ ក្នុង​ថ្ងៃ​បើកការ​ប្រកួត​នេះ មេដឹកនាំ​ប្រទេស​លោក​ខាងលិច​​តិចណាស់ ដែលចូលរួម។ មេដឹកនាំ​បារាំង លោក​ហ្វ្រង់ស៊័រ ​ហូឡង់ និងមេដឹកនាំ​​អ៊ីតាលី លោកម៉ាតេអូ ​​រិនហ្ស៊ី ​​នឹងចូលរួម​ក្នុងពិធី​បើក​ការប្រកួត​ថ្ងៃសុក្រ​នេះ។​
 
ដោយឡែក ប្រធានាធិបតី​រូសែហ្វ ដែល​កំពុង​ត្រូវ​គេព្យួរតំណែង និង​អតីត​ប្រធានាធិបតី​លូឡា ​ដែល​​រងរឿង​អាស្រូវ​​ពុករលួយ រឿង​​ក្រុមហ៊ុន​ប្រេង​​ពេត្រូប្រា បដិសេធ​​មិនចូលរួមទេ ទោះពួកគាត់​​​ទាំង២មានចំណែក​​ក្នុង​ការ​រៀបចំ​កីឡាអូឡាំពិក​នេះក្តី៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    គណៈកម្មការ​​អូឡាំពិកបង្កើត​ក្រុម​អត្តពលិកជនភៀសខ្លួន​ ជាលើកទីមួយ

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    គណៈ​កម្មាធិការ​​​អូឡាំពិក​មិនហាម​ប្រទេស​រុស្ស៊ី​ទាំងមូល​ ពីការ​ប្រកួត​នៅ​ប្រេស៊ីល

    ស្វែងយល់បន្ថែម

  • ហ្ស៊ីកាកំពុង​ជះ​ស្រមោល​ស្រអាប់​លើ​ការ​ប្រកួត​កីឡា​អូឡាំពិក​ពិភពលោក​នៅ​ប្រេស៊ីល

    ស្វែងយល់បន្ថែម

  • ហ្ស៊ីកា ៖ អង្គការ​សុខភាព​ពិភពលោកប្រឆាំង​នឹង​ការ​លើក​ពេល​ ប្រកួត​​កីឡា​អូឡាំពិក​ពិភពលោក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ