ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
កម្ពុជា

ក្រសួងការងារ​​ចូលឆ្នាំ​​ជាមួយ​​ពលករ​​ នៅ​​សាធារណរដ្ឋ​​កូរ៉េ​​

media  
ទីលាន​មួយ​នៅ​កូរ៉េ​ខាងត្បូង​​ដែល​ពលរដ្ឋកម្ពុជា​​​​​ត្រូវ​ជួបជុំគ្នា​ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ RFI/Leang Delux

គណៈកម្មាធិការ​បណ្តុះបណ្តាល​​និង ​​បញ្ជូន​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ ​នឹង​រៀបចំ​ពិធី​ចូលឆ្នាំ​ជួបជុំពលករ​ ពលការិនី​ និង​ពលរដ្ឋ​ខ្មែរ​ផ្សេងទៀតនៅ​ក្នុង​ខេត្ត គ្យុងហ្គីដូ ​នៃ​សាធារណ​រដ្ឋ​កូរ៉េ​ នៅ​ថ្ងៃអាទិត្យ​ទី​១៤ មេសា ​ខាន​ស្អែក​នេះ។ មន្ត្រី​ក្រសួង​ការងារ​ដែល​បាន​ចេញ​ដំណើរ​ពី​កម្ពុជា​ទៅ ​នឹង​ផ្សព្វផ្សាយ​អំពី​វិធានការ​រក្សាសុវត្ថិភាព​ផ្ទាល់ ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ក្នុង​ករណី​មាន​ជម្លោះ​ប្រដាប់អាវុធ​រវាង​បងប្អូន​កូរ៉េ​ទាំងពីរ។

នៅ​ថ្ងៃអាទិត្យ​ទី​១៤​មេសា ​ខាន​ស្អែក​នេះ ថ្នាក់ដឹកនាំ​នៃ​គណៈកម្មការធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស នៃ​ក្រសួង​ការងារ ​នឹង​ជួប​ជុំ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ខ្មែរ​ជាមួយ​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង អឺយចងប៊ូ នៃ​ខេត្ត គ្យុងហ្គីដូ​ នៃ​សាធារណ​រដ្ឋ​កូរ៉េ។ ពិធី​ជួបជុំដែលនឹងប្រារព្ធធ្វើ​នៅ​លើទីធ្លាទល់មុខ​សាលាក្រុង អឺយចងប៊ូ ត្រូវបានរៀបចំ​រួមគ្នា​ដោយ​គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូនពលករ​ទៅ​បរទេស​ និងសហគមន៍​ខ្មែរ​ស្ម័គ្រចិត្ត អឺយចងប៊ូ។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​បាន​សរសេរថា នា​ឱកាស​នៃ​ការ​ជួបគ្នា ​នៅ​ម៉ោង​១០​ព្រឹក ​ថ្ងៃទី​១៤​ មេសា​នោះ គណៈកម្មាធិការ​នឹង​មាន​ចែក​រំលែក​ព័ត៌មាន​ល្អៗ​មួយ​ចំនួនដល់​បងប្អូន​ពលករ និង​ពលរដ្ឋ​ខ្មែរ​ផងដែរ។ កម្មវិធី​ទាំងមូល​នឹងមាន​ពិធីសូត្រ​មន្ត ​ប័ង្សកូល ការ​សម្តែង​ឆាក​កំប្លែង ការពិសារ​អាហារ​សាមគ្គី របាំ​ប្រពៃណី ល្បែង​ប្រជាប្រិយ និង​ការ​រាំកំសាន្ត​ផង​ដែរ។

យោងតាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ការងារ គឺ​នៅ​ក្នុង​ឱកាស​នៃ​ការជួបជុំ​នោះ​ហើយ ដែល​មន្ត្រី​ក្រសួង​ការងារនឹង​ពន្យល់​និង​ផ្តល់​ព័ត៌មាន​ស្តី​អំពី​ការ​ថែរក្សា​សុវត្ថិភាព ការ​ជម្លៀស​ខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព ក្នុង​ករណី​ដែល​មាន​ការ​ផ្ទុះ​សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ​មែន​នោះ​។

យោងតាម​របាយការណ៍​របស់​ក្រសួងការងារ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​សាធារណ​រដ្ឋ​កូរ៉េ មាន​នៅ​ក្នុង​ខេត្ត គ្យុងហ្គីដូ ​ច្រើន​ជាងគេ ដោយ​មាន​ចំនួន​រហូត​ដល់​ជាង ​៩៣០០​នាក់។ គិត​មកដល់​ខែ​មិនា​ឆ្នាំ​២០១៣​នេះ ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ទាំង​មូល​តែ​ម្ត​ង មាន​ចំនួនជាង​២៣០០០​នាក់។

គួរ​បញ្ជាក់ថា ទាំងពលករ ទាំងនិស្សិត និង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ នៅពេល​ដែល​កម្តៅ​នៃ​ជម្លោះ​បងប្អូន​កូរ៉េ​ទាំងពីរ​មិន​បាន​ស្រាកស្រាន​សោះ​នោះ។
ប៉ុន្តែ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ប្រកាស​ហើយ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​មាន​វិធាន​ការដើម្បី​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ពី​តំបន់​ដែល​មាន​គ្រោះថ្នាក់ ដែលស្ថិត​នៅ​ក្បែរ​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ​នោះ។

វិធានការ​ដែល​ចេញ​ផ្សាយ​ដោយក្រសួង​ការងារ​បាន​សរសេរថា អ្នក​ដែល​ស្ថិតនៅ​ក្បែរ​តំបន់​ព្រំដែន​កូរ៉េ​ទាំងពីរ ក្នុង​ករណី​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នោះ ត្រូវ​ធ្វើ​ដំណើរ​ចុះ​ទៅ​ភាគ​ខាង​ត្បូង​ ក្នុង​ទីក្រុង​ចំនួន៤​រួមមាន ទីក្រុង​ JeonJu ទីក្រុង​Daegu ពិសេស​ទៅទីក្រុង​Mu-an និង​ទីក្រុង​Busan៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ