អានតួអត្ថបទ
កូរ៉េខាងជើង

បញ្ហា​នៃ​ការស្នង​តំណែង​ពី គីម ជុងអ៊ីល

ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ អគ្គមគ្គទេសក៍​កូរ៉េ​ខាង​ជើង គីម ជុងអ៊ីលដែល​មាន​ជំងឺ​ប្រចាំ​កាយ​និង​ដែល​ដឹង​ខ្លួន​ថា​មិន​អាច​នៅ​រស់​បាន​ យូរ​ទៀត​ទេ​នោះ បាន​រៀប​ចំ​ការ​ស្នង​តំណែង​យ៉ាង​ម៉ត់ចត់​ជា​ទី​បំផុត។ អ្នក​ដែល​ត្រូវ​ឡើង​មក​ដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​កូន​ពៅ​របស់​លោក​គីម ជុងអ៊ីលឈ្មោះ​គីម ជុងអ៊ុន។

គីម ជុងអ៊ុន កូនប្រុស​ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាងជើង​ក្រោយ​មរណភាព​របស់​ឪពុកគឺ​លោក​គីម ជុងអ៊ីល
គីម ជុងអ៊ុន កូនប្រុស​ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូរ៉េខាងជើង​ក្រោយ​មរណភាព​របស់​ឪពុកគឺ​លោក​គីម ជុងអ៊ីល ©Reuters
ផ្សាយពាណិជ្ជកម្ម

ជា​គោលការណ៍ លោក​គីម ជុងអ៊ីលបាន​រៀបចំ​ដាច់​ស្រេច​អស់​ហើយ ឲ្យ​កូន​ប្រុស​ពៅ​គីម ជុងអ៊ុន ស្នង​តំណែង​ពី​លោក។ គីម ជុងអ៊ុន ដែល​ទើប​តែ​មាន​អាយុ​២៨​ឆ្នាំ ធា្លប់​បាន​រៀន​សូត្រ​នៅ​ប្រទេស​ស្វីស និង​ដែល​ចេះ​ភាសា​អង់គ្លេស បារាំង​និង​អាល្លឺម៉ង់។ រដ្ឋសភា​ជាតិ តាម​រយៈ​កិច្ច​ប្រជុំ​វិសាមញ្ញ​មួយ កាល​ពី​ថ្ងៃ​ទី​៧​មិថុនា​ឆ្នាំ​២០១០ បាន​ឲ្យ​សច្ចាប័ន​ទៅ​លើ​គម្រោង​ការ​ស្នង​តំណែង​នេះ​រួច​ហើយ។ រី​ឯ​គណបក្ស​ពលករ​ដែល​ជា​បក្ស​តែ​មួយ​គត់​នៅ​កូរ៉េ​ខាង​ជើង​វិញ ក៏​បាន​តែងតាំង​រួច​អស់​ហើយ​ដែរ ថ្នាក់​ដឹកនាំ​កំពូល​របស់​បក្ស កាល​ពី​ថ្ងៃ​ទី​២៨​កញ្ញា​ឆ្នាំ​ទៅ​មិញ។ មិន​តែ​ប៉ុណ្ណោះ លោក​គីម ជុងអ៊ីលក៏​ថែម​ទាំង​បាន​ណែនាំ​ឲ្យ​ថ្នាក់​ដឹកនាំ​ចិន​ស្គាល់​កូន​សំណព្វ​គីម ជុងអ៊ុន រួច​ហើយ​ដែរ។

 
ក៏​ប៉ុន្តែ អ្វី​ដែល​បំផុស​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ គឺ​ការ​ផ្ទេរ​អំណាច​មិន​បាន​ប្រព្រឹត្ត​ទៅ មុន​មរណភាព​របស់​លោក​អគ្គមគ្គទេសក៍​​គីម ជុងអ៊ីល។ ក្រុម​អ្នក​សង្កេតការណ៍​បាន​អះអាង​ថា គីម ជុងអ៊ីលគ្រោង​នឹង​លាលែង​ពី​តំណែង​យ៉ាង​យូរ​នៅ​ឆ្នាំ​២០១២ ដើម្បី​ផ្ទេរ​អំណាច​ទាំង​ស្រុង​ទៅ​ឲ្យ​កូន​ប្រុស ទាន់​ពេល​លោក​នៅ​រស់។ នៅ​ទី​បំផុត​ អ្វីៗ​មិន​បាន​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ឡើយ។ ម្ល៉ោះ​ហើយ បាន​ជា​ក្រុម​អ្នក​សង្កេតការណ៍​បារម្ភ បារម្ភ​ក្រែង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ កូរ៉េ​ខាង​ជើង​បង្ក​ដោយ​ចេតនា​ឲ្យ​មាន​ភាព​តានតឹង​កើត​ឡើង​ជា​ថ្មី​នៅ​ក្នុង​តំបន់ ឧទាហរណ៍​តាម​រយៈ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី​បី។ គោលដៅ​គឺ​បង្កើត​បរិយាកាស​តានតឹង​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ និង​បង្វែរ​អារម្មណ៍​មតិ​ជាតិ​ឲ្យ​ផ្តោត​ទៅ​លើ​រឿង​ផ្សេង ដើម្បី​ឲ្យ​គីម ជុងអ៊ុន អាច​យក​ពេល​ពង្រឹង​អំណាច​របស់​ខ្លួន​នៅ​ក្នុង​ជួរ​កងទ័ព និង​អាច​ស្នង​តំណែង​ពី​ឪពុក​បាន​ជា​ស្ថាពរ។

យ៉ាង​ណា​ក៏​ដោយ បើ​គ្មាន​ឧបសគ្គ​អ្វី​កើត​ឡើង​ទេ គីម ជុងអ៊ុន នឹង​ត្រូវ​ក្លាយ​ជា​ស្វ័យប្រវត្ត​ទៅ​ជា​ប្រធានាធិបតី ជា​អគ្គលេខាធិការ​នៃ​បក្ស និង​ជាពិសេស​ជា​ប្រធាន​គណៈកម្មការ​ការពារ​ជាតិ​ដែល​ជា​តំណែង​សំខាន់​ជាង​គេ ដ្បិត​វា​អនុញ្ញាត​ឲ្យ​ក្តាប់​កងទ័ព​នៃ​ប្រទេស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ