អានតួអត្ថបទ

MH17៖ កិច្ចសន្ទនាតាមទូរស័ព្ទបង្ហាញពីការពាក់ព័ន្ធរវាងមន្រ្តីជាន់ខ្ពស់រុស្ស៊ីនិងឧទ្ទាមអ៊ុយក្រែន

ក្រុមស៊ើបអង្កេត​អន្តរជាតិ ដែល​កំពុង​ស៊ើបអង្កេត​ករណី​បាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នកដំណើរ​របស់​ក្រុមហ៊ុន​ម៉ាឡេស៊ី MH17 នៅ​អ៊ុយក្រែន កាល​ពីឆ្នាំ២០១៤ ទើប​នឹង​បាន​ចេញផ្សាយ កាល​ពីថ្ងៃ​ព្រហស្បតិ៍ នូវ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ដែល​គេ​អះអាង​ថា​ជា​ភស្តុតាង​ថ្មី ​បង្ហាញ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រវាង​មន្រ្តី​ជាន់ខ្ពស់​រុស្ស៊ី និង​ក្រុមឧទ្ទាម​អ៊ុយក្រែន ដែល​ជាប់ចោទ​​ក្នុងការ​បាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នក​ដំណើរ​នេះ។

បំណែកយន្តហោះ MH17 ដែល​ត្រូវ​គេ​បាញ់​ធ្លាក់​​នៅ​អ៊ុយក្រែន កាល​ពី​ឆ្នាំ២០១៤
បំណែកយន្តហោះ MH17 ដែល​ត្រូវ​គេ​បាញ់​ធ្លាក់​​នៅ​អ៊ុយក្រែន កាល​ពី​ឆ្នាំ២០១៤ REUTERS/Maxim Zmeyev
ផ្សាយពាណិជ្ជកម្ម

កិច្ចសន្ទនា​សម្ងាត់​តាមទូរស័ព្ទ​ដែល​គេ​ចាប់បាន បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ឧទ្ទាម​នៅ​ប៉ែក​ខាងកើត​អ៊ុយក្រែន និង​មន្រ្តី​ជាន់ខ្ពស់​ក្នុង​រដ្ឋាភិបាល​រុស្ស៊ី មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹងគ្នា លើស​ពី​អ្វី​ដែល​គេ​ធ្លាប់​គិត​កាល​ពី​មុន។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ ដែល​បាន​បញ្ជាក់​បន្ថែម​ថា កិច្ចសន្ទនា​តាម​ទូរស័ព្ទ ដែល​បច្ចុប្បន្ន​ត្រូ​វ​បាន​ក្រុម​ស៊ើបអង្កេត​ចុះផ្សាយ​ជា​សាធារណៈ​​លើ​វេបសាយ​របស់​ខ្លួន​នោះ បង្ហាញ​ឲ្យ​ឃើញ​ថា មេដឹកនាំ​ក្រុម​ឧទ្ទាម​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន និង​មន្រ្តី​ជាន់ខ្ពស់​រុស្ស៊ី ជជែក​គ្នា​តាម​ទូរស័ព្ទ​យ៉ាងទៀងទាត់ ស្ទើរតែ​រៀងរាល់​ថ្ងៃ ហើយ​កិច្ចសន្ទនា​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​អំពី​ទំនាក់ទំនង រវាង​ម្ខាង​មន្រ្តី​ជាន់ខ្ពស់​រុស្ស៊ី​ជា​អ្នក​បញ្ជា ចំណែក​មេដឹកនាំ​ក្រុម​ឧទ្ទាម​ជា​អ្នក​អនុវត្ត​បញ្ជា។

ទោះជាយ៉ាងណា នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​អស់​ទាំងនេះ គេ​មិន​ឃើញ​មាន​ការ​លើកឡើង អំពី​យន្តហោះ MH17 នោះទេ ក៏ប៉ុន្តែ ក្រុមស៊ើបអង្កេត​អន្តរជាតិ​បាន​លើកឡើង​នូវ​ ​ការ​សង្ស័យ​​ថា មន្រ្តី​ជាន់ខ្ពស់​រុស្ស៊ី ដែល​នៅ​ក្នុង​នោះ​រួមមាន​ទាំង​មន្រ្តី​ជំនិត​របស់​លោក​ប្រធានាធិបតី​ពូទីន និង​​រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី​ផង អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពង្រាយ​មីស៊ីល BUK ដែល​គេ​ប្រើ​ក្នុងការ​បាញ់​ទម្លាក់​យន្តហោះ​ដឹកអ្នក​ដំណើរ​នេះ។

ក្រុមស៊ើបអង្កេត​ក៏​បាន​លើកឡើងផងដែរ​​ថា ពួកគេ​​ស្វះស្វែង​ចង់ដឹង​ថា តើ​នៅ​ក្នុង​អំឡុង​ពេល​ដែល​យន្តហោះ MH17 ត្រូវ​គេ​បាញ់​ទម្លាក់នោះ ​រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី និង​ជំនួយការ​របស់​លោក​ប្រធានាធិបតី​ពូទីន ពិតជា​មាន​តួនាទី​ចាត់ចែង​ប្រតិបត្តិការ​យោធា​របស់​ក្រុម​ឧទ្ទាម​អ៊ុយក្រែន​មែន​ឬ​ក៏​យ៉ាងណា?

គួររំឭកឡើងវិញ​ថា យន្តហោះ​ម៉ាឡេស៊ី MH17 ដឹកអ្នកដំណើរ​ចំនួន ២៩៨នាក់ ក្នុងជើងហោះហើរ​ពី​អាំស្ទែរដាំ ទៅកាន់​ទីក្រុង​គួឡាឡាំពួរ ត្រូវ​បាន​គេ​បាញ់​ទម្លាក់ កាល​ពីខែ​កក្កដា ឆ្នាំ២០១៤ នៅក្នុង​​ពេល​ហោះកាត់​ពី​លើ​តំបន់​ប៉ែក​ខាង​កើត​អ៊ុយក្រែន​។

មកទល់​នឹង​ពេលនេះ ក្រុមស៊ើបអង្កេត​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​ហូឡង់ បាន​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ចំនួន ៤នាក់ ដែល​សុទ្ធសឹង​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុម​ឧទ្ទាម​អ៊ុយក្រែន ដោយ​នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង ៤នាក់​នេះ មាន​២នាក់ គឺ​ជា​អ្នក​មាន​ជាប់​នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​រុស្ស៊ី​ ដែល​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ​ទើប​នឹង​ចេញផ្សាយ​កាល​ពី​ម្សិលមិញ​នេះ។

ក៏ប៉ុន្តែ ពីទីក្រុង​ម៉ូស្គូ​វិញ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បដិសេធ​​ការ​អះអាង​របស់​ក្រុម​ស៊ើបអង្កេត​អន្តរជាតិ ដោយ​បាន​លើកឡើង​ថា ក្រុមស៊ើបអង្កេត​នេះ​បានធ្វើការ​វិនិច្ឆ័យ​នៅ​ក្នុង​ចិត្ត​រួចទៅហើយ រីឯ​​​ភស្តុតាង និង​អ្វីៗ​ផ្សេងទៀត គឺ​គ្រាន់តែ​ជា​ការ​រៀបចំ​ឡើង ដើម្បី​តម្រូវ​ឲ្យ​ស្រប​ទៅ​តាម​ការ​ចង់​បាន​របស់​ពួកគេ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ