អានតួអត្ថបទ
វៀតណាម

តុលាការ​វៀតណាម​ដាក់ទោស​ធ្ងន់​បំផុត​ដល់​ក្រុម​សកម្មជន "ប្រតិកិរិយា"

សកម្មជន​ចំនួន​២២​រូប នៃ​ក្រុម​ចលនា​បះបោរ​ដ៏​តូច​បំផុត​មួយ​ ដែល​ត្រូវ​អាជ្ញាធរ​ចាត់​ទុក​ថា​ពួក​ប្រតិកិរិយា ត្រូវ​បាន​តុលាការ​វៀតណាម​កាត់​ទោស​នៅ​ថ្ងៃ​ចន្ទ​នេះ ម្នាក់​ជាប់​ទោស​អស់​មួយ​ជីវិត និង​ខ្លះ​ទៀត​ពី​១២​ ទៅ​១៧​ឆ្នាំ ពី​បទ​បាន​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនាចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​កុម្មុយនិស្តក្រុង​ហាណូយ។

សកម្មជន​បះបោរ​នយោបាយ​ជា​ច្រើន​នាក់​ត្រូវ​ទទួលយ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ នៅ​ថ្ងៃ​ទី​៤​កុម្ភៈ​២០១៣ពី​បទ​ធ្វើ​វិទ្ធង្សនា
សកម្មជន​បះបោរ​នយោបាយ​ជា​ច្រើន​នាក់​ត្រូវ​ទទួលយ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ នៅ​ថ្ងៃ​ទី​៤​កុម្ភៈ​២០១៣ពី​បទ​ធ្វើ​វិទ្ធង្សនា AFP PHOTO/Vietnam News Agency
ផ្សាយពាណិជ្ជកម្ម

តុលាការ​ខេត្ត​ Phu Yen ​បាន​ចេញសាលក្រម​ ដាក់​ទោស​មេក្រុម​ លោក Phan Van Thu ឱ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ចំណែក​សមាជិក​ក្រុម​២១​នាក់​ផ្សេង​ទៀត ខ្លះ​ ១០ឆ្នាំ ខ្លះ​១៧​ឆ្នាំ ក្នុង​ពន្ធនាគារ និង​ជាប់​ឃុំ​ក្នុង​គេហដ្ឋាន​ជា​ច្រើន​បន្ថែម​ទៀត។

នៅ​ក្នុង​អង្គ​សវនាការ​ ដែល​អាច​ចាត់​ទុក​ថា​ជា​សំណុំ​រឿងធំ​ជាង​គេ​បង្អស់​មួយ បើ​គិត​ពី​ចំនួន​អ្នក​ទោស ជនជាប់​ទោស​ព្រម​ទោស​ស្គាល់​បទ​ឧក្រិដ្ឋ​របស់​ខ្លួន​ទាំង​អស់ ! នេះ​បើ​យោង​តាម​មេធាវីជនជាប់​ចោទ​ ដែលតែង​តាំង​ដោយ​តុលាការ និង​ដែល​បាន​​អះអាង​ថា​ជា​ទោស​ដ៏​សក្តិសម​បំផុត។ ព្រោះ ជនជាប់​ចោទ​ទាំង​២២​នាក់​នេះ មាន​សកម្មភាព​ចង់​ធ្វើ​វិទ្ធង្សនា​ផ្តួល​រំលំ​រដ្ឋាបាល​ប្រជាជន​ ! ជា​បទ​ចោទ​ប្រកាន់​ដែល​របប​កុម្មុយនិស្ត​ហាណូយ​តែង​តែ​យក​ធ្វើ​លេស​ដាក់ទោសលើ​រាល់​​សកម្មជន​បះបោរ​នៅ​ក្នុង​ប្រទេស។

បើតាម​ឯកសារ​របស់​ប៉ូលិសវៀតណាម​​ ក្រុម​សកម្មជន​ដែល​ដឹកនាំ​ដោយ​ Phan Van Thu នេះ តែង​ធ្វើ​សកម្មភាព​អហិង្សា ចន្លោះ​ពី​ឆ្នាំ​២០០៣​ដល់ខែ​កុម្ភៈ​ឆ្នាំ​​២០១២ (ថ្ងៃ​ចាប់​ខ្លួន​បាន)។ ជា​ក្រុម​បះបោរ​តូច​មួយ “ក្រុមប្រឹក្សាច្បាប់​និង​កិច្ចការ​សាធារណៈ Bia Son” មិន​សូវ​មាន​ឈ្មោះ​បោះសំឡេង​សូម្បីតែ​នៅ​ក្នុង​ប្រទេស​វៀតណាមផ្ទាល់។

ភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​វៀតណាម បានគូស​បញ្ជាក់ កាលពី​ថ្ងៃ’ចន្ទ​ទី​២៨’មករា ថ្ងៃ​បើក​សវនាការ’ ក្រុម​នេះ​មាន​គ្នា​ប្រមាណ​ជាង​៣០០​នាក់ នៅ​រាយ​ប៉ាយ​តាម​ក្រុង​ជាច្រើន នៅ​ភាគ​កណ្តាល​និង​ខាង​ត្បូង​ប្រទេស​​។ គោល​បំណង​ គឺ​ចង់​បំផ្លាញ​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​មិន​ឱ្យ​ជឿ​លើ​គណបក្ស​និង​រដ្ឋ​​​អំណាច ព្រមទាំង​ធ្វើ​ឱ្យ​កើត​មាន​ការ​មន្ទិលសង្ស័យ​ លើ​រដ្ឋាភិបាល​កុម្មុយនិស្ត​បច្ចុប្បន្ន ដោយ​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​​បរទេស។ នេះ​បើ​តាម​ក្រុមភ្នាក់ងារ​​ស៊ើប​ការណ៍​សំងាត់​។

ប្រឈម​មុខ​នឹង​ការ​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ​យ៉ាង​ដូច្នេះ អង្គការ​ការពារសិទ្ធិមនុស្ស​ បាន​សម្តែង​ការព្រួយ​បារម្ភ ខ្លាំង ព្រោះ​មើលឃើញ​ថា រដ្ឋាភិបាលក្រុង​ហាណូយ ព្យាយាម ដាក់ទោស​កាន់តែ​ធ្ងន់​ឡើងៗ​លើ​សកម្មជនដែល​សារព័ត៌មាន​ចុះផ្សាយ មិន​សូវ​ចាប់​អារម្មណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ