អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​​ប្រារព្ធ​​ទិវា​ប្រយុទ្ធ​​នឹង​​ជំងឺ​គ្រុនចាញ់​​ជាមួយ​​ភាព​​ជោគជ័យ​​

កម្ពុជា​កំពុងចូលរួម​​​ប្រារព្ធ​ទិវាពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​​គ្រុនចាញ់ ​ថ្ងៃទី​២៥​មេសា ក្រោម​ប្រធានបទ វិនិយោគ​ក្នុង​អនាគត​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់។ ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​សារអបអរ​ចំពោះ​សមិទ្ធផល​ដ៏ល្អរបស់​​កម្ពុជា ​ក្នុង​កិច្ចការលុប​បំបាត់​ជំងឺ​គ្រុនចាញ់​ ខណៈ​ដែល​ព្រះអង្គម្ចាស់​ក្សត្រី​Astrid របស់ប៊ែលហ្ស៊ីក​ កំពុង​បំពេញ​បេសកកម្ម​៣​ថ្ងៃ​នៅ​កម្ពុជា ​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​​ទស្សនកិច្ច​សមិទ្ធផល​កំចាត់​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា។

ម្ចាស់​ក្សត្រី​ Astrid មក​ពី​ប្រទេស​Belgique និង​លោក Mam Bunheng​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​​កម្ពុជា​
ម្ចាស់​ក្សត្រី​ Astrid មក​ពី​ប្រទេស​Belgique និង​លោក Mam Bunheng​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​​កម្ពុជា​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ត្រូវបាន​ទទួលស្គាល់​ថា​ជា​កូនសិស្ស​ល្អ​ក្នុង​ការ​ងារ​កាត់​បន្ថយ​អត្រា​ឆ្លង​មេរោគ​អេដស៏ កម្ពុជា​ក៏​កំពុង​ទទួល​បាន​ការ​សសើរ​លើ​ការ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់​ដែរ។ លទ្ធផល​បាន​បង្ហាញ​ថា កម្ពុជា​បាន​សម្រេច​លទ្ធផល​ល្អ​លើស​ការ​រំពឹងទុក ​មុន​គោលដៅ​សហស្សវត្សរ៍​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​២០១៥​ទៀត។

ក្នុង​ឱកាស​នៃ​ទិវា​ពិភពលោក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ​ហ៊ុន សែន ​ក៏​បាន​ថ្លែងសារ​បង្ហាញ​អំពី​ការ​ខិតខំ​របស់រាជ​រដ្ឋាភិបាល​មួយ​នេះ ​រហូត​ដល់​ទទួល​បាន​លទ្ធផល​ល្អ ​ក្នុង​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់។ ប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា​បាន​​ប្រកាស​ថា គ្រាន់​តែ​ក្នុងដំណាក់កាល​ឆ្នាំ​ដំបូង​នៃការ​អនុវត្តន៍​​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់​ជំងឺ​គ្រុនចាញ់​២០១១-​២០២៥ អត្រា​ស្លាប់​ដោយ​សារជំងឺ​គ្រុនចាញ់បាន​ថយ​ចុះ​ ពី​១៥១​នាក់​ក្នុង​ឆ្នាំ​២០១០ មកនៅ​៩៣​នាក់​ក្នុង​ឆ្នាំ​២០១១ និង​ធ្លាក់​ដល់​៤៥​នាក់​ក្នុង​ឆ្នាំ​២០១២។ យោងតាម​លទ្ធផលនេះ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​ មិន​ខ្លាច​នឹង​អះអាង​បន្តទេ​ថា ការ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​របស់កម្ពុជា​មានប្រសិទ្ធភាព​ខ្ពស់ ហើយ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ឈាន​ទៅ​រក​ការ​សម្រេច​គោលដៅ​សហស្សវត្សរ៍​របស់​កម្ពុជា​ផងដែរ។

លោក​វេជ្ជបណ្ឌិត ​ចរ ម៉េងជួរ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់ធ្លាប់​បាន​អះអាង​ប្រាប់អ្នក​សារព័ត៌មាន​ថា យោងលើ​លទ្ធផល​ការ​ងារ​នេះ កម្ពុជា​អាច​ទៅដល់​គោលដៅ​អត្រា​សូន្យ​នៃ​អ្នកស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​ នៅ​ឆ្នាំ​២០១៥​ ហើយ​នឹង​អាច​លុប​បំបាត់​ចោលទាំងស្រុង​​រាល់​ទម្រង់​នៃ​ជំងឺ​គ្រុនចាញ់​ នៅ​ឆ្នាំ​២០២៥។ បើតាម​កា​ររៀបរាប់​របស់​លោកវេជ្ជបណ្ឌិត​រូបនេះ ការ​ចែកចាយ​មុង​ជ្រលក់​ថ្នាំ​​ការពារ​មូស​ដែកគោល គឺ​ជា​​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​មួយ។ ហើយ​ថា​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ មុង​ជ្រលក់​ថ្នាំ​ប្រមាណ​ជាង​៦​លាន​មុង ​ត្រូវបាន​ចែកចាយ​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស។

គួរ​បញ្ជាក់ថា កម្ពុជា​កំពុង​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ ​ក្រោម​វត្តមាន​របស់​ព្រះអង្គ​ម្ចាស់​​ក្សត្រី ​Astrid ​របស់​ប្រទេ​ស​ប៊ែលហ្សីក​ ដែល​ត្រូវបាន​អញ្ជើញ​អោយ​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ​ដោយ​​លោក​រដ្ឋមន្ត្រី​សុខាភិបាល​កម្ពុជា ម៉ម ប៊ុនហេង និង​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោក Peter Van Maaren។ ព្រះអង្គម្ចាស់​ក្សត្រី​ចូលរួម​ក្នុង​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​នៅ​រសៀល​ថ្ងៃ​នេះ​ដដែល ព្រះអង្គម្ចាស់​ក្សត្រី​បាន​ចូលរួម​សម្ពោធ​កម្មវិធី​​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​​ ដែល​មាន​ឈ្មោះ​ថា កម្មវិធីឆ្លើយតប​បន្ទាន់​ក្នុង​​មហាអនុ​តំបន់​មេគង្គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ