អានតួអត្ថបទ
សហភាពអឺរ៉ុប-វិបត្តិប៉ំណុល

គេរង់ចាំ​​ដំណោះស្រាយ​​វិបត្តិ​​បំណុល​​ដ៏​មហិច្ឆតា​​នៃ​​ប្រទេស​​ក្នុង​​តំបន់​​អឺរ៉ូ​​

ប្រទេស​ក្នុង​តំបន់​ចាយ​ប្រាក់អឺរ៉ូ​កំពុង​ឋិត​នៅ​ក្រោម​សម្ពាធ​មួយ​ដ៏​ខ្លាំងក្លា​ ​ ដោយហេតុតែ​គេ​នៅ​រង់ចាំ​ចម្លើយ​និង​ដំណោះស្រាយ​ដ៏​មហិច្ឆតា​របស់ខ្លួន​ នាឱកាស​ជំនួប​កំពូល​អឺរ៉ុប​នៅ​ទីក្រុង​ព្រុចសែល​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី២៨​មិថុនា​និង​ថ្ងៃទី​២៩មិថុនា​ខាងមុខនេះ។​ ក៏​ប៉ុន្តែ​ការខ្វែង​គំនិង​គ្នា​រវាង​ប្រទេស​អឺរ៉ុប​អាច​ដាក់​​កម្រិត​ទៅលើ​លទ្ធផល​ប្រសូត​ចេញ​ពី​ជំនួប​ប្រជុំ​ ​ នៅលើ​វិស័យ​ពង្រឹង​សហភាព​សេដ្ឋកិច្ច​ ​ ក៏​ដូចជា​នៅលើ​វិស័យ​យុទ្ធសាស្ត្រ​ជំរុញ​ឲ្យ​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច។ 

ប្រធាន​សហភាព​អឺរ៉ុប​ លោក​ Herman Van Rompuy
ប្រធាន​សហភាព​អឺរ៉ុប​ លោក​ Herman Van Rompuy Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង២៧​ត្រូវ​ជួប​ប្រជុំគ្នា​នៅក្នុង​ជំនួប​កំពូល​នៅ​ទីក្រុង​ព្រុចសែល​ នៅ​ថ្ងៃព្រហស្បតិ៍​ទី២៨​មិថុនា​ចាប់ពី​ម៉ោង​១៤​ម៉ោងសកល​ ​ រហូត​ដល់​ល្ងាច​ថ្ងៃសុក្រ​ទី២៩​មិថុនា​ឆ្នាំ២០១២។

ក៏​ប៉ុន្តែ​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីតាលី​ ម៉ារីយ៉ូ​ ម៉ុងទី​ បាន​ថ្លែង​ប្រាប់​ជាមុនថា​ ​ “លោកបាន​ត្រៀម​លក្ខណៈ​ជាស្រេច​នឹង​នៅ​ចរចា​រហូត​ដល់​យប់​ថ្ងៃអាទិត្យ​ បើប្រសិន​ជា​ចាំបាច់”។​ នេះ​ក៏​ពីព្រោះតែ​លោក​នាយករដ្ឋមន្ត្រី​អ៊ីតាលី​ចង់​សម្រេច​ឲ្យ​មាន​​ដំណោះស្រាយ​សមរម្យ​របស់​សហភាព​អឺរ៉ុប​ឲ្យបាន​មុន​ការបើក​ទ្វារ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅព្រឹក​ថ្ងៃចន្ទ​ខាងមុខនេះ។

ជំនួប​កំពូល​នៅ​ថ្ងៃព្រហស្បតិ៍​ទី២៨​មិថុនា​និង​ថ្ងៃសុក្រ​ទី២៩​មិថុនា​ឆ្នាំ២០១២​នេះ​ជា​ជំនួប​កំពូល​អឺរ៉ុប​លើកទី១៩​ហើយ​ ចាប់តាំងពី​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ប្រទេស​ក្រិក​នៅ​ខែធ្នូ​ឆ្នាំ២០០៩​មក។​ ​វិបត្តិ​សេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​បាន​រីក​រាលដាល​ដល់​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​ស៊ីប​ ​ ដែល​កំពុង​ស្រែក​ទាមទារ​រក​ជំនួយ​ពី​តំបន់​អឺរ៉ូ។

គួរបញ្ជាក់ថា​ ​ ជំនួប​កំពូល​នេះ​ពុំមែន​ជា​ជំនួប​កំពូល​សម្រាប់​ស្វែងរក​ផែនការ​ស្រោចស្រង់​ណាមួយ​ដែល​មាន​ពុំចេះចប់​ពុំចេះហើយ​នោះឡើយ។​ ប៉ុន្តែ​ជាជំនួប​កំពូល​ដើម្បី​ស្វែងរក​ “សហភាព​សេដ្ឋកិច្ច”​ ​ មុន​នឹង​ឈានទៅរក​ “សាមគ្គីធម៌”​ជាមួយ​ប្រទេស​អឺរ៉ុប​ជិតខាង។

ដូច្នេះ​ ការដ្ឋាន​ទីមួយ​គឺ​ត្រូវ​រៀបចំ​ឲ្យ​មាន​ “សហភាព​ធនាគារ”​ Union Bancaire ​ដែល​គ្រោង​ឲ្យមាន​ការពង្រឹង​ទៅលើ​ការត្រួត​ពិនិត្យ​ទៅលើ​វិស័យ​ធនាគារ​ ​ និង​រៀបចំ​ឲ្យមាន​ “យន្តការរួមគ្នា”​មួយ​សម្រាប់​ធ្វើការ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ។

គួរកត់​សម្គាល់ថា​ ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ក៏​ដូចជា​ក្រុមប្រទេស​ G20 ​បាន​ជំរុញ​ឲ្យ​ក្រុមប្រទេស​អឺរ៉ុប​ប្រសូត​ចេញ​ឲ្យបាន​នូវ​គម្រោងការ​​ខាងលើនេះ​ ​ ដើម្បីប្រយុទ្ធ​ទល់នឹង​វិបត្តិ​ក្នុង​វិស័យ​ធនាគារ​ ​ ហើយដែល​អាច​គំរាម​​ដល់វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋអឺរ៉ុប​មួយ​ចំនួន។

សូមបញ្ជាក់ថា​ ​ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អាល្លឺម៉ង់​ បារាំង​ ​ អ៊ីតាលី​និង​ប្រទេស​អេស្ប៉ាញ​បាន​យល់ ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃសុក្រ​កន្លងទៅ​ ​ នាឱកាស​ជំនួបកំពូល​អឺរ៉ុប​តូចមួយ​ ​ ធ្វើការ​កេណ្ឌ​ប្រមូល​មូលនិធិ​ស្មើនឹង​១%​នៃ​ផលិផល​ដុល​សរុប​អឺរ៉ុប​ឬ​ត្រូវជា​១២០-១៣០-ពាន់លាន​អឺរ៉ូ​ ​ សម្រាប់​ជា​មធ្យោបាយ​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប។​ ក៏​ប៉ុន្តែ​ ការយល់​ព្រមព្រៀងគ្នា​នេះ​តម្រូវ​ឲ្យ​មាន​ការ​ទទួល​យល់ព្រម​ពី​សំណាក់​ប្រទេស​សមាជិក​នៃ​សហភាព​អឺរ៉ុប​២៣​ប្រទេស​ដទៃ​ទៀត​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ