អានតួអត្ថបទ
ជប៉ុន-

ជប៉ុនកាត់បន្ថយ​ការទិញប្រេង​ពី​អ៊ីរ៉ង់

នៅថ្ងៃព្រហស្បតិ៍​នេះ ជប៉ុន​បាន​ប្រកាស​កាត់បន្ថយ​ចំនួន​ប្រេង​ដែល​ខ្លួន​ទិញ​នាំចូល​ពី​អ៊ីរ៉ង់។ ជប៉ុន​ដែល​ជា​ប្រទេស​ទិញ​ប្រេង​ទីបី​របស់​អ៊ីរ៉ង់ បាន​សម្រេច​កាត់បន្ថយ​ការពឹងពាក់​ថាមពល​ទៅលើ​អ៊ីរ៉ង់ ដើម្បី​ដាក់​សម្ពាធ​បន្ថែម​លើ​របប​អ៊ីស្លាម​មួយនេះ​ឲ្យ​បោះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ។

រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ជប៉ុនJun Azumi និង​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក​លោក​ Timothy Geithner
រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ជប៉ុនJun Azumi និង​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក​លោក​ Timothy Geithner ©Reuters
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ ប្រេងឆៅ​១០ភាគរយ​របស់​ជប៉ុន ត្រូវ​នាំចូល​មក​ពី​អ៊ីរ៉ង់។ ប៉ុន្តែ ទៅតាម​ការស្នើ​របស់​អាមេរិក ជប៉ុន​បាន​យល់ព្រម​កាត់បន្ថយ​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ និង​សន្យា​ចាត់វិធានការ​ជាបន្ទាន់ និង​ជាក់ស្តែង ដើម្បី​កាត់បន្ថយ បន្ថែមទៀត ចំនួន​ប្រេង​ដែល​ខ្លួន​ទិញពីអ៊ីរ៉ង់។

 
ចម្លើយ​វិជ្ជមាន​របស់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ជប៉ុន នៅថ្ងៃនេះ បាន​ធ្វើ​ឲ្យ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាមេរិក Timothy Geithner​ពេញចិត្ត​យ៉ាងខ្លាំង។ លោក​Geithner​បាន​ផ្តើម​ទស្សនកិច្ច​នៅអាស៊ី ដោយ​ចាប់ផ្តើម​នៅក្នុង​ប្រទេស​ចិន មុន​នឹង​ទៅដល់​ជប៉ុន​ដើម្បី​ស្វែងរក​ការគាំទ្រ​ការទូត ដើម្បី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​វិស័យប្រេង​អ៊ីរ៉ង់។

នៅប្រទេស​ចិន ជាទី​ដែល​លោក​បាន​ជួប​និយាយ​ជាមួយ​អនុប្រធានាធិបតី នាយករដ្ឋមន្រ្តី​ចិន លោក​វេន ជាប៉ាវ និង​រដ្ឋមន្រ្តី​សេដ្ឋកិច្ច លោក​ Geithner​មិន​បាន​ឮ​ចិន​ហា​មាត់​និយាយ​គាំទ្រ​វិធានការ​អាមេរិកទេ។ ផ្ទុយទៅវិញ ចិន​បាន​បញ្ជាក់​ប្រាប់​ទៅ​អាមេរិកថា គេ​មិន​គួរ​ឡូកឡំ បញ្ហា​ប្រេង​ចិន​នាំចូល​ពី​អ៊ីរ៉ង់ ជាមួយ​នឹង​បញ្ហា​នុយក្លេអ៊ែរនោះទេ។ កន្លងមក​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ធ្លាប់​បាន​និយាយ​រិះគន់​អាមេរិក​ដោយ​ថា វាជារឿង​មិន​សមហេតុផល ដែល​គេ​យក​ច្បាប់​ជាតិ​របស់​ប្រទេស​មួយ ទៅ​ដាក់​សម្ពាធ​ប្រទេស​ដទៃ​ឲ្យ​ធ្វើតាម។

អាមេរិក​មិន​បានការគាំទ្រ​ពី​ចិន ប៉ុន្តែ អាមេរិក​បាន​ទទួល​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ជប៉ុន ដែល​ធ្លាប់​មាន​ប្រវត្តិ​រងគ្រោះ​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ។ ប៉ុន្តែ គួរ​រំលឹកថា មុន​នឹង​យល់ព្រម​គាំទ្រ​អាមេរិក ក្នុង​ការដាក់ទណ្ឌកម្ម​ទៅលើ​វិស័យប្រេងកាត​អ៊ីរ៉ង់ ជប៉ុន​បាន​ទៅ​ពិភាក្សា​រួចហើយ​ជាមួយ​ប្រទេស​ដៃគូ​ផ្គត់ផ្គង់​ប្រេង ព្រោះថា ដោយសារ​បញ្ហា​ឆេះ​រោងចក្រ​នុយក្លេអ៊ែរ​កាលពី​ដើមឆ្នាំ ជប៉ុន​ត្រូវការ​ចាំបាច់​ថាមពលប្រេង។
 

ថ្មីៗនេះ រដ្ឋមន្រ្តីការបរទេស​ជប៉ុន​បាន​ធ្វើ​ដំណើរ​ទៅប្រទេស​កាតា អារ៉ាប៊ី សាអ៊ូឌីត អេមីរ៉ាត អារ៉ាប់រួម ដែល​ជប៉ុន​ទិញប្រេង​ច្រើន​ពី​អ៊ីរ៉ង់។ ជប៉ុន​ចង់​បញ្ជាក់​ប្រាប់ទៅ​ប្រទេស​ផលិត​ប្រេង​ទាំងនោះ​ឲ្យ​បង្កើន​ការផ្គត់ផ្គង់​បន្ថែម ដើម្បី​ទប់នឹង​ការខ្វះ​ប្រេង នៅពេល​ជប៉ុន​កាត់បន្ថយ​ទិញប្រេង​ពីអ៊ីរ៉ង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ