ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាស៊ី

បាតុកម្ម​ក្នុង​ពិភពលោក​ ក្នុង​​ថ្ងៃ​ទិវាពលកម្ម​អន្តរជាតិ ១​ឧសភា​

media  
ទិវា​ពលកម្មអន្តរជាតិ​នៅបង់ក្លាដែស ជាទិវា​កំហឹង​ពុះពោរ​របស់​កម្មករ។ REUTERS/Khurshed Rinku

នៅ​ថ្ងៃ​ពុធ​ទី​១ ឧសភា​នេះ ប្រជាជន​និង​កម្មករ​​គ្រប់ទិសទី​​លើ​ពិភពលោក បាន​ប្រមូលផ្តុំគ្នាដើម្បី​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ។ ថ្ងៃ​ទី​១​ ឧសភា​ ជា​ឧកាស​ដែល​ពួកគេ​​អាច​ប្តឹងទាមទារ​​​​លក្ខខណ្ឌការងារ​​ផ្សេងៗ​ រឺ​ក៍​ទាមទារ​អោយ​មាន​ការ​ដំឡើង​ប្រាក់ខែ​ និង​មាន​ការងារ​ធ្វើ​អោយ​បាន​ច្រើន​ថែមទៀត។

 

នៅ​ថ្ងៃ​ពុធ​​នេះ ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១ឧសភា មិន​បាន​ប្រារព្ធ​ឡើង​ក្នុង​លក្ខខណ្ឌ​ដូចៗ​គ្នា​ នៅ​តាម​ប្រទេស​និមួយៗ​នោះទេ។ ​​​

នៅ​​អាស៊ី គេចាប់​អារម្មណ៍​ខ្លាំង​​លើប្រទេស​បង់ក្លាដែស​ដែល​នៅទីនោះ លក្ខខណ្ឌការងាររបស់​កម្មករ​​បំរើការ​អោយ​រោងចក្រ​បរទេស មាន​ភាព​​​លំបាកលំបិនខ្លាំង។ បង់ក្លាដែស​​​​ទើបតែ​រងគ្រោះ​ដោយ​ការបាក់រលំអគារមួយ​ ​នាពេលថ្មីៗនេះ ដែល​បាន​សម្លាប់​មនុស្ស​​ជិត​​​៤០០​នាក់ និង​​បាត់​ខ្លួន​១៤៩​នាក់។ ទោះ​បី​ជា​រដ្ឋាភិបាល​បង់ក្លាដែស​សុំអោយ​ប្រជាជន​មាន​ការអត់ធ្មត់​យ៉ាងណាក្តី ទិវា​ពលកម្មនៅ​ថ្ងៃ​​នេះ ជាទិវា​កំហឹង​ពុះពោរ​របស់​កម្មករ។ កម្មករ​​រាប់ពាន់​​បានធ្វើបាតុកម្ម​​​ទាមទារ​អោយ​កាត់ទោស​ព្យួរក​​​​​ថៅកែ​រោងជាង​កាត់ដេរ​ ដែល​រោងជាង​​ទាំងនោះ​​មាន​ទីតាំង​នៅ​ក្នុង​អគារ​ដែល​រលំនោះ។ យោងតាម​ប៉ូលិស​​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ ចំនួនអ្នកបាតុកម្ម​មានប្រហែល​ជា​ ១ម៉ឺននាក់។ អាជ្ញាធរ​មានការ​បារម្ភ​ខ្លាច​មាន​អំពើ​ហិង្សា​ផ្ទុះ​ឡើង​នៅ​តាម​រោងចក្រ​កាត់ដេរ។

នៅ​ឥណ្ឌូ​នេស៊ី​វិញ បាតុករ​​រាប់​​ម៉ឺននាក់​​​បាន​​​បរិហារ​លក្ខខណ្ឌការងាររបស់​​ពួកគេ​ ព្រោះ​ថា បុគ្គលិកការងារ​​​​​ធ្វើការ​​​លំបាក​ ប៉ុន្តែ​ទទួលបាន​ប្រាក់ខែតិចតួច។​ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ កម្មករជាង​មួយពាន់​នាក់​ ដែល​បំរើ​ការ​អោយ​ក្រុមហ៊ុន​​អណ្តូងរ៉ែមាស​និង​ទង់ដែង​អាមេរិកាំង​មួយ​កន្លែង​​នៅ​ឥណ្ឌូនេស៊ី ​​ បាន​ធ្វើ​កុបកម្ម​សារជាថ្មី​ ​ទាមទារ​អោយមានការ​​ដំឡើង​ប្រាក់ខែ​អោយ​ពួកគេ។​

នៅ​​​អាហ្វ្រិកវិញ សហជីព​កម្មករ​នានា​នៃ​​ប្រទេស​សេណេហ្កាល់ ​បាន​​រួបរួម​គ្នា​ទាមទារ​អោយ​​មាន​ការ​កែប្រែ​​តំលៃ​ផលិតផល​​ចាំបាច់​នានា ថ្លៃឈ្នួល​ផ្ទះ ថ្លៃប្រេងសាំង​ ថ្លៃ​ទឹក​ភ្លើង និង​លក្ខខណ្ឌ​ការងារ​​ជាដើម។ ពួកគេ​សុំអោយ​​​អាជ្ញាធរ​ជួយ​យុវជន​នានា​ដែល​គ្មាន​ការងារ​ធ្វើ​ និង​​យល់ព្រម​​ចរចា​ការងារ ព្រមទាំង​​គោរព​​កិច្ចព្រមព្រៀង​ដែល​ធ្លាប់​មាន​កន្លងមក។ ​

នៅ​​កុងហ្កូប្រាសាវីលវិញ សហជីពកម្មករ​កំពុង​តែ​ជួបប្រទះ​ការខ្វះខាត​ថវិកា​ដើម្បី​រៀបចំ​ទិវាពលកម្ម​អន្តរជាតិ​នេះ។ ​ជាច្រើនឆ្នាំ​ហើយ​ ដែល​សហជីព​ពុំបាន​ប្រារព្ធ​ទិវា​នេះ។ សហជីពកម្មករ​មាន​ការ​សោកស្តាយ​ព្រោះថា ការ​មិន​ប្រារព្ធ​ទិវា​នេះ​​ប្រៀបដូច​ជា​ការ​មិន​អោយ​តំលៃ​លើ​ការងារ​​យ៉ាង​ដូច្នោះដែរ។

នៅ​​អឺរ៉ុប​វិញ បណ្តាសហជីពនានា​បាន​រៀបចំ​​ការប្រគុំដន្ត្រី បាតុកម្ម​ រឺ​ក៏ការ​ដង្ហែ​ក្បួន​​ផ្សេងៗ ដើម្បី​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​ ថ្ងៃ​១ឧសភា​នេះ។ សហជីព​កម្មករ​នៅក្រុងអ៊ីស្តង់ប៊ូល ​ប្រទេស​តួកគី ​បាន​ចចេស​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ Taksim ដែល​ជាទីលាន​តំណាង​ការតស៊ូ​របស់​កម្មករ​ បើទោះ​ជា​មានការហាមឃាត់​ពី​អាជ្ញាធរមិនអោយ​ចូល​ទៅ​ទីនោះ​​ក្តី។ នៅ​​បារាំង​ សហជីពកម្មករ​នានា​បាន​ដង្ហែ​ក្បួន​ប្រឆាំង​នឹង​នយោបាយ​សេដ្ឋកិច្ច​ និង​​ការ​រឹតត្បិត​ថវិកា​ចាយវាយ​របស់​រដ្ឋាភិបាល​លោក ហូឡង់។ ការ​ដំឡើង​ពន្ធដារ និង​ការ​បន្ថយការចាយវាយ​​​​របស់​រដ្ឋ​ ជាការ​រាំងស្ទះ​ដល់​ការលូតលាស់ ជាពិសេស​ប៉ះពាល់​និង​បង្កើន​អោយ​អ្នកគ្មានការងារ​ធ្វើ​កាន់តែ​មាន​ចំនួន​ច្រើន​ថែមទៀត។ អត្រាអ្នកគ្មាន​ការងារ​ធ្វើ​​​នៅបារាំង​ សំរាប់​ចុង​ត្រីមាស​ ឆ្នាំ២០១២ កន្លង​ទៅ​ មានជាង​​​១០​ភាគរយ​នៃ​ប្រជាជន​សកម្ម៕ ​

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ