អានតួអត្ថបទ
ស៊ីរី

Lakhdar Brahimi ទទួល​បរាជ័យ​នៅក្នុង​បេសកកម្ម​លើកទី១​នៅ​ស៊ីរី

លោក Lakhdar Brahimi បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​បាន​ចាកចេញ​ពី​ប្រទេស​ស៊ីរី​នៅ​ថ្ងៃ​អាទិត្យ ទី១៦ កញ្ញា​ម្សិលមិញ។ នៅ​ក្នុង​បេសកកម្ម​លើកទី១​នៅ​ស៊ីរី លោក Brahimi បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ស៊ីរី​បាស្ហារ អាល-អាសាដ និង​ក្រុមតំណាង​អ្នកប្រឆំាង។

លោក Lakdar Brahimi ត្រូវ​បាន​ទទួលជួប​ដោយ​លោក​ប្រធានាធិបតី​ស៊ីរី Bachar el-Assad
លោក Lakdar Brahimi ត្រូវ​បាន​ទទួលជួប​ដោយ​លោក​ប្រធានាធិបតី​ស៊ីរី Bachar el-Assad REUTERS/SANA
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​លោក Koffi Annan អតីត​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធអារ៉ាប់​ដែរ លោក Lakhdar Brahimi បាន​ទៅ​ស៊ីរី​ដើម្បី​ព្យាយាម​និយាយ​សម្រុះសម្រួល​ភាគី​ជម្លោះ​ទំាង​ពីរ​នៅ​ស៊ីរី។ ប៉ុន្តែ​អ្វី​ជា​ការ​កត់សម្គាល់ បេសកកម្ម​លើកទី១​របស់​លោក Lakhdar Brahimi បាន​បញ្ចប់​ទៅ ដោយ​ទទួល​បរាជ័យ។ ទំាង​ខាង​រដ្ឋាភិបាល និង​ទំាង​ក្រុមអ្នកប្រឆំាង គ្មាន​ភាគី​ណា​មួយ​បាន​ត្រៀមខ្លួន​ដើម្បី​ចរចា​ទេ។

លោក​ប្រធានាធិបតី​ស៊ីរី​ បាស្ហារ អាល-អាសាដ​បាន​សន្យា​គំាទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ លោក Lakhdar Brahimi។ ប៉ុន្តែ​លោក បាស្ហារ អាល-អាសាដ បាន​បន្ថែម​ភ្លាមៗ​ថា ជា​ដំបូង គេ​ត្រូវ​តែ​ដាក់​គំនាប​លើ​ក្រុម​ប្រទេស​ដែល​បាន​និង​កំពុង​ផ្តល់​លុយកាក់ និង​គ្រឿងសព្វាវុធ​ឲ្យ​ក្រុម ដែល​លោក បាស្ហារ អាល-អាសាដ បាន​ចាត់​ទុក​ជា​ពួក​ភេរវជន។ ចំណែក​ខាង​ពួក​អ្នកប្រឆំាង​វិញ ក្រុមប្រមុខ​ឧទ្ទាម​ដែល​លោក Lakhdar Brahimi បាន​ជួប​សន្ទនា​តាម​ប្រព័ន្ធ Skype បាន​វាយតម្លៃ​រួច​ជា​ស្រេច​ថា បេសកកម្ម​របស់​លោក Lakhdar Brahimi បាន​ទទួល​បរាជ័យ និង​ថា មាន​តែ​ការ​ប្រើ​កម្លំាងបាយ​ទេ ទើប​គេ​អាច​ផ្តួលរលំ​របប​របស់​លោក បាស្ហារ អាល-អាសាដ​បាន។

យ៉ាង​ណា​ក៏​ដោយ លោក Lakhdar Brahimi បាន​ទទួល​ស្គាល់​ខ្លួន​ឯង​ថា លោក​គ្មាន​ផែនការ​ច្បាស់លាស់​អ្វី​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ស៊ីរី​ទេ។ លោក Lakhdar Brahimi ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូយ៉ក ដើម្បី​បន្ត​កិច្ចសន្ទនា​ជាមួយ​ក្រុមប្រទេស​ដែល​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ស៊ីរី ក្នុង​នោះ មាន​អ៊ីរ៉់ និង​ក្រុម​ប្រទេស​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក។ ក្រុមអ្នកការទូត​ខ្លះ​បាន​លើក​ឡើង​ពី​លទ្ធភាព​បង្កើត​ឲ្យ​មាន​កតិកាសញ្ញាជាតិ​មួយ និង​ការ​បែងចែក​អំណាច​រវាង​ក្រុម​ជនជាតិភាគតិច ដោយ​យក​គំរូ​តាម​ប្រទេស​លីបង់។

ដោយឡែក​នៅ​ថ្ងៃច័ន្ទ ទី១៧ កញ្ញា​នេះ ក្រុមទំនាក់ទំនង​ចតុភាគី​សម្រាប់​ប្រទេស​ស៊ីរី មាន​អ៊ីរ៉ង់ តួកគី អេហ្ស៊ីប និង​ប្រទេស Arabie Saoudite បាន​រួម​ប្រជុំ​គ្នា​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​ជា​លើក​ទី១ នៅ​ក្នុង​ទីក្រុង Caire ប្រទេស​អេហ្ស៊ីប។ ក្រុមទំនាក់ទំនង​ដែល​មាន​ប្រទេស​ទំាង៤ ជា​មហាអំណាច​ក្នុង​តំបន់​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក​ប្រធានាធិបតី​អេហ្ស៊ីប Morsi។ លោក​ប្រមុខការទូត​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ការ​ដែល​ប្រទេស​សំខាន់​ទំាង៤​ក្នុង​តំបន់​បាន​ផ្តើម​ជជែក​គ្នា​ពី​សំណុំរឿង​ស៊ីរី​នេះ គឺ​ជា​ជំហាន​វិជ្ជមាន​មួយ និង​ដែល​គេ​សង្ឃឹម​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​នឹង​ឆ្លើយតប​ចំពោះ​ផលប្រយោជន៍​របស់​ប្រជាជន​ទំាង​អស់​នៅ​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ