អានតួអត្ថបទ
រុស្ស៊ី

នៅ​រុស្ស៊ី អាជ្ញាធរ វាត​ប្រតិបត្តិការ បង្ក្រាប ពួកប្រឆាំង

ថ្ងៃ១៧តុលា​នេះ តាំងពី​ម៉ោង​៧​ព្រឹក​ម៉្លេះ ពួក​ប៉ូលិស​បាន​ចូល​ទៅ​ឆែកឆេរ​លំនៅ​របស់​មេ​ចលនា​ប្រឆាំង​ឈ្មោះ Serguei Oudaltsov ដែល​ជាប់​ចោទ​ក្នុង​ការរៀបចំ អំពើ​បះបោរ​របស់​មហាជន​ឲ្យ​ដណ្តើម​យក​អំណាច​តាម​ផ្លូវហិង្សា ពឹង​លើ​លុយ​បរទេស។ បទ​ចោទ​ប្រកាន់​នេះ រុញ​ច្រាន​ចេញ​មក​ដោយ ”ស្ថាប័ន​ស៊ើប​អង្កេត​សហព័ន្ធ​រុស្ស៊ី” ក្រោយ​ពី ទូរទស្សន៍​រុស្ស៊ី បាន​បញ្ចាំង​ខ្សែ​ភាពយន្ត បរិហារ​អាក្រាត​គម្រោង​ពួក​ប្រឆាំង។

មេដឹកនាំ​បក្ស​ប្រឆាំង Sergueï Oudaltsov និង​អតីត​រដ្ឋមន្ត្រី Boris Nemtsovនៅ​ល្ងាច​ម្សិលមិញ​ មុន​ការ​ចាប់​ខ្លួន​
មេដឹកនាំ​បក្ស​ប្រឆាំង Sergueï Oudaltsov និង​អតីត​រដ្ឋមន្ត្រី Boris Nemtsovនៅ​ល្ងាច​ម្សិលមិញ​ មុន​ការ​ចាប់​ខ្លួន​
ផ្សាយពាណិជ្ជកម្ម

ខ្សែភាពយន្ត​នោះ​ដែល​ត្រូវ​បាន​បញ្ចាំង​អស់​៥០​នាទី តាម​កាណាល់​ទូរទស្សន៍​រុស្ស៊ី NTV កាលពី​ថ្ងៃ​ទី​៥តុលា បង្ហាញ​ឲ្យ​ឃើញ​ពី​ជំនួប​មេប្រឆាំង​នៅ​រុស្ស៊ី ឈ្មោះ Serguei Oudaltsov ជាមួយ​ប្រធាន​គណៈកម្មាធិការ​រដ្ឋសភា​ហ្ស៊កហ្ស៊ី ខាង​បញ្ហា​សន្តិសុខ និង​ការពារ​ជាតិ គឺ​លោក Guivi Targamadze ជា​តំណាងរាស្ត្រ​ហ្ស៊កហ្ស៊ី សម្បូណ៌​ពិសោធន៍ ខាង​ចាត់ចែង​រលក​បះបោរ និង​អ្វី​ហៅថា “បដិវត្តន៍​មាន​ពណ៌” ក្នុង​លំហ​នៃ​អតីត​សហភាព​សូវៀត។ វត្តមាន​ក្នុង​ជំនួប​នេះ ក៏ទាំង​កុងស៊ុល​ហ្ស៊កហ្ស៊ី នៅ​រដ្ឋ​ម៉ុលដាវី លោក Mikhail Yashvili ពោល​គឺ​សុទ្ធ​តែ​ជា​មនុស្ស ដែល​ជំនិត​នឹង​លោក​ប្រធានាធិបតី​ហ្ស៊កហ្ស៊ី Saakashvili ជា​សត្រូវ​ស្លាប់​រស់​ទល់​នឹង​រុស្ស៊ី។

ជំនួបនេះ បានប្រព្រឹត្តទៅនៅទីក្រុង Minsk រដ្ឋធានី Belarus កាលពី​កណ្តាល​ខែ​មិថុនា​ឆ្នាំ​នេះ ដោយសាច់​រឿង​វា តាម​ការ​អះអាង​នៃ​ភាពយន្ត គឺ​អំពី​ការផ្តល់​ហិរញ្ញប្បទាន ពី​បរទេស​ដល់​សកម្មភាព​របស់​ពួក​ប្រឆាំង​នៅ​រុស្ស៊ី ឲ្យ​បោកបក់​គ្មាន​ឈប់ នៅ​លើ​ដែនដី​សហព័ន្ធ​រុស្ស៊ី ប្រឆាំង​ទល់​នឹង​អំណាច​សព្វថ្ងៃ របស់​លោក​ប្រធានាធិបតី​ពូទីន។ ​​​

ជំនួបនោះ បានផ្តោត​ការយកចិត្ត​ទុក​ដាក់​យ៉ាង​ច្រើន ទៅ​លើ​លុយ​ដែល​ស.រ.អា.​រំលែក​សម្រាប់ “ជំរំ​ខាង​បណ្តុះបណ្តាល​ពួក​អ្នក​បដិវត្ត” នៅ​ប្រទេស Roumanie និង Lituanie ដែល​ក៏​មាន Georgie ដើរ​តួ​ជួយ​បង្កើត​ផង​ដែរ។ តាមភាពយន្តនោះ ឈ្មោះ Serguei Oudaltsov មេប្រឆាំង​ម្នាក់​នៅ​រុស្ស៊ី ទទួល​នៅ​ដំណាក់​ដំបូង ពី​ពួក​អាណាព្យាបាល​ហ្ស៊កហ្ស៊ី គឺ ៣៥.០០០ ដុល្លារ ក្នុង​១​ខែ សម្រាប់​រៀបចំ​អំពើ​ហិង្សា។

 ភាពយន្តនោះ ក៏អះអាងដែរថា លុយ​ទំហំ ៥០​លាន​ដុល្លារ សម្រាប់​គាំទ្រ​ពួក​ប្រឆាំង ឲ្យ​ធ្វើ ”បដិវត្តន៍”នៅ​រុស្ស៊ី ត្រៀមរំលែក ដោយ​អតីត​ប្រធាន​”ធនាគារ​ម៉ូស្គូ” លោក Andrei Borodine ដែល​ឥឡូវ​ជ្រក​កោន នៅក្រុង Londres ហើយ​កំពុង​ស្វែង​រក​ចាប់ខ្លួន ដោយ​អាជ្ញាធរ​រុស្ស៊ី​តាម​បទ​កេងបន្លំ។ មិនតែ​ប៉ុណ្ណោះ លោក Borodine សន្យា​អង្គាស​ឲ្យ​បាន ១៥០​លាន​ដុល្លារ​ទៀត​ពី​ពួក​មហាសេដ្ឋី​រុស្ស៊ី មិត្តភ័ក្ត្រ​គាត់​សម្រាប់​ផ្តល់​ដល់​ពួក​ប្រឆាំង​នៅ​រុស្ស៊ី។

តបនឹងការបដិសេធ​ច្រានចោល ពី​ខាង​លោក Serguei Oudaltsov ដែលថា រូបភាព​ក្នុង​ភាពយន្ត​នោះ ក្លែងក្លាយ​ទេ​តើ ដោយ​ផ្សំ​ឡើង​តាម​វិធី​ផ្គុំ​ដំឡើង​សោះ អ្នកនាំ​ពាក្យ​ផ្លូវការ នៃ ”ស្ថាប័ន​ស៊ើប​អង្កេត​សហព័ន្ធ​រុស្ស៊ី” គូស​បញ្ជាក់​ថា កោសលវិច៍យ បាន​បង្ហាញ​ថា រូបភាព​ដែល​មាន​ជា​រូបមែន​ពិត​ឥត​ប្រកែក​បាន និង​ថា​មេប្រឆាំង​នោះ តាម​បទ​ចោទ​ប្រកាន់​ដែល​មាន គឺ​អាច​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​១០ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ