អានតួអត្ថបទ
អេហ្ស៊ីប

អតីត​​ប្រធានា​ធិបតី​​អេហ្ស៊ីប​​ ម័រ​ស៊ី​​ប្រឈម​​នឹង​​ការ​​កាត់​ទោស​​

ទូរទស្សន៍​​​រដ្ឋ​​របស់​​អេហ្ស៊ីប​​បាន​​ផ្សាយ​​អោយ​ដឹង ​នៅ​​ថ្ងៃ​អាទិត្យ​​ម្សិល​មិញ​ថា​ លោក​អតីត​​ប្រធានា​ធិបតី​​ មូហា​ម៉េត​ ម័រ​ស៊ី​ ដែល​​កំពុង​​ត្រូវ​​ឃុំ​ខ្លួន​​ដោយ​​ក្រុម​​យោ​ធា​ នឹង​​ត្រូវ​​ប្រឈម​​មុខ​នឹង​​​ការ​​​កាត់​ទោស។​​ ជា​ការ​កាត់ទោស​​ក្នុង​​បទ​ចោទប្រកាន់​ទាក់​ទង​នឹង​​ការ​​ញុះញង់​​អោយ​មាន​​​អំពើ​ឃាតកម្ម​ ​នៅ​​ក្នុង​ការ​​ប្រឈម​​មុខ​​ដាក់​គ្នា​​រវាង​​ក្រុម​អ្នកគាំទ្រ​ និង​​​អ្នកប្រឆាំង​​រូប​លោក​​ កាលពី​​​​ខែ​ធ្នូ​ ឆ្នាំ​​២០១២​។

អតីតប្រធានាធិបតី​អេហ្ស៊ីប​លោក​ ម៉ូហាមេដ​ ម័រស៊ី​
អតីតប្រធានាធិបតី​អេហ្ស៊ីប​លោក​ ម៉ូហាមេដ​ ម័រស៊ី​ © REUTERS
ផ្សាយពាណិជ្ជកម្ម

អតីត​ប្រធានាធិបតីអេហ្ស៊ីប​ដែល​ត្រូវបាន​ក្រុម​យោធា​ទម្លាក់ពីអំណាច​ កាលពី​ថ្ងៃទី​៣​កក្កដាកន្លងទៅនោះ នឹង​ត្រូវប្រឈម​នឹង​ការកាត់ទោស​ដែលទាក់ទងនឹងបទចោទញុះញង់ អោយមាន​អំពើហិង្សា និង​ឃាតកម្ម។ បណ្តាញទូរទស្សន៍​រដ្ឋ​អេហ្ស៊ីប ​បាន​ផ្សាយ​ដំណឹងនេះ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ប៉ុន្តែ​ មិន​បាន​បញ្ជាក់អំពី​កាលបរិច្ឆេទ​នៃ​សវនាការ​នោះ​ឡើយ។ បទចោទ​ដែល​ត្រូវបាន​ធ្វើ​ចំពោះ​លោកម័រស៊ី គឺទាក់ទងនឹង​ព្រឹត្តិការណ៍​ប៉ះទង្គិចគ្នាដ៏មរណៈ រវាង​ក្រុម​អ្នកគាំទ្រ និង​អ្នកប្រឆាំង​រូប​លោក ដែល​បាន​កើតឡើងនៅ​ខែ​ធ្នូ​ ឆ្នាំ២០១២។

យោងតាម​ការ​ផ្សាយ​ព័ត៌មាន​របស់​ទូរទស្ស​រដ្ឋ​ដដែល តុលាការ​ក៏​នឹង​កាត់​មនុស្ស​១៤​នាក់​ផ្សេងទៀត​ ដែល​ជាអ្នក​សិ្នទ្ធ​នៅ​ក្នុង​ក្រុម​ចលនា​ភាតរៈ​អ៊ីស្លាម​របស់​លោក​មូហាមេត ម័រស៊ី​ផងដែរ។

គួរ​បញ្ជាក់ផងដែរ​ថា ក្រៅពី​បទចោទ​ដែលទាក់ទងនឹង​ការ​ញុះញង់អោយ​មាន​អំពើហិង្សា​ក្នុង​ខែធ្នូ​ ឆ្នាំ​២០១២នោះ អតីត​ប្រធានាធិបតីម័រស៊ី​ក៏​ត្រូវបាន​តុលាការ​ចេញដីកា​ឃុំ​ខ្លួន​ដើម្បី​សួ​រ​ចម្លើយ​អំពី​បទចោទមួយ​ទៀត ដែល​គេ​សង្ស័យថា​ លោក​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ដែល​បាន​វាយ​បំបែកពន្ធនាគារ កាលពី​ឆ្នាំ​២០១១។

រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​អេហ្ស៊ីប​បច្ចុប្បន្ន​ ដែល​គាំទ្រ​ដោយ​ក្រុម​យោធា ​បាន​កំពុង​ធ្វើទុក្ខបុកម្នេញចលនា​ភាតរអ៊ីស្លាម​របស់​លោក​មូហាមេត​ ម័រស៊ី បន្ទាប់ពី​ព្រឹត្តិការណ៍​ទម្លាក់​លោក​ម័រ​ស៊ីពី​អំណាច។ រហូត​ដល់ពេលនេះ មាន​សមាជិក​របស់​ក្រុម​ភាតរអ៊ីស្លាម​ជាង​២០០០នាក់ហើយ​ ត្រូវបាន​ចាប់ខ្លួន។

គួរ​រម្លឹកថា លោក​ម័រ​ស៊ី​ត្រូវបាន​ប្រជាជន​ស្តីបន្ទោស​អំពី​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ហើយ​បាន​តវ៉ា​ទាមទារអោយលោក​ចុះចេញពី​ដំណែង ​​ដែល​ធ្វើ​អោយ​អេហ្ស៊ីប​ធ្លាក់ក្នុង​វិបត្តិ​សង្គម ហើយ​ក្រុម​យោធា​ក៏​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ម័រ​ស៊ី​តែ​ម្តង នៅ​ថ្ងៃទី​៣​កក្កដា​កន្លងទៅ​ថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ