អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទទួល​ស្គាល់​ក្រុម​ភេទ​ទី​៣ កម្ពុជា​នឹង​ចំណេញ​ធនធាន​មនុស្ស​បន្ថែម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ ពី​កម្មវិធី​អង្គការ​សហប្រជាជាតិ និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​​អន្តរជាតិ​អាមេរិក ក្រុម​ភេទ​ទី​៣​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​ដើម្បី​ជជែក​រក​ដំណោះស្រាយ​ស្តី​អំពី​ការ​រើសអើង​ពួកគេ​ក្នុង​សង្គម។ មាន​សម្ពាធ​​ច្រើន​ករណី​ដែល​ពួកគេ​កំពុង​ទទួល​រង ប៉ុន្តែ​ក្នុង​ចំណោម​នោះ ករណី​រើសអើង បាន​ធ្វើ​អោយ​មនុស្ស​ក្រុម​ភេទ​ទី​៣​បោះបង់​ការ​សិក្សា និង​បោះបង់​ឱកាស​ការងារ។ ជា​លទ្ធផល កម្ពុជា​កំពុង​តែ​ខាតបង់​ធនធាន​មនុស្ស​មួយ​ផ្នែក។ ពី​ព្រោះ​ថា ក្រៅ​អារម្មណ៍​ផ្នែក​ភេទ ដែល​ពួកគេ​មិនមាន​ដូច​មនុស្ស​ទូទៅ​នោះ ពួកគេ​អាច​មាន​ចំណេះដឹង​ពូកែ អាច​មាន​សមត្ថភាព​ជំនាញ​ផ្សេងៗ​ដូច​ក្រុម​មនុស្ស​២​ភេទ​ទៀតដែរ។ ដូច្នេះ ប្រសិន​បើ ក្រុម​មនុស្ស​ភេទ​ទី​៣ បាន​ធ្វើ​សមាហរណកម្ម​ពេញលេញ ក្នុង​សង្គម​កម្ពុជា ពួកគេ​នឹង​អាច​ចូលរួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា​ដូចគ្នា។

កិច្ចពិភាក្សាថ្នាក់ជាតិលើកទីមួយ ស្ដីពីក្រុមមនុស្ស LGBT
កិច្ចពិភាក្សាថ្នាក់ជាតិលើកទីមួយ ស្ដីពីក្រុមមនុស្ស LGBT RFI-sophal
ផ្សាយពាណិជ្ជកម្ម

ជាដំបូង​គេត្រូវ​ដឹងថា ក្រុម​មនុស្ស​ភេទទី៣​មាន​រហូតដល់​៤​ក្រុម ដែលគេនិយម​ហៅតាម​អក្សរកាត់ជា​ ភាសាអង់គ្លេសថា LGBT។ នោះគឺ Lesbians គឺ​ស្ត្រី​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា Gays គឺ​ក្រុម​បុរស​ដែល​ស្រឡាញ់​ភេទ​បុរស​ដូចគ្នា Bisexual គឺជាក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ទាំងពីរ គឺបុរសផង និង​ស្ត្រីផង និងចុងក្រោយ​ Transgender គឺ​ក្រុម​អ្នកកែ​ភេទ ពោល​គឺ​បុរស​ដែល​មាន​ចរិត​ជា​ស្ត្រី។

គេ​សង្កេតឃើញថា បើ​ទោះបីជា​សង្គម​កម្ពុជា​បាន​បើកចំហរជាង​មុន​បន្តិច ​ដោយ​ការ​ ទទួល​យក​ ការ​បង្ហាញខ្លួន​ជា​សាធារណៈ​នៃ​ក្រុម​មនុស្ស​ភេទទី​៣​ក៏ដោយ គឺ​មាន​តែ​​ក្រុម​អ្នក​កែភេទ ឬ​ក្រុម​បុរស​ចរិត​ស្ត្រីទេ ដែលបាន​ចេញ​មុខ​ចេញ​មាត់​ នៅ​តាម​ទីសាធារណៈ និង​នៅ​តាម​ឆាក​សំដែង​សិល្បៈ​ជាដើម។ ផ្ទុយទៅវិញ​ មនុស្ស​បី​ក្រុម​ទៀត គឺ​បុរស​ស្រឡាញ់បុរស ស្ត្រី​ស្រឡាញ់ស្ត្រី និង​អ្នកស្រឡាញ់​ទាំងពីរ​ភេទ ក្រុម​មនុស្សទាំងនេះ នៅ​មិនទាន់ហ៊ានបង្ហាញ​មុខ​ជាសាធារណៈ​នៅឡើយទេ។

ការ​រើសអើង​គឺ​ជាមូល​ហេតុ​ចំបង ដែល​ធ្វើ​អោយក្រុម​មនុស្ស​ភេទទី​៣ មិនហ៊ាន​បង្ហាញ​អំពី​អត្ត​សញ្ញាណ​ធម្មជាតិ​របស់​ពួកគេ។ ហើយ​ដោយសារតែ​ការរើសអើងដែល​មានតាំង​ពី​​គ្រួសារ រហូតដល់​សង្គម​ទូទៅ​នេះហើយ ដែល​សូម្បី​តែ​បណ្តាញ ឬ​សហគមន៍​នៃ​​ក្រុម​មនុស្ស​ភេទទី៣​ ដែល​ត្រូវបាន​បង្កើតឡើង​នោះ ក៏​មិនទាន់អាច​មាន​របាយការណ៍​ច្បាស់លាស់​អំពី​ចំនួន​នៃ​ក្រុម​មនុស្ស LGBT នៅ​កម្ពុជា​នៅឡើយដែរ។

មិន​ថា​ចំនួន​តិច​ ឬ​ច្រើន​ប៉ុណ្ណា​នោះទេ ការ​មិន​ទទួល​យក​មនុស្ស​ក្រុម​នេះ ឬ​ការ​មិន​ទទួលស្គាល់​ដែល​ធ្វើអោយ​ពួកគេ​បាត់បង់​ឱកាស​នៅ​ក្នុង​ការ​សិក្សា និង​ការ​ប្រកបអាជីព​របស់ខ្លួន​នោះ គឺជា​ការ​ខាតបង់ធនធានមនុស្ស មួយ​ចំណែក​។

ការ​មិន​ទទួល​ស្គាល់​របស់​ឪពុកម្តាយ​ចំពោះកូន​ដែល​មាន​លក្ខណៈ​ជា​មនុស្ស​ភេទទី៣ បាន​ធ្វើ​អោយ​កូន​ម្នាក់ត្រូវ​ចាកចេញ​ពី​ភាព​កក់ក្តៅ​នៃ​គ្រួសារ​ដើម្បី​ស្វែងរក​ការ​រស់នៅ​ខាងក្រៅ ដែល​មាន​គ្រោះថ្នាក់ និងភាព​ប្រថុយប្រថានច្រើន។ ការ​បដិសេធ​នៃ​មិត្តភាព​នៅ​ក្នុង​ថ្នាក់រៀន ក៏​បាន​បង្ខំ​អោយ​មនុស្សភេទទី​៣​បោះបង់​ការ​សិក្សា​ចោលដែរ។

ទីបំផុត ក្រុម​មនុស្ស​ភេទ​ទី​៣ បាន​ត្រឹម​តែ​ក្លាយខ្លួន​ជា​មនុស្ស​ដែល​គ្មាន​ទ្រនំ​ច្បាស់លាស់ និង​ជា​មនុស្ស​ដែល​មាន​ការអប់រំតិច។ ម្យ៉ាង​វិញទៀត ដោយសារតែ​ការមិនទទួលស្គាល់វត្តមាន​របស់​ពួកគេ​នេះហើយ ទើបក្រុម​មនុស្ស​ភេទទី​៣​មួយ​ចំនួន​ដែល​មាន​ជីវភាព​លំបាក​ហើយនោះ ត្រូវ​រស់នៅ​លាក់កំបាំងពី​ការ​ផ្តល់ជូន​នូវ​សេវាសុខភាពសាធារណៈ​ដែលទាក់ទង​នឹង​ជំងឺអេដស៏ និង​ការបន្សាប​គ្រឿងញៀនជាដើម។ ហើយ​ចុងក្រោយ​ ពួកគេ​​បានក្លាយជា​មុខ​សញ្ញា​នៃ​ក្រុម​អ្នកងាយរងគ្រោះ និង​ជា​ប្រភព​នៃ​អ្នកចម្លង​មេរោគ​ទាំងនោះទៅវិញ។

ដូច្នេះ​ តើ​គេអាច​ដាក់​សំណួរ​បាន​ទេថា ដោយសារតែ​ការ​មិន​ទទួលស្គាល់​របស់​សង្គម​ចំពោះ​ក្រុម​មនុស្ស​ភេទទី​៣នោះហើយ ទើបសកម្មភាពលាក់កំបាំង​របស់​ពួកគេ​នោះ បាន​បង្ក​ជា​បញ្ហា​ដល់​សង្គម​នោះ?

តាម​ពិតទៅ គេគួរ​ស្វែងយល់ថា ក្រុម​មនុស្ស​ភេទទី៣ គឺជាអត្ថិភាព​នៃ​ធនធាន​មួយ​នៅក្នុង​ប្រទេស​។ ដោយ​មិន​និយាយ​អំពី​ចរិតធម្មជាតិ​ដែល​ទាក់ទងនឹង​ភេទ ក្រុម​មនុស្ស​ភេទទី៣ ក៏​អាច​ជា​និស្សិត​ពូកែ​ម្នាក់ វេជ្ជបណ្ឌិត​ដ៏​ចំណានមួយរូប ម្ចាស់​អាជីវកម្ម វិនិយោគិន ឬក៏អាចជា​មន្ត្រីរាជការ​ដ៏​សកម្ម​មួយ​រូប ​ដែលអាច​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម​ និង​សេដ្ឋកិច្ច ដូច​មនុស្ស​ទាំងពីរ​ភេទ​ដូចគ្នា​ដែរ។ ចុះ​ប្រសិន​បើ​​ពួកគេ​ត្រូវបាន​សង្គម​បដិសេធនោះ តើ​វា​មិន​បានន័យថា សង្គមនេះ​បាន​បាត់បង់​ធនធាន​មនុស្ស​ទាំងនេះទេឬ?

តើ​គេអាច​បែងចែក​បាន​ទេ ថា​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​គឺជា​រឿង​ឯកជន​របស់​បុគ្គល ដែល​មិន​ពាក់ព័ន្ធ​នឹង​សមត្ថភាព​ ឬ​ទេពកោសល្យ​ក្នុង​ជំនាញ​វិជ្ជាជីវៈ​របស់​ពួកគេនោះឡើយ? តើ​វា​ប្រាកដ​ទេថា ប្រសិនបើ​សង្គម​មិន​ទទួលស្គាល់​ពួកគេនោះ ពួកគេ​នឹង​រលាយ​បាត់​ពី​ពិភពលោកនេះទៅវិញ? ចម្លើយ​ គឺទេ។

ប្រសិនបើពួកគេ​មិន​បាត់ទៅវិញទេ ហេតុអ្វី​បាន​ជា​គេ​មិន​ផ្តល់​ឱកាស​អោយក្រុម​មនុស្ស​ភេទទី៣​បាន​រស់នៅ​ស្មើ​សិទ្ធិ ដូចពលរដ្ឋ​ទាំងពីរ​ភេទ ដើម្បី​ពួកគេ​បាន​ចូលរួម​ចំណែក​ក្នុង​ការងារ​អភិវឌ្ឍ​ន៍​សង្គម​? ការ​ផ្តល់សិទ្ធិ​ដែល​ត្រូវបាន​កំណត់​ទៅដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ​​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា​ទៅទៀត។ មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ​សរសេរថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិស្មើគ្នា​ចំពោះ​មុខ​ច្បាប់ មាន​សិទ្ធិ​សេរីភាព និង​ករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដោយឥត​ប្រកាន់ពូជសាសន៍​ ពណ៌​សម្បុរ ភេទ ភាសា​ ជំនឿ សាសនា និន្នការ​នយោបាយ ដើមកំណើត​ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាព ឯទៀតឡើយ។

និយាយ​សរុប​មកវិញ ប្រសិន​បើ​គេ​មិន​អាច​ទប់និន្នាការអ្វី​មួយ​នោះទេ ហើយ​មិនអាច​ចៀសផុត​ពី​ការរក​ដំណោះស្រាយ​នៅ​ពេល​ខាងមុខនោះ​ គេគួរ​តែ​គិតគូរ​ចាប់ផ្តើម​រក​ដំណោះស្រាយ​​ចាប់ពីពេលនេះភ្លាម។ គួរបញ្ជាក់ថា នៅក្នុង​ប្រទេស​មួយ​ចំនួន ការ​ការពារ​សិទ្ធិ​អ្នកស្រឡាញ់ភេទ​ដូចគ្នា​ បាន​ក្លាយទៅជាគោលនយោបាយរបស់គណបក្ស​​នយោបាយ និងជា​​ប្រធាន​បទ​នៃ​ការ​ឃោសនា​រក​សំឡេងឆ្នោត​ទៅទៀតផង៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ