អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា៖ លោក​ម៉ាន់ ម៉ូហាន់ស៊ីង​ប្រកាស​ចូល​និវត្តន៍ និង​អំពាវនាវ​ឲ្យ​លោក​រ៉ាអ៊ូល ហ្គង់ឌីស្នង​តំណែង

នៅ​ក្នុង​ប្រទេស​ឥណ្ឌា លោក​នាយករដ្ឋមន្រ្តី​ម៉ាន់ម៉ូហាន់ ស៊ីង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី៣ មករា​នេះ​ថា លោក​នឹង​ចូល​និវត្តន៍​នៅ​ក្រោយ​ការ​បោះឆ្នោតជាតិ​ដែល​គ្រោង​រៀបចំ​នា​ប៉ុន្មាន​ខែ​ខាង​មុខ។ ទន្ទឹម​គ្នា​នេះ លោក​ម៉ាន់ម៉ូហាន់ ស៊ីង​ក៏​បាន​អំពាវនាវ​ឲ្យ​លោក​រ៉ាអ៊ូល ហ្គង់ឌី​ស្នងតំណែង​ពី​លោក​នៅ​ក្នុង​ករណី​ណា​ដែល​គណបក្ស​សមាជ​ឈ្នះ​ឆ្នោត។

លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ ម៉ាន់ម៉ូហាន់ ស៊ីង
លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ ម៉ាន់ម៉ូហាន់ ស៊ីង Getty Images/Shekhar Yadav
ផ្សាយពាណិជ្ជកម្ម

« នៅ​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ ក្រោយ​ការ​បោះឆ្នោត ខ្ញុំ​នឹង​ផ្ទេរ​អំណាច​ទៅ​ឲ្យ​នាយករដ្ឋមន្រ្តី​ថ្មី » នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ម៉ាន់ម៉ូហាន់ ស៊ីង​នៅ​ក្នុង​សន្និសីទ​កាសែត​លើកទីមួយ​ក្នុង​រយៈពេល ៣ឆ្នំា​កន្លង​ទៅ។ មាន​អាយុ ៨១ឆ្នំា លោក​ម៉ាន់ម៉ូហាន់ ស៊ីង​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​រួច​ហើយ​ថា លោក​នឹង​ទុក​កៅអី​នាយករដ្ឋមន្រ្តី​ឲ្យ​លោក​រ៉ាអ៊ូល ហ្គង់ឌី​នៅ​ក្នុង​ករណី​ណា​ដែល​គណបក្សសមាជ​ឈ្នះ​ឆ្នោត​នា​ការ​បោះឆ្នោតជាតិ​ខាង​មុខ។ យោង​តាម​លោក​ម៉ាន់ម៉ូហាន់ ស៊ីង លោក​រ៉ាអ៊ូល ហ្គង់ឌី ជា​បេក្ខជន​ដ៏​ល្អ មាន​សមត្ថភាព​ខ្ពង់ខ្ពស់ និង​ថា គណបក្សសមាជ​ប្រាកដ​ជា​ជ្រើសរើស​លោក​ហ្គង់ឌី​ឲ្យ​ឈរ​ឈ្មោះ​តំណាង​ឲ្យ​គណបក្ស​ជា​មិន​ខាន។ សូម​ជម្រាប​ជូន​ថា គណបក្សសមាជ​ដែល​ដឹកនំា​ដោយ​ម្តាយ​របស់​លោក​រ៉ាអ៊ូល ហ្គង់ឌី គឺ​លោកស្រី​សូនីញ៉ា ហ្គង់ឌី នឹង​អាច​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្រ្តី​ជា​ផ្លូវការ​នៅ​ក្នុង​កិច្ចប្រជុំ​គណកម្មាធិការ​នាយក​បក្ស​នា​ថ្ងៃទី១៧ មករា​ខាង​មុខ។

អ្វី​ជា​ការ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា សុទិដ្ឋិនិយម​របស់​លោក​ម៉ាន់ម៉ូហាន់ ស៊ីង​ហាក់​ដូច​ជា​បាន​ផ្ទុយ​នឹង​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ថា គណបក្ស​សមាជ​របស់​លោកស្រី​សូនីញ៉ា ហ្គង់ឌី​មាន​សំណាង​តិចតួច​ណាស់​ប្រឈម​មុខ​នឹង​គណបក្សប្រឆំាង​ដឹកនំា​ដោយ​លោក​ណារ៉ង់តា ម៉ូឌី គឺ​គណបក្ស​បារ៉ាទីយ៉ា ហ៉្យាណាតា។ លោក​ណារ៉ង់តា ម៉ូឌី​ដែល​សព្វថ្ងៃ​ជា​ចៅហ្វាយ​ខេត្ត​មួយ​ក្នុង​រដ្ឋ​ហ្គុយយ៉ារ៉ាត់​ស្ថិត​ប៉ែក​ខាង​លិច​ប្រទេស។ តែ​កាល​ពី​ឆ្នំា ២០០២ ពោល​ក្រោយ​ពី​បាន​ចូលកាន់​តំណែង​ចៅហ្វាយ​ខេត្ត​បន្តិច លោក​ណារ៉ង់តា ម៉ូឌី​បាន​ជាប់​ចោទ​ពី​បទ​បាន​ចូលរួម​នៅ​ក្នុង​ការ​បះបោរ​សាសនា​មួយ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា ២ ០០០នាក់ ក្នុង​នោះ​ភាគច្រើន​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម។ តែ​ថ្មីៗ​នេះ លោក​ណារ៉ង់តា ម៉ូឌី​បាន​រួច​ខ្លួន​ពី​សំណុំរឿង​នោះ តែ​មាន​ស្រ្តីម្នាក់​ដែល​លោក​ណារ៉ង់តា ម៉ូឌី​ប្រគល់​តំណែង​ក្រសួង​មួយ​ឲ្យ​កាន់កាប់​ត្រូវ​បាន​ទទួលទោស​ជាប់​គុក​ចំនួន ២៨ឆ្នំា។

នៅ​ត្រង់​ចំណុច​នេះ​ហើយ​ដែល​លោក​នាយករដ្ឋមន្រ្តី​ម៉ាន់ម៉ូហាន់ ស៊ីង​បាន​ឆ្លៀតឱកាស​វាយប្រហារ​លោក​ណារ៉ង់តា ម៉ូឌី​ដោយ​អះអាង​ថា ប្រទេស​នឹង​ជួប​គ្រោះមហន្តរាយ​ប្រសិន​បើ​លោក​ណារ៉ង់តា ម៉ូឌី​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​នោះ និង​ថា លោក​ណារ៉ង់តា ម៉ូឌី​មិន​ដែល​បាន​បង្ហាញ​ចេញ​នូវ​សមត្ថភាព​ជា​អ្នកដឹកនំា​ទេ។ គួរ​ជម្រាប​ជូន​ថា មាន​អាយុ ៦៤ឆ្នំា លោក​ណារ៉ង់តា ម៉ូឌី​បាន​ប្រើ​យុទ្ធសាស្រ្ត​វាយប្រហារ​គណបក្សសមាជ​ដែល​បាន​កាន់​តំណែង​តំាង​ពី​ឆ្នំា ២០០៤ មក ដោយ​ផ្តោត​សំខាន់​លើ​កំណែទម្រង់​យឺតយ៉ាវ កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ការ​ផ្ទុះ​រឿងអាស្រូវ​ពុករលួយ​ជា​ហូរហែរ​នៅ​ក្នុង​គណបក្សសមាជ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ