អានតួអត្ថបទ
អាចម៍​​ផ្កាយ

ភ្នាក់ងារ​អវកាស​អាមេរិក​ Nasa​ បន្ត​ឃ្លាំ​មើល​អាចម៍​ផ្កាយ​ដែល​នឹង​ត្រូវ​ហោះ​ឆាប​ក្បែរ​​ភពផែនដី​នៅ​ថ្ងៃ​សុក្រ​នេះ​

ភ្នាក់ងារ​អវកាស​អាមេរិក​ Nasa ​នៅ​តែ​​បន្ត​ចាំ​​ឃ្លាំ​មើល​​​អាចម៍​​ផ្កាយដ៏​ធំ​មួយ​ ​ដែល​នឹង​ត្រូវ​​ធ្លាក់​មកឆាប​​ក្បែរ​ភព​ផែនដី​នៅ​​ថ្ងៃ​សុក្រ​នេះ ក្នុងកម្រិត​​ល្បឿន ៧,៨ គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។ ​អាចម៍​​ផ្កាយ​នេះ​មាន​​ឈ្មោះ​ថា​ ២០១២DA១៤ មាន​អង្កត់​ផ្ចិត ប្រវែង​៤៥​ម៉ែត្រ​ ទម្ងន់ ​១៣៥០០០តោន។ វា​នឹង​ធ្លាក់​​មក​នៅ​ម៉ោង​ ៧​ និង​២៥​ នាទី​ម៉ោង​សកល ត្រូវ​នឹង​ម៉ោង​ ២​និង​២៥​នាទី​​ ព្រឹក​ថ្ងៃ​សៅរ៍​ នៅ​កម្ពុជា។ ​​​​អ្នក​វិទ្យាសាស្ត្រ​បាន​រក​​​​ឃើញ​វត្តមាន​របស់​វា ​​កាល​ពី​ដើម​ឆ្នាំ​ ២០១២ កន្លង​មក។​

គំនូរ​​​​ក្នុងឯកសារ​​​ភ្នាក់ងារ​​​អវកាស​ Nasa បង្ហាញ​ពី​អាចម៍​​ផ្កាយ២០១២DA១៤​(ពណ៌ប្រផេះ) ដែល​នឹង​ធ្លាក់​ក្បែរ​ផែនដី​
គំនូរ​​​​ក្នុងឯកសារ​​​ភ្នាក់ងារ​​​អវកាស​ Nasa បង្ហាញ​ពី​អាចម៍​​ផ្កាយ២០១២DA១៤​(ពណ៌ប្រផេះ) ដែល​នឹង​ធ្លាក់​ក្បែរ​ផែនដី​ REUTERS/NASA/Handout
ផ្សាយពាណិជ្ជកម្ម

សំរាប់​​អ្នក​ដែល​ចូលចិត្ត​​មើ​ល​​ផ្កាយ​​ នៅ​យប់​​ថ្ងៃ​សុក្រ​នេះ វេលា​ម៉ោង​​៧​ និង​២៥​ នាទី​ម៉ោង​សកល ​អ្នក​​នឹង​អាច​មើល​ឃើញ​អាចម៍​ផ្កាយ​ ២០១២DA១៤ តាម​រយៈ​តេឡេស្កុប​ ពី​តំបន់​អឺរ៉ុប​ខាង​កើត ពី​ប្រទេស​អូស្ត្រាលី និង​ពីទ្វីប​​អាស៊ី​។ វា​ជា​ពន្លឺ​មួយ​រសាត់​លើ​មេឃ។

អាចម៍​ផ្កាយ​ ២០១២DA១៤ នេះ​នឹង​ធ្លាក់​មក​ក្បែរ​ផែនដី​យើង​ ក្នុង​កម្រិត​ល្បឿន​ ៧,៨ គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី​។ វា​នឹង​ហោះ​ជិត​ផែន​ដី​ខ្លាំង​​​តែ​ម្តង ​បើ​ប្រៀប​ទៅ​នឹង​ចម្ងាយ​ពី​ភពផែនដី​ទៅ​ព្រះចន្ទ គឺ​​មាន​ជិត​ជាង​១០​ដង​ឯណោះ។ ប៉ុន្តែ​​​យោង​តាម​អ្នក​ស្រាវជ្រាវ​ វា​នឹង​មិន​បង្ក​ជា​គ្រោះ​បុក​​ទម្លាយ​ផែនដី​នោះ​ឡើយ​។

ទី​ភ្នាក់ងារ​អវកាស​អាមេរិក​ Nasa ​នៅ​តែ​​បន្ត​ចាំ​​ឃ្លាំ​មើល​​​អាចម៍​ផ្កាយនេះ​។​ អាចម៍​​ផ្កាយ​នេះ​ មាន​អង្កត់​ផ្ចិត​៤៥​ម៉ែត្រ​ ទម្ងន់ ​១៣៥០០០តោន។ វា​នឹង​​ហោះ​ឆាប​​​តាម​ភាគ​ខាង​លិច​នៃ​​​មហា​សមុទ្រ​ឥណ្ឌា ស្រប​តាម​ខ្សែ​បញ្ឈរ​​នៃ​​ឆ្នេរ​កោះ​ស៊ូម៉ាត្រា​ នៅ​ឥណ្ឌូនេស៊ី។ ដូច្នេះ​ ប្រជាជន​​ដែល​រស់​នៅ​ក្នុង​​​ភូមិសាស្ត្រ​នេះ​ អាច​នឹង​​​​ឃើញ​អាចម៍​ផ្កាយ​នេះ​បាន។

ភ្នាក់ងារ​​​អវកាស​ Nasa យល់​ថា នេះ​​ជា​​ឧកាស​សំរាប់​អ្នក​វិទ្យាសាស្ត្រ​​​បាន​សិក្សា​ស្វែង​យល់​​​អំពី​​​អាចម៍​​ផ្កាយ​ដែល​​ហោះ​​មក​​ក្បែរ​ផែន​ដី​បំផុត។​ ហើយ​​​ក៏​នឹង​​ផ្តល់​​អាទិភាព​ដល់​ការ​​ឃ្លាំ​មើលអោយ​​​បាន​​​ប្រកិត​ នូវ​អាចម៍​​ផ្កាយ​នានា​ដែល​​​ហោះ​ឆាប​​ក្បែរ​គន្លង​ផែន​ដី​​​ ដើម្បី​​ការពារ​សុវត្ថិភាព​ផែនដី​របស់​យើង។ ​

ប្រព័ន្ធ​រ៉ាដា​របស់​ភ្នាក់​ងារ​​ភ្នាក់ងារ​​​អវកាស​ Nasa ត្រូវ​បាន​ដាក់​អោយ​​​ចាំ​ឃ្លាំ​មើល​អាចម៍​​ផ្កាយ​នេះ នៅ​​ថ្ងៃ​ ១៦, ១៨, ១៩ និង​ថ្ងៃ​២០ កុម្ភៈ​ បន្តទៅទៀត។ ប៉ុន្តែ​ដោយ​សា​​​អាចមន៍ផ្កាយ  ២០១២DA១៤ ​​មាន​ទំហំ​តូច​ រូបភាព​ដែល​ចាប់​បាន​ប្រហែល​​ត្រូវ​រួម​តូច​ទៅ​តាម​នោះ​ដែរ។

តេឡេស្កុប​​នៅ​ទូទាំង​ពិភព​លោក ក៏​នៅ​ចាំ​​ឃ្លាំ​មើល​អាចមន៍​ផ្កាយ​​នេះដែរ​​ ដើម្បី​​សន្និដ្ឋាន​​​អំពី​ល្បឿន​​នៃ​ការ​វិល​ជុំវិញ​ខ្លួន​​វា​ និង​សមាសភាព​របស់​វា។​
គួរ​រំលឹក​ថា ជា​មធ្យម​ អាចម៍​ផ្កាយ​ទំហំ​ប្រហាក់​ប្រហែល​នឹង​ ២០១២DA១៤ តែង​​​​ហោះ​​មក​​ក្បែរ​​ភព​ផែនដី​​រាល់ ​៤០​ឆ្នាំ​ម្តង ហើយ​​អាច​បង្ក​ជា​គ្រោះ​ទៅ​បុក​ទង្គិច​ផែន​ដី រាល់​​​១២០០ឆ្នាំម្តង។

អ្នក​អាច​មើល​​ការ​ផ្សាយ​បន្ត​​ផ្ទាល់​នូវ​រូបភាព​​​អាចម៍​​ផ្កាយ​នេះ តាម​​​​រយៈ​​​ទំព័រ​ហ្វេបសាយ​របស់​​ភ្នាក់ងារ​​​អវកាស​ Nasa ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ